ក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងចំណាត់ថ្នាក់ FIFA World Ranking ១លេខ នៅក្នុងខែឧសភា ពោលគឺឡើងពីលេខ១៧៩កាលពីខែមេសា មកដល់១៧៨ ខណៈដែលក្រុមជម្រើសជាតិបែលហ្សិកវិញបានមកឈរនៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមលេខ១អាល្លឺម៉ង់ មិនធ្លាប់មានកន្លងមក។
ចំណាត់ថ្នាក់លេខ១៧៨នេះដែរ មានន័យថាក្រុមជម្រើសជាតិកម្ពុជានៅតែស្ថិតនៅក្នុងលំដាប់ទី១០ ដដែល បើគិតក្នុងចំណោមប្រទេសទាំង១១នៅក្នុងចំណោមប្រទេសសមាជិកសហព័ន្ធ កីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដោយនៅលើតែក្រុមប្រ៊ុយណេមួយប៉ុណ្ណោះ (១៨៤)។ ចំណែកក្រុមដទៃទៀតរបស់ AFF គឺ វៀតណាមនៅលើគេ (១២៧) តាមពីក្រោយដោយ ថៃ (១២៩) , ហ្វីលីពីន (១៣៧) , មីយ៉ាន់ម៉ា (១៤៣) , ទីម័រខាងកើត (១៤៦) , សិង្ហបុរី (១៥៤), ឥណ្ឌូណេស៊ី (១៥៥) , ម៉ាឡេស៊ី (១៦២) និងឡាវ (១៧៥) ។
បើនិយាយជារួមវិញ ក្រុមកំពូលទាំង១០ មានការប្រែប្រួលដោយសារក្រុមជម្រើសជាតិបែលហ្សិកបានឡើងទៅកាន់ តំណែង លេខ២ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈដែលលេខ១គឺនៅតែអាល្លឺម៉ង់ដដែល។
សូមបញ្ជាក់ថា FIFA Ranking នេះ គឺគិតតែជម្រើសជាតិឈុតធំប៉ុណ្ណោះ មិនគិតលទ្ធផលក្រុមឈុតយុវជនគ្រប់កម្រិតនោះឡើយ។
ប្រភព Sabay News