Sepp Blatter លាលែងតំណែងជាប្រធាន FIFA
3 Jun, 2015 07:29
3 Comment (s)
ការប្រកាសលាលែងតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងវិស័យបាល់ទាត់ នេះ ធ្វើឡើងបន្ទាប់ពីលោក Sepp Blatter ទើបកាន់តំណែងអាណត្តិថ្មីឆ្នាំ២០១៥ បាន៤ថ្ងៃប៉ុណ្ណោះ។ បុរសជនជាតិស្វីសរួបនេះ បានស្នើឲ្យមានការប្រជុំវិសាមញ្ញភ្លាមៗមួយតាមដែលអាចធ្វើទៅបាន ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធថ្មី។
កន្លងទៅថ្មីៗនេះ ភ្នាក់ងារសំងាត់របស់សហរដ្ឋអាមេរិក FBI បានប្រកាសចាប់ខ្លួនថ្នាក់ដឹកនាំកំពូល១៤រូបរបស់ FIFA ដោយសាររកឃើញថាមានជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ។ ចំណែកលោក Sepp Blatter ដែលជាប្រធានសហព័ន្ធ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
យ៉ាងណាក្ដី ២ថ្ងៃក្រោយមក ការបោះឆ្នោតជ្រើសរើសប្រធាន FIFA បានប្រព្រឹត្តទៅជាធម្មតា ហើយលោក Sepp Blatter នៅតែបន្តតំណែងអាណត្តិថ្មី ក្រោយយកឈ្នះដៃគូប្រជែងព្រះអង្គម្ចាស់ Ali bin al-Hussein របស់ប្រទេសហ្សកដានី។
បើទោះជាប់ឆ្នោតក្ដីក៏លោក Blatter បានពោលពាក្យថា “អំណាចរបស់ខ្ញុំមិនបានទទួលការគាំទ្រពីគ្រប់គ្នាឡើយ”។ អតីតកីឡាករសញ្ជាតិព័រទុយហ្គាល់ Luis Figo បានសាទរចំពោះការសម្រេចចិត្តនេះ ដោយនិយាយថា “ការផ្លាស់ប្ដូរបានមកដល់ហើយ” ខណៈប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប លោក Michael Platini ចាត់ទុកថាជាការសម្រេចចិត្តដ៏ក្លាហាន និងត្រឹមត្រូវ។
លោក Sepp Blatter ដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នាំ ធ្លាប់ជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ៥អាណត្តិមកហើយ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩៨, ២០០២, ២០០៧, ២០១១ និង ឆ្នាំ២០១៥ ដែលទើបបោះឆ្នោតកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅនេះ៕
ការប្រកាសរបស់លោក Sepp Blatter៖
ប្រែសម្រួល៖ គង់ វិសាល