ការធ្វើតេស្តយានអវកាស Flying Saucer នឹងធ្វើឡើងនៅថ្ងៃពុធនេះនៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក ស្ថិតនៅកោះហាវៃ ដោយប្រើប្រាស់បាឡុងហោះយក្សសម្រាប់ព្យាករណ៍អាកាសធាតុ។ បាឡុងយក្សនោះនឹងបង្ហោះយានអវកាស Flying Saucer រហូតដល់រយៈកម្ពស់៣៧គីឡូម៉ែត្រ ទើបលែងវា។
បន្ទាប់ពីនោះ គ្រាប់រ៉ុកកែតឈ្មោះ Sky Crane នឹងចាប់ផ្តើមបង្ហោះយានអវកាស Flying Saucer បន្តទៀតក្នុងល្បឿនលឿនស្មើនឹងល្បឿនសំឡេង ៤ដង ឱ្យដល់រយៈកម្ពស់ ៥៤គីឡូម៉ែត្រ។ នៅពេលវាត្រូវទម្លាក់មកផែនដី ឆត្រយោងទំហំ ៤,៦ម៉ែត្រ ទម្ងន់ ៣,៥តោន នឹងត្រដាង ហើយពោងខ្យល់មួយនឹងប៉ោងឡើងជុំវិញ Flying Saucer ដើម្បីជួយបន្ថយល្បឿនរបស់វាពេលធ្លាក់មកវិញ។
អំឡុងពេលធ្វើតែស្តមានកាមេរ៉ាដល់ទៅ ៤ភ្ជាប់នៅលើ Flying Saucer ដែលអាចផ្ដល់រូបភាពជាក់លាក់ពីដំណើរការរបស់យានអវកាសនេះនៅលើ អាកាសនិងនៅពេលធ្លាក់មកផែនដី។
មុនពេលអាចដំណើរការយានអវកាសនេះបាន អ្នកជំនាញរបស់ NASA ចាំបាច់ត្រូវធ្វើតែស្តវាចំនួន៤ដង មុនពេលសម្រេចចិត្តប្រើប្រាស់យានអវកាស Flying Saucer សម្រាប់បេសកកម្មទៅភពព្រះអង្គារនាពេលអនាគត។ NASA សង្ឃឹមថា អាចនឹងទទួលបានបទពិសោធន៍បន្ថែមតាមរយៈការធ្វើតែស្តថ្មីៗទៅលើ យានអវកាសរបស់ខ្លួន ដើម្បីទទួលបានជោគជ័យជាស្ថាពរសម្រាប់ការហោះហើយនៅឆ្នាំ ២០៣៥។
កាលពីឆ្នាំ២០១៤ ឧបករណ៍មួយនេះ ត្រូវបានធ្វើតេស្តម្តងរួចមកហើយ ដោយអាចចុះចតលើផែនដីបានដោយជោគជ័យ តែឆត្រយោងរបស់វាត្រូវការការអភិវឌ្ឍបន្ថែមសម្រាប់ការធ្វើតែស្ត លើកក្រោយៗ ព្រោះអ្នកជំនាញរកឃើញថាឆត្រយោងនោះមានកន្លែងខ្លះរហែក៕
ប្រភព Sabay News