កុំព្យូទ័រ ទាំងអស់សុទ្ធតែដូចគ្នា មិនថាថ្លៃ ឬថោកនោះទេ។ នៅពេលដែលយើងប្រើប្រាស់រយៈពេលយូរ វានឹងមានបញ្ហាកើតឡើងដូចគ្នា ហើយអាចឈានដល់ដំណាក់កាលតម្រូវឲ្យដូរវាចេញ។ ខាងក្រោមនេះគឺជាមុខសញ្ញាទាំង៧ដែលបង្ហាញថា អ្នកត្រូវធ្វើការផ្លាស់ប្ដូរកុំព្យូទ័រចាស់របស់អ្នកចេញ៖
១. មិនអាចធ្វើការដំឡើងប្រតិបត្តិការជំនាន់ចុងក្រោយបំផុតបាន
ប្រព័ន្ធប្រតិបត្តិការដែលគេហៅថា Windows គឺតែងតែមានការវិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្រូវការនូវសមត្ថភាពកុំព្យូទ័រក៏មានការកើនឡើង ដោយកុំព្យូទ័រចាស់ៗមួយចំនួនមិនអាចធ្វើការដំឡើងពី Windows ចាស់ទៅ Windowsថ្មីបានទេ។ មានអ្នកប្រើប្រាស់មួយចំនួននៅបន្តប្រើប្រាស់ Windows ស៊េរីចាស់ (ឧ. Windows XP) តែវិធីនេះមិនល្អនោះទេ ព្រោះយើងដឹងស្រាប់ហើយថា Windows XP ដែលជា Windows ស៊េរីចាស់នោះត្រូវបានក្រុមហ៊ុន Microsoft ធ្វើការបោះបង់ចោលដោយមិនមានការ Update អ្វីថ្មីឡើយ។
២. មិនអាចប្រើប្រាស់កម្មវិធី ឬលេងហ្គេមជំនាន់ថ្មីបាន
កម្មវិធីមួយចំនួនដូចជាកម្មវិធីកែរូបភាព កាត់តវីដេអូ កម្មវិធីគូរប្លង់ និងកម្មវិធីហ្គេមដូចពពួកហ្គេមជំនាន់ថ្មីដែលសុទ្ធសឹងតែជាប្រភេទ 3D ទាមទារឲ្យយើងមានកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ទើបអាចដំណើរការ វាបាន។ បើអ្នកនៅប្រើប្រាស់កុំព្យូទ័រចាស់ សមត្ថភាពទាប មិនអាចបំពេញតម្រូវការបាននោះទេ។
៣. កុំព្យូទ័រចាប់ផ្ដើមដើរយឺត
ពេលដែលយើងប្រើប្រាស់កុំព្យូទ័ររយៈពេលយូរ វាចាប់ផ្ដើមដើរយឺតជាងកាលពីមុន។ ការយឺតនេះអាចបណ្ដាលមកពី Software មានបញ្ហា ដោយមានការឆ្លងមេរោគជាដើម ហើយបញ្ហានេះអាចធ្វើការដោះស្រាយបានដោយប្រើកម្មវិធីជំនួយ។ តែបើសិនជាការយឺតនេះបណ្ដាលមកពី Hardware ចាប់ផ្ដើមចុះខ្សោយ បាត់បង់សមត្ថភាពនោះ យើងមិនអាចធ្វើការកែខៃវាដោយប្រើកម្មវិធីបាននោះទេ។
៤. មិនអាចភ្ជាប់ខ្សែប្រភេទថ្មីបាន
កុំព្យូទ័រចាស់មួយចំនួនគឺមិនមានរន្ធសម្រាប់ដោតខ្សែប្រភេទ ថ្មីដូចជា ខ្សែ Monitor 4K ឬរន្ធ USB-C ជំនាន់ថ្មីបាននោះទេ។
៥. មិនមានសល់ទំហំទំនេរ
នៅពេលដែលអ្នកបើកកម្មវិធី២ ឬ៣ ប៉ុន្តែទំហំនៃ RAMត្រូវបានប្រើប្រាស់គ្មានសល់ ហើយទំហំនៃការប្រើប្រាស់ CPU កើនដល់៨០ភាគរយ ចំណែក Hard Disk ក៏មិនមានសល់ចន្លោះទំនេរ នោះវាក៏ជាសញ្ញាមួយបង្ហាញថាអ្នកគួរដូរកុំព្យូទ័រផងដែរ។
៦. លាន់លឺសំឡេងខ្លាំង
សំឡេងនេះអាចលាន់លឺខ្លាំងជាងពេលដែលទើបប្រើលើកដំបូង នេះបណ្ដាលមកពី CPUធ្វើការលើសសមត្ថភាពរបស់វា និងអាចមកពីកង្ហាររបស់ CPUខូច។
៧. អ្នកចំណាយពេលជួសជុលវាច្រើនជាងការប្រើវា
កម្មវិធីគាំងដោយគ្មានមូលហេតុ Wi-Fi ចេះតែដាច់ ហើយ System ទាំងមូលស្រាប់តែគាំងនៅមួយកន្លែង នេះក៏ជាសញ្ញាមួយដែលយើងត្រូវគិតគូរផងដែរ។
អ្នកត្រូវចាំថាកុំព្យូទ័រមិនអាចរស់នៅបានរហូតនោះទេ។ មុនពេលវាផុតអាយុកាល វាមានផ្ដល់បញ្ហាច្រើនជាង ផលប្រយោជន៍ដែលវាផ្ដល់ឲ្យយើង៕
ប្រភព Sabay News