ថ្ម ទូរសព្ទឆ្លាតវៃមុខជាខូចហើយបើសាកម្ដងមិនអាចទ្រទ្រង់បានមួយ ថ្ងៃ បើទោះបីមិនបានប្រើការអីផងនោះ។ នេះបើយោងតាមសារព័ត៌មាន Techradar។
ប្រធានក្រុមហ៊ុន Huawei លោក Richard Yu បានប្រាប់ដល់គេហទំព័រ TechRadar ថា ថ្មទូរសព្ទដែលសាកឆាប់ពេញគឺជះឥទ្ធិពលទៅលើជីវិតរបស់ថ្ម។ នេះមានន័យថា ថ្មទូរសព្ទរបស់អ្នកអាចនឹងខូចមុនអាយុកាលរបស់វាបាន ដោយសារការសាកបង្ខំឲ្យពេញនេះ។
បើយោងតាមគេហទំព័រ PC World ការស្រាវជ្រាវដែលបានបោះពុម្ពនាពេលកន្លងទៅបង្ហាញថា ការសាកថ្មដោយមិនបង្ខំអាចនឹងជួយឲ្យជីវិតថ្មទូរសព្ទរស់បានយូរ ប៉ុន្តែវានឹងធ្វើឲ្យថ្មឆាប់ខូចវិញ បើអ្នកប្រើ ឬបើកកម្មវិធីអ្វីដែលស៊ីថ្មលឿនក្នុងរយៈពេលដ៏ខ្លី។
កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាខ្លះបានចេញឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ជំនួយឲ្យការសាកថ្មពេញតែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។ ជាក់ស្ដែងក្រុមហ៊ុន Qualcomm របស់អាមេរិកបានចេញលក់ឧបករណ៍សាកថ្ម Quick Charge 2.0 ដែលអាចសាកទូរសព្ទផ្សេងពេញលឿន ប៉ុន្តែលោក Richard Yu រិះគន់ថា គុណភាពរបស់វាអាចនឹងមិនល្អដូចឈ្មោះរបស់វានោះឡើយ៕
ប្រភព Sabay News