សេចក្ដីថ្លែងការគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០១ មិថុនានេះ យល់ឃើញថា ការការពារសិទ្ធិ និងជាសេរីភាពជាមូលដ្ឋាន ជាពិសេស សេរីភាពក្នុងការបង្កើតសហជីព សមាគម ឬអង្គការសង្គម ជាគោលបំណងដ៏សំខាន់នៃច្បាប់នេះ។សេចក្ដីថ្លែងការណ៍បន្ថែមថា៖«យើងសូម សង្កត់ថា សេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គប្បីការពារឆន្ទៈរបស់សហគមន៍តាមមូលដ្ឋាន សមាគម និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលកំពុងប្រតិបត្តិការបម្រើផលប្រយោជន៍ខ្មែរទាំងមូល។ ការចូលរួមវិភាគទានរបស់ពួកគេ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ ការការពារសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌»។
កន្លងមកលោក ឈាង វុន ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន បានឲ្យដឹងថា គណៈកម្មការរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសិក្ខាសាលាមួយ ដើម្បីពិភាក្សាជាមួយសង្គមស៊ីវិល អំពីសេចក្ដីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើសិនជាលោក ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាត។
ក្នុងលិខិតសរសេរ និងហត្ថលេខាដោយដៃផ្ទាល់ផងនោះ លោក ឈាង វុន បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំក៏បានជម្រាបភាគីសន្ទនាដែរថា បើគណៈកម្មការទី៥ ត្រូវបានទទួលការងារនេះ ខ្ញុំនឹងធ្វើសិក្ខាសាលា ដើម្បីពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល បើសម្ដេចប្រធានរដ្ឋសភាអនុញ្ញាត»។
កាលពីថ្ងៃទី២៥ ឧសភា ក្រសួងមហាផ្ទៃ ក៏បានចេញមុខបកស្រាយថាដំណើរការរៀបចំច្បាប់នេះ គឺផ្អែកនិងគិតគូរគ្រប់ជ្រុងជ្រោយលើមូលដ្ឋាននៃធាតុចូល ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិចំនួន២លើក ដោយមានការចូលរួមពី អ្នកពាក់ព័ន្ធ និងយោបល់នានាដែលបានពីការពិភាក្សាដោយឡែកៗពីគ្នាជាច្រើនលើកច្រើនសា រវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាមួយស្ថាតទូត និងតំណាងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា អះអាងថា បង្កើតឡើងដើម្បីលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបង្កើត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលើកកម្ពស់កិច្ចប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលលើគ្រប់ វិស័យ។
សេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍន៍សង្គមស៊ីវិល ត្រូវបានធានា និងការពារដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជំពូកទី៣ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជាហត្ថលេខី៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.