Lionel Messi , Luis Suarez និង Neymar ត្រូវបានគេមើលឃើញថាជាខ្សែប្រយុទ្ធលេងស៊ីចង្វាក់គ្នាល្អបំផុត ក្នុងរដូវកាលនេះ ដោយអាចរកគ្រាប់បាល់សរុបរហូតដល់ទៅ១២០គ្រាប់ឯណោះ និងជួយក្រុម Barcelona លើកពានធំៗទៀត។ ដោយឡែកការសហការគ្នានេះដែរ គឺមិនមែនមានតែកីឡាករ៣នាក់នេះនោះទេ ពោលគឺធ្លាប់មានកីឡាករផ្សេងៗទៀតក៏ធ្លាប់ធ្វើបានយ៉ាងល្អដូច្នេះ ដែរ អំឡុងពេលពួកគេនៅលេងបាល់ទាត់ដូចជា George Best, Bobby Charlton និង Dennis Law របស់ក្រុម Manchester United ជាដើម។
ចុះក្រៅពីនេះ តើមានទ័ពស្រួចណាទៀតធ្លាប់ប្រកៀកស្មាគ្នាប្រយុទ្ធនៅលើសង្គ្រាម វាលស្មៅនេះ? សូមមើលខាងក្រោមនេះជាមួយ Sabay ទាំងអស់គ្នាដើម្បីដឹងច្បាស់៖
១. Lionel Messi , Luis Suarez , Neymar
ខ្សែប្រយុទ្ធ៣នាក់ខាងលើនេះ បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ក្រុម Barcelona ដោយរដូវកាលនេះអាចរកគ្រាប់បាល់បានដល់ទៅ១២០គ្រាប់ និងជួយក្រុមឈ្នះពាន២រួចជាស្រេចទៅហើយ La Liga , Copa del Rey ហើយនៅថ្ងៃទី៦ខាងមុខនេះពួកគេក៏មានទំនុកចិត្តថានឹងអាចជួយ ក្រុមលើកពាន UEFA Champions League ថែមទៀតផង។
២. Cristiano Ronaldo , Gareth Bale , Karim Benzema
ទ័ពស្រួច៣នាក់នេះគឺជាតួអង្គសំខាន់របស់ក្រុម Real Madrid កាលពីរដូវកាលមុន ពោលគឺអាចជួយក្រុមអធិរាជសលើកពានបានដល់ទៅ៤ឯណោះ Copa del Rey , UEFA Super Cup , UEFA Champions League និង FIFA Club World Cup ។ លើសពីនេះទៅទៀត រដូវកាលនេះវិញ គ្រាន់តែ Ronaldo ម្នាក់ឯង អាចរកគ្រាប់បាល់ដល់ទៅ៦១គ្រាប់ឯណោះ ហើយចំនួននេះក៏អាចរក្សាតំណែងម្ចាស់ស្បែកជើងមាសរបស់គេបានផងដែរ នៅឆ្នាំនេះ។
៣. George Best, Bobby Charlton , Dennis Law
George Best, Bobby Charlton និង Dennis Law គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបិសាច ក្រហម Manchester United ។ ដោយអ្នកស្រលាញ់បាល់ទាត់ភាគច្រើនបានគិតថា ក្រៅពី Pepe និង Diego Maradona ទៅមានតែ George Best នេះហើយ ដែលជាកីឡាករល្អជាងគេលើលោកនេះ។
៤. Jairzinho, Tostao , Pele
កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល៣នាក់នេះ ពិតជាធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមែនទែន អំឡុងឆ្នាំ១៩៧០ ពោលគឺគ្រានោះក្រុមសាំបាប្រេស៊ីលពិតជាក្រុមខ្លាំងទាំងវាយលុក និងការពារ ពោលគឺ World Cup ឆ្នាំនោះ ប្រទេសប្រេស៊ីលជាអ្នកឈ្នះ ហើយគ្រាប់បាល់១៩គ្រាប់ដែលក្រុមនេះរកបានមាន ១៤គ្រាប់ទៅហើយ ចេញពីជើងរបស់ Pele ។ មួយវិញទៀត អ្វីដែលសំខាន់នោះ Pele ជាកីឡាករម្នាក់គត់ដែលធ្លាប់លើកពាន World Cup បាន៣ដង ក្នុងអាជីពជាកីឡាករបាល់ទាត់។
៥. Rivaldo, Ronaldo , Ronaldinho
Rivaldo, Ronaldo និង Ronaldinho ត្បិតតែមិនអាចធ្វើបានល្អដូច Jairzinho, Tostao និង Pele មែន ប៉ុន្តែខ្សែប្រយុទ្ធ៣នាក់នេះក៏បានបង្កព្យុះភ្លៀងមិនតិចនោះទេ ឱ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងពេលកន្លងមក។ តួយ៉ាងដូចកាលពីឆ្នាំ២០០២ កីឡាករ៣នាក់នេះបានជួយក្រុមជម្រើសជាតិប្រេស៊ីលបានច្រើនណាស់ ហើយពួកគេក៏បានបង្ហាញសមត្ថភាពអស្ចារ្យផងដែរ ដោយ Ronaldinho ទាត់មួយជើងពីចម្ងាយជាង៣០ម៉ែត្រចូល ពេលប្រកួតជាមួយក្រុមជម្រើសជាតិអង់គ្លេសជាដើម។
៦. Samuel Eto’o, Thierry Henry និង Lionel Messi
ខ្សែប្រយុទ្ធ៣នាក់ខាងលើនេះ អំឡុងឆ្នាំ២០០៩ ពួកគេបានបង្កើតប្រវត្តិសាស្ត្រឱ្យក្រុម Barcelona ដោយរកគ្រាប់បាល់បាន១០០គ្រាប់ ប៉ុន្តែរដូវកាលនេះត្រូវបាន MSN បំបែកបាន ដោយរកបានដល់ទៅ១២០គ្រាប់ឯណោះ។ តែទោះជាយ៉ាងនេះក្ដី Samuel Eto’o, Thierry Henry និង Lionel Messi នៅតែជានិមិត្តរូបរបស់អ្នកគាំទ្រអ្នកមានបុណ្យដដែល ព្រោះថាពួកគេបានជួយក្រុមបានច្រើន ហើយក៏ជាកីឡាករដែលឱ្យក្លិបមួយនេះល្បីល្បាញខ្លាំងផងដែរ។
ចំពោះប្រិយមិត្តវិញ តើគិតថាខ្សែប្រយុទ្ធណាខ្លះដែរ ដែលសមជាកំពូលខ្សែប្រយុទ្ធទាំង៣នាក់នៅលើលោកនេះពិតប្រាកដ?
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព Sabay