Showing posts with label History. Show all posts
Showing posts with label History. Show all posts

Friday, June 12, 2015

ប្រវត្តិ​មនុស្ស​នៅ​លើ​ទឹក​ដី​ខ្មែរ

ទឹកដី​ខ្មែរ​មាន​អាយុកាល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​សម័យ​កាល​មុន​ប្រវត្តិសាស្រ្ត​ទៅ​ទៀត។

ចំពោះ​ក្រុម​មនុស្ស​ដែល​រស់​នៅ​លើ​ទឹកដី​ខ្មែរ​វិញ អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​និង​នរវិទ្យា​បាន​ឲ្យ​ដឹង​ថា មាន​វត្តមាន​នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំង​ពី​ច្រើន​ពាន់​ឆ្នាំ​មុន​គ្រិស្ត​ សករាជ​ទៅ​ទៀត។
តើ​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ពី​វត្តមាន​របស់​មនុស្ស​នៅ​លើ​ទឹក​ដី​ខ្មែរ​នោះ?
លោក ឧត្តម មាន​សេចក្តី​រាយ​ការណ៍​អំពី​ប្រវត្តិ​សាស្រ្ត​នៃ​ទឹក​ដី​នេះ​។

 ប្រភព RFA

បុព្វបុរស​ខ្មែរ​ចេះ​ធ្វើ​ស្រែ​​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ

អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​បាន​រក​ឃើញ​គ្រាប់​ស្រូវ​ដែល​ មាន​អាយុកាល​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត ដែល​ត្រង់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បុព្វបុរស​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ចេះ​ធ្វើ​ស្រែ​និង​ដាំ​ដុះ​ស្រូវ​រួច​ជា​ ស្រេច​ទៅ​ហើយ​តាំង​ពី​សម័យ​កាល​នោះ។
អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថែម​ទៀត​ថា ការ​រក​ឃើញ​គ្រាប់​ស្រូវ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​វិវឌ្ឍ​របស់​ ក្រុម​មនុស្ស​នា​សម័យ​កាល​នោះ។
សូម​ស្ដាប់​សេចក្ដី​រាយ​ការណ៍​របស់​លោក ឧត្ដម ទាក់​ទង​នឹង​បញ្ហា​នេះ៖



 ប្រភព RFA

មនុស្ស​រស់​នៅ​ដោយ​ចងក្រង​ជា​សហគមន៍​នា​សម័យ​បុរេ​ប្រវត្តិ

មុន​សម័យ​កាល​អាណាចក្រ​ភ្នំ មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​នា​សម័យ​នោះ​រស់​នៅ​ចងក្រង​ជា​សហគមន៍​ តាំង​ពី​ច្រើន​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត។

អ្នក​ឯកទេស​ផ្នែក​បុរាណ​វិទ្យា​បាន​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​មាន​តែ​ប្រទេស​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​មាន​ រចនាសម្ព័ន្ធ​សំណង់​ជា​ប្រវត្តិសាស្រ្ត ហើយ​សំណង់​ជា​ប្រវត្តិសាស្រ្ត​ទាំង​នេះ​មាន​សារសំខាន់​ទាំង​ផ្នែក​ ស្រាវជ្រាវ ព្រម​ទាំង​វិស័យ​ទេសចរណ៍​និង​ផ្នែក​វប្បធម៌​ទៀត​ផង។ ប៉ុន្តែ​ទោះ​បី​ជា​មាន​សារសំខាន់​បែប​ណា​ក៏​ដោយ ក៏​ស្ថានីយ​ទាំង​នោះ​បាន​ទទួល​រង​ការ​ខូចខាត​រេច​រឹល​និង​បំផ្លាញ​ដោយ​ បាតុភូត​ធម្មជាតិ​និង​ពេល​វេលា។
លោក ឧត្តម រាយ​ការណ៍​ពិស្តារ​អំពី​បុរេ​ប្រវត្តិ​នៃ​មនុស្ស​នា​សម័យ​កាល​ដ៏​យូរ​លង់​មួយ​នេះ។

 ប្រភព RFA

ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា (ភាគ​១)

នៅ​ក្នុង​ភាគ​ទី​មួយ​នេះ លោក​អ្នក​នាង​នឹង​បាន​ជ្រាប​អំពី​ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​លក្ខណៈ​ពិសេស​ផ្សេងៗ​នៃ​ភូមិសាស្ត្រ និង​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា។ សូម​អញ្ជើញ​លោក​អ្នក​នាង​កញ្ញា​ស្តាប់​ការ​រៀប​រាប់​ដូច​ត​ទៅ។

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា (ជំពូក​ទី​១)

ព្រះរាជាណាចក្រ​ភ្នំ ឬ នគរ​ភ្នំ (សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ នៃ​គ.ស.)

១. ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា

ក្នុង​រយៈ​កាល​នៃ​សម័យ​រុងរឿង ព្រះរាជាណាចក្រ​កម្ពុជា បាន​លាត​សន្ធឹង​ពី​សមុទ្រ​ចិន ដល់​ទន្លេ​មេណាម។ កាល​ណោះ ដែន​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម រួម​និង​ខេត្ត​ទាំង​ឡាយ​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ហើយ​ស្ទើរ​តែ​ទាំងអស់​នៃ​ដែន​ដី​នៃ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ គឺ​ជា​អតីត​ដែន​ដី​របស់​ខ្មែរ​ទាំងអស់ ហើយ​ក្នុង​រយៈ​កាល​ដ៏​យូរ​លង់​មក​ហើយ​នោះ មាន​ពេល​ខ្លះ​ខ្មែរ​ក៏​បាន​កាន់​កាប់​ជ្រោយ​ម៉ាឡេស៊ី និង​ប្រទេស​ភូមា ផង​ដែរ។

តាំង​ពី​ច្រើន​សតវត្ស​មក​ហើយ ពិសេស​ពី​សតវត្ស​ទី​១៣ រហូត​ដល់​សតវត្ស​ទី​១៨ និង​ទី​១៩ នៃ​គ្រិស្ដសករាជ ទឹក​ដី​ប្រទេស​កម្ពុជា កាន់​តែ​រួញ​តូច​ទៅៗ បន្តិច​ម្តងៗ ដោយសារ​សត្រូវ​ទាំង​ឆ្វេង​ទាំង​ស្តាំ គឺ​ថៃ និង​វៀតណាម ដែល​មាន​បំណង​យក​ទន្លេ​មេគង្គ​ជា​ព្រំដែន​រួម​របស់​គេ។
ដោយ​មាន​អន្តរាគមន៍​របស់​ប្រទេស​បារាំង តាម​ការ​ស្នើសុំ​របស់​ព្រះរាជា​ខ្មែរ ប្រទេស​ជិត​ខាង​របស់​កម្ពុជា បាន​ព្រម​ចុះ​សន្ធិសញ្ញា​ព្រមព្រៀង​បី​ជា​សំខាន់ គឺ​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣ សន្ធិសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ដែល​ជួយ​អោយ​ប្រទេស​ខ្មែរ​នៅ​គង់វង្ស​ស្ថិតស្ថេរ ដោយ​រក្សា​បាន​នូវ​វត្តមាន​នយោបាយ​របស់​ខ្លួន ហើយ​អាច​កាន់​កាប់​ទឹក​ដី​ខ្លះ​របស់​ខ្លួន​ដែល​នៅ​សល់ ហើយ​ដែល​ខ្មែរ​ធ្លាប់​កាន់​កាប់​តាំង​ពី​សតវត្ស​ទី​១៨ មក។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​បាន​ត្រូវ​កាត់​ផ្តាច់ ឬ​បំបែក​អោយ​ទៅ​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​បរទេស​នៅ​លើ​ ទឹក​ដី​កំណើត​របស់​ខ្លួន។

ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អាស៊ី​នៃ​ខ្យល់​រដូវ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្រុក​ខ្មែរ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១៨២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​ព្រំប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​សៀម។

លក្ខណៈ​ភូមិសាស្ត្រ​របស់​ស្រុក​ខ្មែរ អាច​ចែក​ជា​ពីរ​តំបន់​ដាច់​ពី​គ្នា គឺ​តំបន់​ភ្នំ ខ្ពង់រាប ស្ថិត​នៅ​ភាគ​ខាង​ជើង ភាគ​ឦសាន និង​ភាគ​និរតី​នៃ​ប្រទេស។ ចំណែក​ខាង​តំបន់​វាល​ទំនាប​វិញ គឺ​ស្ថិត​តាម​បាត​ខ្ទះ ភាគ​កណ្ដាល តំបន់​បឹងបួ វាល​ទំនាប​ទន្លេ​មេគង្គ និង​តំបន់​មាត់​សមុទ្រ។ មួយ​ភាគ​ធំ​នៃ​ផ្ទៃ​ប្រទេស ត្រូវ​គ្រប​ដណ្ដប់​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ព្រៃ​ឈើ ហើយ​តំបន់​ដី​ខ្ពស់ គឺ​ខ្ពង់រាប​ហាក់​មាន​លក្ខណៈ​ជា​ខ្សែ​ក្រវាត់​ធម្មជាតិ ដែល​ហ៊ុមព័ទ្ធ​វាល​ទំនាប​របស់​ប្រទេស​ខ្មែរ​ទាំង​មូល។

នៅ​ភាគ​និរតី​នៃ​ប្រទេស មាន​ភ្នំ​ធំ ហើយ​ខ្ពស់​ចោត ដូច​ជា​ជួរ​ភ្នំ​ក្រវាញ ជាដើម ដែល​លាត​សន្ធឹង​ដល់​មាត់​សមុទ្រ ហើយ​មាន​កម្ពស់​ពី ១.០០០​ម៉ែត្រ រហូត​ដល់ ១.៧៤៤​ម៉ែត្រ នៅ​ភ្នំ​សង្កុស។ នៅ​ភាគ​ខាង​ជើង មាន​ជួរ​ភ្នំ​ដងរែក ដែល​ខណ្ឌ​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ហើយ​ជួរ​ភ្នំ​នេះ​ជាប់​ទៅ​នឹង​ភ្នំ​ដែក ដែល​ជា​ភ្នំ​សម្បូរ​ដោយ​រ៉ែ​លោហធាតុ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​ធ្លាប់​ដឹក​យក​មក​ប្រើប្រាស់ ហើយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក គឺ​ស្ទឹង​មួយ​ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល ៨​ខែ​ក្នុង​មួយ​ឆ្នាំ។ ស្ទឹង​នេះ​ហូរ​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប ដោយ​ឆ្លង​តំបន់​ភ្នំ​គូលែន ជា​តំបន់​មួយ​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ធ្លាប់​បាន​រៀប​ចំ​កសាង​ជា​រាជធានី​មួយ​រយៈ នៅ​ដើម​សតវត្សរ៍​ទី​៩ នៃ​គ្រិស្ដសករាជ​ផង។
 
នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស គឺ​នៅ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ដែល​សម្បូរ​ដោយ​ខ្ពង់រាប​ដែល​មាន​ធាតុ​កសិណ​សិលា ថ្ម​ក្រានីត និង​ថ្ម​បបុះ ដែល​មាន​ដើម​កំណើត​មក​ពី​កម្អែល​ភ្នំ​ភ្លើង​ក្នុង​សម័យ​អតីត​កាល​ដ៏​យូរ ហើយ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ១.០០០​ម៉ែត្រ ពិសេស គឺ​តំបន់​ដែល​មាន​ព្រំដែន​ប្រសព្វ​គ្នា​រវាង​ប្រទេស​ទាំង​បី គឺ​កម្ពុជា ឡាវ និង​វៀតណាម។ ហើយ​ទន្លេ​សំខាន់ៗ​បី​ដែល​ហូរ​ពី​ខ្ពង់រាប​ខាង​លើ​នេះ ឆ្ពោះ​ទៅ​ទិស​ខាង​លិច គឺ​ហូរ​ភ្ជាប់​ទៅ​នឹង​ទន្លេ​ទាំង​បី​នោះ គឺ​ទន្លេ​សេកុង សេសាន និង​ទន្លេ​ស្រែពក។

ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​បាត​ខ្ទះ ដែល​សម្បូរ​ទៅ​ដោយ​ដី​ល្បប់​មាន​ជីជាតិ ហើយ​និង​មាន​ភ្នំ​ខ្លះ​ដែរ តែ​ស្ថិត​នៅ​ដាច់ៗ​ពី​គ្នា គឺ​ជា​តំបន់​ដែល​ដី​សម្បូរ​ទៅ​ដោយ​ជីជាតិ​ជាង​គេ​បំផុត​នៅ​ក្នុង​ជ្រោយ​ ឥណ្ឌូ​ចិន នេះ។ នេះ​ជា​ហេតុ​ទាក់ទាញ​ប្រជាពលរដ្ឋ​អោយ​មក​រស់​នៅ​កុះករ​ក្នុង​តំបន់​នោះ ពិសេស គឺ​ប្រជាពលរដ្ឋ​ដែល​រស់​រាន ហើយ​ទាញ​យក​ផល​ពី​មុខ​របរ​កសិកម្ម ទាញ​ផល​ប្រយោជន៍​ពី​វាល​ទំនាប​មាន​ជីជាតិ ផល​ប្រយោជន៍​ពី បឹង ស្ទឹង ទន្លេ ទាំង​ឡាយ​នៃ​ភូមិ​ភាគ​នោះ។

បឹង​ទន្លេសាប គឺ​ជា​បឹង​មួយ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​រដូវ​វស្សា បឹង​នេះ​មាន​បណ្តោយ​រហូត​ដល់​ទៅ ១៦០​គីឡូម៉ែត្រ និង​ទទឹង ៣៦​គីឡូម៉ែត្រ។ នៅ​រដូវ​ប្រាំង ខែ​មីនា-មេសា បឹង​នេះ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣.០០០​គីឡូម៉ែត្រ​ក្រឡា។ គេ​អាច​ចែក​បឹង​នេះ​ជា​ពីរ​ផ្នែក គឺ​បឹង​ធំ ស្ថិត​នៅ​ភាគ​ខាង​លិច បឹង​តូច វាល​ភក់ តំបន់​ក​ដប ស្ថិត​នៅ​ភាគ​ខាង​កើត។ នៅ​ពេល​ទឹក​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ទឹក​បឹង​ទន្លេសាប​នេះ មាន​ជម្រៅ​រហូត​ដល់​ជាង ១០​ម៉ែត្រ ហើយ​បែក​វាល​លិច​គ្រប​ដណ្ដប់​លើ​ព្រៃ​មាត់​បឹង​ទាំងអស់​ដែល​នៅ​ជុំវិញ​បឹង​ ទន្លេសាប​នោះ។

ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​ចេញ​មក​ពី​តំបន់​ទីបេ ជា​ទន្លេ​ធំ​តែ​មួយ​គត់​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា ពី​ព្រំដែន​ខាង​ជើង​ទៅ​ព្រំដែន​ខាង​ត្បូង ត្រង់​ល្បាក់ខោន គឺ​ត្រង់​ព្រំប្រទល់​ដែន​រវាង​ប្រទេស​ឡាវ និង​កម្ពុជា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ហូរ​មក​ជួប​នឹង​របាំង​ថ្ម​ខ្ពស់ ដូច​ជា​ទំនប់​ចោត​ត្រេង ដែល​ធ្វើ​អោយ​ទន្លេ​មេគង្គ​ត្រង់​ល្បាក់ខោន​នេះ ក្លាយ​ជា​អាង​ទឹក​ដ៏​ធំ​សម្បើម ដែល​មាន​ជម្រៅ​រហូត​ដល់​ជាង ២០​ម៉ែត្រ ហើយ​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ក្រោម ដែល​កប៉ាល់​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ​បាន​ឡើយ។

ក្រៅ​ពី​តួ​ទន្លេ​មេគង្គ ក៏​មាន​ដៃ​ទន្លេ​ជាច្រើន ខ្លះ​មាន​ទទឹង​រហូត​ទៅ​ដល់​ជាង ២​គីឡូម៉ែត្រ ហូរ​ប្រសព្វ​គ្នា​ចាក់​ទៅ​ត្រង់​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​មាន​ទំហំ​ប្រមាណ ៦០០​គីឡូម៉ែត្រ ពិសេស គឺ​ត្រង់​ដែន​ដី​ដែល​បារាំង ហៅ​ថា កូសាំងស៊ីន ហើយ​ធ្វើ​អោយ​តំបន់​នេះ​ក្លាយ​ជា​តំបន់​មាន​ជីជាតិ​បំផុត​របស់​ជនជាតិ​ ខ្មែរ។ បច្ចុប្បន្ន​នេះ ដែន​ដី​កូសាំងស៊ីន គឺ​ដែន​ដី​កម្ពុជា​ក្រោម ដ៏​មាន​ជីជាតិ​របស់​ខ្មែរ ក្លាយ​ទៅ​ជា​របស់​វៀតណាម ទៅ​ហើយ។ ចំណែក​វាល​ទំនាប​ទន្លេ​មេគង្គ​វិញ គឺ​ជា​តំបន់​ដែល​លាត​សន្ធឹង​ពី​ខេត្ត​ក្រចេះ រហូត​ទៅ​ដល់​មាត់​សមុទ្រ​ផ្នែក​ខាង​ត្បូង។ នៅ​ភ្នំពេញ ដែល​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​អំឡុង​សតវត្ស​ទី​១៥ នៃ​គ្រិស្ដសករាជ​នោះ ទន្លេ​មេគង្គ​ត្រូវ​បែក​ចេញ​ជា​ទន្លេ​បួន ដែល​គេ​និយម​ហៅ​ថា​ចតុមុខ។ នៅ​ត្រង់​ចតុមុខ​នេះ ទន្លេ​មេគង្គ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ទន្លេសាប ដែល​បែក​ទៅ​ទិស​ខាង​ជើង​ទន្លេ​ធំ និង​ទន្លេ​បាសាក់ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ។

នៅ​រដូវ​ប្រាំង ខែ​ផល្គុណ ចែត្រ គឺ​ខែ​មីនា មេសា ទឹក​ទន្លេ​មេគង្គ​ត្រូវ​នឹង​ថ្កល់ ហើយ​ជោរ​នាច​ទៅ​តាម​ពេល​វេលា។ រហូត​ដល់​ខែ​វស្សា រដូវ​ភ្លៀង​ធ្លាក់ ចាប់​ផ្ដើម​ឡើង​នៅ​ខែ​កក្កដា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ឡើង​ផ្ទៃ​ទន្លេ​មេគង្គ​ក៏​រីក​ធំ​ម្តង​បន្តិចៗ។ ឯ​ទន្លេ​ធំ និង​ទន្លេ​បាសាក់​វិញ ទឹក​ក៏​កាន់​តែ​បន្ថែម​ល្បឿន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហូរ​ត្របាញ់​ចាក់​ទៅ​ក្នុង​សមុទ្រ។ ចំណែក​ខាង​បឹង​ទន្លេសាប​វិញ ពេល​នោះ​បាន​ក្លាយ​ជា​អាង​ស្តុក​ទឹក​យ៉ាង​ធំ រហូត​លិច​អស់​តំបន់​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ទី​នោះ អស់​រយៈពេល ៥​ខែ​ក្នុង​មួយ​ឆ្នាំ គឺ​មាន​រយៈ​កាល​ស្មើ​នឹង​ទឹក​ទន្លេ​មេគង្គ​ឡើង​ដូច្នោះ​ដែរ។

នៅ​រដូវ​សម្រក ពិសេស គឺ​ពេល​ដែល​ទឹក​ទន្លេសាប​ចាប់​ផ្ដើម​ហូរ​វិល​ត្រឡប់​ចេញ​មក​វិញ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី រួម​ទាំង​ជនជាតិ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផង តែង​តែ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ​ប្រពៃណី​មួយ គឺ​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះខែ ដើម្បី​សាទរ​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មាន​នៅ​លើ​ពិភពលោក​យើង​នេះ៕
 
 ប្រភព RFA

ខ្មែរ​សម័យ​បុរេប្រវត្តិ និង​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា (ភាគ​២)

តើ​លោក​អ្នក​នាង​ជ្រាប​ទេ​ថា ជនជាតិ​ខ្មែរ​ជា​ជនជាតិ​មួយ​បាន​រស់​មុន​គេ​បង្អស់​នៅ​លើ​ជ្រោយ​ឥណ្ឌូចិន នេះ ហើយ​ថែម​ទាំង​មាន​វប្បធម៌ និង​ជំនឿ​របស់​ខ្លួន​ស្រាប់​ទៅ​ហើយ មុន​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​បុរេប្រវត្តិ និង​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា លើក​ទី​មួយ។

២. សម័យ​បុរេប្រវត្តិ

ប្រជាពលរដ្ឋ​កម្ពុជា ដែល​សម្គាល់ ឬ​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​ខ្មែរ​នោះ គឺ​ជា​មនុស្ស​មួយ​ក្រុម ក្នុង​ចំណោម​ពូជសាសន៍​អូស្ត្រូអាស៊ី ហើយ​ដែល​បាន​មក​តាំង​ទី​រស់​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ​តាំង​ពី​សម័យ​យុគថ្ម​រំលីង គឺ​ប្រមាណ ១៥​សតវត្ស​មុន​គ្រិស្តសករាជ។ ឯកសារ​ខ្លះ​បញ្ជាក់​ថា មាន​ស្លាក​ស្នាម​តាំង​លំនៅ​នៅ​តំបន់​នេះ​ប្រមាណ ៥​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​ឯណោះ។ ក្រុម​មនុស្ស​ទាំង​ឡាយ​ក្នុង​អំបូរ​អូស្ត្រូអាស៊ី នេះ​នៅ​មាន​រស់​រាន​រហូត​ដល់​សព្វថ្ងៃ​នៅ​ប្រទេស​ភូមា​ភាគ​ខាង​ក្រោម ហើយ​និង​នៅ​តាម​ជួរ​ភ្នំ​អណ្ណាម។ ឯ​លក្ខណៈ​កាត់​ជាមួយ​ធាតុ​ម៉ុងហ្គោល គឺ​ជា​ការ​កើត​ឡើង​ថ្មីៗ​ខាង​ក្រោយ។

ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌូចិន គឺ​ពួក​មនុស្ស​រស់​នៅ​ត្រង់​ចន្លោះ​ប្រទេស​ចិន និង​ឥណ្ឌា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជនជាតិ​ចាស់​ជាង​គេ ដែល​បាន​តាំង​ទី​លំនៅ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​សព្វថ្ងៃ​នេះ គឺ​រហូត​មក​ដល់​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ទាក់ទាញ​ដោយ​ដែន​ដីសណ្ដ​មាន​ជីជាតិ វាល​ទំនាប និង​សមុទ្រ​ផង ព្រម​ដោយ​ការ​រុញ​ច្រាន​របស់​ពួក​ម៉ុងហ្គោល​ពី​ប្រទេស​ចិន មក​ផង ទើប​ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ភូមា បាន​លេច​មុខ​មក​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ ដោយ​ពួក​នេះ​បាន​វាយ​រុញ​ច្រាន​ជនជាតិ​ខ្មែរ និង​បង​ប្អូន​របស់​ខ្លួន គឺ​ជនជាតិ​មន អោយ​ខ្ទាត​ពី​តំបន់​វាល​ទំនាប​មេណាម និង​ពី​តំបន់​វាល​ទំនាប​ទន្លេ​ឥរ៉ាវតី។

នៅ​តាម​ស្ថានីយ​បុរេប្រវត្តិ​នានា​របស់​ជនជាតិ​ខ្មែរ​ពី​សម័យ​ថ្ម​រំលីង​ នោះ គេ​បាន​រក​ឃើញ ដូច​ជា​នៅ​ស្ថានីយ​ម្លូព្រៃ អន្លង់​ផ្ដៅ សំរោងសែន និង​នៅ​លើ​ខ្នង​ទួល ឬ​ខ្នង​ភ្នំ​តំបន់​ដី​ក្រហម គឺ​មេមត់​ស្នួល នូវ​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ដែល​ធ្វើ​អំពី​ថ្ម​រំលីង។ ប្រជាជន​ក្នុង​សម័យ​នោះ​ចេះ​ធ្វើ​ពូថៅ កន្ត្រៃ និង​កងដៃ​អំពី​ថ្ម​រំលីង។ គេ​ចេះ​សូន​ដី​ឥដ្ឋ​ធ្វើ​ក្អម​ឆ្នាំង តុបតែង​លំអ​ដោយ​ក្បាច់​រចនា​ជា​រង្វង់​ក្បាច់​ហៀន​គូទ​ខ្យង និង​ចេះ​ធ្វើ​ក្រវិល សម្រាប់​ពាក់​ត្រចៀក​ថែម​ទៀត​ផង។ គេ​ចេះ​នេសាទ​ត្រី​ដោយ​ស្ន ដែល​មាន​ងៀង និង​ស្ទូច​ត្រី​ដោយ​សន្ទូច ដែល​មាន​ផ្លែ​ធ្វើ​អំពី​ឆ្អឹង​សត្វ។ គេ​ចេះ​ផ្សាំង ឬ​ចិញ្ចឹម​សត្វ​គោ​ក្របី ចិញ្ចឹម​ជ្រូក និង​ដាំ​ស្រូវ។ ផ្ទះ​របស់​គេ​សង់​បន្តើត​លើ​សសរ​ខ្ពស់​ពី​ដី ដែល​អាច​ការពារ​សត្វ​កណ្ដៀរ ឬ​សត្វ​សាហាវ​ផ្សេងៗ ហើយ​និង​ការពារ​ទឹក​លិច​នៅ​រដូវ​វស្សា។ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​ស្បាត រាន​ដី​ធ្វើ​ចម្ការ ដើម្បី​ពង្រីក​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា គេ​បាន​រក​ឃើញ​ភូមិ​មូល ជា​ភូមិ​សម័យ​បុរេប្រវត្តិ ដែល​មាន​គ្រឹះ​នៅ​សល់​ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់។ ក្នុង​ចំណោម​ភូមិ​ទាំង​នោះ ភូមិ​មួយ​ត្រូវ​គេ​បាន​រក​ឃើញ​នៅ​មេមត់ ដែល​យើង​អាច​ឃើញ​ច្បាស់​នូវ​កំពែង ឬ​ជញ្ជាំង​ក្រាស់ ហើយ​ខ្ពស់ ធ្វើ​អំពី​ដី​មាន​រាង​ជា​រង្វង់​មូល ដែល​មាន​វិជ្ឈមាត្រ​ខាង​ក្រៅ​រហូត​ដល់ ២០០​ម៉ែត្រ ហើយ​មាន​ផ្លូវ​ចូល​ពីរ។ ភូមិ​មូល​ពី​សម័យ​បុរេប្រវត្តិ​នេះ ការពារ​ដោយ​គូ​ទឹក​សង​ខាង ហើយ​គូ​ទឹក ឬ​រណ្ដៅ​នោះ មាន​ជម្រៅ​រហូត​ដល់ ៦​ម៉ែត្រ​នៅ​ឡើយ​សព្វថ្ងៃ​នេះ។

គេ​បាន​រក​ឃើញ​រោង​ជាង ឬ​កន្លែង​កាត់​បំបែក​ថ្ម និង​ដុស​រំលីង ឬ​ខាត់​ថ្ម ដែល​មាន​សំណល់​វត្ថុ​ផ្សេងៗ​យ៉ាង​ច្រើន​សន្ធឹក​ធ្វើ​អំពី​ថ្ម​រំលីង ព្រម​ទាំង​មាន​បំណែក​ចាន ឬ​ក្រឡ ឬ​ហៅ​ម៉្យាង​ទៀត​ថា កុលាលភាជន៍​យ៉ាង​ច្រើន​នៅ​ទី​នោះ។ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត ដោយ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប​ថត​ពី​ទី​អវកាស​មក មន្ទីរ​ពិសោធន៍ ណាសា (NASA) នៃ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា បាន​រក​ឃើញ​ភូមិ​មូល​សម័យ​បុរេប្រវត្តិ​យ៉ាង​ច្រើន​នៅ​តំបន់​សៀមរាប​អង្គរ ផង​ដែរ។

ជនជាតិ​ខ្មែរ​នៅ​សម័យ​បុរេប្រវត្តិ អនុវត្ត​ជំនឿ​គោរព​បុព្វបុរស​ដូនតា ហើយ​ធ្វើ​សក្ការបូជា​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ទង្វើ​ដែល​អាច​អោយ​យល់​បាន​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​ទឹក និង​ដី មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន ហើយ​ហាក់​ដូច​ជា​ច្រឡូក​លាយ​ឡំ​ភ្ជាប់​គ្នា​ទៅ​នឹង​មេឃ ក្នុង​គំនិត​ចក្រវាឡ​ដ៏​អស្ចារ្យ​មួយ។

សត្វ​នាគ គឺ​ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬ​វត្ថុ​ស័ក្ដិសិទ្ធិ វត្ថុ​ទិព្វ​របស់​ជនជាតិ​ខ្មែរ។ ជំនឿ​នេះ គេ​បាន​ឃើញ​កើត​មាន​មក​ពី​យូរយារ​ណាស់​មក​ហើយ ជាពិសេស​មាន​រឿងរ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​រយៈ​កាល​ចាប់​ផ្ដើម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ថែម​ទៀត​ផង។ ថ្វីត្បិត​តែ​រឿងរ៉ាវ​ព្រះនាង​នាគ​មាន​លក្ខណៈ​ដូច​ជា​រឿង​ព្រេង​និទាន​ បន្តិច​ក្តី ក៏​សព្វថ្ងៃ​ជំនឿ​នេះ​នៅ​មាន​ជីវិត​រស់​រវើក​ក្នុង​ជីវភាព​នៃ​ជនជាតិ​ខ្មែរ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​បូជា​យ៉ាង​សកម្ម ហើយ​តម្កល់​ទុក​ថា គឺ​អ្នក​តា​ម្ចាស់​ស្រុក​ម្ចាស់​ទឹក​ម្ចាស់​ដី ដ៏​មាន​គុណ​នេះ​ហើយ​ជា​អ្នក​ថែ​រក្សា​ការពារ​ជនជាតិ​ខ្មែរ និង​មាតុភូមិ​ខ្មែរ​នេះ​ឯង។

៣. ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា​លើក​ទី​១

ក្នុង​រង្វង់​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ជនជាតិ​ខ្មែរ​ដែល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដើរ​សមុទ្រ​ជាតិ​ឥណ្ឌា ដែល​ភាគ​ច្រើន​ជា​អ្នក​ជំនួញ និង​ពួក​ព្រាហ្មណ៍ ក៏​បាន​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ពី​ពួក​ឥណ្ឌា ទាំង​នោះ។ គ្មាន​អ្វី​គួរ​អោយ​សង្ស័យ​ឡើយ វប្បធម៌ និង​សាសនា​នៃ​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​វប្បធម៌ និង​សាសនា​របស់​វណ្ណៈ​អ្នក​ដឹក​នាំ​ខ្មែរ។ ចំណែក​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​វិញ រហូត​ដល់​សព្វថ្ងៃ​នេះ​ហើយ នៅ​តែ​មាន​ជំនឿ​ទៅ​លើ​ព្រលឹង​ដូនតា គោរព​បូជា​អារុក្ខអារក្ខ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ជា​ជំនឿ​ដើម​របស់​ខ្មែរ​ដដែល ទោះ​បី​ស្ថិត​នៅ​ក្រោម​ទង់ ឬ​រូបភាព​ព្រះពុទ្ធ​សាសនា ដែល​នាំ​ចូល​ពី​ឥណ្ឌា ក៏ដោយ។ ម៉្យាង​ទៀត គឺ​ដោយសារ​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា ដែល​មាន​ភាសា​សំស្ក្រឹត​ជា​យាន​នេះ​ហើយ ដែល​បាន​ជំរុញ​ជនជាតិ​ខ្មែរ​អោយ​ចាប់​ផ្ដើម​សម័យ​ប្រវត្តិសាស្ត្រ​ជាតិ​របស់ ​ខ្លួន នា​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ​នេះ។

ការ​ធ្វើ​ដំណើរ​ដែល​កាន់​តែ​រីក​ចម្រើន​ឡើង​ជា​លំដាប់​របស់​ជនជាតិ​ឥណ្ឌា មក​កាន់​តំបន់​សុវណ្ណភូមិ​នេះ ដើម​ហេតុ​សំខាន់ គឺ​ការ​មក​ធ្វើ​ជំនួញ​ជួញ​ដូរ​ខាង​សេដ្ឋកិច្ច។ ពី​ដើម​ឡើយ ពួក​ឈ្មួញ​ឥណ្ឌា ទិញ​មាស​ពី​តំបន់​ស៊ីបេរី ដែល​ពួក​ទូរចរ​ធ្វើ​ដំណើរ​ដោយ​រទេះ​ឆ្ងាយៗ​មក​លក់​អោយ ដោយ​ឆ្លង​កាត់​តំបន់​បាក់ទ្រីយ៉ាន។ ប៉ុន្តែ ប្រហែល​ជា​ពីរ​សតវត្ស​មុន​គ្រិស្ដសករាជ ដោយ​មាន​ការ​រំជើបរំជួល​ក្នុង​ចំណោម​ជនជាតិ​ផ្សេងៗ​នៅ​ភូមិ​ភាគ​អាស៊ី​ កណ្ដាល បាន​ធ្វើ​អោយ​ផ្លូវ​នេះ​កាត់​ផ្តាច់ ធ្វើ​គមនាគមន៍​ត​ទៅ​ទៀត​លែង​កើត។

ក្រោយ​មក គឺ​ក្នុង​អំឡុង​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ ពួក​ឥណ្ឌា ក៏​ធ្វើ​ដំណើរ​បែរ​ទៅ​ទិស​ខាង​លិច ហើយ​បាន​ទិញ និង​ដឹក​ជញ្ជូន​មាស​ពី​ពិភព​រ៉ូម៉ាំង ក្នុង​នោះ​មាន​ទាំង​កាក់​មាស​ដែល​គេ​បាន​រំលាយ ហើយ​បោះ​ពុម្ព​ជា​រូបិយវត្ថុ​ជា​ប្រាក់ ដាក់​អោយ​ប្រើប្រាស់​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង ថែម​ទៀត​ផង។ ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ព្រះចៅ​វ៉េស្ប៉ាស្យាង ដែល​គ្រង​រាជ​នៅ​ចន្លោះ​ឆ្នាំ​៦៩-៧៩ នៃ​គ្រិស្ដសករាជ នៃ​ចក្រភព​រ៉ូម៉ាំង បាន​ចេញ​បញ្ញត្តិ​ហាម​ឃាត់​មិន​អោយ​នាំ​មាស​ចេញ ដែល​ជា​ប្រការ​បង្ខំ​អោយ​ឈ្មួញ​ឥណ្ឌា ស្វែង​រក​ប្រភព​ទិញ​មាស​ពី​កន្លែង​ផ្សេង​ទៀត។ ទី​បំផុត ពួក​នេះ​ក៏​បាន​ធ្វើ​ដំណើរ​បែរ​មក​រក​តំបន់​សុវណ្ណភូមិ​នេះ។ ការ​ធ្វើ​ដំណើរ​ស្វែង​មក​រក​មាស​នៅ​ជ្រោយ​សុវណ្ណភូមិ​នេះ បាន​ត្រូវ​សម្រួល​ដោយ​កត្តា​ជាច្រើន​ដូច​ជា ការ​រីក​ចម្រើន​ខាង​ផ្នែក​នាវាចរ​សមុទ្រ ដោយ​ពេល​នោះ​គេ​អាច​រក​ឃើញ​បច្ចេកទេស​ធ្វើ​សំពៅ​ធំៗ មាំៗ​ដែល​អាច​ផ្ទុក​ទំនិញ និង​មនុស្ស​ចំនួន​រហូត​ដល់ ៧០០​នាក់ ការ​រក​ឃើញ​ភាព​ឆ្លាស់​គ្នា​នៃ​ខ្យល់​រដូវ ដោយ​អ្នក​បើក​សំពៅ​ជនជាតិ​ក្រិក បាន​ជំរុញ​អោយ​មាន​ភាព​ទៀងទាត់​ក្នុង​ការ​ធ្វើ​ដំណើរ និង​ញ៉ាំង​ការ​ស្វែង​រក​មាស​នៅ​តំបន់​សុវណ្ណភូមិ​នេះ កាន់​តែ​មាន​សន្ទុះ​កើន​ឡើង។

ម៉្យាង​ទៀត ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ព្រះពុទ្ធ​សាសនា​ក៏​កាន់​តែ​រីក​ចម្រើន​ឡើង ហើយ​សាសនា​នេះ​បាន​លុប​បំបាត់​ចោល​ប្រព័ន្ធ​វណ្ណៈ​ក្នុង​សង្គម ដែល​ជា​ហេតុ​នាំ​អោយ​ពួក​ឥណ្ឌា ឈប់​ខ្លាច​បាត់​ភាព​បរិសុទ្ធ​ក្នុង​ឈាម ក្នុង​ពូជសាសន៍​របស់​ខ្លួន ហើយ​ធ្វើ​ការ​ទាក់ទង​ដោយ​ទូលាយ​ជាមួយ​ជន​បរទេស។
ក្រោយ​មក ពួក​ឈ្មួញ​ឥណ្ឌា ទាំង​នោះ បាន​មក​បោះ​ទីតាំង​ដោយ​បាន​បង្កើត​ជា​ហាង​លក់​ទំនិញ ឬ​សាខា​គ្រឹះស្ថាន​ជំនួញ​របស់​ខ្លួន​ក្នុង​ដែន​ដី​សុវណ្ណភូមិ ហើយ​ជា​បន្តបន្ទាប់ បាន​ប្រើប្រាស់​គ្រឹះស្ថាន​ទាំង​នោះ​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​នយោបាយ និង​សាសនា​របស់​ខ្លួន ហើយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​រដ្ឋវាសី គឺ​ជា​ជនជាតិ​ម្ចាស់​ស្រុក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ដើម្បី​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ពួក​នេះ​បាន​រឹត​ចំណង​ចង​ស្ពាន​មេត្រី រៀប​ចំ​អាពាហ៍ពិពាហ៍​ចម្រុះ​ជាមួយ​ពួក​រដ្ឋវាសី​ម្ចាស់​ស្រុក ដើម្បី​បង្កើត​ចំណង​ទាក់ទង​ជា​គ្រួសារ​យ៉ាង​ជិតស្និទ្ធ​ថែម​ទៀត​ផង។

ជាក់ស្តែង គឺ​អាពាហ៍ពិពាហ៍​បែប​នេះ​ហើយ​ដែល​បាន​បង្កើត​ឡើង​នូវ​សន្តតិវង្ស​ដំបូង​បង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា យើង​នេះ៕

 ប្រភព RFA

ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​អាណាចក្រ​ភ្នំ (ភាគ​៣)

ប្រវត្តិសាស្ត្រ​ស្តី​អំពី​ការ​កកើត​សន្តតិវង្ស​ខ្មែរ​ដំបូង មាន​ប្រភព​មក​ពី​អ្នក​ដំណើរ​ជា​ជនជាតិ​ចិន ដែល​បាន​មក​ដល់​ដែន​ដី​នេះ​នា​សម័យ​កាល​នោះ ហើយ​បាន​កត់ត្រា​ទុក។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ឈ្មោះ​មនុស្ស ឬ​ទីតាំង​មាន​សូរសៀង​ស្រដៀង​ចិន ដូច​ជា​ព្រះរាជា​ខ្មែរ​ទី​មួយ និង​ព្រះជាយា​របស់​ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះបាទ ហ៊ុន ទៀន និង​ព្រះនាង​លីវយី ហើយ​ឈ្មោះ​នគរ​ជា​នគរ​ហ្វូណន ឬ​ចេនឡា ជាដើម។

៤.អាណាចក្រ​នគរភ្នំ

ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិន របស់ លោក កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរភ្នំ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រ​ភ្នំ។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្នំ នេះ ព្រោះ​យប់​មួយ​ព្រះបាទ ហ៊ុន ទៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោក កាំង ថៃ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន្ដ​មែន។ ដោយ​សុបិន្ដ​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រ​ភ្នំ​តាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។

មក​ដល់​នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជធានី​នៃ​រដ្ឋ​នេះ ដែល លោក កាំង ថៃ ថា​មាន​ព្រះនាម​ថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែល​បាន​នាំ​កម្លាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​ព្រះបាទ ហ៊ុន ទៀន មុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លីវយី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង លីវយី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង​ជា​អគ្គមហេសី តាំង​ពី​ពេល​នោះ​មក។

ប្រភព​មួយ​ទៀត​ដែល​រៀប​រាប់​ពី​ព្រឹត្តិការណ៍​នេះ​ដែរ គឺ​សិលា​ចារិក​ចាម នៅ​មីសឺន (គ្រិស្ដសករាជ ៦៥៨) បាន​អោយ​យើង​ដឹង​ថា ព្រះបាទ ហ៊ុន ទៀន ដែល​ចិន ហៅ​នោះ​ឈ្មោះ កៅណ្ឌិន្យ ឯ​ព្រះនាង លីវយី វិញ គឺ​ព្រះនាង សោមាកូនព្រះច័ន្ទ។ ឯ​ខាង​ព្រះរាជពង្សាវតារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិញ បាន​ហៅ​ព្រះនាម​ស្ដេច​នោះ​ថា ព្រះថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ទំនៀមទម្លាប់​ប្រពៃណី​ជាច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ដូច្នេះ រួម​សេចក្តី​មក គឺ​ព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និង​ព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាង​នាគ នេះ​ហើយ ដែល​ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ​ជា​ដំបូង​គេ​បង្អស់​នោះ។ ម៉្យាង​ទៀត គឺ​ពេល​នោះ​ហើយ​ដែល​ព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែល​ជា​ជាតិ​ឥណ្ឌា បាន​នាំ​យក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ផ្សេងៗ​ពី​ប្រទេស​ឥណ្ឌា មាន​សាសនា ភាសា អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ ច្បាប់​ទម្លាប់​ផ្សេងៗ ពិសេស គឺ​របៀប​រៀប​ចំ ឬ​គំនិត​ដឹក​នាំ​ប្រទេស​តាម​បែប​រាជាធិបតេយ្យ​មក​បន្ថែម​អោយ ឬ​បញ្ចូល​គ្នា​នឹង​អ្វីៗ​ដែល​សង្គម​ខ្មែរ​មាន​រួច​ទៅ​ហើយ ដូច​ជា​ជំនឿ​លើ​ព្រលឹង​ដូនតា គោរព​មេបា អារក្ខ​អ្នកតា និង​លទ្ធិមាតាធិបតេយ្យ​យក​មេ​ជា​ធំ ដែល​ជា​ហេតុ​ធ្វើ​អោយ​សង្គម​ខ្មែរ​ក្នុង​សម័យ​នោះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ ឆាប់​រហ័ស​បំផុត។

ចំពោះ​ឈ្មោះ​នគរ វិញ គឺ​ប្រហែល​ពី​ពេល​នោះ​មក​ហើយ​ដែល​មាន​ឈ្មោះ​ថា នគរភ្នំ ព្រោះ​តាម​ឯកសារ​ចិន បាន​និយាយ​ច្បាស់​ថា អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្តរនាម​ថា គូឡុង គឺ​ក្រុង​ដែល​សព្វថ្ងៃ​មាន​ន័យ​ថា ស្ដេច​សោយរាជ្យ។ ម៉្យាង​ទៀត តាម​ការ​និយម​របស់​ជនជាតិ​ចិន គេ​ច្រើន​ប្រើ​ឈ្មោះ ឬ​ពាក្យ​តែ​មួយ​សម្រាប់​សម្គាល់​ប្រទេស​ផង ប្រជារាស្ត្រ​ផង រាជធានី​ផង ឬ​ក៏​ឋានន្តរនាម​របស់​អ្នក​ដឹក​នាំ​ផង។ ដូច្នេះ ពាក្យ ហ្វូណន ចិន ប្រហែល​ជា​ហៅ​តាម​ឋានន្តរនាម​ព្រះចៅ​អធិរាជ គឺ​កុរុងវ្នំ ហើយ ហ្វូណន គឺ​ជា​សំនៀង​ចិន នៃ​ពាក្យ​វ្នំ ឬ​ភ្នំ​របស់​ខ្មែរ​នេះ​ឯង។ ឯ​ការ​ដែល​អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្តរនាម​ក្រុង​វ្នំ​ដូច្នេះ គឺ​ប្រហែល​ជា​មក​ពី​ភ្នំ​ជា​ទី​កន្លែង​ដែល​អធិរាជ​ឡើង​ទៅ​ជួប​និង​ព្រះឥសូរ។ ឯកសារ​ចិន បាន​រៀប​រាប់​ថា ព្រះអាទិទេព​យាង​ចុះ​ពី​លើ​ភ្នំ​ម៉តាន់ ជា​ញឹកញាប់ ព្រះអង្គ​បាន​យក​ទី​នោះ​ដើម្បី​បញ្ចេញ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ។ ព្រះចៅ​អធិរាជ​ទាំង​ឡាយ​បាន​ទទួល​នូវ​ពរ​ជ័យ​ពី​ព្រះអង្គ ហើយ​ប្រជារាស្ត្រ​ក៏​បាន​សុខ​ចម្រើន ដោយសារ​សកម្មភាព​នោះ​ផង​ដែរ។

ចំណែក​ខាង​រាជធានី​នៃ​អាណាចក្រ​នគរភ្នំ​វិញ មាន​ឈ្មោះ​ថា វ្យាធៈបុរៈ ប្រហែល​ស្ថិត​នៅ​ម្តុំ​បាភ្នំ មាន​ចម្ងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​សមុទ្រ។

៥- ការ​បង្កើត​រាជវង្ស​ដំបូង

អ្នក​ស្នងរាជ្យ​ត​ពី​ព្រះបាទ កៅណ្ឌិន្យ គឺ​ជា​កូន​ចៅ​របស់​ព្រះអង្គ ក្នុង​នោះ​មាន​ព្រះបាទ ហ៊ុន ផានហួង ដែល​ជា​ព្រះរាជា​មួយ​អង្គ​ខ្លាំង​ពូកែ មាន​កលល្បិច​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពង្រឹង​អំណាច​កណ្ដាល ហើយ​វាយ​ពង្រីក​អាណាចក្រ​អោយ​ធំ​ទូលាយ។ ស្ដេច​អង្គ​នេះ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នៅ​ដើម​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ។ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​អ្នក​និពន្ធ​ចិន ថា​មាន​ព្រះនាម ប៉ាន-ប៉ាន (Phan-Phan) ត្រូវ​ជ្រើស​តាំង​អោយ​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ។ ប៉ុន្តែ ព្រះរាជា​អង្គ​ថ្មី​នេះ បាន​ប្រគល់​កិច្ចការ​រដ្ឋ​ទាំងអស់​ទៅ​អោយ​មេ​ទ័ព​ម្នាក់​ឈ្មោះ ស្រីមារៈ មើល​កិច្ចការ​ជំនួស។ ព្រះអង្គ​សោយរាជ្យ​បាន​តែ​បី​ឆ្នាំ​ក៏​សុគត​ទៅ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ជ្រើស​មេ​ទ័ព ស្រីមារៈ អោយ​ឡើង​សោយរាជ្យ។

ជា​ទូទៅ ព្រះរាជា​ខ្មែរ​តែង​តែ​មាន​ព្រះនាម​បី គឺ៖
១. ព្រះនាម​កំណើត
២. ព្រះនាម​គ្រងរាជ្យ
៣. ព្រះមរណនាម គឺ​ជា​ព្រះនាម​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ។

ព្រះអង្គ ស្រីមារៈ គឺ​ជា​ព្រះរាជា​ខ្មែរ​ដំបូង​បំផុត​ដែល​ទ្រង់​យក​ព្រះនាម "វរ្ម័ន" ដែល​មាន​ន័យ​ថា អ្នក​ការពារ មក​ប្រើ​ដំបូង​គេ​បង្អស់ ហើយ​ព្រះនាម​វរ្ម័ន​នេះ បាន​ត្រូវ​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​ប្រើប្រាស់​ជា​រៀង​រហូត លុះត្រា​ដល់​ពេល​ដែល​បដិវត្តន៍​នយោបាយ និង​សាសនា​របស់​នាយ​ត្រសក់​ផ្អែម កើត​មាន​ឡើង។

ព្រះបាទ ស្រីមារៈ ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ហើយ​ពង្រឹង​អំណាច​របស់​ព្រះអង្គ លើ​ដែន​ដី​ភាគ​ខាង​ក្រោម "កម្ពុជា​ក្រោម​សព្វថ្ងៃ" លើ​ភាគ​កណ្ដាល​នៃ​ទន្លេ​មេគង្គ ហើយ​រឹប​ដាក់​ជា​ចំណុះ​នូវ​រដ្ឋ​តូចៗ​នៅ​ភាគ​ខាង​ជើង ជ្រោយ​ម៉ាឡាយូ ដើម្បី​ត្រួត​ពិនិត្យ​លើ​ផ្លូវ​គោក និង​ទី​សំចត​ទាំង​ឡាយ​ចន្លោះ​ឈូង​សមុទ្រ​បឹងហ្គាល និង​ឈូង​សមុទ្រ​សៀម។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ពេល​ដែល​ទ្រង់​បំពេញ​បេសកកម្ម​មួយ​នៅ​ ប្រទេស​ម៉ាឡេស៊ី។
ក្មួយ​របស់​ព្រះអង្គ​ព្រះនាម ហ្វានឆាន ដែល​ប្រហែល​ជា​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ធរណិន្ទ្រវរ្ម័ន បាន​ជ្រែក​រាជ្យ​ដោយ​បាន​ធ្វើ​គត់​រាជ​ទាយាទ គឺ​ព្រះរាជបុត្រ​ច្បង​របស់​ព្រះបាទ ស្រីមារៈ ហើយ​ឡើង​សោយរាជ្យ។ ព្រះអង្គ​សោយរាជ្យ​បាន​រយៈពេល ២០​ឆ្នាំ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រឹត​ចំណង​ការទូត​ជាមួយ​នឹង​រាជវង្ស​ឥណ្ឌា មុរុណ្ឌ។ នៅ​ឆ្នាំ​២៤៣ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន ដើម្បី​នាំ​ដង្វាយ​ជា​អ្នក​ភ្លេង និង​ផលិតផល​ផ្សេងៗ ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន។ គឺ​នៅ​ក្នុង​រាជ្យ​ព្រះអង្គ ហ្វានឆាន នេះ​ហើយ ដែល​គេ​បាន​សាង​សិលា​ចារិក​ខ្មែរ ដែល​ចាស់​ជាង​គេ​ជា​ភាសា​សំស្ក្រឹត ក្នុង​ដែន​សាមន្ត​រដ្ឋ​មួយ​របស់​អាណាចក្រ​នគរភ្នំ។ សិលា​ចារិក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រមណីយដ្ឋាន "វ៉ូកាញ់" ក្នុង​តំបន់​ញ៉ាត្រាង ប្រទេស​វៀតណាម សព្វថ្ងៃ​នេះ។
ប្រហែល​នៅ​ក្នុង​ឆ្នាំ​២៥០ ព្រះអង្គ ហ្វានឆាន ត្រូវ​ធ្វើ​គត់​ដោយ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ ស្រីមារៈ ដោយ​យក​លេស​ថា​សង​សឹក។ មេ​ទ័ព​ម្នាក់​របស់​ព្រះអង្គ ហ្វានឆាន មាន​ឈ្មោះ​ថា អាសុចៃ ដែល​តាម​ឯកសារ​ចិន ថា​ឈ្មោះ ស៊ីយុនហ្វាន់ស៊ីយុន បាន​ធ្វើ​គត់​រាជ​ទាយាទ គឺ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ ស្រីមារៈ ហើយ​ប្រកាស​ខ្លួន​ឡើង​សោយរាជ្យ​ជា "កុរុងវ្នំ"។

ព្រះបាទ ហ្វាន់ស៊ីយុន ជា​ព្រះរាជា​ដែល​ស្រឡាញ់​សន្តិភាព ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រះរាជ​ភារកិច្ច​របស់​ព្រះអង្គ​យ៉ាង​ ខ្លាំង។ ដើម្បី​រក្សា​កិត្យានុភាព ព្រះអង្គ​បាន​ប្រើប្រាស់​ការទូត​ច្រើន​ជាង​កម្លាំង​ទ័ព។ ព្រះអង្គ​ទ្រង់​រក្សា​ចំណង​ទាក់ទង​ជា​ប្រក្រតី​ជាមួយ​ព្រះរាជវាំង មុរុណ្ឌ នៃ​ប្រទេស​ឥណ្ឌា។ ពី​ឆ្នាំ​២៦៨ ដល់​ឆ្នាំ​២៨៧ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន។ ក្រៅ​ពី​នោះ ជាមួយ​នឹង​អាណាចក្រ​ចំប៉ា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នគរភ្នំ ព្រះអង្គ​បាន​រឹត​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​បំផុត រហូត​ដល់​គេ​អាច​ជឿ​បាន​ថា ប្រហែល​ជា​ព្រះអង្គ​បាន​ពង្រីក​អធិរាជ​ភាព​របស់​ព្រះអង្គ​លើ​ប្រទេស​ចំប៉ា នោះ ថែម​ទៀត​ផង៕

ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

 ប្រភព RFA

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​ដើម​សតវត្ស​ទី​៤​ដល់​ទី​៦ (ភាគ​៤)


ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ  សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។

ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្នំ​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាម ឆានតាន ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូ-សីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសាណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តៈ ទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ ឆានតាន បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​ព្រះបាទ ឆានតាន មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​ សោយរាជ្យ​នៅ​អាណាចក្រ​ភ្នំ។

កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ប៉ានប៉ាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរ​ភ្នំ​បាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រុទ្ទៈវរ្ម័ន ដែល​គេ​បាន​ថ្វាយ​ព្រះ​រហ័សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទ។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ សាសនា​ព្រាហ្មណ៍​គណៈ​ឥសូរ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​ខាង​ព្រះពុទ្ធ​សាសនា​មហា​យាន​វិញ ក៏​នៅ​មាន​សាសនិក​អ្នក​ជឿ និង​គោរព​ច្រើន​ដែរ។ របៀប​របប​រៀប​ចំ​ផ្នែក​នយោបាយ និង​ខាង​សង្គម​នៅ​អាណាចក្រ​ភ្នំ ត្រូវ​ចម្លង​យក​តាម​រូបភាព​ប្រទេស​ឥណ្ឌា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។

ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រេស្ថាវរ្ម័ន។ ព្រះរាជា​អង្គ​នេះ​បាន​បញ្ជា​អោយ​យក​សារ​ការទូត និង​ដង្វាយ​ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន នៃ​រាជវង្ស​វ៉ិន​ជាច្រើន​លើក គឺ​នៅ​គ្រិស្ដសករាជ​៤៣៤-៤៣៥ និង​៤៣៨។ ម៉្យាង​ទៀត ដើម្បី​រក្សា​ចំណង​មិត្តភាព​ល្អ​ជាមួយ​ប្រទេស​ចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុង​ឆ្នាំ​៤៣១-៤៣២ បាន​ប្រកែក​មិន​ព្រម​ជួយ​ប្រទេស​ចំប៉ា ក្នុង​ការ​វាយ​ដណ្ដើម​យក​ខេត្ត​តុងគឹង របស់​ចិន ទេ។

ពង្សាវតារ​ចិន រាជវង្ស​ស៊ី​ខាង​ត្បូង បាន​និយាយ​ថា ប្រហែល ១០​ឆ្នាំ​ក្រោយ​កាល​កំណត់​៤៣១-៤៣២ ស្ដេច​សោយរាជ្យ​នៅ​នគរ​ភ្នំ គឺ​ព្រះបាទ ជ័យវរ្ម័ន ដែល​មាន​ត្រកូល កៅណ្ឌិន្យ គឺ​ព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ​៤៨០-៥១៤។ ព្រះអង្គ​ជា​មហាក្សត្រ​នគរ​ភ្នំ ដែល​មាន​ចំណង​ទាក់ទង​ការទូត​យ៉ាង​ប្រពៃ​បំផុត​ជាមួយ​នឹង​ប្រទេស​ចិន រហូត​ដល់​ព្រះចៅ​អធិរាជ​ចិន ទ្រង់​ថ្វាយ​ឋានន្តរនាម​ថា មេទ័ព​ស្នេហា​សន្តិភាព​ភាគ​ខាង​ត្បូង​អធិរាជ​ក្រុង​ភ្នំ។ ក្នុង​រាជ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ​មាន​ព្រះភិក្ខុ​សង្ឃ​ពីរ​អង្គ​នៃ​អាណាចក្រ​ភ្នំ គឺ​ព្រះសង្ឃ​បាល និង​មន្ត្រសេន បាន​និមន្ត​ទៅ​គង់​នៅ​ប្រទេស​ចិន ដើម្បី​ជួយ​បកប្រែ​គម្ពីរ​ផ្សេងៗ​ពី​ភាសា​សំស្ក្រឹត។ ហើយ​គឺ​ក្នុង​រាជ្យ​ព្រះអង្គ​នេះ​ដែរ គឺ​ក្នុង​គ្រិស្ដសករាជ​៥០៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​ព្រះសង្ឃ​ព្រះនាម នាគសេន អោយ​នាំ​ព្រះពុទ្ធ​រូប​ធ្វើ​អំពី​ផ្កា​ថ្ម និង​ចេតិយ​ធ្វើ​អំពី​ភ្លុក និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន រាជវង្ស​សុង។

ដោយសារ​សំអាង​ទៅ​លើ​ឯកសារ​ចិន ដែល​ចែង​ពី​សេចក្តី​រាប់​អាន ដែល​ព្រះចៅ​អធិរាជ​ចិន មាន​ចំពោះ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ គេ​អាច​សន្មត​ថា រជ្ជកាល​របស់​ព្រះអង្គ​ជា​សម័យ​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អាណាចក្រ​ នគរ​ភ្នំ។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​គ្រិស្ដសករាជ​៥១៤។ តាម​រាជ​ប្រវេណី ក្រោយ​ពី​ព្រះអង្គ កៅណ្ឌិន្យ​ជ័យវរ្ម័ន សុគត​ទៅ គឺ​ត្រូវ​រាជ​ទាយាទ​ព្រះនាម គុណវរ្ម័ន ជា​បុត្រ​របស់​ព្រះរាជ​អគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ នៅ​ឆ្នាំ​៥១៤ នោះ​ដដែល រុទ្រវរ្ម័ន ជា​ព្រះជេដ្ឋា​របស់ គុណវរ្ម័ន ដែល​ជា​បុត្រ​របស់​ស្នំ​ម្នាក់ បាន​ធ្វើ​គត់ គុណវ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​យក​រាជ្យ​សម្បត្តិ​សោយ។

ព្រះបាទ រុទ្រវរ្ម័ន នេះ គឺ​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៃ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ជាច្រើន​ដង​នៅ​ចន្លោះ​គ្រិស្ដសករាជ​៥១៧ និង​៥៣៥ ទៅ​កាន់​ប្រទេស​ចិន។ រាជទូត​អាណាចក្រ​ភ្នំ​ម្នាក់​ដែល​បាន​នាំ​សួយ​ជា​សត្វ​រមាស​មួយ​ទៅ​ថ្វាយ​ ស្ដេច​ក្រុង​ចិន នៅ​ឆ្នាំ​៥៣៩ បាន​ទូល​ព្រះអង្គ​ថា នៅ​ប្រទេស​ខ្លួន​មាន​ព្រះកេស គឺ​សក់​ព្រះ​មួយ​សរសៃ​ប្រវែង​បី​ម៉ែត្រ។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះចៅ​អធិរាជ​លាងវូទី បាន​បញ្ជា​ព្រះសង្ឃ ឆេយុនប៉ាវ អោយ​និមន្ត​មក​អាណាចក្រ​ភ្នំ ដើម្បី​នាំ​យក​ព្រះកេស​នោះ​ទៅ​ប្រទេស​ចិន។

បើ​តាម​ពង្សាវតារ​រាជវង្ស​លាង ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ​រុងរឿង​ណាស់ ព្រោះ​ឯកសារ​នោះ​បាន​និយាយ​ថា មាន​គណៈ​បេសកកម្ម​ទូត​ចិន មួយ​ត្រូវ​បញ្ជូន​មក​អាណាចក្រ​ភ្នំ នៅ​ចន្លោះ​គ្រិស្ដសករាជ​៥៣៥ និង​៥៤៥ ដើម្បី​សុំ​អោយ​អធិរាជ​អាណាចក្រ​ភ្នំ បញ្ជូន​ទៅ​ប្រទេស​ចិន នូវ​អ្នក​ប្រាជ្ញ និង​គម្ពីរ​ខាង​ព្រះពុទ្ធ​សាសនា។

គួរ​កត់​សម្គាល់​ថា ការ​ដែល​ព្រះបាទ វុទ្រវរ្ម័ន ឡើង​សោយរាជ្យ​ដោយ​ខុស​ទំនង​បែប​នេះ បាន​បណ្ដាល​អោយ​អាណាចក្រ​នគរ​ភ្នំ​ត្រូវ​វឹកវរ​ចលាចល រហូត​ដល់​ត្រូវ​រលំ​រលាយ​ជា​ស្ថាពរ​នៅ​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​៦ នោះ​ឯង៕

 
 ប្រភព RFA

អារ្យធម៌​ខ្មែរ​នៅ​សម័យ​នគរ​ភ្នំ (ភាគ​៥)


លោក​អ្នក​នាង​ជ្រាប​ទេ​ថា នៅ​សង្គម​អាណាចក្រ​ភ្នំ ជា​សង្គម​មេ​និយម គឺ​គេ​ទុក​ស្រី​ជា​ធំ​នៅ​ក្នុង​គ្រួសារ​ផង និង​នៅ​ក្នុង​សង្គម​ផង។ ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ​វិញ មិន​មែន​ប្រុស​ដណ្ដឹង​ស្រី​ដូច​សម័យ​បច្ចុប្បន្ន​នេះ​ទេ នៅ​សម័យ​អាណាចក្រ​ភ្នំ គឺ​ស្រី​ដណ្ដឹង​ប្រុស។

ឯកសារ​ចិន បាន​បញ្ជាក់​អោយ​យើង​ដឹង​ថា ភូមិ​ខ្មែរ​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ធ្វើ​អំពី​ដី មាន​គូ​ទឹក ឬ​ស្រះ​ធំៗ​ព័ទ្ធ​ជុំវិញ ដែល​មាន​ចិញ្ចឹម​ក្រពើ​ជាច្រើន​ផង។ នៅ​ក្នុង​បរិវេណ​ភូមិ មាន​ស្រះ​ទឹក​សម្រាប់​ប្រើ​រួម​គ្នា។ ផ្ទះ​សង់​អំពី​ឈើ​បន្តើត​ខ្ពស់​ផុត​ពី​ដី ហើយ​ប្រក់​ស្លឹក។

មនុស្ស​នៅ​អាណាចក្រ​ភ្នំ ច្រើន​មាន​សម្បុរ​ខ្មៅ សក់​រួញ​អង្គាដី ច្រើន​លែង​ខ្លួន​ទទេ។ អ្នក​ស្រុក​ធម្មតា​ស្លៀក​សារុង ឬ​សំពត់​អំបោះ ដើរ​ជើង​ទទេ។ ឯ​អ្នក​មាន និង​មន្ត្រី ស្លៀក​សំពត់​សំឡុយ ឬ​ចង​ក្បិន​សំពត់​ចរបាប់ មាន​ពាក់​ស្បែក​ជើង​ផង។ ទាំងអស់​គ្នា​និយម​ចោះ​ត្រចៀក ដើម្បី​ពាក់​ក្រវិល​រយ៉ា ទំហ៊ូ ត្រសាល់​ត្រចៀក។ គេ​ចូល​ចិត្ត​ល្បែង​ប្រជល់​មាន់ ប្រជល់​ជ្រូក ហើយ​មាន​ការ​ប៉ិនប្រសប់​ក្នុង​ជំនាញ​សិប្បកម្ម​ត្បាញ​រវៃ​សូត្រ​អំបោះ និង​ជាង​ចម្លាក់​ប្រាក់ ស្ពាន់ ជំនាញ​ជាង​ទង ធ្វើ​គ្រឿង​អលង្ការ​មាស​ថែម​ទៀត​ផង។

មនុស្ស​នៅ​អាណាចក្រ​នគរ​ភ្នំ​ត្រង់​ណាស់ មិន​មាន​ចិត្ត​លោភលន់ ហើយ​មិន​ចេះ​លួច​ទេ។ បើ​មាន​ទំនាស់ ឬ​ក្តី​ក្ដាំ​គ្នា​កើត​ឡើង គេ​ចូល​ចិត្ត​ប្រើ​វិធី​អស្ចារ្យ ដើម្បី​រក​សេចក្តី​ពិត។ កាល​ណា​មាន​បាត់​របស់​អ្វី​មួយ គេ​យក​បាយ​ពំនូត ទៅ​ដាក់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ទេវតា រួច​គេ​បួង​សួង​សុំ​អោយ​ព្រះអង្គ​ជួយ​បង្ហាញ​មុខ​ជន​ទុច្ចរិត។ ស្អែក​ឡើង​គេ​យក​បាយ​ពំនូត​នោះ អោយ​អ្នក​ជាប់​សង្ស័យ​បរិភោគ។ គេ​ជឿ​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស នឹង​មាន​ឈាម​ហូរ​ចេញ​ពី​មាត់​ជាក់​ស្ដែង។ ឯ​អ្នក​សុចរិត​វិញ អាច​ទំពារ​បាយ​ពំនូត​នោះ​បាន​ដោយ​ស្រួល។

ម៉្យាង​ទៀត បើ​មាន​ជន​ជាប់​ចោទ​ពី​បទ​ផ្សេងៗ គេ​អោយ​ជន​នោះ​អត់​បាយ​បី​ថ្ងៃ រួច​តម្រូវ​អោយ​ជន​នោះ លូក​យក​វត្ថុ​ផ្សេងៗ មាន​ពង​មាន់ ឬ​ចិញ្ចៀន​មាស​ចេញ​ពី​ឆ្នាំង ឬ​ខ្ទះ​ទឹក​កំពុង​ពុះ ឬ​ក៏​ត្រូវ​កាន់​ពូថៅ ឬ​ច្រវាក់​ដែល​ដុត​ឡើង​ក្រហម ហើយ​អោយ​ដើរ​បាន​ពីរ​ជំហាន។ បើ​មាន​កំហុស​មែន ដៃ​ជន​នោះ​នឹង​រលាក​រលួយ។ ផ្ទុយ​ទៅ​វិញ បើ​មិន​បាន​ប្រព្រឹត្ត​ខុស គឺ​គ្មាន​ហ្មងសៅ​អ្វី​ទាំងអស់។ នៅ​អាណាចក្រ​ភ្នំ​គេ​មិន​និយម​ធ្វើ​គុក​ដាក់​មនុស្ស​ទេ បើ​កាល​ណា​មាន​កំហុស​ស្រាល គេ​ពិន័យ​ជន​មាន​ទោស តែ​បើ​មាន​កំហុស​ធ្ងន់​ថ្នាក់​ឧក្រិដ្ឋ​វិញ គេ​យក​អ្នក​នោះ​ទៅ​អោយ​ក្រពើ​ស៊ី ឬ​សត្វ​សាហាវ​ស៊ី​តែ​ម្តង។ ក្នុង​រយៈពេល​បី​ថ្ងៃ បើ​សត្វ​នោះ​មិន​ស៊ី​ទេ គេ​ចាត់​ទុក​ថា​អ្នក​នោះ​គ្មាន​កំហុស ហើយ​លែង​អោយ​រួច​ខ្លួន​វិញ។

ដោយសារ​បាន​ទទួល​ឥទ្ធិពល​ឥណ្ឌា ដល់​ទៅ​ពីរ​ដង គឺ​ដើម​សតវត្ស​ទី​១ និង​ដើម​សតវត្ស​ទី​៥ របប​នយោបាយ​របស់​អាណាចក្រ​ភ្នំ គឺ​រាជា​និយម​តាម​បែប​ឥណ្ឌា។ មហា​រាជ​មាន​ងារ​ជា​ស្ដេច​ចក្រវាឡ ឬ​កុរុងវ្នំ សោយរាជ្យ​លើ​អាណាចក្រ​ដែល​មាន​សាមន្តរដ្ឋ ឬ​រដ្ឋ​ចំណុះ​ជាច្រើន ក្នុង​នោះ​មាន​ទាំង​សាមន្ត​រដ្ឋ​ចេនឡា ទៀត​ផង។ ព្រះរាជា​គង់​ក្នុង​ព្រះរាជវាំង​ដែល​មាន​ដំណាក់​ច្រើន​ជាន់ មាន​របង​ជុំវិញ។ ក្នុង​ពេល​ប្រទាន​សវនាការ ព្រះអង្គ​ទ្រង់​គង់​ផ្ទាល់​លើ​ព្រះទែន ផ្តេក​ជង្គង់​ឆ្វេង បញ្ឈរ​ជង្គង់​ស្តាំ ដូច​កាយ​វិការ​រូប​ចម្លាក់​ស្ដេច​គម្លង់​សព្វថ្ងៃ។ មាន​ពាន​មាស និង​ផើង​មាស ដុត​ឈើ​ក្រអូប​ដាក់​លើ​កម្រាល​ពី​ខាង​មុខ ហើយ​មាន​រូប​ព្រះរាជ​សង្ហារ​តម្កល់​នៅ​ចន្លោះ​កណ្ដាល​ពាន​មាស​នោះ​ផង។

ព្រះរាជា​ទ្រង់​យាង​ទៅ​ណា​មក​ណា​ដោយ​ដំរី ដែល​មាន​ក្បួន​ដង្ហែ​អ៊ឹកធឹក​ពី​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ស្រី​ស្នំ​បរិពារ​ផង។ ពន្ធដារ​សម័យ​នោះ ត្រូវ​បង់​ជា​មាស ប្រាក់ គុជ ឬ​ក៏​គ្រឿង​ក្រអូប​ផ្សេងៗ។ សង្គម​អាណាចក្រ​ភ្នំ ជា​សង្គម​មេ​និយម គឺ​គេ​ទុក​ស្រី​ជា​ធំ​នៅ​ក្នុង​គ្រួសារ​ផង និង​នៅ​ក្នុង​សង្គម​ផង។ ក្នុង​ការ​កសាង​គ្រួសារ គឺ​ស្រី​ដណ្ដឹង​ប្រុស។

កំពង់ផែ​សំខាន់​របស់​អាណាចក្រ​ភ្នំ គឺ​អូកែវ ស្ថិត​នៅ​ខាង​ត្បូង​ភ្នំ​បាថេ ក្នុង​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ លើ​តំបន់​ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​សម័យ​យុគថ្មរំលីង ដែល​អ្នក​ដើរ​សមុទ្រ​ជាតិ​ឥណ្ឌា បាន​ស្គាល់​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ កំពង់ផែ​នេះ​មិន​មែន​គ្រាន់​តែ​ទទួល​សំពៅ​ធំៗ​ពី​ប្រទេស​ចិន ម៉ាឡាយូ និង​ឥណ្ឌា ប៉ុណ្ណោះ​ទេ ព្រម​ទាំង​បាន​ទទួល​នាវា​សមុទ្រ​ធំៗ ដែល​ដឹក​ទំនិញ​មក​ពី​ចក្រភព​រ៉ូម៉ាំង ស្ថិត​ត្រង់​ព្រំ​ប្រទល់​សមុទ្រ​ក្រហម​ថែម​ទៀត​ផង។ នៅ​កំពង់ផែ​អូកែវ គេ​បាន​រក​ឃើញ​ត្រា​មាន​អក្សរ​សំស្ក្រឹត​មេដាយ​មាស មាន​កាល​បរិច្ឆេទ​ឆ្នាំ​១៥២ មាន​រូប​សំណាក​ព្រះចៅ អង់តូនីន និង​ចម្លាក់​ថ្ម​ផ្សេងៗ មក​ពី​តំបន់​មេឌីទែរ៉ាណេ ថែម​ទៀត​ផង។

ខាង​វិស័យ​សេដ្ឋកិច្ច​វិញ ក្នុង​សម័យ​នគរ​ភ្នំ​មាន​ឈ្មោះ​ថា​ថ្កុំថ្កើង​រុងរឿង​ណាស់។ កសិកម្ម​មាន​ការ​រីក​លូត​លាស់​ចម្រើន​ខ្លាំង ដោយសារ​តែ​មាន​ជោគជ័យ​ក្នុង​នយោបាយ​ទឹក រហូត​ដល់​ឯកសារ​ចិន កត់​ត្រា​ថា គេ​ព្រួស​មួយ​ឆ្នាំ គេ​ច្រូត​បាន​បី​រដូវ។ ខាង​ពាណិជ្ជកម្ម ក្រៅ​ពី​កំពង់ផែ​អូកែវ ដែល​ជា​កំពង់ផែ​អន្តរជាតិ​ទទួល​នាវា​ផ្ទុក​ទំនិញ​ធំៗ​ពី​គ្រប់​ទិសទី អាណាចក្រ​ភ្នំ​មាន​បច្ចេកទេស​ក្នុង​ការ​ធ្វើ​សំពៅ​ធំៗ ដើរ​តាម​សមុទ្រ ដែល​តាម​ឯកសារ​ចិន បញ្ជាក់​ថា សំពៅ​មាន​ប្រវែង ៣០​ម៉ែត្រ ដែល​មាន​ក្បាល និង​កន្សៃ​មាន​រាង​ជា​ក្បាល និង​កន្ទុយ​ត្រី។

ខាង​វិស័យ​អប់រំ មាន​ការ​រីក​ចម្រើន​ខ្លាំង ព្រោះ​ឯកសារ​ចិន បាន​បញ្ជាក់​ថា អាណាចក្រ​ភ្នំ​មាន​សៀវភៅ និង​មាន​កន្លែង​រក្សា​ទុក​ប័ណ្ណសារ។ ភាសា​ខ្មែរ​ជា​ភាសា​ប្រើ​ទូទៅ ឯ​ភាសា​សំស្ក្រឹត ជា​ភាសា​ផ្លូវ​ការ។ ខាង​វិស័យ​សាសនា​វិញ អ្នក​នគរ​ភ្នំ​បាន​កាន់​សាសនា​ធំៗ​ពីរ​មក​ពី​ឥណ្ឌា គឺ​ព្រហ្មញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា ហើយ​ជា​ទូទៅ ព្រះពុទ្ធ​សាសនា​មហា​យាន ដែល​លាយ​ចម្រុះ​គ្នា​នឹង​ជំនឿ​អារក្ខ​អ្នក​តា​មេ​បា ដែល​ជា​ជំនឿ​ដើម​របស់​អ្នក​នគរ​ភ្នំ ត្រូវ​បាន​ប្រជារាស្ត្រ​នគរ​ភ្នំ​គោរព​បូជា​ជា​ទូទៅ។

ចំណែក​ខាង​ការ​ទុក​ដាក់​សព​ក្នុង​សម័យ​នគរ​ភ្នំ​វិញ មាន​ដូច​ត​ទៅ​នេះ ពិធី​បូជា​សព​ព្រះមហាក្សត្រ​ត្រូវ​ធ្វើ​ឡើង ៧​ថ្ងៃ ក្រោយ​ពី​ពេល​ចូល​ទិវង្គត។ ព្រះ​សព​ត្រូវ​រុំ​យ៉ាង​ស្អាត ហើយ​ដង្ហែ​ទៅ​មាត់​ទន្លេ ដោយ​មាន​សំឡេង​តូរ្យតន្ត្រី ស្គរ​ប្រគំ និង​របាំ​សក្ការៈ​កំដរ​ផង។ ព្រះ​សព​របស់​ព្រះរាជា​ត្រូវ​បូជា​នៅ​លើ​គំនរ​ឧស​មួយ។ ព្រះ​ធាតុ​ត្រូវ​គេ​រើស​ដាក់​ក្នុង​កោដ្ឋ​មាស ដែល​ទី​បំផុត​គេ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ ឬ​សមុទ្រ។

សព​ពួក​មន្ត្រី​ធំៗ ត្រូវ​បូជា​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយ​ពេល​អនិច្ចកម្ម ហើយ​អដ្ឋិធាតុ​ត្រូវ​ដាក់​ក្នុង​កោដ្ឋ​ប្រាក់ រួច​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ។

ចំណែក​ជន​ធម្មតា​វិញ ពិធី​ទុក​ដាក់​សព​នេះ​មាន ៤​បែប គឺ​បូជា​ដោយ​ភ្លើង ឬ​កប់​ក្នុង​ដី ឬ​បោះ​ចោល​ក្នុង​ទឹក ឬ​ដាក់​ហាល​ខ្យល់​កណ្ដាល​វាល ទុក​អោយ​សត្វ​ស៊ី​ជា​ចំណី។ ឯ​ការ​កាន់​ទុក្ខ គឺ​គេ​កោរ​សក់ និង​កោរ​ពុក​មាត់។

ខាង​វិស័យ​ស្ថាបត្យកម្ម និង​ចម្លាក់​វិញ ក្រៅ​ពី​ប្រាសាទ​ដែល​សង់​ដោយ​លុង​ភ្នំ គ្មាន​ប្រាសាទ​ណា​នៅ​គង់វង្ស​ល្អ​ទេ តែ​គេ​សន្និដ្ឋាន​ថា ប្រាសាទ​ទាំង​ឡាយ​ក្នុង​សម័យ​នោះ កសាង​ឡើង​ដោយ​ឥដ្ឋ ដោយ​គេ​អាច​រក​ឃើញ​ខឿន​សំណង់​ផ្សេងៗ​អំពី​ឥដ្ឋ នៅ​កំពង់ផែ​អូកែវ និង​នៅ​អង្គរបុរី។

ខាង​សិល្បៈ​បដិមា គេ​បាន​រក​ឃើញ​ព្រះពុទ្ធរូប និង​ទេវរូប​ជាច្រើន នៅ​តំបន់​ភ្នំ​ដា ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ដូច​ជា​ព្រះពុទ្ធរូប​វត្ត​រំលក រូប​ព្រះវិស្ណុ ព្រះ​ពលរាម ព្រះ​កល្កិន ព្រះ​ក្រិស្ណ គោវធន។ ស្នាដៃ​ទាំងអស់​នេះ នៅ​មាន​លក្ខណៈ​ជា​ឥណ្ឌា នៅ​ឡើយ ពោល គឺ​រូប​ទាំង​នោះ​មាន​រាង​ធាត់ៗ កាច់​ចង្កេះ និង​មាន​ធ្នូ ឬ​ក្រចក​សេះ ឬ​ចន្ទល់​ទ្រ​ថែម​ទៀត​ផង៕


 ប្រភព RFA

ប្រទេស​កម្ពុជា​មុន​សម័យ​អង្គរ (៥៥០-៨០២) ឬ​អាណាចក្រ​ចេនឡា (ភាគ​៦)


នៅ​មុន​សម័យ​អង្គរ គឺ​ពី​ពាក់​កណ្ដាល​សតវត្ស​ទី​៦ រហូត​ដល់​ដើម​សតវត្ស​ទី​៩ ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន ដែល​គួរ​អោយ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ឈ្មោះ​ប្រទេស​ក៏​ត្រូវ​បាន​ប្ដូរ​ពី​នគរ​ភ្នំ មក​កម្ពុជា ក្នុង​សម័យ​នោះ។ នា​ដំណាក់​កាល​នោះ​ដែរ កម្ពុជា បាន​ឆ្លង​កាត់​ការ​បង្រួប​បង្រួម​ផង និង​ការ​បែក​បាក់​ផង។

ការ​បែក​បាក់​ជា​ចុង​ក្រោយ គឺ​នៅ​ក្នុង​រាជ​របស់​ព្រះ​មហាក្សត្រិយ៍​ជ័យទេវី។ ប្រទេស​កម្ពុជា ដែល​ចិន ហៅ​ថា​ចេនឡា ត្រូវ​បែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា តាម​ការ​គ្រប់គ្រង​របស់​ព្រះរាជា​មួយ​ចំនួន​នៅ​មុន​សម័យ​អង្គរ។

ក.ព្រះបាទ​ភវវរ្ម័ន​ទី​១ (៥៥០-៦០០)

ក្នុង​សម័យ​នគរភ្នំ ព្រះរាជា​ទាំង​ឡាយ​បាន​វាត​អំណាច​គ្រប់គ្រង​របស់​ខ្លួន លាត​សន្ធឹង​លើ​សាមន្ត​រដ្ឋ ឬ​រដ្ឋ​ចំណុះ​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ចេនឡា​ដែន​ដី​របស់​កម្ពុជៈ ដែល​ហៅ​តាម​ភាសា​ចិន ថា​ចេនឡា ផង។ ប្រការ​ដែល​ចិន ហៅ​ថា​រដ្ឋ​ចេនឡា ប្រហែល​ជា​ចិន ចង់​មាន​ន័យ​ថា ជា​នគរ​ក្រមួន​សុទ្ធ ឬ​នគរ​សម្បូរ​ឃ្មុំ។ ទឹក​ដី​អាណាចក្រ​នគរភ្នំ លាត​សន្ធឹង​លើ​តំបន់​ទន្លេ​មេគង្គ ត្រង់​ចន្លោះ​ប៉ាក់សេ នៅ​ខាង​ជើង ក្រចេះ​នៅ​ខាង​ត្បូង ដែន​ដី​ភាគ​ធំ​នៃ​ទន្លេ​សេមូន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ ឯ​ចំណុច​កណ្ដាល​នៃ​អាណាចក្រ​នគរភ្នំ គឺ​វត្ត​ភូ ឬ​តំបន់​ចំប៉ាសាក់ នៃ​ប្រទេស​ឡាវ សព្វថ្ងៃ​នេះ។ រដ្ឋ​ចេនឡា គ្រប់គ្រង​ដោយ​សន្តតិវង្ស​មួយ​ដែល​បាន​អះអាង​ថា មាន​ជាប់​ខ្សែ​រយៈ​ពី​ការ​ចង​សម្ព័ន្ធ​រវាង​ឥសី​កម្ពុស្វយម្ភូវៈ និង​អប្សរា​មេរា ខ្សែ​ខាង​សូរ្យ​វង្ស។

នៅ​ចុង​សម័យ​នគរភ្នំ ដោយសារ​ព្រះបាទ​រុទ្ទ្រវរ្ម័ន បាន​ធ្វើ​គត់​គុណវរ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​រាជ្យ​សោយ​នោះ ការ​បះ​បោរ​ចលាចល​ក៏​កើត​មាន​ឡើង ហើយ​ចលនា​បះ​បោរ​នេះ ក៏​កាន់​តែ​រីក​ធំ​ឡើងៗ ហើយ​នៅ​ចុង​រាជ្យ​ព្រះអង្គ ព្រះបាទ​រុទ្ទ្រវរ្ម័ន ជា​អ្នក​ដណ្ដើម​រាជ្យ ប្រហែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង ឬ​ក៏​ដាក់​រាជ្យ។ មិន​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់​ចំណុច​នេះ​ទេ ក៏ប៉ុន្តែ​ពេល​នោះ​រាជបល្ល័ង្ក​នគរភ្នំ ត្រូវ​នៅ​ទំនេរ។ កម្លាំង​បះ​បោរ​របស់​គុណវរ្ម័ន បាន​វាយ​ដណ្ដើម​យក​បាន​រាជធានី​វ្យាធៈបុរៈ។

នៅ​ឯ​សាមន្តរដ្ឋ​ចេនឡា ឯណោះ​វិញ ក្រោយ​ពី​ព្រះបាទ​វិរៈវរ្ម័ន ជា​បិតា​សុគត​ទៅ ព្រះអង្គ​ម្ចាស់​មួយ​អង្គ ព្រះនាម ភវវរ្ម័ន ដែល​ត្រូវ​ជា​ចៅ​របស់​ព្រះបាទ​រុទ្ទ្រវរ្ម័ន ដែល​ជា​ស្ដេច​ចុង​ក្រោយ​នៃ​អាណាចក្រ​ភ្នំ ក៏​ក្រោក​ឈរ​ប្រឆាំង​នឹង​ចលនា​បះ​បោរ​ឡើង។ ដោយ​មាន​ជំនួយ​ពី​ចិត្រាសេនា ជា​ប្អូន​ជីដូន​មួយ​យ៉ាង​ក្លៀវក្លា​ផង ព្រះបាទ​ភវវរ្ម័ន បាន​វាយ​ដណ្ដើម​យក​អាណាចក្រ​នគរភ្នំ ដែល​ជា​មរតក​ជីតា​ខ្លួន គឺ​ព្រះបាទ​រុទ្ទ្រវរ្ម័ន មក​វិញ​បាន ដោយ​ព្រះអង្គ​បាន​វាយ​រុញ​ច្រាន​បក្ខពួក​របស់​គុណវរ្ម័ន អោយ​ដក​ថយ​ពី​រាជធានី​វ្យាធៈបុរៈ ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូង គឺ​អង្គរបុរី ស្រុក​ព្រៃកប្បាស ក្នុង​ខេត្ត​តាកែវ សព្វថ្ងៃ។ ព្រះអង្គ​គ្រប់គ្រង​បាន​ដែន​ដី​ពី​ចន្លោះ​ទន្លេ​មូន​ខាង​ជើង ទន្លេសាប​ខាង​ត្បូង ជួរ​ភ្នំ​អណ្ណាម​ខាង​កើត ទៅ​ទិស​ខាង​លិច​ដល់​ស្ទឹង​ព្រាជី និង​មង្គលបុរី ដែល​គេ​បាន​រក​ឃើញ​សិលា​ចារិក​របស់​ព្រះអង្គ។

ក្រោយ​ពី​ទទួល​ជ័យ​ជម្នះ​ហើយ ព្រះបាទ​ភវវរ្ម័ន ដែល​ទ្រង់​ជា​ព្រះរាជា​នៃ​សន្តតិវង្ស សូរ្យ​វង្ស ខាង​ចេនឡា ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​ក្សត្រី​កម្ពុជ​រាជលក្ម្សី ផ្នែក​ខាង​សោមវង្ស ខាង​នគរ​ភ្នំ ដែល​ស្លោក​ទី​១១ នៃ​សិលា​ចារិក​បក្សី​ចាំ​ក្រុង​បាន​បញ្ជាក់​ថា កូន​ចៅ​ឥសី​កម្ពុ បាន​ភ្ជាប់​សូរ្យ​វង្ស​ខាង​ចេនឡា និង​សោមវង្ស​ខាង​អាណាចក្រ​ភ្នំ។ គឺ​ព្រះបាទ​ភវវរ្ម័ន នេះ​ហើយ​ដែល​បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ពី​នគរ​ភ្នំ មក​ជា​កម្ពុជា ដែល​យើង​ប្រើ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ព្រះអង្គ​ទ្រង់​បាន​សោយរាជ្យ​ពី​ឆ្នាំ​៥៥០ ដល់​ឆ្នាំ​៦០០ នៃ​គ្រិស្ដសករាជ។

ខ.ព្រះបាទ​មហិន្ទ្រវរ្ម័ន (៦០០-៦១៥)

ក្រោយ​ពី​ព្រះបាទ​ភវវរ្ម័ន សោយ​ទិវង្គត​ទៅ ចិត្រាសេនា ជា​ប្អូន​ក៏​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះរាម ដែល​ទ្រង់​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា មហិន្ទ្រវរ្ម័ន។ ព្រះបាទ​មហិន្ទ្រវរ្ម័ន ទ្រង់​បាន​បន្ត​ដំណើរ​ពង្រីក​អំណាច​របស់​អាណាចក្រ​ចេនឡា បន្ត​ទៅ​ទិស​ខាង​លិច និង​ទៅ​ទិស​ខាង​ត្បូង​ទៀត។ ដើម្បី​ការពារ​ព្រំដែន​ផ្នែក​ខាង​កើត ព្រះអង្គ​បាន​រឹត​ចំណង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ ដោយ​បាន​ធ្វើ​សន្ធិសញ្ញា​ជាមួយ​នឹង​ប្រទេស​ចំប៉ា។ ព្រះអង្គ​សោយរាជ្យ​ពី​ឆ្នាំ​៦០០ ដល់​ឆ្នាំ​៦១៥ នៃ​គ្រិស្ដសករាជ។

គ.ព្រះបាទ​ឥស្សណៈវរ្ម័ន​ទី​១ (៦១៥-៦៣៨)

ក្រោយ​ពី​ព្រះបាទ​មហិន្ទ្រវរ្ម័ន សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ព្រះនាម ឥស្សណៈវរ្ម័ន​ទី​១ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​បិតា។ ព្រះបាទ​ឥស្សណៈវរ្ម័ន ជា​ព្រះរាជា​មាន​មហិទ្ធិឫទ្ធិ​ណាស់ គឺ​ព្រះអង្គ​នេះ​ហើយ ដែល​បាន​បញ្ចប់​ការ​វាយ​ដណ្ដើម​យក​អាណាចក្រ​ភ្នំ​ទាំង​ស្រុង ដោយ​ទ្រង់​វាយ​ដណ្តើម​បាន​រាជធានី​អង្គរបុរី ក្នុង​អំឡុង​ឆ្នាំ​៦៣០ នៃ​គ្រិស្ដសករាជ។

ព្រះអង្គ​បាន​ពង្រីក​ការ​ត្រួតត្រា​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ដល់​ព្រំប្រទល់​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ឯ​ទិស​ខាង​លិច​ដល់​ខេត្ត​ចាន់តាប៊ុន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ ដើម្បី​រឹត​ចំណង​មិត្តភាព​ជាមួយ​បរទេស ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន នា​ឆ្នាំ​៦១៦-៦២៣ និង​៦២៧។ ជាមួយ​ប្រទេស​ជិត​ខាង ព្រះអង្គ​បាន​រៀប​អភិសេក​បុត្រី​របស់​ព្រះអង្គ ព្រះនាម សារៈវ៉ានី ជាមួយ​នឹង​ចៅទួត​ម្នាក់​របស់​ព្រះរាជា​ចំប៉ា ដែល​ទ្រង់​ប្រសូត​បាន​បុត្រា​មួយ​អង្គ ហើយ​ដែល​ក្រោយ​មក​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​នៅ​ប្រទេស​ចំប៉ា ក្នុង​ឆ្នាំ​៦៥៣ ដោយ​មាន​ព្រះនាម​ថា វិក្រន្តា។

ព្រះបាទ​ឥស្សណៈវរ្ម័ន ទ្រង់​បាន​តាំង​រាជធានី​នៅ​ចំ​កណ្ដាល​អាណាចក្រ​របស់​ព្រះអង្គ ដែល​មាន​ឈ្មោះ​ថា ឥស្សណៈបុរៈ។ រាជធានី​ឥស្សណៈបុរៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន​គ្រួសារ​រស់​នៅ ហើយ​ដែល​ត្រូវ​នឹង​រមណីយដ្ឋាន​សម្បូរ​ព្រៃ​គុក ដែល​មាន​សំណល់​ជា​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​ជាច្រើន ស្ថិត​នៅ​ខាង​ជើង​ខេត្ត​កំពង់ធំ សព្វ​ថ្ងៃ​នេះ។

ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឥស្សណៈវរ្ម័ន អាណាចក្រ​ចេនឡា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ ប៉ុន្តែ​ក្នុង​ពេល​ដែល​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ហើយ​ដែល​ហាក់​ដូច​ជា​គ្មាន​បុត្រ​បន្ត​រាជ្យ​ផង​នោះ ភាព​វឹកវរ​ចលាចល​ក៏​បាន​ផ្ទុះ​ឡើង​សាជាថ្មី។

ឃ.ព្រះបាទ​ភវវរ្ម័ន​ទី​២ (៦៣៩-៦៥៥)

ភាព​វឹកវរ​ចលាចល​ដែល​កើត​ឡើង​ក្នុង​ពេល​ដែល​ព្រះបាទ​ឥស្សណៈវរ្ម័ន សោយ​ទិវង្គត ត្រូវ​បាន​វាយ​បង្ក្រាប​យ៉ាង​ឆាប់​រហ័ស ដោយ​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ព្រះបាទ​ភវវរ្ម័ន​ទី​២ ដែល​មាន​កងទ័ព និង​នាម៉ឺន​មន្ត្រី​មាន​ភក្តី​ភាព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះអង្គ។ យើង​មិន​បាន​ដឹង​ថា តើ​ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​ណា​ទេ។ សិលា​ចារិក​នៅ​ហាន់ជ័យ បាន​រំឭក​នូវ​ការ​ពង្រឹង​អំណាច​អធិរាជ​របស់​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​បាន​សាង​ទី​កន្លែង​សក្ការបូជា ឬ​ប្រាសាទ​ជាច្រើន។ តាម​គេ​ប៉ាន់ស្មាន សិលា​ចារិក​ភ្នំ​បាយ៉ង់ សិលា​ចារិក​ភ្នំ​ព្រះវិហារ កំពង់ឆ្នាំង ក៏​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ដែរ។ ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ​៦៣៩ ដល់​ឆ្នាំ​៦៥៥ នៃ​គ្រិស្ដសករាជ។

ង.ព្រះបាទ​ជ័យវរ្ម័ន​ទី​១ (៦៥៥-៦៨១)

ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​បិតា​ព្រះអង្គ ក្នុង​ឆ្នាំ​៦៥៥ នៃ​គ្រិស្ដសករាជ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ណាស់​ក្នុង​ការ​ថែ​រក្សា​ទឹក​ដី​ដ៏​ធំ​ទូលាយ ដែល​បុព្វបុរស​របស់​ព្រះអង្គ​បាន​បន្សល់​ទុក​អោយ។ ក្នុង​វិស័យ​ការពារ​ជាតិ ព្រះអង្គ​ទ្រង់​បង្កើត​អោយ​មាន​កងទ័ព​សេះ ហើយ​បាន​ច្នៃ​បង្កើត​វិធី​ទាក់ ឬ​ផ្សាំង​ដំរី​ផង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ គេ​ឃើញ​មាន​សិលា​ចារិក ឬ​ការ​កសាង​ប្រាសាទ​ជាច្រើន​នៅ​វ្យាធៈបុរៈ និង​វត្ត​ភូចំប៉ាសាក់ នៃ​ប្រទេស​ឡាវ សព្វថ្ងៃ។

តាម​ការ​ប៉ាន់ស្មាន ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ប្រហែល​ជា​សោយ​ទិវង្គត​នៅ​ឆ្នាំ​៦៨១ នៃ​គ្រិស្ដសករាជ។

ច.ព្រះ​មហាក្សត្រិយ៍​ជ័យទេវី (៦៨១-៧១៣)

ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ពុំ​មាន​ព្រះរាជ​បុត្រា​ដែល​អាច​សោយរាជ្យ​ស្នង​ពី​ព្រះអង្គ​បាន បុត្រី​ព្រះអង្គ ព្រះនាម ជ័យទេវី ត្រូវ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះអង្គ។ ព្រះ​មហាក្សត្រិយ៍​ជ័យទេវី សោយរាជ្យ​ពី​ឆ្នាំ​៦៨១ ពេល​ដែល​ព្រះ​បិតា​ទ្រង់​សោយ​ទិវង្គត រហូត​ដល់​ឆ្នាំ​៧១៣។ ក៏ប៉ុន្តែ អំណាច​របស់​ព្រះនាង​ពុំ​មាន​មូលដ្ឋាន​រឹងមាំ​ឡើយ ព្រោះ​នៅ​ក្នុង​សិលា​ចារិក​មួយ​ដែល​គេ​បាន​រក​ឃើញ​នៅ​អង្គរ ព្រះនាង​បាន​ទ្រង់​ត្អូញត្អែរ​ពី​ភាព​ច្របូកច្របល់​ក្នុង​ចិត្ត​គំនិត និង​ទុក្ខវេទនា​នៃ​គ្រា​កើត​កលិយុគ។

ប្រហែល​មក​ពី​ការ​ចុះ​ខ្សោយ​នៃ​អំណាច​កណ្ដាល ដែល​នៅ​ស្ថិត​ក្នុង​កណ្ដាប់​ព្រះ​មហាក្សត្រិយ៍​នេះ​ហើយ ដែល​ធ្វើ​អោយ​ប្រទេស​ចេនឡា ត្រូវ​បែង​ចែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក នៅ​ដើម​សតវត្ស​ទី​៨ គឺ​នៅ​ក្នុង​ឆ្នាំ​៧០៦៕

 ប្រភព RFA

ការ​បែក​បាក់​ប្រទេស​កម្ពុជា​ជា​ពីរ​នៅ​មុន​សម័យ​អង្គរ (ភាគ​៧)

២.ចេនឡា​គោក និង​ចេនឡា​ទឹក

ប្រទេស​កម្ពុជា មុន​សម័យ​អង្គរ​មាន​ការ​បែក​បាក់​យ៉ាង​ដំណំ រហូត​ត្រូវ​បែង​ចែក​ប្រទេស​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។ ការ​បែក​បាក់​នេះ បណ្ដាល​អោយ​ប្រទេស​ធ្លាក់​ចុះ​ខ្សោយ ហើយ​ទី​បំផុត ត្រូវ​ធ្លាក់​ទៅ​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ជ្វា ផង។

ក.ចេនឡា​គោក

នៅ​មុន​សម័យ​អង្គរ​បន្តិច គឺ​នៅ​សតវត្សរ៍​ទី​៨ ប្រទេស​កម្ពុជា មាន​ភាព​វឹកវរ​ចលាចល​ខាង​ផ្នែក​នយោបាយ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង។ ស្នាដៃ​បង្រួប​បង្រួម​ជាតិ ដែល​បាន​ធ្វើ​ឡើង​នៅ​សតវត្សរ៍​មុនៗ ត្រូវ​រលំ​រលាយ​អស់​គ្មាន​សល់។ ក្នុង​រយៈពេល​ដ៏​ខ្មៅ​ងងឹត​នេះ ប្រទេស​កម្ពុជា ត្រូវ​ចែក​ចេញ​ជា​ពីរ​ដាច់ៗ​ពី​គ្នា ដោយ​មាន​រាជវង្ស​ស្ដេច​សោយរាជ្យ​ផ្សេងៗ​ពី​គ្នា​ទៀត​ផង។ នៅ​ភាគ​ខាង​ជើង គឺ​ទឹក​ដី​ដែល​មាន​ទីតាំង​ត្រង់​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ សព្វថ្ងៃ ត្រូវ​បែង​ចែក​អោយ​ទៅ​ជា​រដ្ឋ​មួយ​ផ្សេង​មាន​ឈ្មោះ​ថា ចេនឡា​ដី​គោក។

ប្រវត្តិសាស្ត្រ​ចេនឡា​គោក នេះ ហាក់​ដូច​ជា​ច្របូក​ឡូកឡំ​គ្នា​ជាមួយ​នឹង​ប្រទេស​ឡាវ ហើយ​ដែល​គេ​នៅ​មិន​សូវ​ដឹង​ច្បាស់​នៅ​ឡើយ​ផង។ ក្នុង​ចំណោម​ព្រះរាជា​ទាំង​ឡាយ​ដែល​បាន​សោយរាជ្យ​នៅ​ចេនឡា​ដី​គោក នោះ មាន​ព្រះរាជា​មួយ​ព្រះអង្គ ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ជាង​គេ ព្រះនាម ជ័យសិង្ហវរ្ម័ន ដែល​បាន​ថែរក្សា​មិត្តភាព​ចំណង​ការទូត ហើយ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន។ រីឯ​រាជធានី​ចេនឡា​ដី​គោក ទំនង​ជា​ស្ថិត​ត្រង់​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើម គឺ​ម្តុំ​វត្ត​ភូ ចំប៉ាសាក់ ក្នុង​ប្រទេស​ឡាវ បច្ចុប្បន្ន​នេះ។

ខ.ចេនឡា​ទឹក

ចំណែក​ខាង​ចេនឡា​ទឹក ឬ​ហៅ​ម៉្យាង​ទៀត​ថា ចេនឡា​លិច​ទឹក វិញ គឺ​លាត​សន្ធឹង​លើ​ទឹក​ដី​តំបន់​បឹងបួ ស្ទឹង​ទន្លេ លើ​វាល​រាប​ទំនាប​ទន្លេ​មេគង្គ ចាប់​ពី​ល្បាក់​ខោន រហូត​ដល់​មាត់​សមុទ្រ។ ហើយ​មាន​រយៈ​កាល​មួយ​នោះ នគរ​ចេនឡា​ទឹក ត្រូវ​បាន​គ្រប់គ្រង​ដោយ​សន្តតិវង្ស​ក្សត្រ​ពីរ​ផ្សេង​គ្នា ដែល​មាន​រាជធានី​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៀត​ផង។ រាជធានី​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ដែល​គេ​មិន​ស្គាល់​ទីតាំង​ច្បាស់ មាន​ឈ្មោះ​ថា អនិន្ទិតបុរៈ និង​រាជធានី​មួយ​ទៀត​មាន​ឈ្មោះ​ថា សម្ភុបុរៈ គឺ​ស្រុក​សំបូរ នៅ​ត្រើយ​ខាង​ឆ្វេង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ក្រចេះ សព្វថ្ងៃ​នេះ។

ព្រះរាជា​នៃ​អនិន្ទិតបុរៈ បាន​ប្រកាស​ព្រះអង្គ​ថា ព្រះអង្គ​ទ្រង់​មាន​ពូជ​ពង្ស​វង្ស​ត្រកូល​ជាប់​មក​ពី​ព្រះបាទ​កៅណ្ឌិន្យ និង​ព្រះនាង​សោមា ដោយ​បាន​បន្ត​សែស្រឡាយ​ពី​ព្រះបាទ​ភវវរ្ម័នទី១ ព្រះរាជា​នៃ​អាណាចក្រ​ភ្នំ។ ចំណែក​ខាង​ព្រះ​រាជវង្ស​ខាង​សម្ភុបុរៈ វិញ ហាក់​មិន​មាន​រូបភាព​សែស្រឡាយ​ដូច​គ្នា​ទេ ថ្វី​ត្បិត​តែ​ជា​ព្រះ​ញាតិ​របស់​ព្រះ​មហាក្សត្រិយ៍​ជ័យទេវី ក៏ដោយ។

ការ​សាកល្បង​បង្រួប​បង្រួម​ជាតិ​ខាង​ចេនឡា​ទឹក​លិច បាន​ធ្វើ​ឡើង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ មាន​ប្រភព​ចេញ​ពី​អនិន្ទិតបុរៈ ព្រះនាម​បុស្ករាក្សា ហើយ​បាន​មក​សោយរាជ្យ​នៅ​សម្ភុបុរៈ។ ព្រះអង្គ​ទ្រង់​បាន​សាង​សិលា​ចារិក​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​៧១៦។ ថ្វីត្បិត​តែ​មាន​ការ​ខំ​ប្រឹងប្រែង​ដោយ​ពេញ​ទំហឹង​ពី​ព្រះរាជា​ រាជិន្ទ្រវរ្ម័ន ដែល​បាន​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះបាទ​បុស្ករាក្សា ក្តី ក៏​ប្រទេស​ចេនឡា​ទឹក នៅ​តែ​មិន​អាច​រួប​រួម​គ្នា​បាន។ ទី​បំផុត ប្រទេស​ចេនឡា​ទឹក នេះ ក៏​បែក​ខ្ចាត់ខ្ចាយ​ទៅ​ជា​រដ្ឋ​តូចៗ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​បែង​ចែក​ជា​ប្រាំ​រដ្ឋ ដែល​គេ​ពុំ​ទាន់​បាន​ដឹង​ព្រំ​ប្រទល់​ច្បាស់​លាស់​នៅ​ឡើយ។

៣-ប្រទេស​ចេនឡា​ក្រោម​អំណាច​ត្រួតត្រា​របស់​ជ្វា

ប្រទេស​ខ្មែរ​នៅ​សតវត្សរ៍​ទី​៨​នោះ ក៏​ជា​ដំណាក់​កាល​មួយ​ដែល​គ្មាន​ស្ថិរភាព​នយោបាយ និង​ជា​សម័យ​កាល​ដែល​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ដំណំ​ថែម​ទៀត​ផង។ ស្រប​ជាមួយ​ពេល​នោះ ពួក​ចោរ​សមុទ្រ​ជាតិ​ជ្វា ដែល​ជិះ​នាវា​ធំៗ​លឿនៗ បាន​ចូល​មក​រាតត្បាត​ឆ្នេរ​សមុទ្រ និង​ពាម​ទន្លេ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក ក្នុង​គោល​បំណង​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តាម​ទំនើង​ចិត្ត។ ហេតុ​ដែល​នាំ​អោយ​ចោរ​សមុទ្រ​ជ្វា ហ៊ាន​មក​ឈ្លាន​ពាន​ដូច្នេះ ព្រោះ​ពេល​នោះ​រាជវង្ស​សៃលេន្ទ្រៈ ដែល​សោយរាជ្យ​នៅ​កោះ​ជ្វា មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ក្លា ហើយ​បាន​ផ្សាយ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

ក្រោយ​ពី​វាយ​បាន​កោះ​ត្រឡាច ហើយ​តាំង​ជា​មូលដ្ឋាន​ប្រតិបត្តិការ ពួក​ចោរ​ជ្វា បាន​លើក​គ្នា​ទៅ​រាតត្បាត​ឆ្នេរ​សមុទ្រ​ប្រទេស​ចំប៉ា។ ពេល​ជាមួយ​គ្នា​នោះ​ដែរ ពួក​ចោរ​សមុទ្រ​នេះ បាន​ចូល​រាតត្បាត​ប្រទេស​ចេនឡា​ទឹក ដោយ​ធ្វើ​ដំណើរ​ឡើង​បញ្ច្រាស​តាម​ទន្លេ​មេគង្គ ទៅ​ដល់​រាជធានី​សម្ភុបុរៈ ដុត​បំផ្លាញ​ទីក្រុង ឡោមព័ទ្ធ​ព្រះរាជវាំង ហើយ​ចាប់​បាន​ព្រះរាជា​ខ្មែរ​ព្រះនាម​មហិបតីវរ្ម័ន ជា​បុត្រ​ព្រះបាទ​រាជេន្ទ្រវរ្ម័ន រួច​កាត់​ព្រះ​សិរសា​របស់​ព្រះអង្គ នាំ​យក​ទៅ​កោះ​ជ្វា។

ឯកសារ​ខ្លះ​សរសេរ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ជ្វា កាត់​ព្រះ​សិរសា​ព្រះរាជា​ខ្មែរ​នេះ​ផ្សេង​ទៅ​វិញ។ លោក ហ្សក សឺដេស៍ (George Coedés) សរសេរ​តាម​ការ​រៀប​រាប់​របស់​អ្នក​និពន្ធ​អារ៉ាប់ ម្នាក់​ថា ការ​ដែល​មហា​រាជ​នៃ​នគរ​ជ្វា ទ្រង់​ខ្ញាល់​រហូត​ដល់​បញ្ជា​អោយ​គេ​កាត់​សិរសា​ព្រះរាជា​ខ្មែរ​ដូច្នេះ ត្បិត​មាន​ពេល​មួយ ខណៈ​ដែល​ព្រះរាជា​ខ្មែរ​ព្រះបាទ​មហិបតី ទ្រង់​ប្រទាន​សវនាការ​ដល់​ពួក​ឈ្មួញ​ជាតិ​ជ្វា ព្រះអង្គ​ទ្រង់​មាន​បន្ទូល​អួត​អាង​ថា ព្រះអង្គ​ចង់​ឃើញ​គេ​យក​ព្រះ​សិរសា​មហា​រាជ​ជ្វា ដាក់​លើ​ចាន​ភាជន៍​មក​ថ្វាយ​ព្រះអង្គ។

មិន​យូរ​ប៉ុន្មាន ដំណឹង​នេះ​ក៏​ត្រូវ​បាន​ពួក​ឈ្មួញ​នាំ​ទៅ​ទូល​មហា​រាជ​ជ្វា។ ក្រោយ​ពី​បាន​ឮ​ការ​ប្រមាថ​ព្រះ​ចេស្ដា​ដូច្នេះ មហា​រាជ​ជ្វា ក៏​ទ្រង់​បញ្ជា​អោយ​គេ​កាត់​ព្រះ​សិរសា​ព្រះរាជា​ខ្មែរ យក​ទៅ​កោះ​ជ្វា។ បន្ទាប់​មក ទើប​មហា​រាជ​នៃ​កោះ​ជ្វា ទ្រង់​បាន​បញ្ជា​អោយ​យក​ព្រះ​សិរសា​នោះ​ទៅ​លាង​សម្អាត ហើយ​អប់​ទុក​ក្នុង​ភាជន៍​មួយ រួច​ទ្រង់​បញ្ជា​អោយ​បញ្ជូន​ត្រឡប់​មក​ថ្វាយ​ព្រះរាជា​ខ្មែរ ដែល​សោយរាជ្យ​បន្ត​ពី​ព្រះ​មហិបតី ដែល​ត្រូវ​ធ្វើ​គត់​នោះ។ មិន​តែ​ប៉ុណ្ណោះ​ទេ ជា​មេ​រៀន​ចំពោះ​កម្ពុជា ដែល​មើល​ងាយ​ព្រះ​ចេស្ដា​មហា​រាជ​ជ្វា ដ៏​មាន​ឫទ្ធិ​នា​សម័យ​នោះ​ចំពោះ​មុខ​ឈ្មួញ​បរទេស ជ្វា ក៏​ដាក់​នគរ​ចេនឡា​ទឹក​នៃ​ប្រទេស​កម្ពុជា អោយ​នៅ​ក្រោម​អាណានិគម​របស់​ខ្លួន ចាប់​ពី​ពេល​នោះ​មក។

ចំពោះ​ការ​ឈ្លាន​ពាន​របស់​ជ្វា ទៅ​លើ​ក្សត្រ​បុរី​មួយ​របស់​ចេនឡា​ទឹក នេះ មាន​មតិ​ខ្លះ​យល់​ថា គឺ​ជា​ការ​ទាមទារ​យក​មរតក​ដូនតា​ខ្លួន ព្រោះ​រាជវង្ស​សៃលេន្ទ្រៈ នៃ​ប្រទេស​ជ្វា ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា ជា​ស្ដេច​ភ្នំ​ដែរ គឺ​ដូច​គ្នា​នឹង​ឋានន្តរនាម​របស់​ព្រះរាជា​អាណាចក្រ​ភ្នំ​នេះ​ឯង។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ព្រឹក ព្រះរាជា​ខ្មែរ​នៅ​នគរ​ចេនឡា​ទឹក ត្រូវ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ទៅ​ទិស​នៃ​កោះ​ជ្វា ដើម្បី​លុត​ជង្គង់​ធ្វើ​គារវកិច្ច​ចំពោះ​មហា​រាជ​នគរ​ជ្វា នោះ។ នេះ​បើ​តាម​ឯកសារ​របស់​ឈ្មួញ​អារ៉ាប់ ម្នាក់​ឈ្មោះ​សូឡៃម៉ាន់ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ពី​យូរ​មក​ហើយ​នៅ​ចេនឡា​ទឹក នេះ ហើយ​ត្រូវ​បាន​បំភ្លឺ​ដោយ​អត្ថបទ​បោះ​ពុម្ព​ផ្សាយ​ដោយ​ឈ្មួញ​អារ៉ាប់ ម្នាក់​ទៀត​ឈ្មោះ​អាប៊ូយ៉ៃហាស់សាន់ នៅ​ប្រមាណ​ឆ្នាំ​៩២៦ នៃ​គ្រិស្ដសករាជ​នេះ៕

 ប្រភព RFA

អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា (ភាគ​៨)

អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា ខុស​ប្លែក​ពី​សម័យ​បច្ចុប្បន្ន។ ឧទាហរណ៍ នៅ​សម័យ​នោះ​គេ​មិន​សូវ​គោរព​ព្រះពុទ្ធ​សាសនា​ទេ តែ​គេ​គោរព​បូជា​អាទិទេព​ធំៗ​ទាំង​បី​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះព្រហ្ម ព្រះឥសូរ និង​ព្រះវិស្ណុ។ ក៏ប៉ុន្តែ សម័យ​ចេនឡា គឺ​ជា​ដំណាក់​កាល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​គេ​ប្រើ​ភាសា​ខ្មែរ​បុរាណ​ចារ​ក្នុង​សិលា​ចារិក។

កំណត់​ត្រា​របស់​ឯកសារ​ចិន និង​តាម​សិលា​ចារិក បាន​អោយ​យើង​ដឹង​ថា មនុស្ស​នៅ​សម័យ​ចេនឡា មាន​គំនិត​ឆ្លាត​វាងវៃ ហើយ​មាន​សុខភាព​ល្អ​មាំមួន​ផង។ ប្រុសៗ​ច្រើន​មាន​មាឌ​តូច សម្បុរ​ខ្មៅ។ ក៏ប៉ុន្តែ ស្រីៗ​ភាគ​ច្រើន​មាន​សម្បុរ​ស​ជ្រះ។ ទាំង​ប្រុស​ទាំង​ស្រី​សុទ្ធតែ​បួង​សក់ ហើយ​ពាក់​រយ៉ា​ត្រចៀក។ គេ​ចាត់​ទុក​ដៃ​ស្តាំ​ថា​បរិសុទ្ធ ឯ​ដៃ​ឆ្វេង​មិន​បរិសុទ្ធ​ទេ។

រាល់​ព្រឹក គេ​តែង​ធ្វើ​ការ​លុប​លាង​ចាក់​ធ្មេញ រួច​អាន​សៀវភៅ ឬ​សូត្រ​ធម៌។ មុន​ពេល​បរិភោគ​អាហារ គេ​តែង​ធ្វើ​ការ​លុប​លាង​ជា​ថ្មី លុះ​បរិភោគ​រួច​ហើយ គេ​ចាក់​ធ្មេញ ហើយ​សូត្រ​ធម៌​ថែម​ទៀត។ គេ​និយម​រាប់​ញាតិ​ដោយ​យក​ខ្សែ​ខាង​ម្តាយ។ ក្នុង​ការ​រើស​គូស្រករ គឺ​ដូរ​មក​ប្រុស​ដណ្ដឹង​ស្រី​វិញ មិន​ដូច​កាល​សម័យ​អាណាចក្រ​ភ្នំ​ដែល​ស្រី​ដណ្ដឹង​ប្រុស​ទេ។

ក្នុង​ការ​ទទួល​កេរ្តិ៍​មរតក​នៅ​ពេល​ដែល​ឪពុក​ម្តាយ​ស្លាប់​ទៅ ពួក​កូន​ដែល​នៅ​លីវ អាច​ទទួល​យក​មរតក​ដែល​សេសសល់​ទាំងអស់ ប៉ុន្តែ​បើ​កូន​នោះ​មាន​ប្ដី​ប្រពន្ធ​ហើយ ហើយ​បាន​ទទួល​កេរ្តិ៍​រួច​ហើយ​នោះ ទ្រព្យ​ដែល​នៅ​សេសសល់​ត្រូវ​បញ្ជូន​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ជាតិ។

ចំពោះ​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​វិញ កូន​ចៅ​របស់​សព​ត្រូវ​អត់​បាយ ៧​ថ្ងៃ កាន់​ទុក្ខ​កោរ​សក់ ហើយ​ស្រែក​យំ​យ៉ាង​ខ្លាំង។ សព​ត្រូវ​គេ​ដង្ហែ​ទៅ​បូជា​នៅ​ឯ​ទី​ប៉ាឆា​ដែល​សង់​អំពី​ឈើ​ក្រអូប ដោយ​មាន​វង់​តន្ត្រី ឬ​សំឡេង​សូត្រ​ធម៌ ស្មូត ឬ​ច្រៀង​កំដរ​ផង។ អដ្ឋិធាតុ​ត្រូវ​គេ​រើស​ដាក់​ក្នុង​កោដ្ឋ​មាស ឬ​កោដ្ឋ​ប្រាក់ ហើយ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក។ ពួក​អ្នក​ក្រ​ប្រើ​កោដ្ឋ​ដី​ដែល​មាន​លាប​ពណ៌​ផ្សេងៗ​ផង ហើយ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ដែរ។ គ្រួសារ​ខ្លះ​គ្រាន់​តែ​យក​សព​ទៅ​ដាក់​ចោល​ក្នុង​ព្រៃ​អោយ​ជា​ចំណី​សត្វ​តែ​ ប៉ុណ្ណោះ។

ក្នុង​ការ​រៀប​ចំ​ផ្នែក​រដ្ឋបាល​វិញ ក្រៅ​ពី​រាជធានី​ឥស្សណៈបុរៈ ដ៏​ធំ​ដែល​មាន​ប្រជាពលរដ្ឋ​ដល់​ទៅ​ពីរ​ម៉ឺន​គ្រួសារ​រស់​នៅ នៅ​មាន​ក្រុង​ចំនួន ៣០​ទៀត។ ក្នុង​ក្រុង​នីមួយៗ​មាន​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់​នៅ ហើយ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​អភិបាល​ម្នាក់។ នៅ​កណ្ដាល​ក្រុង​មាន​សាល​ធំ​មួយ​ជា​ទី​ដែល​ព្រះរាជា​ទ្រង់​ព្រះរាជទាន​ សវនាការ និង​ប្រជុំ​ពួក​សេនា​មន្ត្រី។ មាន​មន្ត្រី​ជាន់​ខ្ពស់​ប្រាំ​នាក់​ស្ថិត​នៅ​ជុំវិញ​ព្រះរាជា។ នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះរាជា ពួក​មន្ត្រី​ត្រូវ​ថ្វាយ​បង្គំ​ដោយ​ឱន​ក្បាល​ដល់​ដី​ចំនួន​បី​ដង។ បើ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ហៅ ឬ​ប្រើ ពួក​មន្ត្រី​ត្រូវ​លុត​ជង្គង់ រួច​ទៅ​អង្គុយ​ដំកង់​នៅ​ជុំវិញ​ព្រះរាជា ដើម្បី​ពិភាក្សា​កិច្ចការ​ប្រទេស​ជាតិ។ លុះ​ចប់​ការងារ​ហើយ គេ​លុត​ជង្គង់​សំពះ​សា​ជា​ថ្មី​មុន​នឹង​ត្រឡប់​ចេញ​ទៅ​វិញ។ ចំពោះ​ការ​ផ្ទេរ​រាជ្យ​សម្បត្តិ​វិញ គឺ​មាន​តែ​បុត្រ​នៃ​ព្រះអគ្គមហេសី​ទេ ទើប​អាច​ឡើង​សោយរាជ្យ​បាន។

ក្នុង​វិស័យ​សេដ្ឋកិច្ច ដោយសារ​ខ្មែរ​យើង​ធ្លាប់​ទទួល​បាន​ជោគជ័យ​លើ​នយោបាយ​ទឹក​តាំង​តែ​ពី​សម័យ​ អាណាចក្រ​ភ្នំ​មក​ដល់​សម័យ​ចេនឡា វិស័យ​នេះ​កាន់​តែ​រីក​ចម្រើន​ឡើង ដែល​ជា​ហេតុ​ញ៉ាំង​អោយ​មាន​ការ​កសាង​ទីក្រុង​ធំៗ​ក្បែរ​មាត់​ស្ទឹង និង​ជំរុញ​អោយ​របរ​កសិកម្ម​រីក​លូតលាស់​កាន់​តែ​ខ្លាំង​ឡើង។

ខាង​ផ្នែក​សាសនា​វិញ គេ​សង្កេត​ឃើញ​មាន​ការ​គោរព​បូជា​គណៈ​ផ្សេងៗ​នៃ​សាសនា​ហិណ្ឌូ​និយម ដែល​រួម​រស់​ជាមួយ​គ្នា​ក្នុង​ពេល​នោះ។ អ្នក​កាន់​សាសនា​ហិណ្ឌូ​និយម ជឿ និង​គោរព​អាទិទេព​ធំៗ​បី គឺ​ព្រះព្រហ្ម ព្រះសិវៈ ឬ​ព្រះឥសូរ និង​ព្រះវិស្ណុ។ ការ​ជឿ​លើ​អាទិទេព​ទាំង​បី​នេះ បាន​បង្កើត​អោយ​មាន​ការ​បែង​ចែក​សាសនា​ហិណ្ឌូ​និយម​ជា​បី​គណៈ​សំខាន់ៗ​គឺ គណៈ​ព្រហ្ម គណៈ​សិវៈ និង​គណៈ​វិស្ណុ។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​គោរព​ហរិហរៈ គឺ​ជា​ការ​បញ្ចូល​គ្នា​រវាង​ព្រះឥសូរ និង​ព្រះវិស្ណុ។

គណៈសិវៈ ហាក់​មាន​ឋានៈ​ជា​សាសនា​ផ្លូវ​ការ ឯ​គណៈ​វិស្ណុ មាន​គេ​គោរព​ដែរ​តែ​មិន​សូវ​ច្រើន​ទេ។ ការ​គោរព​ព្រះហរិហរៈ បន្ត​ពី​សម័យ​ហ្វូណន មក ក៏​នៅ​មាន​អនុវត្ត​នា​សម័យ​នោះ ព្រោះ​គេ​បាន​ឃើញ​មាន​រូប​បដិមា​ហរិហរៈ យ៉ាង​ល្អ​វិចិត្រ​នៃ​ប្រាសាទ​អណ្ដែត ជា​ភស្តុតាង​ផង។ ចំណែក​ខាង​ព្រះពុទ្ធ​សាសនា​វិញ មិន​បាត់​បង់​ទេ តែ​ហាក់​ដូច​ជា​រោយ​រាវ​ខ្លាំង។ ឯ​ខាង​វិស័យ​សិល្បៈ​វប្បធម៌ នៃ​សម័យ​ចេនឡា នេះ​វិញ គេ​សង្កេត​ឃើញ​ថា សម័យ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​ប្រើ​ភាសា​ខ្មែរ​បុរាណ ចារ​ក្នុង​សិលា​ចារិក។

ផ្នែក​អក្សរ​សិល្ប៍​វិញ សិលា​ចារិក​វាល​កន្ទេល​បាន​បញ្ជាក់​ថា គេ​សូត្រ​ជា​រៀង​រាល់​ថ្ងៃ​នូវ​រឿង​រាមាយណៈ គឺ​រឿង​រាមកេរ្តិ៍ រឿង​មហាភារតយុទ្ធ និង​គម្ពីរ​បុរាណ។
 
ក្នុង​ផ្នែក​សិល្បៈ​ស្ថាបត្យកម្ម និង​ចម្លាក់​វិញ គេ​សង្កេត​ឃើញ​ថា ប្រាសាទ​ក្នុង​សម័យ​ចេនឡា នេះ ច្រើន​តែ​សង់​អំពី​ឥដ្ឋ​ដាច់ៗ​ពី​គ្នា ឬ​ក៏​ផ្តុំ​គ្នា​ជា​ក្រុម។ ផ្ដែរ និង​ក្រប​ខ្លោងទ្វារ​ធ្វើ​អំពី​ថ្ម​ភក់ រូប​ចម្លាក់​មួយ​ចំនួន​នៅ​មាន​ជាប់​លក្ខណៈ​សិល្បៈ​ឥណ្ឌា ច្រើន​នៅ​ឡើយ តែ​ភាគ​ខ្លះ​បាន​ងាក​មក​រក​បុគ្គលិក​លក្ខណៈ​ជា​ខ្មែរ ហើយ​មាន​រាង​សង្ហារ​ថែម​ទៀត​ផង ដូច​ជា រូប​ហរិហរៈ នៃ​ប្រាសាទ​អណ្ដែត ជាដើម៕

  ប្រភព RFA

ប្រទេស​កម្ពុជា​សម័យ​អង្គរ​សតវត្សរ៍​ទី​៩​ដល់​សតវត្សរ៍​ទី​១៤ (ភាគ​៩)

១.ព្រះរាជា​ដំបូង​នៃ​សម័យ​អង្គរ និង​លទិ្ធទេវរាជ (ភាគ​ទី​៩)

ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​អង្គ​ដែល​បាន​រំដោះ​ប្រទេស​ កម្ពុជា អោយ​រួច​ពី​អាណានិគម​ជ្វា និង​ជា​ស្ថាបនិក​នៃ​សម័យ​អង្គរ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២។ អ្នក​ប្រវត្តិសាស្ត្រ​ជំនាន់​មុន​ភាគ​ច្រើន ចាត់​ទុក​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ត្រូវ​ពួក​ជ្វា ចាប់​យក​ទៅ​កោះ​ជ្វា រួច​បាន​ភៀស​ព្រះ​កាយ​មក​កម្ពុជា វិញ ដើម្បី​ដឹក​នាំ​ចលនា​រំដោះ​ជាតិ។ ក៏ប៉ុន្តែ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​បាន​អះអាង​ខុស​ពី​នេះ។

តើ​រឿងរ៉ាវ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដ៏​ល្បីល្បាញ​នោះ​មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា?

ក. ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (៨០២-៨៥០)

ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ជា​ព្រះមហាក្សត្រ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ។ ព្រះអង្គ​ទ្រង់​បាន​រំដោះ​ប្រទេស​កម្ពុជា អោយ​រួច​ផុត​ពី​អំណាច​ជិះ​ជាន់​របស់​រាជវង្ស​សៃលេន្ទ្រៈ នៃ​កោះ​ជ្វា និង​ផ្តល់​ឯករាជ្យ​ដល់​ប្រទេស​ជាតិ។ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​នេះ​ហើយ ដែល​ទ្រង់​បាន​ចាប់​ផ្ដើម​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​សម័យ​ដ៏​រុងរឿង​នៃ​ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា គឺ​សម័យ​មហានគរ ឬ​មហា​អាណាចក្រ​ខ្មែរ។

ឯកសារ​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន​សរសេរ​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ប្រហែល​ជា​ត្រូវ​ភៀស​ព្រះ​កាយ​ក្នុង​ពេល​វឹកវរ​ចលាចល ឬ​ក៏​ត្រូវ​បាន​ពួក​ចោរ​ជ្វា ចាប់ ហើយ​នាំ​យក​ទៅ​កោះ​ជ្វា ទាំង​គ្រួសារ ក្នុង​ពេល​ដែល​ពួក​នេះ​បាន​ចូល​លុកលុយ​ក្រុង​សម្ភុបុរៈ នៃ​ចេនឡា​ទឹក ហើយ​ធ្វើ​គត់​ព្រះរាជា​ខ្មែរ​នៅ​ឆ្នាំ​៧៨៧ និង​រឹប​យក​នគរ​ខ្មែរ​ដាក់​ជា​ចំណុះ​កោះ​ជ្វា នោះ។ ក៏ប៉ុន្តែ ការ​ស្រាវជ្រាវ​សិលាចារឹក​បន្ថែម​របស់​ប្រវត្តិវិទូ​ខ្មែរ​មាន​ស្នាដៃ​ និពន្ធ​របស់​លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា និង ណុប សុខា នៃ​សាកលវិទ្យាល័យ​ភ្នំពេញ ជាដើម អះអាង​ថា រវាង​ឆ្នាំ​៧៩០ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គឺ​ជា​ព្រះមហាក្សត្រ​រួច​ទៅ​ហើយ ហើយ​ប្រហែល​ជា​កំពុង​ដឹក​នាំ​តំបន់​មួយ​ផ្នែក​នៅ​កម្ពុជា ទៀត​ផង។

ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា របស់ លោក វង់ សុធារ៉ា និង ណុប សុខា ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា នៅ​សតវត្សរ៍​ទី​៨ ទាំង​កោះ​ជ្វា និង​កោះ​ស៊ូមាត្រា គ្មាន​អំណាច​គ្រប់គ្រាន់​ឯណា​នឹង​មក​ដណ្ដើម​យក​កម្ពុជា ទៅ​ធ្វើ​ជា​នគរ​ចំណុះ និង​ចាប់​គ្រួសារ​រាជវង្ស ដូច​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ យក​ទៅ​នគរ​របស់​ខ្លួន​បាន​នោះ​ទេ។ លោក​ថា រឿង​ជ្វា លុកលុយ​ចេនឡា រួច​កាត់​ក្បាល​ស្ដេច​ខ្មែរ និង​ចាប់​ព្រះ​រាជវង្ស​ខ្មែរ​ទៅ​កោះ​ជ្វា នោះ គ្រាន់​តែ​ជា​រឿង​ប្រឌិត​មួយ​របស់​អ្នក​និពន្ធ​អារ៉ាប់ ហើយ​ត្រូវ​អ្នក​ជាតិ​និយម​ឥណ្ឌូនេស៊ី យក​ទៅ​រំលេច​បន្ថែម ដើម្បី​អួតអាង​ពី​កិត្យានុភាព​ពី​អតីតកាល​បែប​ស្រមើស្រមៃ​របស់​គេ​តែ​ ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ បើ​ផ្អែក​ទៅ​តាម​ឯកសារ​ដែល​ថា​ជ្វា ចាប់​រាជវង្ស​ខ្មែរ​យក​ទៅ​កោះ​ជ្វា វិញ ថា​ពេល​ដែល​គង់​ជា​ចំណាប់​ខ្មាំង​នៅ​កោះ​ជ្វា នេះ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​បាន​សិក្សា​ដើម្បី​អោយ​បាន​ដឹង​ច្បាស់​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​សាសនា ដែល​ជា​ប្រភព​អំណាច​អធិរាជ​លោកិយ​របស់​ស្ដេច​សៃលេន្ទ្រៈ។ ប្រហែល​ជា​ក្នុង​ឆ្នាំ​៨០០ នៃ​គ្រិស្ដសករាជ ព្រះអង្គ​ក៏​លប​ភៀស​ព្រះ​កាយ​យាង​ត្រឡប់​មក​មាតុភូមិ​វិញ។ មុន​ពេល​ឡើង​សោយរាជ្យ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់ និង​ក្លៀវក្លា​ពី​មេទ័ព​ជាច្រើន ព្រះអង្គ​ទ្រង់​បាន​បង្រួបបង្រួម​ទឹក​ដី​នគរ​ចេនឡា​ទឹក អោយ​មាន​ឯកភាព និង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស។

ពេល​យាង​មក​ដល់​មាតុភូមិ​ដំបូង ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ឥន្ទ្របុរៈ ទំនង​ជា​មាន​ទីតាំង​ត្រង់​បន្ទាយ​ព្រៃ​នគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម សព្វថ្ងៃ។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​ទ្រង់​ទទួល​យក​ព្រាហ្មណ៍​សិវៈកៃវល្យៈ អោយ​ចូល​ធ្វើ​ជា​រាជបុរោហិត​របស់​ព្រះអង្គ។ បន្ទាប់​ពី​ឥន្ទ្របុរៈ ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ម្តុំ​ខាង​ជើង​បឹង​ទន្លេសាប ជា​ដំបូង​នៅ​គុទិ ដែល​ទំនង​ជា​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង​ប្រាសាទ​បន្ទាយ​ក្តី​បច្ចុប្បន្ន។ រួច​បន្ទាប់​មក ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ហរិហរាល័យ ក្នុង​ស្រុក​រលួស​នៃ​ខេត្ត​សៀមរាប។ បន្ទាប់​មក​ទៀត ព្រះអង្គ​ទ្រង់​ប្ដូរ​ទៅ​គង់​នៅ​អមរេន្ទ្របុរៈ ដែល​ទំនង​ជា​មាន​ទីតាំង​ស្ថិត​នៅ​ចំ​ទំនប់​ខាង​លិច​នៃ​បារាយណ៍​ទឹក​ថ្លា​ សព្វថ្ងៃ​នេះ។

ចុង​ក្រោយ​បង្អស់ ដោយ​មាន​ព្រាហ្មណ៍​សិវៈកៃវល្យៈ និមន្ត​ទៅ​ជាប់​ជាមួយ​ជានិច្ច​ផង ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​លើ​ភ្នំ​គូលែន ដែល​មាន​ឈ្មោះ​ថា មហិន្ទ្របរពត៌។ គឺ​នៅ​លើ​ភ្នំ​គូលែន នោះ​ហើយ ក្នុង​អំឡុង​ឆ្នាំ​៨០២ នៃ​គ្រិស្ដសករាជ ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ទ្រង់​បាន​ប្រារព្ធ​ធ្វើ​ពិធី “ទេវរាជ” ក្នុង​បំណង​ធ្វើ​អោយ​ប្រទេស​ខ្មែរ​កម្វុជទេស បាន​ឯករាជ្យ​រួច​ពី​ចំណុះ​ជ្វា ហើយ​រៀប​ចំ​ពិធី​រាជាភិសេក​ធ្វើ​អោយ​ព្រះអង្គ​បាន​ឋានៈ​ជា​ចក្រវាតីន ដែល​ពាក្យ​ខ្មែរ​បុរាណ​ហៅ​ថា “កម្រតេងជគតតរាជ” ដែល​មាន​ន័យ​ថា ស្ដេច​ចក្រវាឡ ឬ​អម្ចាស់​នៃ​លោក គឺ​ស្ដេច។

ខ.លទិ្ធទេវរាជ

ពី​អាស្រម​បទ​ជតាបត្តិ ដែល លោក ហ្សក សឺដេស យល់​ថា​ប្រាសាទ​ខ្នា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​បាន​និមន្ត​ព្រះ​គ្រូ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហិរណ្យទាមៈ អ្នក​ប្រាជ្ញ​ខាង​វេទមន្ត ដើម្បី​អោយ​ព្រះអង្គ​ជួយ​រៀប​ចំ​ធ្វើ​ពិធី​ទេវរាជ ទៅ​តាម​ក្បួន​គម្ពីរ​ខាង​ព្រហ្មញ្ញ​សាសនា។ ព្រះ​គ្រូ​ព្រាហ្មណ៍​ហិរណ្យទាមៈ បាន​បង្រៀន​រាជបុរោហិត ឈ្មោះ សិវកៃវល្យៈ អោយ​ចេះ​ចាំ​ស្ទាត់​ក្បួន​ច្បាប់​ក្នុង​គម្ពីរ​ធំៗ​សំខាន់ៗ​បួន​របស់​ លទ្ធិព្រាហ្មណ៍ គឺ​វិនាសិខា នយុត្តរា សម្មោហៈ និង​សិរៈច្នេត ហើយ​បាន​បញ្ញត្តិ​អោយ​រាជ​គ្រូ​បុរោហិត អនុវត្ត​តាម​ក្បួន​ពិធី​ទេវរាជ​ខាង​សាសនា​ព្រាហ្មណ៍​អោយ​បាន​ហ្មត់ចត់​ល្អ​ ឥត​ខ្ចោះ​ផង។
ព្រះបាទ​ជ័យវរ្ម័ន​ទី​២ និង​ព្រះ​គ្រូ​ព្រាហ្មណ៍​ហិរណ្យទាមៈ បាន​ធ្វើ​សច្ចា​ថា អំណើះ​ត​ទៅ​មាន​តែ​សមាជិក​គ្រួសារ​នៃ​ព្រាហ្មណ៍​សីវកៃវល្យៈ​ទេ​ដែល​អាច​ ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ​នេះ​បាន។ បើ​តាម​ការ​សន្និដ្ឋាន​របស់ លោក ហ្សក សឺដេស លោក​យល់​ថា ក្នុង​ចំណោម​គម្ពីរ​សំខាន់​ទាំង​បួន​នោះ មាន​គម្ពីរ​មួយ គឺ​គម្ពីរ​សិរៈច្នេតៈ ប្រែ​ថា​កាត់​ក្បាល ដែល​បាន​បង្ហាញ​ផ្លូវ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចប់​ការ​ជិះ​ជាន់​បង្ខិតបង្ខំ​របស់​បរទេស​ មក​លើ​ប្រទេស​ខ្មែរ។
នៅ​ពេល​ដែល​ពួក​ជ្វា ចូល​មក​លុកលុយ​នគរ​ចេនឡា ពួក​នេះ​បាន​ធ្វើ​គត់​ព្រះរាជា​ខ្មែរ ហើយ​កាត់​ព្រះ​សិរសា​ព្រះអង្គ​ផង។ ដូច្នេះ ដើម្បី​អោយ​រួច​ផុត​ពី​អំណាច​ជិះ​ជាន់​របស់​ជ្វា នេះ គេ​អាច​សន្មត​ថា ក្នុង​ការ​ប្រារព្ធ​ពិធី​លើ​ភ្នំ​គូលែន នោះ​ប្រហែល​ជា​មាន​ធ្វើ​ពិធី​ឧបកិច្ច​ផ្តាច់​ក្បាល​រូប​សំណាក​ស្ដេច​ជ្វា វង្សសៃលេន្ទ្រៈ ស្រប​តាម​គម្ពីរ​សិរៈច្នេតៈ ដើម្បី​ជា​និម្មិត​នៃ​ប្រកាស​ឯករាជ្យ​នគរ​ខ្មែរ​ផង ហើយ​ស្រប​ជាមួយ​និង​ពេល​នោះ​ដែរ គេ​រៀប​ចំ​អភិសេក​សិវលិង្គ “តំណាង​ថាមពល​ច្នៃ​ប្រឌិត” ដែល​គេ​សន្មត​ថា បាន​មក​ពី​ព្រះឥសូរ តាម​រយៈ​ព្រាហ្មណ៍។ ធ្វើ​ដូច្នេះ គេ​អាច​ចាត់​ទុក​ថា អាត្ម័ន​ពិសិដ្ឋ​របស់​ព្រះរាជា បាន​នៅ​សណ្ឋិត​ក្នុង​សិវលិង្គ​នោះ​ដែល​បាន​ក្លាយ​ជា​តំណាង ឬ​និមិត្តរូប​នៃ​ទេវរាជ គឺ​ព្រះរាជា​ទ្រង់​ក្លាយ​ជា​ព្រះឥសូរ​បែង​ភាគ ដែល​មាន​អំណាច​គ្រប់គ្រង​លើ​សព្វ​សត្វ។
ចាប់​តាំង​ពី​ពេល​នោះ​ទៅ បញ្ជា​របស់​ព្រះរាជា គឺ​ជា​បញ្ជា​របស់​ព្រះអាទិទេព។ ការ​គោរព​ប្រណិប័តន៍ និង​ធ្វើ​តាម​បទ​បញ្ជា នឹង​នាំ​មក​នូវ​កុសល​ផល​បុណ្យ​ដល់​អ្នក​ដែល​បាន​អនុវត្តន៍ ឬ​ប្រព្រឹត្ត​អំពើ​នោះ។ ដោយ​ហេតុ​ថា ព្រះឥសូរ មាន​លំនៅ​នៅ​លើ​ភ្នំ​កៃឡាស់ សិវលឹង្គ ដែល​ជា​តំណាង​ព្រះឥសូរ ផង និង​ជា​តំណាង​ព្រះរាជា​ផង ក៏​ត្រូវ​តែ​តម្កល់​លើ​ភ្នំ ឬ​ទី​ខ្ពស់​ផង​ដែរ។ ប្រសិន​បើ​គ្មាន​ភ្នំ​ធម្មជាតិ​ទេ គេ​ត្រូវ​កសាង​ប្រាសាទ មាន​ខឿន​ខ្ពស់​ជា​ភ្នំ​សិប្បនិម្មិត ឬ​ប្រាសាទ​ភ្នំ ដើម្បី​តម្កល់​សិវលិង្គ នេះ។
ម៉្យាង​ទៀត ប្រាសាទ​ភ្នំ​នេះ​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី​ដែល​ចាត់​ទុក​ដូច​ជា​ ភ្នំ​ព្រះសុមេរុ ជា​ស្នូល​នៃ​ចក្រវាឡ​ថែម​ទៀត​ផង។ ឯ​ប្រាសាទ​ភ្នំ​ទី​១ ដែល​សាង​ឡើង​មុន​គេ​បង្អស់​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គឺ​ប្រាសាទ​អារាម​រោង​ចិន ធ្វើ​អំពី​ឥដ្ឋ​នៅ​លើ​ភ្នំ​គូលែន។ នេះ​បើ​តាម​ឯកសារ​របស់ លោក ត្រឹង ងារ។ គេ​មិន​ដឹង​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​គង់​នៅ​លើ​ភ្នំ​គូលែន អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទេ។ ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​៨០២ ហើយ​ចុង​ក្រោយ​បំផុត ព្រះអង្គ​ទ្រង់​យាង​ត្រឡប់​ទៅ​គង់​នៅ​ហរិហរាល័យ គឺ​រលួស​វិញ ទ្រង់​នាំ​យក​ទាំង​លិង្គ​ទេវរាជ ទៅ​ជាមួយ​ផង។ គឺ​នៅ​ហរិហរាល័យ នេះ​ហើយ​ដែល​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៨៥០ ឬ ៨៥៤ នៃ​គ្រិស្ដសករាជ ដោយ​ទ្រង់​ទទួល​ព្រះមរណនាម​ថា បរមេស្វរៈ៕

 ប្រភព RFA

ព្រះរាជា​សម័យ​អង្គរ (ភាគ​១០)

ព្រះរាជា​ទាំង​ឡាយ​នៃ​សម័យ​អង្គរ មិន​ត្រឹម​តែ​ជា​មេ​ដឹក​នាំ​ប្រកប​ដោយ​ទេពកោសល្យ​ក្នុង​ការ​សាង​សមិទ្ធផល​ សំណង់​ដ៏​អស្ចារ្យ​នៅ​លើ​ពិភពលោក​នេះ​ទេ តែ​ជា​ក្សត្រ​ដ៏​អង់អាច​ក្លាហាន​ក្នុង​កិច្ច​ការពារ និង​ពង្រីក​ទឹក​ដី​ថែម​ទៀត​ផង។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀប​រាប់​ជូន​នូវ​ព្រះរាជា​សម័យ​អង្គរ បី​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ និង​ព្រះបាទ​យសោវរ្ម័ន​ទី​១។

ក២. ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨៥៤-៨៧៧)

ក្រោយ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះរាជា​ដំបូង​នៃ​សម័យ​មហា​នគរ ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៥០ ឬ​ឆ្នាំ​៨៥៤ នោះ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ព្រះនាម​ជយវ៌ធន ឬ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ បាន​ទ្រង់​ឡើង​គ្រងរាជ្យ​ស្នង​ពី​ព្រះ​បិតា។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ដែល​ទ្រង់​មាន​និស្ស័យ​ពី​កំណើត​សព្វ​ព្រះទ័យ​តែ​នឹង​សាង​អំពើ​ល្អ ទ្រង់​សោយរាជ្យ​ដោយ​សុខ​សន្តិភាព​ក្នុង​រយៈពេល​យ៉ាង​យូរ ខំ​ថែ​រក្សា និង​ធ្វើ​អោយ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ភាព​ថ្កុំថ្កើង​រុងរឿង ដែល​ជា​មរតក​ដែល​បិតា​ព្រះអង្គ​បាន​បន្សល់​ទុក​អោយ​មក។

ព្រះអង្គ​ទ្រង់​មាន​ចំណង់ និង​ចំណូល​ព្រះទ័យ​ខាង​ការ​ប្រមាញ់​ដំរី​ណាស់។ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​ខ្លះ​នៅ​តំបន់​អង្គរ។

ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​គង់​នៅ​រាជធានី​ហរិហរាល័យ (រលួស) រហូត​ដល់ គ្រិស្ដសករាជ​៨៧៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ទៅ​ដោយ​គ្មាន​បន្សល់​បុត្រ ដើម្បី​ស្នងរាជ្យ​បន្ត​ឡើយ។ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ ព្រះអង្គ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា វិស្ណុ​លោក។

ក៣. ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី១ (៨៧៧-៨៨៩)

ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​សោយ​ទិវង្គត ហើយ​គ្មាន​បុត្រ​នឹង​ស្នងរាជ្យ​ផង​នោះ ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ ព្រះនាម​ឥន្ទ្រវរ្ម័ន​ទី​១ ក៏​បាន​ទទួល​រាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះអង្គ នៅ​ឆ្នាំ​៨៧៧ នៃ​គ្រិស្ដសករាជ។ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ជា​ព្រះមហាក្សត្រ​អង់អាច​ក្លៀវក្លា មាន​ស្នាព្រះហស្ត​យ៉ាង​ច្រើន​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេស​ជាតិ។ ក្រោយ​ពី​ពេល​ដែល​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ក្នុង​ឆ្នាំ​៨៧៧ ព្រះអង្គ​ទ្រង់​បាន​ចាត់​ចែង​អោយ​ជីក​បារាយណ៍ គឺ​អាង​ទឹក​មួយ​យ៉ាង​ធំ​ស្ថិត​នៅ​ខាង​ជើង​រាជធានី មាន​បណ្តោយ​ប្រវែង ៣​គីឡូម៉ែត្រ និង​ទទឹង ៨០០​ម៉ែត្រ មាន​ឈ្មោះ​ថា ឥន្ទ្រតដាក ដែល​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំ​ចំពោះ​វិស័យ​កសិកម្ម។ នៅ​ឆ្នាំ​៨៧៩ ព្រះអង្គ​ទ្រង់​បាន​កសាង​ប្រាសាទ​ព្រះគោ ជា​ប្រាសាទ​ដែល​មាន​ប្រាង្គ​ឥដ្ឋ​ចំនួន​ប្រាំមួយ តម្រៀប​គ្នា​ជា​ពីរ​ជួរ​មុខ​ក្រោយ ស្ថិត​នៅ​លើ​ខឿន​តែ​មួយ ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វការី​ជន​របស់​ព្រះអង្គ គឺ​មាតា​បិតា ជីដូន​ជីតា​ខាង​ព្រះមាតា និង​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រម​ទាំង​ព្រះអគ្គមហេសី​របស់​ព្រះអង្គ​ផង។

នៅ​ឆ្នាំ​៨៨១ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ទ្រង់​បាន​កសាង​ប្រាសាទ​បាគង នៅ​ចំ​កណ្ដាល​រាជធានី​ហរិហរាល័យ ដែល​ជា​ប្រាសាទ​ភ្នំ​សាង​អំពី​ថ្ម​ភក់​ដំបូង មាន​ខឿន​បី​ជាន់​សម្រាប់​តម្កល់​លិង្គ​ទេវរាជ​ដែល​មាន​ឈ្មោះ​ថា ឥន្ទ្រេស្វរៈ ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​មួយ​នៅ​លើ​ភ្នំ​បាយ៉ង់ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះសិវៈ។ ក្រៅ​ពី​សំណង់​ទាំង​ឡាយ​នេះ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ទ្រង់​មាន​ស្នាព្រះហស្ត​សំខាន់​ទៀត គឺ​ការ​រៀប​ចំ​លំដាប់​ថ្នាក់​ក្នុង​ព្រះ​រាជវង្ស និង​ព្រះរាជ​បរិពារ​ជាន់​ខ្ពស់ ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​អ្នក​ដឹក​នាំ​ជាតិ ដែល​គេ​ឃើញ​ព្រះរាជា​ខាង​ក្រោយៗ ព្រះអង្គ​ទ្រង់​បាន​អនុវត្ត​បន្ត​គ្នា​អស់​ពេល​ច្រើន​សតវត្សរ៍។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ទឹក​ដី​ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ ហើយ​ទំនង​ជា​មាន​សុខ​សន្តិភាព​បរិបូណ៌​ណាស់។ ចំពោះ​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះអង្គ​បាន​រឹត​ចំណង​ការទូត​ជាមួយ​ប្រទេស​ចិន ប្រទេស​ចំប៉ា និង​កោះ​ជ្វា។

ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៨៨៩ នៃ​គ្រិស្ដសករាជ ដោយ​បាន​ទទួល​ព្រះមរណនាម​ថា ព្រះ​ឥស្វរៈ​លោក។

ក៤. ព្រះបាទ​យសោវរ្ម័ន​ទី​១ (៨៨៩-៩០០) និង​ការ​កសាង​ក្រុង​អង្គរ​លើក​ទី​១

ក្រោយ​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១​ចូល​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៨៩ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​យសោវរ្ម័ន​ទី​១។ ព្រះបាទ​យសោវរ្ម័ន​ទី​១ ជា​ព្រះមហាក្សត្រ​ដែល​ទ្រង់​ជាប់​ខ្សែលោហិត​នឹង​ព្រះរាជា​មុនៗ​ទាំងអស់ ដែល​បាន​សោយរាជ្យ​បន្ត​គ្នា​ជាច្រើន​សតវត្សរ៍​នៅ​ប្រទេស​កម្ពុជា នេះ។ ព្រះអង្គ​ទ្រង់​ជា​ព្រះរាជា​មួយ​ព្រះអង្គ​ដែល​បាន​ទទួល​ការ​សិក្សា​ជ្រៅជ្រះ ​បំផុត​ពី​គ្រូបាធ្យាយ​របស់​ព្រះអង្គ គឺ​ព្រះ​គ្រូ​ព្រាហ្មណ៍​វមៈសិវៈ ដែល​ជា​សាវៈ​របស់​គ្រូសិវៈសោម ហើយ​ព្រះអង្គ​ក៏​ជា​ព្រះមហាក្សត្រ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ មាន​ស្នាព្រះហស្ត​អស្ចារ្យ​ក្នុង​កិច្ច​ការពារ និង​កសាង​ប្រទេស​ជាតិ។

ក្រោយ​ពី​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ភ្លាម ព្រះបាទ​យសោវរ្ម័ន​ទី​១ ទ្រង់​បាន​កសាង​អាស្រម​ដែល​មាន​ឈ្មោះ​ថា យសោធរាស្រម​ចំនួន​១០០ និង​សិលាចារឹក​ជាច្រើន​នៅ​ក្នុង​ផ្ទៃ​ប្រទេស ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​លលៃ នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រតដាក ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះបិតា​ព្រះអង្គ​ផង។
ប្រាសាទ​លលៃ នេះ ជា​ប្រាសាទ​សាង​អំពី​ឥដ្ឋ មាន​ប្រាង្គ​៤​តម្រៀប​ជា​ពីរ​ជួរ​មុខ​ក្រោយ សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះមាតា​ព្រះបិតា និង​ជីដូន​ជីតា​ខាង​ព្រះមាតា​ព្រះអង្គ។

ប្រហែល​ជា​មក​ពី​រាជធានី​ហរិហរាល័យ មាន​សំណង់​ផ្សេងៗ និង​ប្រាសាទ​ច្រើន​ណាស់​ទៅ​ហើយ ហើយ​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​បឹង​ទន្លេសាប​ពេក​ផង ដែល​នាំ​អោយ​មាន​ការ​ពិបាក​ក្នុង​ការ​កសាង​សំណង់​ផ្សេងៗ​ទៀត ទើប​ព្រះបាទ​យសោវរ្ម័ន​ទី​២ សម្រេច​ប្ដូរ​រាជធានី​ពី​ហរិហរាល័យ រលួស មក​សាង​រាជធានី​ថ្មី​នៅ​ភាគ​ខាង​លិច។

គឺ​ព្រះបាទ​យសោវរ្ម័ន​ទី​១​នេះ​ហើយ ដែល​បាន​ទ្រង់​សាង​ទីក្រុង​អង្គរ​ទី​១ មាន​ឈ្មោះ​ថា “យសោធបុរៈ” ដែល​មាន​ភ្នំ​បាខែង នៅ​ចំ​កណ្ដាល ហើយ​សាង​ប្រាសាទ​បាខែង​នៅ​លើ​ភ្នំ​នេះ​សម្រាប់​តម្កល់​ទេវ​លិង្គ​ ស្រីយសោធរេស្វរៈ នៅ​ឆ្នាំ​៨៩៣។

ចំណែក​នៅ​លើ​ភ្នំ​ក្រោម និង​ភ្នំ​បូក ដែល​ស្ថិត​អម​សង​ខាង​ភ្នំ​កណ្ដាល​នេះ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មាន​ប្រាង្គ​បីៗ​សម្រាប់​ឧទ្ទិស​ចំពោះ​ ត្រីមូរតិ គឺ​ព្រះព្រហ្ម ព្រះវិស្ណុ និង​ព្រះ​ឥសូរ ផង។ ដើម្បី​ធានា​ទឹក​ប្រើប្រាស់ និង​មុខ​របរ​កសិកម្ម​ជា​ចម្បង ព្រះអង្គ​ទ្រង់​បាន​ជីក​បារាយណ៍​ខាង​កើត ទៅ​ខាង​ទិស​ឦសាន​នៃ​រាជធានី​ថ្មី​នេះ ដែល​មាន​បណ្តោយ​ប្រវែង ៧​គីឡូម៉ែត្រ និង​ទទឹង ១.៨០០​ម៉ែត្រ ហៅ​ថា យសោធរៈតដាក។

ក្នុង​រាជ្យ​ព្រះអង្គ សាសនា​ទាំងអស់​មាន​ការ​រីក​ចម្រើន និង​សុខសាន្ត​នឹង​គ្នា​ណាស់។ នៅ​លើ​ច្រាំង​ខាង​ត្បូង​នៃ​បារាយណ៍​នេះ ព្រះអង្គ​ទ្រង់​អោយ​កសាង​អាស្រម​ជាច្រើន​សម្រាប់​គណៈ​សាសនា​ផ្សេងៗ មាន​ព្រាហ្មណាស្រម សម្រាប់​អ្នក​កាន់​សាសនា​គណៈ​ព្រះឥសូរ វៃស្នវាស្រម ជាច្រើន សម្រាប់​អ្នក​កាន់​សាសនា​ព្រះវិស្ណុ និង​សៅគតាស្រម សម្រាប់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។

ព្រះបាទ​យសោវរ្ម័ន​ទី​១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន ដែល​សិលាចារឹក​បាន​និយាយ​បញ្ជាក់​អំពី​ការ​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​នគរ​ ចំប៉ា និង​ជោគជ័យ​ចំបាំង​ជើង​ទឹក​មួយ ទៅ​លើ​ពួក​ចោរ​សមុទ្រ​ដែល​ប្រើ​សំពៅ​មាន​ក្តោង​ពណ៌​ស ដែល​អាច​ជា​សំពៅ​របស់​ពួក​ចាម ឬ​ជា​សំពៅ​របស់​ពួក​ឥណ្ឌូនេស៊ី ថែម​ទៀត​ផង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ខេត្ត​យូណាន់ ប្រទេស​ចិន ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា ខាង​ត្បូង​ទល់​នឹង​សមុទ្រ។

ព្រះបាទ​យសោវរ្ម័ន​ទី​១ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ​៨៨៩ ហើយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​៩០០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះមរណនាម​ថា បរមសិវលោក៕
 ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

សង្គ្រាម​ដណ្ដើម​រាជ្យ​គ្នា​របស់​ព្រះរាជា​មួយ​ចំនួន​នៅ​សម័យ​អង្គរ (ភាគ​១១)

លោក​អ្នក​នាង​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះរាជា​ខ្មែរ​សម័យ​អង្គរ សង់​ប្រាសាទ​ច្រើន​ម្ល៉េះ?

ការ​សង់​ប្រាសាទ​របស់​ព្រះរាជា​ខ្មែរ​នៅ​សម័យ​អង្គរ ភាគ​ច្រើន គឺ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អាទិទេព​ទាំង​ឡាយ​ផង និង​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​អោយ​ទៅ​ជា​ទេវរាជ គឺ​ជា​ស្ដេច​ផង និង​ជា​ទេវ​ផង។ នេះ គឺ​ជា​សកម្មភាព​មួយ​ដណ្ដើម​ភាព​ស្រប​ច្បាប់​នៃ​ការ​កាន់​អំណាច​របស់​ខ្លួន បន្ទាប់​វាយ​ដណ្ដើម​រាជ្យ​បាន​ពី​ព្រះរាជា​ណា​មួយ​បាន​ហើយ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀប​រាប់​ជូន​នូវ​សកម្មភាព និង​សង្គ្រាម​ដណ្ដើម​រាជ្យ​គ្នា​របស់​ព្រះរាជា​មួយ​ចំនួន​ទៀត​នៅ​សម័យ​ អង្គរ។

ក៥. ព្រះបាទ​ហស៌វរ្ម័នទី១ (៩០០-៩២២)

ក្រោយ​ពី​ព្រះបាទ​យសោវរ្ម័នទី១ ទ្រង់​ចូល​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ​ព្រះ​នាម ហស៌វរ្ម័នទី១ ទ្រង់​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​៩០០ នៃ​គ្រិស្ដសករាជ។ តែ​ឯកសារ​ខ្លះ​ថា​នៅ​ឆ្នាំ​៩០៨ ឬ ៩១០ ទៅ​វិញ។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​យសោធបុរៈ គឺ​ក្រុង​អង្គរ​ដដែល ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​ភ្នំ​តូច​មួយ គឺ​ប្រាសាទ​បក្សី​ចាំ​ក្រុង នៅ​ក្បែរ​ជើង​ភ្នំ​បាខែង ជា​ភ្នំ​កណ្ដាល​នៃ​រាជធានី។ គេ​មិន​បាន​ដឹង​ពិត​ប្រាកដ​ថា តើ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​ណា​ទេ គេ​គ្រាន់​តែ​ប៉ាន់ស្មាន​ថា ព្រះអង្គ​ប្រហែល​ជា​ចូល​ទិវង្គត​នៅ​ក្រោយ​ឆ្នាំ​៩២២ តែ​ប៉ុណ្ណោះ ដោយ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា រុទ្រលោក។

ក៦. ព្រះបាទ​ឥសាណវរ្ម័នទី២ (៩២៥-៩២៨)

ក្រោយ​ពី​ព្រះបាទ​ហស៌វរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះអនុជ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​ឆ្នាំ​៩២៥ នៃ​គ្រិស្ដសករាជ ដែល​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ឥសាណវរ្ម័នទី២។ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះបាទ​ឥសាណវរ្ម័នទី២ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​ដណ្ដើម​រាជ្យ​របស់​ស្ដេច​មា​ជា​ស្វាមី​ ព្រះនាង​ជ័យទេវី ដែល​ជា​ប្អូន​ស្រី​របស់​ព្រះ​បិតា​ព្រះអង្គ ហើយ​ដែល​ជា​អនាគត​ព្រះបាទ​ជ័យវរ្ម័នទី៤។ ព្រះបាទ​ឥសាណវរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៩២៨ ដោយ​មាន​ព្រះមរណនាម​ថា បរមរុទ្រលោក។

ក៧. ព្រះបាទ​ជ័យវរ្ម័នទី៤ (៩២៨-៩៤១) និង​ការ​លើក​រាជធានី​ទៅ​កោះ​កេរ្តិ៍

នៅ​ក្នុង​រាជ្យ​ព្រះបាទ​ឥសាណវរ្ម័នទី២ ជា​ក្មួយ​ដែល​សោយរាជ្យ​មុន​ព្រះអង្គ ព្រះបាទ​ជយ័វរ្ម័នទី៤ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះបាទ​យសោវរ្ម័ន បាន​បះបោរ​ប្រឆាំង​នឹង​ក្មួយ​របស់​ព្រះអង្គ ហើយ​បាន​ឆក់​ប្លន់​យក​រតនសម្បត្តិ​ផ្សេងៗ ហើយ​ចាក​ចេញ​ពី​យសោធបុរៈ គឺ​ក្រុង​អង្គរ ទៅ​គង់​នៅ​គោកគគី គឺ​កោះ​កេរ្តិ៍ ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ទិស​ឦសាន​ក្រុង​អង្គរ ដោយ​នាំ​យក​ទាំង​លិង្គ​ទេវរាជ​ទៅ​ជាមួយ​ផង។ ព្រះបាទ​ជ័យវរ្ម័នទី៤ បាន​ឡើង​សោយរាជ្យ​នៅ​រាជធានី​កោះ​កេរ្តិ៍​នៅ​ឆ្នាំ​៩២៨ គឺ​ជា​ឆ្នាំ​ដែល​ព្រះបាទ​ឥសាណវរ្ម័នទី២ ដែល​សោយរាជ្យ​នៅ​អង្គរ ទ្រង់​សោយ​ទិវង្គត​នោះ​ឯង។

ដើម្បី​អោយ​ប្រជារាស្ត្រ​ទទួល​ស្គាល់​ថា ព្រះអង្គ​ជា​ស្ដេច​មាន​មហិទ្ធិឫទ្ធិ ព្រះបាទ​ជ័យវរ្ម័នទី៤ ទ្រង់​បាន​ខិតខំ​កសាង​សមិទ្ធផល​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ធំ​សម្បើម​ទៀត​ផង ដូច​ជា នៅ​ក្នុង​រាជធានី​កោះ​កេរ្តិ៍ ជា​រាជធានី​ថ្មី​នេះ។

ព្រះអង្គ​បាន​សាង​ប្រាសាទ​ភ្នំ​មួយ​ដែល​មាន​ខឿន ៧​ជាន់ កម្ពស់ ៣៥​ម៉ែត្រ ឈ្មោះ​ប្រាសាទ​ធំ សម្រាប់​តម្កល់​លិង្គ​ទេវរាជ​ត្រិភូវនេស្វរៈ ប្រមាណ​ក្នុង​ឆ្នាំ​៩៣១។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​សាង​ប្រាសាទ​ជាច្រើន​ទៀត ព្រម​ទាំង​បារាយណ៍​មួយ គឺ​បារាយណ៍​រហាល ហើយ​នៅ​រយៈ​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​ជ័យវរ្ម័នទី៤ បាន​វាយ​រុញ​ច្រាន​ការ​លុក​លុយ​របស់​ចាម អោយ​ដក​ថយ​ទៅ​វិញ។

ព្រះបាទ​ជ័យវរ្ម័នទី៤ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​៩២៨ ហើយ​សោយ​ទិវង្គត​នៅ​ឆ្នាំ​៩៤១ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះមរណនាម​ថា បរមសិវបល្តិ។

ក៨. ព្រះបាទ​ហស៌វរ្ម័នទី២ (៩៤១-៩៤៤)

ក្រោយ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័នទី៤ ទ្រង់​ចូល​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​ដែល​នៅ​មាន​វ័យ​ក្មេង​ណាស់​នៅ​ឡើយ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះ​បិតា​នៅ​រាជធានី​កោះ​កេរ្តិ៍ ហើយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ហស៌វរ្ម័នទី២។

ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​សោយរាជ្យ​បាន​តែ​ពីរ ឬ​បី​ឆ្នាំ ក៏​បាត់​ខ្លួន ឬ​ក៏​ទ្រង់​សុគត​ទៅ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​សោយរាជ្យ​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​គ្រិស្ដសករាជ​៩៤៤ ព្រះអង្គ​ត្រូវ​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ជា​ព្រះរៀម​ជីដូន​មួយ​នឹង​ព្រះអង្គ ច្បាំង​ដណ្ដើម​រាជ​សម្បត្តិ​បាន ហើយ​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។ ក្នុង​ពេល​ដែល​សោយ​ទិវង្គត​ទៅ​នោះ ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​មាន​ព្រះមរណនាម​ថា ព្រហ្មលោក។

ក៩. ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) និង​ការ​វិល​ត្រឡប់​មក​យសោធបុរៈ​វិញ

ក្រោយ​ពី​ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះនាង​មហេន្ទ្រទេវី ដែល​ត្រូវ​ជា​ប្អូន​ស្រី​មួយ​អង្គ​ទៀត​របស់​ព្រះបាទ​យសោវរ្ម័នទី១ ដែរ ក៏​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអនុជ​នៅ​ឆ្នាំ​៩៤៤។ ព្រះអង្គ​មិន​គង់​នៅ​រាជធានី​កោះ​កេរ្តិ៍ ទៀត​ទេ គឺ​ព្រះអង្គ​ទ្រង់​នាំ​យក​លិង្គ​ទេវរាជ​ត្រឡប់​ទៅ​យសោធបុរៈ​ក្រុង​អង្គរ បាន​ជួសជុល និង​រៀប​ចំ​កសាង​បន្ថែម ធ្វើ​អោយ​រាជធានី​យសោធបុរៈ នេះ​កាន់​តែ​រុងរឿង​ឡើង​ថែម​ទៀត។

នៅ​ចំ​កណ្ដាល​ទីក្រុង​នេះ គេ​ចាប់​ផ្ដើម​កសាង​ប្រាសាទ​ភិមាន​អាកាស​ដ៏​ល្អ​ឆើតឆាយ ហើយ​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​នៅ​ឆ្នាំ​៩៥២ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត ដែល​មាន​ប្រាង្គ​ចំនួន​៥ នៅ​ចំ​កណ្ដាល​បារាយណ៍​យសោធរៈតដាក ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​មាតា​ព្រះ​បិតា បុព្វការី​ជន​ផ្សេង​ទៀត និង​សិវលិង្គ។ នៅ​ឆ្នាំ​៩៦១ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មួយ​ទៀត​ដែល​មាន​រូបរាង និង​ប្រាង្គ​ចំនួន​៥ ដូច​គ្នា​នឹង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​ដែរ ឈ្មោះ​ថា ប្រាសាទ​ប្រែ​រូប ស្ថិត​នៅ​ខាង​ត្បូង​យសោធរៈតដាក ដើម្បី​តម្កល់​លិង្គ​ទេវរាជ និង​ឧទ្ទិស​ចំពោះ​ព្រះ​ញាតិ​ព្រះអង្គ​ផង។

ហេតុ​ដែល​បណ្ដាល​អោយ​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ សាង​ប្រាសាទ​ប្រែ​រូប​ដែល​មាន​រូបរាង និង​សណ្ឋាន​ដូច​គ្នា​នឹង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​នោះ គឺ​មក​ពី​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​នេះ​បាន​ត្រូវ​សាងសង់​ឡើង​នៅ​កណ្ដាល​ បារាយណ៍ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន។

ក្នុង​រាជ្យ​របស់​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ សាសនា​ទាំងអស់​មាន​ការ​រីក​ចម្រើន ហើយ​រួម​រស់​ដោយ​សុខដុម​ជាមួយ​គ្នា។ នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​នេះ​ដែរ មាន​វីរជន ឬ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ព្រះបរមរាជវាំង​ជាច្រើន បាន​រួម​ចំណែក​កសាង​សមិទ្ធផល​ផ្សេងៗ ដូច​ជា​នៅ​ឆ្នាំ​៩៤៦ កវិន្ទ្រារឹមថន ជា​ស្ថាបត្យករ​បាន​សាង​ប្រាសាទ​បាតជុំ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ពោធិសត្វ​មួយ​អង្គ​នៃ​ពុទ្ធសាសនា​មហាយាន និង​ព្រះនាង​ប្រាជ្ញាបារមីតា។ នៅ​ឆ្នាំ​៩៦៧ ព្រះរាជ​គ្រូ​ព្រាហ្មណ៍យជ្ជនៈវរហៈ ចាប់​ផ្ដើម​សាង​ប្រាសាទ​បន្ទាយស្រី ត្រីភូវនមហេស្វរៈ ស្ថិត​ខាង​ជើង​ក្រុង​យសោធបុរៈ។

ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​ជា​ស្ដេច​សឹក​មួយ​អង្គ​ដ៏​អង់​អាច​ក្លាហាន ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​នគរ​ចំប៉ា វិញ ក្រោយ​ពី​ចំប៉ា​បាន​មក​លុក​លុយ​ប្រទេស​កម្ពុជា នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី៤ នោះ។ នៅ​ឆ្នាំ​៩៤៥-៩៤៦ ព្រះអង្គ​ទ្រង់​បាន​ឡោមព័ទ្ធ​រាជធានី​នៃ​ប្រទេស​ចំប៉ា បាន ហើយ​បាន​នាំ​បដិមា​ទេពធិតា​រក្សា​នគរ ដែល​ធ្វើ​អំពី​មាស និង​រឹប​យក​នគរ​ចំប៉ា ដាក់​ជា​ចំណុះ​នគរ​ខ្មែរ​មួយ​រយៈ​ថែម​ទៀត​ផង។ ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​៩៤៤ ហើយ​ទ្រង់​សុគត​នៅ​ឆ្នាំ​៩៦៨។ ទ្រង់​មាន​ព្រះមរណនាម​ថា សិវលោក៕
 ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

សកម្មភាព​របស់​ព្រះរាជា​សម័យ​អង្គរ​ចំនួន​៤​អង្គ (ភាគ​១២)

ប្រាសាទ​អង្គរវត្ត ៣០៥
មករា-២០១២៖ ប្រាសាទ​អង្គរវត្ត ស្ថិត​ក្នុង​ខេត្ត​សៀមរាប
 
នៅ​សម័យ​អង្គរ ព្រះរាជា​ខ្មែរ​ទាំង​ឡាយ​បាន​ច្បាំង​គ្នា​ដណ្ដើម​រាជ្យ រួច​រុះរើ​រាជធានី​ចុះ​ឡើង​ជាច្រើន​លើក​ច្រើន​សា។ ជា​បន្ត​ទៅ​ទៀត​នេះ  សូម​រៀប​រាប់​ជូន​នូវ​សកម្មភាព​របស់​ព្រះរាជា​សម័យ​អង្គរ​ចំនួន ៤​អង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៥ ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ និង​ព្រះបាទ​ជ័យវិរៈវរ្ម័ន។

ក១០. ព្រះបាទ​ជ័យវរ្ម័នទី៥ (៩៦៨-១០០១)

ក្រោយ​ពី​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​ទ្រង់​នៅ​មាន​វ័យ​ក្មេង​ណាស់​នៅ​ឡើយ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ជ័យវរ្ម័នទី៥។ ក៏ប៉ុន្តែ ប្រហែល ៦​ឆ្នាំ​ក្រោយ ទើប​ព្រះអង្គ​កាន់​អំណាច​ពិត​ប្រាកដ។ ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​ជា​ស្ដេច​ដែល​មាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ ដោយ​បាន​ទទួល​ការ​អប់រំ​ពី​សំណាក់​ព្រះ​គ្រូ​បាធ្យាយ​ព្រះអង្គ គឺ​ព្រាហ្មណ៍យជ្ជនៈវរហៈ ហើយ​ទ្រង់​មាន​ព្រះទ័យ​សន្តោស​ប្រោសប្រណី និង​យុត្តិធម៌​ណាស់។

ថ្វី​ត្បិត​តែ​ព្រះអង្គ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​កាន់​សាសនា​ព្រះ​ឥសូរ ក៏ប៉ុន្តែ​រជ្ជកាល​នេះ​ក៏​ដូច​ជា​រជ្ជកាល​មុនៗ​ដែរ ព្រះអង្គ​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​ព្រះពុទ្ធ​សាសនា ដូចជា​ទ្រង់​បាន​បញ្ជា​អោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ គតិ ខិតខំ​ខ្នះខ្នែង​ជួសជុល និង​កសាង​បន្ថែម​ថ្មី​នូវ​ព្រះពុទ្ធ​បដិមា​ជាច្រើន ហើយ​បាន​ជាវ​ពី​បរទេស​នូវ​ក្បួន​ខ្នាត​គម្ពីរ​ដីកា​ផ្សេងៗ​ខាង​ព្រះពុទ្ធ​ សាសនា​មហាយាន ថែម​ទៀត​ផង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​បាន​កសាង​ប្រាសាទ​តាកែវ ដែល​ចាត់​ទុក​ថា ជា​ភ្នំ​ហេមគិរី នៅ​ចំ​កណ្ដាល​ក្រុង​ថ្មី ជយេន្ទ្រនគរី ដែល​ព្រះអង្គ​ទ្រង់​បាន​បង្កើត​ឡើង។ ឯ​ព្រះ​គ្រូ​យជ្ជនៈវរហៈ វិញ បាន​បង្កើត​ស្នាដៃ​ដ៏​ប្រណីត​បន្ទាយស្រី​ផង​ដែរ។ ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​៩៦៨ ហើយ​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០០១ ដែល​មាន​ព្រះ​មរណនាម​ថា បរមៈវិរលោក។

ក១១. ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ (១០០១-១០០២)

ក្រោយ​ពី​ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​សោយ​ទិវង្គត​ទៅ ក្មួយ​ខាង​ព្រះ​មាតា​របស់​ព្រះអង្គ​ព្រះនាម​ឧទ័យាទិត្យាវរ្ម័នទី១ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ សោយរាជ្យ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ព្រះអង្គ​ក៏​ទ្រង់​ដាក់​រាជ្យ ឬ​ក៏​ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ក្នុង​ឆ្នាំ​១០០២។ ក្រោយ​ពី​ពេល​នោះ​មក សង្គ្រាម​ស៊ីវិល​មួយ​ក៏​បាន​ផ្ទុះ​ឡើង​មាន​រយៈពេល ៩​ឆ្នាំ។

ក១២. ព្រះបាទ​ជ័យវិរៈវរ្ម័ន (១០០២-១០១០)

ក្រោយ​ពី​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ឯ​រាជធានី​យសោធបុរៈ គឺ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​១០០២ មាន​ការ​ជ្រើស​រើស​ព្រះមហាក្សត្រ​មួយ​អង្គ​ថ្មី​ដែល​គេ​មិន​បាន​ស្គាល់​ ប្រវត្តិ​ច្បាស់ អោយ​ឡើង​សោយរាជ្យ​បន្ត ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ជ័យវិរៈវរ្ម័ន។ ក្នុង​រាជ្យ​របស់​ព្រះអង្គ មាន​ការ​បះបោរ​ច្បាំង​ដណ្ដើម​រាជ្យ​គ្នា​រវាង​ព្រះអង្គ និង​ក្សត្រ​មួយ​អង្គ​ទៀត ដែល​យាង​មក​ពី​ទិស​ខាង​លិច​ដែល​ជា​អនាគត​ព្រះបាទ​សូរ្យវរ្ម័នទី១។ ក្នុង​ចំបាំង​ដណ្ដើម​រាជ្យ​គ្នា​នេះ ក្នុង​ឆ្នាំ​១០០៦ រាជធានី​យសោធបុរៈ គឺ​ក្រុង​អង្គរ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដណ្ដើម​រាជ្យ។ ក៏ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​តែ​បន្ត​អស់​រយៈពេល ៤​ឆ្នាំ​ក្រោយ​មក​ទៀត ពោល​គឺ​រហូត​ដល់​ឆ្នាំ​១០១០ ទើប​ព្រះបាទ​ជ័យវិរៈវរ្ម័ន ទទួល​បរាជ័យ​ទាំង​ស្រុង ហើយ​ក៏​ទ្រង់​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ដូច្នេះ​ឃើញ​ថា ព្រះបាទ​ជ័យវិរៈវរ្ម័ន សោយរាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០១០ នៃ​គ្រិស្ដសករាជ ប៉ុន្តែ​ដល់​ពេល​ទ្រង់​សុគត​ទៅ គេ​មិន​បាន​ដឹង​ពី​ព្រះ​មរណនាម​របស់​ព្រះអង្គ​ឡើយ។

ក១៣. ព្រះបាទ​សូរ្យវរ្ម័នទី១ (១០០២-១០៥០)

ព្រះបាទ​សូរ្យវរ្ម័នទី១ ដែល​ទ្រង់​បាន​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ជ័យវិរៈវរ្ម័ន នេះ​បាន​អះអាង​ថា ព្រះអង្គ​ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​មាតា​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ និង​ជាប់​ញាតិ​ទៅ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​យសោវរ្ម័នទី១ ហើយ​ទំនង​ជា​មាន​កំណើត​កើត​ជា​នៅ​តម្រា​លិង្គ (នគរ​ស្រី​ធម្មរាជ) ដែល​មាន​តំបន់ Ligor ជា​មណ្ឌល​កណ្ដាល គឺ​ដែន​ដី​នៅ​ភាគ​ខាង​ជើង​ជ្រោយ​ម៉ាឡេស៊ី។ ដែន​ដី​នេះ​ជា​សម្បត្តិ​របស់​អាណាចក្រ​នគរ​ភ្នំ រួច​បន្ត​មក​ចេនឡា​ទឹក ហើយ​ស្ថិត​នៅ​ជា​របស់​ខ្មែរ​រហូត​ដល់​ឆ្នាំ​១២២០ ទើប​បាត់​បង់។

នៅ​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ជ័យវិរៈវរ្ម័ន ព្រះអង្គ​រៀប​ចេញ​ដំណើរ​រៀប​ចំ​ទ័ព​ពី​ខេត្ត​នគររាជ ហើយ​នាំ​ទ័ព​វាយ​ទន្ទ្រាន​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១០០៦ ហើយ​ថ្វី​ត្បិត​តែ​រហូត​ដល់​ឆ្នាំ​១០១០ ទើប​ព្រះអង្គ​ទ្រង់​វាយ​ឈ្នះ​ជា​ស្ថាពរ​ក៏ដោយ ក៏​ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​ចាត់​ទុក​ថា ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ​១០០២ គឺ​ដំណាល​គ្នា​នឹង​ព្រះបាទ​ជ័យវិរៈវរ្ម័ន ម្ល៉េះ។ ក្រោយ​ពី​បាន​ជ័យ​ជម្នះ​ហើយ ព្រះអង្គ​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​អតីត​អគ្គមហេសី​របស់​ព្រះបាទ​ ជ័យវិរៈវរ្ម័ន ថែម​ទៀត​ផង។ នៅ​ឆ្នាំ​១០១១ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ធ្វើ​ការ​ស្បថ​សច្ចា​ថា ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ក្នុង​គ្រប់​កាលៈទេសៈ ពោល​គឺ​ទោះ​ស្ថិត​ក្នុង​ពេល​សង្គ្រាម​ក្តី ឬ​ក៏​ក្នុង​ពេល​មាន​សុខ​សន្តិភាព​ក្តី។ អត្ថបទ​សច្ចាប្រណិធាន​នេះ​មាន​ចារ​នៅ​ខ្លោងទ្វារ​ចូល​ទៅ​ព្រះបរមរាជវាំង។

ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន​បំផុត។ ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​ពួក​មន​នៅ​ហរិបុញ្ជ័យឡាំហ៊ន់ ហើយ​និង​យុទ្ធនាការ​ដោយ​ជោគជ័យ​ជាច្រើន​លើក​ទៀត ធ្វើ​អោយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​គ្រប​ដណ្ដប់​លើ​វាល​ទំនាប​ទន្លេ​មេណាម ទាំង​មូល និង​វាល​ទំនាប​ទន្លេ​មេគង្គ​រហូត​ដល់​ហ្លួង​ព្រះ​បាង។ ក្នុង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី១ ទំនង​ជា​បាន​ស្ថាបនា​បង្ហើយ​ប្រាសាទ​ភិមាន​អាកាស ប្រាសាទ​តាកែវ និង​គោបុរៈ នៃ​រាជវាំង។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ភ្នំ​ជីសូរ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ និង​ព្រះ​ខ័ន​កំពង់ស្វាយ។
 
គឺ​ព្រះបាទ​សូរ្យវរ្ម័នទី១ នេះ​ហើយ​ដែល​បាន​រៀប​ចំ​គម្រោង​ប្លង់​ទីក្រុង​អង្គរ​ទី​២ ដែល​មាន​ប្រាសាទ​បាពួន ជា​ស្នូល ហើយ​ដែល​ត្រូវ​បាន​កសាង​អោយ​សម្រេច​ដោយ​ព្រះរាជបុត្រ ឬ​ចៅ​ក្មួយ​របស់​ព្រះអង្គ ដែល​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។

ក្នុង​ផ្នែក​សាសនា​វិញ ព្រះបាទ​សូរ្យវរ្ម័នទី១ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដំបូង​គេ​បង្អស់ ដែល​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន។ ក្នុង​រាជ្យ​ព្រះអង្គ​ក៏​ដូច​ជា​រាជ្យ​មុនៗ​ដែរ ថ្វី​ត្បិត​តែ​ព្រះអង្គ​កាន់​ពុទ្ធ​សាសនា ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រហ្មញ្ញសាសនា និង​សាសនា​ឯ​ទៀត​ដូច​គ្នា។

ជាក់ស្តែង ព្រះអង្គ​ទ្រង់​ចាត់​ចែង​អោយ​មន្ត្រី​របស់​ព្រះអង្គ​ជួស​ជុល​បូជនីយដ្ឋាន និង​បដិមា​ផ្សេងៗ​ខាង​ព្រហ្មញ្ញសាសនា ក្នុង​រាជធានី​ដែល​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល ជាដើម។ ហើយ​ក៏​មាន​ចំណារ​នៃ​សិលាចារឹក​ខ្លះ​បាន​អោយ​ដឹង​ថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ពួក​កាន់​សាសនា​ព្រាហ្មណ៍ និង​កាន់​សាសនា​ព្រះពុទ្ធ​នៃ​យាន​ទាំង​ពីរ បាន​រួម​រស់​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ទៀត​ផង។ ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា និវាន៌បទ៕
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

ព្រះមហាក្សត្រ​ពីរ​អង្គ​គ្រង​រាជ្យ​ក្នុង​ពេល​តែ​មួយ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១១ (ភាគ​១៣)

ថ្វី​ត្បិត​តែ​គេ​តែង​ចាត់​ទុក​ថា សម័យ​អង្គរ ជា​ដំណាក់​កាល​រុងរឿង​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក៏ដោយ ក៏​មេ​ដឹក​នាំ​ខ្លះ​នា​សម័យ​នោះ ច្បាំង​គ្នា​ដណ្ដើម​អំណាច​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​ខ្លះ ដោយ​ច្បាំង​ដណ្ដើម​អំណាច​កណ្ដាល​មិន​បាន​ទាំង​ស្រុង ព្រះរាជា​ទាំង​នោះ​ពុះ​ចែក​ប្រទេស​ជា​ចម្រៀក ដើម្បី​កាន់​កាប់​ថែម​ទៀត​ផង។ រីឯ​មន្ត្រី​ធំៗ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​វិញ បោះ​បង់​ការ​ស្មោះ​ស្ម័គ្រ​នឹង​ព្រះរាជា​មួយ​អង្គ ហើយ​រត់​ទៅ​ចុះ​ចូល​ជាមួយ​ព្រះរាជា​មួយ​អង្គ​ទៀត មិន​ខុស​គ្នា​ពី​សម័យ​បច្ចុប្បន្ន​នេះ​ប៉ុន្មាន​ឡើយ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ពាក់​កណ្ដាល​ទី​ពីរ​នៃ​ សតវត្ស​ទី​១១ ដែល​មាន​ព្រះមហាក្សត្រ​ពីរ​អង្គ​គ្រង​រាជ្យ​ក្នុង​ពេល​តែ​មួយ៖

ក​១៤. ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) និង​អង្គរ​ទី​២

បើ​តាម​ឯកសារ លោក ត្រឹង ងា ក្រោយ​ពី​ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ ព្រះនាម​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​ឡើង​គ្រង​រាជ្យ​ស្នង​ព្រះ​បិតា។ ក៏ប៉ុន្តែ បើ​តាម​ឯកសារ លោក ដូហ្វាំង មើនីម៉េ (Dauphin Meunier) និង​ឯកសារ​របស់ លោក ម៉ូរីស គ្លេស (Maurice Glaize) បញ្ជាក់​ថា ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ នោះ​មិន​មែន​ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​សូរ្យវរ្ម័នទី១ ទេ តែ​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​ទៅ​វិញ។

ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​បាន​សាង​ប្រាសាទ​ភ្នំ​ថ្មី​មួយ គឺ​ប្រាសាទ​បាពួន ដែល​ជា​ស្នូល​នៃ​ក្រុង​អង្គរ​ទី​២ ហើយ​ដែល​គេ​តម្កល់​លិង្គ​ទេវរាជ​ធ្វើ​អំពី​មាស។ ក្រុង​ថ្មី គឺ​អង្គរ​ទី​២​នេះ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ ហើយ​មាន​ទីតាំង​ប្រហាក់​ប្រហែល​នឹង​ក្រុង​អង្គរ​ទី​៣​របស់​ព្រះបាទ​ ជ័យវរ្ម័នទី៧។ នៅ​ខាង​លិច​ក្រុង​ថ្មី​នេះ ព្រះអង្គ​បាន​ជីក​បារាយណ៍​មួយ​ធំ​ជាង​បារាយណ៍​មុនៗ គឺ​បារាយណ៍​ខាង​លិច ឬ​បារាយណ៍​ទឹក​ថ្លា ដែល​មាន​បណ្តោយ​ប្រវែង ៨​គីឡូម៉ែត្រ និង​ទទឹង​ប្រវែង ២.២០០​ម៉ែត្រ ដែល​មិន​មែន​គ្រាន់​តែ​បម្រើ​បំណង​ខាង​សាសនា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មាន​សារសំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ជាតិ។ នៅ​ចំ​កណ្ដាល​បារាយណ៍ មាន​កូន​កោះ​តូច​មួយ​ដែល​ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មួយ​មាន​ឈ្មោះ​ថា ប្រាសាទ​មេ​បុណ្យ​ខាង​លិច។

នៅ​ទី​នោះ​មាន​តម្កល់​បដិមា​ព្រះ​វិស្ណុ កំពុង​ផ្ទំ​ដ៏​ធំ​សម្បើម​មួយ​ធ្វើ​អំពី​លង្ហិន។ បច្ចុប្បន្ន រូប​បដិមា​ព្រះ​វិស្ណុ នេះ ត្រូវ​គេ​យក​មក​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ។ ក្នុង​រាជ្យ​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ មាន​ការ​បះបោរ​ធំៗ​បី​លើក។ លើក​ទី​១ នៅ​ឆ្នាំ​១០៥២ គឺ​ជា​ការ​បះបោរ​របស់​រាស្ត្រ​ទាំង​ឡាយ​នៅ​ខេត្ត​ភាគ​ខាង​ត្បូង ក្រោម​ការ​ដឹក​នាំ​របស់​អរៈវិន្ឋៈរតៈ ដែល​ដំបូង​បាន​ទទួល​ជោគជ័យ តែ​ទី​បំផុត​ត្រូវ​បរាជ័យ​ដោយ​ការ​វាយ​បង្ក្រាប​របស់​មេ​ទ័ព​ឈ្មោះ​ សង្គ្រាមា ហើយ​អ្នក​ដឹក​នាំ​ចលនា​បះបោរ​ទាំង​នេះ ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ចំប៉ា។

លើក​ទី​ពីរ នៅ​ឆ្នាំ​១០៦៥ នាយ​ទាហាន​ម្នាក់​ឈ្មោះ​កំវ៉ៅ នាំ​ទ័ព​របស់​ខ្លួន​រត់​ចេញ​ពី​រាជធានី ឈប់​ទទួល​ស្គាល់​អំណាច​គ្រប់គ្រង​របស់​ព្រះរាជា ហើយ​នាំ​គ្នា​វាយ​កម្ទេច​សិវលិង្គ និង​ទេវ​បដិមា​នៅ​គ្រប់​ទិសទី តែ​ត្រូវ​មេ​ទ័ព​សង្គ្រាមា តាម​ទាន់ ហើយ​សម្លាប់​បាន ក្រោយ​ពី​កំវ៉ៅ មេ​បះបោរ​បាន​ធ្វើ​អោយ​មេ​ទ័ព​ព្រះរាជា​សង្គ្រាមា មាន​របួស​ត្រង់​ថ្គាម។

លើក​ទី​បី គឺ​ជា​ការ​បះបោរ​នៅ​ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​កើត ដឹក​នាំ​ដោយ​បង​ប្អូន​ពីរ​នាក់​ឈ្មោះ ស្លូត និង​សិទ្ធិករ ដែល​រួម​គ្នា​ជាមួយ​មេ​ម្នាក់​ទៀត​ឈ្មោះ ស្ថាន្តិភូវ័ន ក៏ប៉ុន្តែ​ចលនា​នេះ​ក៏​ត្រូវ​បាន​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះរាជា គឺ​សង្គ្រាមា កម្ទេច​អោយ​រលាយ​សូន្យ។

ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​ឡើង​គ្រង​រាជ្យ​ពី​ឆ្នាំ​១០៥០ ហើយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១០៦៦ ក៏ប៉ុន្តែ​គេ​មិន​បាន​ដឹង​ព្រះ​មរណនាម​របស់​ព្រះអង្គ​ឡើយ។

ក​១៥. ព្រះបាទ​ហស៌វរ្ម័នទី៣ (១០៦៦-១០៨០)

ក្រោយ​ពេល​ដែល​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះអនុជ​បន្ទាប់​របស់​ព្រះអង្គ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​មាន​ព្រះ​នាម​ ក្នុង​រាជ្យ​ថា ព្រះបាទ​ហស៌វរ្ម័នទី៣។ នៅ​ពេល​ឡើង​គ្រង​រាជ្យ​ភ្លាម ព្រះអង្គ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ការ​កសាង​ជាតិ​ណាស់។ ព្រះអង្គ​ទ្រង់​បាន​ជួសជុល​ឡើង​វិញ​នូវ​បូជនីយដ្ឋាន​នានា និង​បដិមា​ដែល​ខូចខាត​ក្នុង​ពេល​ដែល​កើត​ចលាចល​ជ្រួល​ច្របល់​ក្នុង​រាជ្យ​ មុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះបាទ​ហស៌វរ្ម័នទី៣ បាន​ខំ​រៀប​ចំ​អោយ​មាន​សន្តិសុខ​ផ្ទៃ​ក្នុង​ថែម​ទៀត​ផង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​ត្រូវ​ចូល​រួម​ក្នុង​សង្គ្រាម​ពីរ​លើក គឺ​មួយ​លើក​ច្បាំង​នឹង​នគរ​ចំប៉ា ហើយ​និង​មួយ​លើក​ទៀត ច្បាំង​នឹង​យួន​ដៃ​វៀត។

ចាម បាន​ចូល​រុក​រាន​ទន្ទ្រាន​ព្រំដែន​ខ្មែរ​សាជាថ្មី​នៅ​ឆ្នាំ​១០៧៤។ ទ័ព​របស់​ប្រទេស​ចំប៉ា ដែល​ដឹក​នាំ​ដោយ​ព្រះអង្គ​ម្ចាស់​ប៉ាង ប្អូន​ព្រះរាជា​នគរ​ចំប៉ា បាន​វាយ​លុក​ឡើង​តាម​ទន្លេ​មេគង្គ​មក​ដល់​ក្រុង​ចាស់​សម្ភុបុរៈ គឺ​សម្បូរ ស្ថិត​លើ​ដង​ទន្លេ​មេគង្គ​នេះ ហើយ​បាន​ប្លន់​យក​របស់​របរ​មាន​តម្លៃ​ផ្សេងៗ ព្រម​ទាំង​បាន​វាយ​កម្ទេច​ដុត​បំផ្លាញ​បូជនីយដ្ឋាន​នានា​នៃ​រាជធានី​ចាស់​ នេះ ហើយ​កៀរ​ប្រជារាស្ត្រ​ខ្មែរ​នាំ​យក​ទៅ​ជា​ឈ្លើយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ផង។

នៅ​ឆ្នាំ​១០៧៦ ទ័ព​ខ្មែរ​ត្រូវ​ចិន ប្រទាញ​អោយ​សហការ​ជាមួយ​ខ្លួន និង​ទ័ព​ចាម ដើម្បី​ជួយ​វាយ​យួន​ដៃ​វៀត។ ពេល​នោះ ទ័ព​ចិន នៃ​រាជ្យ​វង្ស​សុង បាន​លើក​ពី​ឡានសឺង សំដៅ​ចុះ​មក​ហាណូយ ឯ​ទ័ព​ខ្មែរ និង​ចាម វាយ​ចូល​តំបន់​ងេអាន។ ប៉ុន្តែ​ក្រោយ​មក ដោយ​មាន​ការ​ចរចា ហើយ​ស្រុះស្រួល​មួយ ចិន ក៏​ព្រម​ដក​ទ័ព​ថយ​ចេញ​ទៅ​វិញ ដែល​ជា​ហេតុ​ជំរុញ​អោយ​ទ័ព​សម្ព័ន្ធ​មិត្ត​របស់​ចិន គឺ​ខ្មែរ និង​ចាម ដក​ថយ​ចេញ​ដែរ។ ព្រះបាទ​ហស៌វរ្ម័នទី៣ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០៨០ ឬ​ឆ្នាំ​១០៨២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា សទាសិវបទ។

ក​១៦. ព្រះបាទ​នឫទិន្ទ្រវរ្ម័ន (ឆ្នាំ​១០៨២-ឆ្នាំ​១១១៣)

នៅ​ចុង​រាជ្យ​ព្រះបាទ​ហស៌វរ្ម័នទី៣ មាន​ការ​បះបោរ​នៅ​ទិស​ខាង​លិច​នៃ​ប្រទេស គឺ​នៅ​ក្រុង​មហិធរៈបុរៈ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​លិច​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មូន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ នៅ​ឆ្នាំ​១០៨២ មាន​ស្ដេច​មួយ​អង្គ ប្រកាស​ឡើង​សោយរាជ្យ​ដោយ​យក​ក្រុង​មហិធរៈបុរៈ នេះ​ជា​រាជធានី។ ស្ដេច​អង្គ​នេះ​មាន​ព្រះនាម​ថា ជ័យវរ្ម័នទី៦។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឯ​រាជធានី​អង្គរ​ឯណោះ​វិញ ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហស៌វរ្ម័នទី៣ គឺ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ដែល​ត្រូវ​បាន​រៀប​ចំ​អភិសេក ក្រោយ​ពី​ពេល​ដែល​ព្រះបាទ​ហស៌វរ្ម័នទី៣ សោយ​ទិវង្គត​ទៅ។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ទ្រង់​បាន​ទទួល​ច្បាំង​ជាមួយ​ព្រះបាទ​ជ័យវរ្ម័នទី៦ ដែល​បាន​សោយរាជ្យ​នៅ​ខាង​លិច​នៃ​ប្រទេស។ ថ្វី​ត្បិត​តែ​ព្រះបាទ​ជ័យវរ្ម័នទី៦ អាច​វាយ​ទន្ទ្រាន​យក​បាន​ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​ក្តី ក៏ប៉ុន្តែ​តំបន់​អង្គរ ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​លិច និង​ខាង​ត្បូង​បឹង​ទន្លេសាប នៅ​តែ​ស្មោះ​ត្រង់​នឹង​ព្រះរាជា​ក្រុង​អង្គរ​ដដែល។

ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​រយៈពេល​ស្មើ​គ្នា និង​រាជ្យ​មហាក្សត្រ​ពីរ​អង្គ​ទៀត នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ និង​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ គឺ​រហូត​ដល់​ឆ្នាំ​១១១៣ ក្រោយ​ពេល​ដែល​ព្រះបាទ​សូរ្យវរ្ម័នទី២ បាន​ក្រោក​បះបោរ​ឡើង ហើយ​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ស្ដេច​ភាគ​ខាង​លិច​បាន រួច​បន្ត​លើក​ទ័ព​មក​ច្បាំង​ជាមួយ​ព្រះអង្គ​ជា​ស្ដេច​សោយរាជ្យ​នៅ​អង្គរ​ នេះ។ ទី​បំផុត ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ត្រូវ​ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​បាន ហើយ​បង្រួប​បង្រួម​ទឹក​ដី​ខ្មែរ​អោយ​ចូល​គ្នា​ឡើង​វិញ​នៅ​ឆ្នាំ​១១១៣ នៃ​គ្រិស្ដសករាជ​នោះ។

ក​១៧. ព្រះបាទ​ជ័យវរ្ម័នទី៦ (ឆ្នាំ​១០៨២-ឆ្នាំ​១១០៧ រាជធានី​មហិធរៈបុរៈ)

ព្រះបាទ​ជ័យវរ្ម័នទី៦ ដែល​គ្រងរាជ្យ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស ប្រហែល​ជា​មាន​ប្រភព​ចេញ​មក​ពី​វង្ស​ស្ដេច​ត្រាញ់​មួយ។ ព្រះអង្គ​បាន​ក្រោក​បះបោរ​តាំង​ពី​ចុង​រាជ្យ​របស់​ព្រះបាទ​ហស៌វរ្ម័នទី៣ ហើយ​វាយ​សង្កត់​យក​ខេត្ត​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ជ័យវរ្ម័នទី៦ ប្រកាស​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ​១០៨២ ក្នុង​រាជធានី​មហិធុរៈបុរៈ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ត្រង់​វាល​ទំនាប​ខាង​លើ​នៃ ​ទន្លេ​មូន (សព្វថ្ងៃ​ស្ថិត​ក្នុង​ប្រទេស​ថៃ)។ ព្រះបាទ​ជ័យវរ្ម័នទី៦ ត្រូវ​បាន​រៀប​ចំ​ពិធី​រាជាភិសេក​ដោយ​ព្រះ​គ្រូ​ព្រាហ្មណ៍​បុរោហិត របស់​ព្រះបាទ​ហស៌វរ្ម័នទី៣ ឈ្មោះ ទិវាករ​បណ្ឌិត ដែល​ប្រហែល​ជា​មាន​ហេតុ​កើត​ទំនាស់​អ្វី​ជាមួយ​ព្រះរាជា​ក្រុង​អង្គរ ឬ​ដោយ​ប្រាថ្នា​លាភសក្ការៈ រួច​ចាក​ចោល​ក្រុង​អង្គរ ទៅ​បម្រើ​រាជវង្ស​ថ្មី​នេះ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​ជ័យវរ្ម័នទី៦ បាន​ខិតខំ​ច្បាំង​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន នៃ​ក្រុង​អង្គរ ក៏ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​តែ​ខេត្ត​ភាគ​ខាង​ជើង និង​ខាង​កើត​នៃ​ប្រទេស។ ចំណែក​តំបន់​អង្គរ ខេត្ត​ទាំង​ឡាយ​ប៉ែក​ខាង​លិច និង​ខាង​ត្បូង​បឹង​ទន្លេសាប នៅ​តែ​ស្មោះ​ត្រង់​នឹង​ព្រះរាជា​ក្រុង​អង្គរ​ដដែល។ ដើម្បី​ពង្រីក​អានុភាព​អាទិទេព គឺ​អំណាច​របស់​ព្រះអង្គ​ព្រះបាទ​ជ័យវរ្ម័នទី៦ ទ្រង់​បាន​កសាង​បូជនីយដ្ឋាន​ជាច្រើន ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​ផង និង​ចំពោះ​ព្រះ​ឥសូរ ផង ដូច​ជា បាន​បន្ត​ការ​កសាង​នៅ​ភ្នំ​សណ្ដក នៅ​ភ្នំ​ព្រះវិហារ នៅ​វត្ត​ភូ និង​ភិម៉ៃ ជាដើម។

ព្រះបាទ​ជ័យវរ្ម័នទី៦ ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១១០៧ ដោយ​មាន​ព្រះ​មរណនាម​ថា បរមកៃវល្យបទ៕

 ប្រភព RFA

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!