លោក លាង ដឺលុច៖ លោកមានឈ្មោះបោះសំឡេងនៅក្នុងអាណត្តិទី១ ។ នៅដើមអាណត្តិទីមួយ ក្នុងក្របខណ្ឌនៃគណបក្សហ្វ៊ុនស៊ិនប៉ិច លោកបានធ្វើជារដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ ក្រសួងអប់រំ និងក្រោយមកជារដ្ឋមន្ត្រីក្រសួងការបរទេស មុននឹងក្លាយជានាយករដ្ឋមន្ត្រីទីមួយនៅចុងអាណត្តិទី១នោះ។ ក្រោយមកទៀត នៅក្នុងការបោះឆ្នោតនីតិកាលទី២ លោកបានបង្កើតគណបក្សរាស្ត្រនិយម ដើម្បីចូលរួមប្រកួតប្រជែង ប៉ុន្តែគណបក្សរបស់លោកមិនបានទទួលសំឡេងគាំទ្រជាប់នៅក្នុងរដ្ឋសភាឡើយ។ តាំងពីពេលនោះមក ឈ្មោះលោក អ៊ឹង ហួត ហាក់បានរសាយបន្តិចម្តងៗ រហូតដល់លែងឮតែម្តង។ តើលោកអាចជម្រាបអ្នកអានសារព័ត៌មានថ្មីៗបានទេ ថាបច្ចុប្បន្ននេះលោកកំពុងធ្វើអ្វី? ហើយនៅទីណា?
លោក អ៊ឹង ហួត៖ អរគុណថ្មីៗ ។ ខ្ញុំនៅស្រុកខ្មែរនេះរហូតទេ។ ខ្ញុំបានត្រឡប់ទៅគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ក្រោយពីបោះឆ្នោតឆ្នាំ១៩៩៨ ដែលខ្ញុំមិនបានទទួលលទ្ធផលនោះ។ ក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី២ ខ្ញុំបានជាប់ឆ្នោតជាសមាជិកព្រឺទ្ធសភា។ ឥឡូវនេះ ខ្ញុំសម្រាកពីនយោបាយ តែខ្ញុំនៅកម្ពុជារហូតហ្នឹង។ គេមិនដែលឃើញខ្ញុំនៅតាមទូរទស្សន៍ដូចកាលពីមុន ម្លោះគេនឹងថា ខ្ញុំប្រហែលមិននៅស្រុកខ្មែរទេ។ អ្នកខ្លះថា ខ្ញុំនៅប្រទេសអូស្ត្រាលី។ សព្វថ្ងៃ ខ្ញុំមានមុខរបរជាកសិករ ដោយមានអ្នកវិនិយោគពីបរទេសមកធ្វើជាមួយខ្ញុំ។ ដាំដំណាំម្រេច ស្វាយ ទ្រង់ទ្រាយមធ្យម មិនធំទេ។ ដូច្នេះរឿងនយោបាយ ខ្ញុំសម្រាកហើយ ខ្ញុំមិនចូលបក្សណាទេ។ ខ្ញុំធ្វើជាពលរដ្ឋខ្មែរម្នាក់ឯករាជ្យ ប៉ុន្តែខ្ញុំនៅឃ្លាំមើលសកម្មភាពនយោបាយដែលជាអាយុជីវិតប្រទេសជាតិទៅ អនាគត។ ខ្ញុំធ្លាប់បម្រើជាតិ ធ្លាប់បានធ្វើការច្រើនមកហើយជូនប្រទេសជាតិ ម្លោះហើយខ្ញុំមិនអាចបោះបង់ចោលកើតទេ។ ខ្ញុំនៅតាមដានមើលការវិវត្តរបស់ប្រទេសជាតិយើង។ ខ្ញុំឃើញមានការវិវត្តល្អសព្វថ្ងៃនេះ។
លោក លាង ដឺលុច៖ ទន្ទឹមនឹងការឃ្លាំមើល តើលោកកំពុងគិតថា លោកនឹងត្រឡប់ចូលក្នុងឆាកនយោបាយវិញដែរឬទេ?
លោក អ៊ឹង ហួត៖ ខ្ញុំមិនគិតថា ខ្ញុំនឹងចូលក្នុងឆាកនយោបាយវិញទេ ពីព្រោះសព្វថ្ងៃមានគេធ្វើគ្រប់គ្រាន់អស់ហើយ។ ខ្ញុំយល់ថា ខ្ញុំសម្រាកល្អជាង។ ហើយខ្ញុំរករបរទទួលទានអ៊ីចឹងទៅ។ ប៉ុន្តែថ្ងៃណាមួយ យើងមើលមិនឃើញទេ ជីវិតមនុស្ស។ ដូចដែលខ្ញុំទៅធ្វើជានាយករដ្ឋមន្ត្រីទី១ ខ្ញុំមិនដែលបានគិតថា ខ្ញុំត្រូវធ្វើវាទេ។ តែវាកើតឡើងអ៊ីចឹង ធ្វើម៉េច? វាជាតម្រូវការនៅពេលនោះ។ ពេលនោះ បើខ្ញុំមិនទៅធ្វើ (នាយករដ្ឋមន្ត្រីទី១) វាអាចកម្ពុជាយើង មិនបានមានថ្ងៃនេះទេ។ ប្រហែលជាសង្គ្រាមនៅបន្តរហូតមកដល់ថ្ងៃនេះ។ ហើយយើងគ្មានការវិវឌ្ឍន៍ទេ។ ខ្ញុំសហការគ្នាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាការពិតមែនហើយ។ ប៉ុន្តែបើយើងមិនបានរក្សាស្ថេរភាពនយោបាយ ស្ថាប័នរដ្ឋសភា ស្ថាប័នព្រះមហាក្សត្រ នៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៩៧ យើងប្រហែលជាពុំមានថ្ងៃនេះទេ។
លោក លាង ដឺលុច៖ ខ្ញុំបានជួបអ្នកនយោបាយច្រើនដែលនិយាយថា នយោបាយគឺដូចគ្រឿងញៀនអ៊ីចឹង។ គេអាចឈប់បណ្តោះអាសន្នបាន ប៉ុន្តែមិនអាចឈប់ដាច់ណាត់នោះទេ។ តើលោកយល់ស្របនឹងគំនិតនេះដែរឬទេ?
លោក អ៊ឹង ហួត៖ វាអាចអ៊ីចឹងដែរ។ ប៉ុន្តែក៏មានអ្នកដែលផ្តាច់គ្រឿងញៀនដាច់ដែរតើ។
លោក លាង ដឺលុច៖ លោកបានមានប្រសាសន៍ថា លោកកំពុងធ្វើជាកសិករ។ តើលោកកំពុងធ្វើអ្វីពិតប្រាកដ? ទំហំធំប៉ុណ្ណា? ហើយនៅទីណា?
លោក អ៊ឹង ហួត៖ សព្វថ្ងៃខ្ញុំមានចម្ការម្រេចនៅខេត្តកំពត។ ម្រេចកំពតជាម្រេចដែលល្អជាងគេក្នុងពិភពលោក។ ជាចម្ការធំដែរ ដែលខ្ញុំសហការជាមួយអ្នកវិនិយោគមកពីបរទេស។ យើងគ្មានលទ្ធភាពធ្វើវាទេ ព្រោះវាត្រូវការប្រាក់កាសច្រើនណាស់។ ខ្ញុំជាប្រធានក្រុមហ៊ុន តែមានសមាជិកភាគហ៊ុនបរទេស។ ហើយនៅគិរីរម្យ ខ្ញុំដាំស្វាយ។
លោក លាង ដឺលុច៖ លោកបានមានប្រសាសន៍មុននេះ ថាលោកកំពុងឃ្លាំមើលការវិវត្តផ្នែកនយោបាយរបស់កម្ពុជា។ តើលោកមើលឃើញយ៉ាងណាចំពោះដំណើរវិវត្តរបស់កម្ពុជានៅពេលនេះ?
លោក អ៊ឹង ហួត៖ កន្លងមកមានការច្របូកច្របល់ (អស់សំណើច)។ នយោបាយកម្ពុជាច្របូកច្របល់ណាស់។ ប៉ុន្តែចុងក្រោយ មានការសម្របសម្រួល។ សំខាន់ណាស់សន្តិភាព ស្ថេរភាពនយោបាយ។ បើខ្វះចំណុចទាំងនេះ ការអភិវឌ្ឍន៍ប្រទេសជាតិពុំអាចលឿនទៅមុខបានទេ។ វប្បធម៌សន្ទនា ខ្ញុំមិនដឹងថាតើអាចរស់បានត្រឹមណាតទៅទៀតទេ តែខ្ញុំឃើញថា វាជាជំហ៊ានមួយសមរម្យដែរ។
លោក លាង ដឺលុច៖ លោកជាអ្នកនយោបាយជើងចាស់មួយរូប។ ដល់ពេលនេះលោកមានអាយុ៧០ឆ្នាំហើយ។ លោកទើបតែបានលើកឡើងអម្បិញថា ថ្នាក់ដឹកនាំនៃគណបក្សនយោបាយក្នុងរដ្ឋសភាទាំងពីរបានបង្កើតវប្បធម៌ សន្ទនាជាមួយ។ តើលោកមិនគិតថា វាយឺតពេលពេកទេ ដែលអ្នកនយោបាយកម្ពុជាទើបតែមកនិយាយអំពី ការឈប់ជេរប្រមាថគ្នា?
លោក អ៊ឹង ហួត៖ វាមិនហួសពេលទេ។ ពេលវេលានៅមានច្រើនទៀត។ អស់ពីយើងទៅ នៅក្មេងជំនាន់ក្រោយតទៅទៀត។ កម្ពុជានៅតែជាកម្ពុជា។ វាជាការវិវត្តផ្នែកនយោបាយ។ ប៉ុន្តែខ្ញុំថា ជាការវិវត្តល្អមួយ។
លោក លាង ដឺលុច៖ ល្អយ៉ាងម៉េចលោកបាទ?
លោក អ៊ឹង ហួត៖ ល្អសម្រាប់កម្ពុជាទាំងមូល។ បើយើងនិយាយពីកម្ពុជា យើងកុំនិយាយពីគណបក្សនយោបាយ ពីអ្នកនេះ ពីអ្នកនោះ! ប្រយោជន៍ជាតិជាធំ។ ខ្ញុំឃើញថា ប្រយោជន៍ជាតិនេះ វាបានផលពីស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ មានអ្នកវិនិយោគដែលជឿទុកចិត្ត បោះទុនបង្កើតការងារ និងនាំឲ្យមានការកាត់បន្ថយភាពក្រីក្រ។
លោក លាង ដឺលុច៖ លោកមានប្រសាសន៍ពីខាងដើមថាលោកកំពុងតាមដានមើលដំណើររបស់កម្ពុជា។ តើលោកមានទស្សនៈយ៉ាងណាចំពោះយុវជនជំនាន់ក្រោយរបស់កម្ពុជា?
លោក អ៊ឹង ហួត៖ ខ្ញុំពិបាកថាដែរ។ សព្វថ្ងៃយើងមានយុវជនច្រើនណាស់ ដែលរៀនបានសញ្ញាបត្រធំច្រើន។ ទោះជាយើងទទួលស្គាល់ថា វាមិនសូវមានគុណភាព ឬសមត្ថិភាព ប៉ុន្តែយើងមានពួកគេច្រើន។ នេះហើយជាអ្វីដែលខ្ញុំបានគិត កាលពីពេលដែលខ្ញុំធ្វើជារដ្ឋមន្ត្រីអប់រំឆ្នាំ១៩៩៤ ។ គឺថាយើងផលិតឲ្យបានច្រើន គុណភាពចាំយើងច្នៃតាមក្រោយ។ ឥឡូវនេះយុវជនយើងមានគំនិតល្អៗ អ្នកខ្លះនាំគំនិតមកពីបរទេសធ្វើក្រុមហ៊ុន សហគ្រាស។ ខ្ញុំតែងនិយាយថា កម្ពុជាយើងឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ឆ្លងកាត់របបប៉ុល ពត ទាំងអស់៣០ឆ្នាំ។ កម្ពុជាយើងមិនដឹងជានៅបាតដាលណាទេ? ប៉ុន្តែយើងត្រូវមើលមួយចំហៀងទៀត។ កម្ពុជាអាចហក់ទៅយក បច្ចេកវិទ្យាថ្មី ចំណេះដឹងថ្មី ខ្ញុំចង់និយាយថា ថ្មីៗដូចកាសែតថ្មីៗអ៊ីចឹង (សើច) មកអនុវត្ត។ យើងមិនបាច់ដើរតាមផ្លូវដែលគេដើរកន្លងមកនោះទេ។ យើងចាប់យកបច្ចេកវិទ្យាចុងក្រោយ។ ឧទាហរណ៍ បច្ចេកវិទ្យាទូរសព្ទ អ៊ិនថឺនែត បណ្តាញសង្គម យើងមិនខុសពីប្រទេសក្នុងអាស៊ានឡើយ។ យើងមានសំណាងមួយដែល ក្នុងរឿងដែលយើងមកយឺតនេះ គឺយើងអាចចាប់យកបច្ចេកវិទ្យាចុងក្រោយនេះបាន។
លោក លាង ដឺលុច៖ តាមពិតលោកមានជំនាញមូលដ្ឋានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ហើយលោកក៏បានបន្តជំនាញនេះនៅក្នុងប្រទេសអូស្ត្រាលីដែរ។ តើក្នុងរយៈពេលកន្លងមក លោកបានចែករំលែកជំនាញរបស់លោកដល់យុវជនជំនាន់ក្រោយបានប៉ុណ្ណាដែរ?
លោក អ៊ឹង ហួត៖ ខ្ញុំមិនបានចែករំលែកជំនាញបានច្រើនទេ។ ព្រោះខ្ញុំមិនបានកាន់កាប់ការងារដែលជាជំនាញពិតប្រាកដរបស់ខ្ញុំឡើយ។ ប៉ុន្តែកាលដែលខ្ញុំទៅសិក្សានៅស្រុកគេនោះ គឺគេកែប្រែយើងឲ្យទៅជាអ្នកទូទៅ ជាអ្នកដឹកនាំ គឺមិនមែនជាអ្នកជំនាញទេ។ ដូច្នេះអ្នកដឹកនាំត្រូវចេះទាំងអស់ ដឹងទាំងអស់។ ជួនកាលយើងធ្វើមិនកើតទេ តែយើងដឹងថា គេត្រូវធ្វើដូចម្តេច? ហើយដឹងថា តើត្រូវរកអ្នកណាដែលអាចធ្វើការងារនោះកើត។ នេះសំខាន់ណាស់ (សើច)៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.