ការប្រកួតមិត្តភាពរវាងក្រុមកម្ពុជា
និងហ្វីលីពីន មានច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយ
ប៉ុន្តែការប៉ះគ្នាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គឺមានតែម្ដងគត់ ដោយកាលនោះ
ក្រុមហ្វីលីពីន ជាអ្នកបំបាក់ក្រុមកម្ពុជា។ យ៉ាងណាក៏ដោយ ការប៉ះគ្នាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាល
ពីយប់ថ្ងៃទី៣ មិថុនា នៅប្រទេសសិង្ហបុរីលើកនេះ
កម្ពុជាបានសងសឹកក្រុមហ្វីលីពីនវិញហើយ
នៅក្នុងវគ្គជម្រុះពូលរបស់ស៊ីហ្គេមដូចគ្នា។
គ្រាន់តែបើកឆាកការប្រកួត
ក្រុមជម្រើសជាតិកម្ពុជាក្រោម២៣ឆ្នាំ រកបាន៣ពិន្ទុភ្លាម
ដោយបានទាំងឈរក្នុងលំដាប់ទី២ជាបណ្ដោះអាសន្នក្នុងពួលA
នាំមុខម្ចាស់ផ្ទះសិង្ហបុរី។
ផ្អែកតាមការប្រកួតចប់មួយលើកដូចគ្នា
ក្រុមមីយ៉ាន់ម៉ាមាន៣ពិន្ទុឈរក្នុងលំដាប់លេខ១
ដោយសារតែស៊ុតគេចូលរហូតដល់៤គ្រាប់។
ក្រុមកម្ពុជាមាន៣ពិន្ទុដូចគ្នាឈរក្នុងលំដាប់លេខ២
ដោយសារស៊ុតគេចូល៣គ្រាប់
និងក្រុមម្ចាស់ផ្ទះសិង្ហបុរីមាន៣ពិន្ទុឈរក្នុងលំដាប់លេខ៣
ដោយសារតែស៊ុតបញ្ចូលទីគេបានតែមួយគ្រាប់។
សម្រាប់ក្រុមហ្វីលីពីនប្រកួត២លើកចាញ់២ទាំងពីរលើក
ដោយចាញ់សិង្ហបុរី១:០ និងចាញ់កម្ពុជា
៣:១ធ្វើឲ្យគេឈរនៅបាតតារាងជាបណ្ដោះអាសន្ន។
ក្នុងនោះក្រុមខ្លាំងក្នុងតំបន់ឥណ្ឌូនេស៊ី
នៅមិនទាន់រកបានមួយពិន្ទុទេ
បន្ទាប់ពីបើកឆាកចាញ់មីយ៉ាន់ម៉ា៤:២។ យ៉ាងណាក៏ដោយលទ្ធផលនេះ
ស្ថិតក្នុងការប្រែប្រួលនៅឡើយទេ ដោយសារតែក្រុមកម្ពុជា
មីយ៉ាន់ម៉ា សិង្ហបុរី និងក្រុមឥណ្ឌូនេស៊ី
សុទ្ធតែសល់៣ប្រកួតម្នាក់ៗ លើកលែងតែក្រុមហ្វីលីពីន
ដែលសល់តែ២ ហើយស្ថិតក្នុងភាគរយហាលអាវខ្ពស់ជាងគេ។
ពូលនេះត្រូវប្រកួតជម្រើសយកតែអ្នកមានពិន្ទុនាំមុខ២
ក្រុមប៉ុណ្ណោះ ឡើងទៅប៉ះជាមួយក្រុមខ្លាំង២ផ្សេងទៀតមកពីពូលB
ដែលពេលនេះ ក្រុមថៃកំពុងនាំមុខក្នុងពូលដោយមាន៦ពិន្ទុ
និងវៀតណាមមាន៦ពិន្ទុដែរ តែស្ថិតក្នុងលំដាប់លេខ២ ដោយសារចាញ់
គ្រាប់បាល់ស៊ុតចូលរបស់ថៃ។ ចំណែកក្រុមម៉ាឡេស៊ី ក្រុមឡាវ
និងទីម័រខាងកើត ទើបនឹងរកបានម្នាក់៣ពិន្ទុម្នាក់ប៉ុណ្ណោះ
ខណៈដែលក្រុមប្រ៊ុយណេ៣ប្រកួតចាញ់ទាំង៣ប្រកួត។
ងាកមកកាន់ការប្រកួតរវាងក្រុម
កម្ពុជា និងហ្វីលីពីនកាលពីថ្ងៃទី៣ មិថុនានោះវិញ
បានធ្វើឲ្យអ្នកទស្សនាកម្ពុជាពេញចិត្តយ៉ាងខ្លាំង។
ជាមួយលទ្ធផល៣ទល់នឹង១
វាមិនត្រឹមតែបញ្ជាក់ពីការដណ្ដើមបាន៣ពិន្ទុសម្រាប់ការសន្សំ
ពិន្ទុប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាការសងសឹកចំពោះក្រុមហ្វីលីពីនដែលកាលស៊ីហ្គេមឆ្នាំ
២០០៥ បានបំបាក់កម្ពុជាក្នុងលទ្ធផល៤:២នោះផងដែរ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក
គេឃើញបង្ហោះពីជោគជ័យនេះយ៉ាងគគ្រឹកគគ្រេង
ដើម្បីជាការលើកទឹកចិត្តដល់ក្រុមរបស់ខ្លួន
បើទោះជាពលរដ្ឋខ្មែរភាគច្រើនមិនមានលទ្ធភាពឡើងទៅគាំទ្រ
ដល់ប្រទេសសិង្ហបុរីកុះករ
ដូចក្រុមអ្នកគាំទ្ររបស់មីយ៉ាន់ម៉ា
ដែលបានបង្ហាញខ្លួនគួរឲ្យកត់សម្គាល់
នៅពេលមីយ៉ាន់ម៉ាប្រកួតបើកឆាកជាមួយក្រុមឥណ្ឌូនេស៊ី។
ការប្រកួតនេះ ក្រុមកម្ពុជាជាអ្នកបើកឆាកនាំមុខមុន
ដោយអាចទម្លុះសំណាញ់ហ្វីលីពីនបាននៅនាទីទី៣០ ដោយកីឡាករប្រាក់
មុន្នីឧត្តម ពាក់លេខ៧ និងនាទីទី៤១ ដោយកីឡាករកែវ សុខផេង
ពាក់លេខ១០។
ប៉ុន្តែក្រុមហ្វីលីពីនក៏រកបានមួយគ្រាប់ភ្លាមដែរនៅដើមវគ្គតង់
ទី២ ក្នុងនាទី៥៤
និងបន្តវាយបកគួរឲ្យបុកពោះមកលើក្រុមរបស់កម្ពុជា។
រហូតដល់កីឡាករទើបដូរចូល ចាន់ វឌ្ឍនាកា ពាក់លេខ១១
រកបានគ្រាប់ទី៣ នៅនាទីទី៨១
ទើបធ្វើឲ្យក្ដីសង្ឃឹមរបស់កម្ពុជាមានសភាពប្រាកដប្រជា។
សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាស
ឲ្យដឹងថារាល់ជ័យជម្នះរបស់ក្រុមកម្ពុជាក្នុងការប្រកួតជម្រុះ
ពូល នឹងទទួលបាន១ម៉ឺនដុល្លារគ្រប់លើក
ឲ្យតែអាចរកបាន៣ពិន្ទុពីគូប្រកួត។ នៅថ្ងៃទី៦ មិថុនា ខាងមុខ
កម្ពុជានឹងជួបប្រកួតជាមួយក្រុមខ្លាំង
គឺឥណ្ឌូនេស៊ីក្នុងជុំទី២ នៅពហុកីឡាដ្ឋាន Jalan Besar ដដែល ក្នុងប្រទេសសិង្ហបុរី។ នៅពូលA ដែល
កម្ពុជាស្ថិតនៅ មានតែ២ប្រទេសប៉ុណ្ណោះ
ដែលធ្លាប់កាន់ពានស៊ីហ្គេមផ្នែកបាល់ទាត់ គឺមីយ៉ាន់ម៉ា
និងឥណ្ឌូនេស៊ី
ដែលតម្រូវឲ្យកម្ពុជាឆ្លងឲ្យផុតក្រុមនេះដូចក្រុមមីយ៉ាន់ម៉ា
សិន ទើបមានសង្ឃឹមច្រើន៕
ប្រភព VOD