ក្រុមហ៊ុន Huawei បានប្រកាសពីការសម្រេចបានជោគជ័យយ៉ាងសម្បើមសម្រាប់ទីផ្សារលក់ ទូរសព្ទនៅកម្ពុជា ក្នុងឱកាសសម្ពោធទូរសព្ទ P8 និងឧបករណ៍ Wearable នៅទីក្រុងបាងកកប្រទេសថៃកាលពីសប្ដាហ៍មុននេះ។ លោក Thomas Liu អគ្គនាយកក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមបណ្ដាញសារព័ត៌មានកម្ពុជាពីការសម្រេច បានជោគជ័យរបស់ទូរសព្ទ Huawei ក៏ដូចជាបង្ហាញពីផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខមួយនៅក្នុងប្រទេសកម្ពុជា។
លោក Thomas អគ្គនាយកក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា ក្រុមហ៊ុន Huawei បានចាប់ផ្ដើមវិនិយោគទីផ្សារទូរសព្ទនៅក្នុងប្រទេសកម្ពុជានៅពាក់ កណ្ដាលឆ្នាំ 2013 ដោយផ្អែកទៅលើមូលហេតុចម្បងដូចជាស្ថិរភាពនយោបាយ អត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ។ ការកើនឡើងគួរឲ្យកត់សម្គាល់លើវិស័យទូរគមនាគមន៍ និងស្មាតហ្វូន និងតម្រូវការបច្ចេកវិទ្យាយ៉ាងចាំបាច់ សម្រាប់វិស័យឧស្សាហកម្ម និងវិស័យនានាជាច្រើនទៀត។
លោកថា កំណើនប្រើប្រាស់ទូរសព្ទ Huawei នៅប្រទេសកម្ពុជាមានការកើនឡើងខ្ពស់បើធៀបទីផ្សារប្រទេសដទៃទៀត នៅក្នុងតំបន់។ នៅឆ្នាំ 2014 ចំណែកទីផ្សារប្រើប្រាស់ទូរសព្ទ Huawei នៅកម្ពុជាមានប្រហែល 6% ទៅ 7% ដោយឈរនៅចំណាត់ទីរ ៣។ នៅឆ្នាំ 2015 ក្រុមហ៊ុនរំពឹងសម្រេចបានដល់ 12% ទៅ 15% និងនៅក្នុងឆ្នាំ 2016 ឈានទៅដណ្តើមចំណែកឲ្យបាន 20% បន្ថែមទៀត ដើម្បីក្លាយជាស្លាកសញ្ញាស្មាតហ្វូនលេខ 2 នៅក្នុងទីផ្សារប្រទេសកម្ពុជា។
លោកថា យុទ្ធសាស្ត្រសំខាន់ ដើម្បីសម្រេចបានតាមការរំពឹងទុកនេះគឺការផ្តោតលើអតិថិជនជា អាទិភាព ដោយក្រុមហ៊ុននឹងណែនាំផលិតផលទូរសព្ទដែលប្រកបដោយសមត្ថភាពខ្ពស់ និងការច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដល់អតិថិជន។ ជាពិសេសក្រុមហ៊ុននឹងជំរុញការវិនិយោគលើស្លាកសញ្ញាតាមរយៈពាក្យ ស្លោក “Make it Possible” ធ្វើយ៉ាងណាឲ្យអតិថិជនបានស្គាល់និងបានស្វែងយល់ពីផលិតផលទូរសព្ទ Huawei ដើម្បីឈានទៅទិញប្រើប្រាស់នៅថ្ងៃអនាគត។
ប្រភព Sabay News