ការ ប្រកួតបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងពូល A យប់មិញនេះ ក្រុមជម្រើសជាតិ U-23 កម្ពុជា បានយកឈ្នះ U-23 ហ្វីលីពីន ៣-១ នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី ។
ចាប់ផ្ដើមការប្រកួតដើមតង់ទី ១ ក្រុម U-23 កម្ពុជាហាក់មានប្រៀបលើក្រុម U-23 ហ្វីលីពីនបាត់ទៅហើយ ។ ប៉ុន្តែ U-23 កម្ពុជានៅមិនទាន់មានសំណាង រហូតការប្រកួតឈានដល់នាទី ៣០ កីឡាករ ប្រាក់ មុន្នីឧត្ដម ទាត់បាល់ទម្លាយសំណាញ់ទីឲ្យកម្ពុជានាំមុខមួយគ្រាប់មុន ដែលជាការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ កែវ សុខផេង ។ ភាពសប្បាយរីករាយក៏បានកើតឡើងម្ដងទៀតនៅនាទីទី ៤១ ដោយសារការទាត់បាល់ចូលទីហ្វីលីពីនបានមួយគ្រាប់ទៀតដោយកីឡាករ កែវ សុខផេង។
ចាប់ផ្ដើមការប្រកួតក្នុងតង់ទី២ នៅនាទី ៥៣ ក្រុម U -23 ហ្វីលីពីន រកបានមួយគ្រាប់វិញដោយខ្សែប្រយុទ្ធ Salenga Paolo ។ ការប្រកួតបន្តរហូតដល់នាទី ៧៧ ក្រុម U-23 កម្ពុជាក៏ធ្វើការផ្លាស់ប្ដូរខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេតអង្គរ ចូល គឺកីឡាករ ចាន់ រឌ្ឍនាកា ជំនួស កែវ សុខផេង។ ការផ្លាស់ប្ដូរនេះធ្វើឲ្យកម្ពុជាមានឱកាសរកគ្រាប់បាល់បានមួយ គ្រាប់ទៀតដោយកីឡាករ ចាន់ វឌ្ឍនាកា ដែលទើបដូរចូលនេះឯងនៅនាទី ៨១។ ចប់ការប្រកួត U -23 កម្ពុជាយកឈ្នះ U-23 ហ្វីលីពីន ៣-១ ៕
ខាងក្រោមជាទិដ្ឋភាពប្រកួតរវាង U-23 កម្ពុជា និង U-23 ហ្វីលីពីន ដែលថតដោយអ្នកយកព័ត៌មាន Sabay លោក ម៉ឺន រស្មី ពីសិង្ហបុរី៖
អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា
ប្រភព Sabay News