រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានចុះបង្ក្រាបនិងក្របួចបានក្រុមអ្នកលេងល្បែងស៊ីសងដុះស្លែខុស ច្បាប់មួយកន្លែង រួមមានល្បែងអាប៉ោង និងល្បែងបៀរ ដោយឃាត់ខ្លួនបានមនុស្សចំនួន០៨នាក់ ស្ថិតនៅក្នុងភូមិសម្ព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាម ប្រភពព័ត៌មានពីសាលាខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានចុះបង្ក្រាបល្បែងស៊ីសងដុះស្លែមួយកន្លែងស្ថិតនៅទីតាំងខាងលើ ដោយធ្វើការឃាត់ខ្លួនមេអាប៉ោងនិងអ្នកចូលរួមលេងបានចំនួន០៨ នាក់។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ប្រាក់រៀលចំនួន៨៧០០០រៀល, បៀរ០២ហ៊ូរ, ចានអាប៉ោង០១, ចានទ្រចានអាប៉ោង០១, កំរាលលេខសម្រាប់ចាក់ (ហាន់តោ), ភួយកម្រាលលេងបៀរ០១, ផ្តិលគ្រាប់ចានអាប៉ោង០១, មេអាប៉ោង០១, ទូរស័ព្ទដៃចំនួន១០គ្រឿង និង ម៉ូតូចំនួន០៦គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ប្រភព Kqube