ប្រធាន សហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា បានសម្រេចផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមទៀតដល់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U-23) ក្នុងយុទ្ធនាការកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីនេះ បន្ទាប់ពីកម្ពុជាទទួលបានជ័យជម្នះកាលពីយប់មិញ។
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
តាមរយៈលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិបានឲ្យដឹងថា លោកប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានសម្រេចផ្តល់ប្រាក់លើកទឹក ចិត្តដល់កីឡាករទាំង២៨នាក់នៅស៊ីហ្គេមក្នុងម្នាក់ៗ១០០ដុល្លារ សម្រាប់ការទទួលបានជ័យជម្នះ៣-១លើក្រុមហ្វីលីពីនកាលពីយប់មិញ។
លោកបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើក្រុមU-23 កម្ពុជាឈ្នះការប្រកួតទី២ នឹងផ្តល់២០០ដុល្លារ ឈ្នះការប្រកួតទី៣ នឹងផ្តល់៣០០ដុល្លារ និងបើឈ្នះការប្រកួតទី៤ នឹងផ្តល់៤០០ដុល្លារ។
ចំពោះប្រាក់រង្វាន់ដែលសហព័ន្ធបានប្រកាសកន្លងមកគឺឈ្នះ១ ប្រកួតៗនៅវគ្គជម្រុះតាមពូល ផ្តល់១ម៉ឺនដុល្លារ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផ្តល់៣ម៉ឺនដុល្លារ ហើយឡើងដល់វគ្គផ្តាច់ព្រ័ត្រ ផ្តល់១០ម៉ឺនដុល្លារគឺនៅតែផ្តល់ជួនដដែល៕
លោក ឆាំង ពិសិដ្ឋ (អាវស) អ្នកចាត់ការក្រុមជម្រើសជាតិ
ក្រុម U-23 កម្ពុជា
អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព Sabay News