ទូរសព្ទ របស់ក្រុមហ៊ុន Vertu ត្រូវបានចាត់ទុកថាជាទូរសព្ទដ៏ប្រណិតនិងថ្លៃបំផុតនៅក្នុង ពិភពលោក ដោយមានម៉ូដែលខ្លះមានតម្លៃដល់ទៅម៉ឺនដុល្លារឯណោះ ជាក់ស្ដែងដូចជាម៉ូដែល Signature Touch មានតម្លៃដល់ទៅជិតពីរម៉ឺនដុល្លារអាមេរិក។ ដូច្នេះតើមាននរណាចង់ដឹងថា ម៉ូដែល Signature Touch ត្រូវបានផលិតឡើងពីគ្រឿងបរិក្ខារនិងវត្ថុធាតុដើមអ្វីខ្លះ បានជាមានតម្លៃដល់ទៅជាងម៉ឺនដុល្លារ? ខាងក្រោមនេះគឺជាផ្នែកសំខាន់មួយចំនួននៃការផលិតរបស់ម៉ូដែល Signature Touch របស់ក្រុមហ៊ុន Vertu។
រាល់ទូរសព្ទ Smartphone របស់ Vertu ត្រូវបានផលិតឡើងនៅក្នុងប្រទេសអង់គ្លេសដោយសិប្បករដែលមានជំនាញ ច្បាស់លាស់បំផុត។ ជាពិសេសទៅទៀតនោះ ការផលិតរបស់វាគឺខុសពីទូរសព្ទដទៃ មានន័យថាទាំងការរចនារូបរាងនិងការដំឡើងគឺធ្វើដោយដៃ មិនមែនដោយម៉ាស៊ីននោះទេ ហើយធ្វើឡើងដោយសិប្បករម្នាក់តែប៉ុណ្ណោះតាំងពីការចាប់ផ្ដើមរហូត ដល់ចប់។
រាល់សម្ភារៈផលិតគឺត្រូវបានពិនិត្យពីគុណភាពដោយល្អិតល្អន់គឺ ប្រើតែវត្ថុធាតុដើមដែលមានគុណភាពល្អបំផុតប៉ុណ្ណោះ។ ជាក់ស្ដែងតួខ្លួនរបស់វាត្រូវបានធ្វើឡើងពីសារធាតុទីតាញ៉ូម ថ្នាក់ទីប្រាំ (Grade 5 titanium) មាំនិងធន់អាចប្រើបានយូរ ដោយ Vertu បានអះអាងថាវាមាំជាងដែកថែបពីរដង ប៉ុន្តែវាមានទម្ងន់ស្រាលជាង។
ចំណែកឯនៅលើកញ្ចក់អេក្រង់វិញបំពាក់ដោយត្បូងកណ្ដៀង គ្រីស្តាល់ដែលថ្លៃបំផុត។ មិនត្រឹមតែប៉ុណ្ណោះដូចជានៅលើម៉ូដែល Signature Touch និង Aster មានទំហំអេក្រង់ធំ ៤,៧អ៊ីញ ដូច្នេះត្រូវការត្បូងកណ្ដៀងគ្រីស្តាល់កាន់តែធំដែលធ្វើឲ្យ មានការចំណាយកាន់តែច្រើន។ ចំពោះប៊ូតុងដែលស្ថិតនៅលើម៉ូដែល Signature Touch គឺត្រូវបានធ្វើឡើងពីត្បូងកណ្ដៀងដ៏ប្រណិត។
ចំណែកឯនៅផ្នែកខាងក្រោយត្រូវបានបំពាក់ដោយប្រភេទស្បែកសត្វ ដ៏ប្រណិតដូចជា ស្បែកពស់, ស្បែកក្រពើ, អូទ្រីស, ស្បែកគោ និងប្រភេទស្បែកសត្វប្រណិតផ្សេងទៀតទៅតាមជម្រើសពណ៌ដែលពេញ ចិត្ត។ នៅផ្នែក Speaker គឺជាផលិតផលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន Bang & Olufsen របស់ប្រទេសដាណឺម៉ាក និងមានលក្ខណៈ Digital Dolby Surround sound។ កាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺ Signature Touch ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយទំហំ 13MP ត្រូវបានបញ្ជាក់យ៉ាងត្រឹមត្រូវពីក្រុមហ៊ុន Hassleblad ថាជាកាមេរ៉ាដែលត្រូវបានប្រើនៅលើភពព្រះចន្ទ។
លក្ខណៈសម្បត្តិរបស់ Signature Touch៖
– អេក្រង់៖ 4.7-inch
– CPU៖ Qualcomm Snapdragon 801 ល្បឿន 2.3-GHz
– RAM៖ 2GB
– ទំហំម៉េមូរី៖ 64GB
– កាមេរ៉ា៖ ក្រោយ 13MP និង មុខ 2.1 MP
– ថាមពលថ្ម៖ 2,275 mAh
– NFC និងwireless charging
– ប្រព័ន្ធប្រតិបត្តិការ៖ Android 4.4.2 KitKat៕
ប្រភព Sabay News