ប្រមុខ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានលើកឡើងនូវកត្តា៤ចំណុចដែល ជាការលើកទឹកចិត្តដ៏សំខាន់បំផុតដល់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាអាយុក្រោម២៣ឆ្នាំ(U-23)ដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី។
លោក សៅ សុខា ស្វាគមន៍កីឡាករពេលប្រកួតនឹងម៉ាកាវនៅស្តាតចាស់
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួបសំណេះសំណាលជាមួយក្រុម U-23 កម្ពុជាកាលពីយប់ថ្ងៃសៅរ៍ ទី៣០ មុនពេលពួកគេចេញដំណើរនៅព្រឹកថ្ងៃទី៣១ ឧសភាកន្លងទៅ។ ពេលជួបសំណេះសំណាលនោះ លោកប្រធានបានលើកឡើងកត្តា៤យ៉ាងដែលធ្វើឲ្យក្រុមកីឡាករជម្រើស ជាតិកម្ពុជាប្តេជ្ញាប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះជួន ជាតិ។
១- សមត្ថភាពរបស់ក្រុមជម្រើសជាតិចំនួន
សម្រាប់ការប្រកួតជម្រុះក្នុងពូល B លោកប្រធានសហព័ន្ធយល់ឃើញថា ក្រុមឡាវ និងប្រ៊ុយណេគ្មានអ្វីប្រែប្រូលទេ បន្ទាប់ពីត្រូវក្រុមថៃ និងវៀតណាមលត់យ៉ាងចាស់ដៃ៦-០ ដូចគ្នា។ លោកបាននិយាយថា ៖«យប់មិញខ្ញុំមើលថៃ ប្រកួតនឹងឡាវ ហើយវៀតណាមប្រកួតនឹងប្រ៊ុយណេ គេ(ឡាវ និងប្រ៊ុយណេ)អត់មានអ្វីប្រែប្រួលទេ តែកម្ពុជាប្រែប្រួល គេមិនអាចស៊ីយើងដល់៦-០ទេ»។ សម្រាប់ការប្រកួតបើកឆាកពូល B ក្រុម U-23 ថៃលត់ក្រុមឡាវ ៦-០ ហើយក្រុម U-23 វៀតណាមក៏បានបំបាក់ប្រ៊ុយណេ ៦-០ ដូចគ្នា ដូច្នេះលោកមើលឃើញថា ទម្រង់លេងរបស់ក្រុមឡាវ និងប្រ៊ុយណេគ្មានអ្វីប្រែប្រួលទៅនឹងស៊ីហ្គេមលើកមុនៗទេ។
២- បទពិសោធន៍ចុងក្រោយល្អ
លោក សៅ សុខា មានប្រសាសន៍ថា ៖«ប្រកួតកន្លងមក ក្រុមយើងមានឈ្នះ មានចាញ់ តែចាញ់ ចាញ់ទាំងប្រកៀកប្រកិត ហើយសុទ្ធតែចាញ់លើក្រុមខ្លាំងៗទៀត អីចឹងយើងធ្វើបានល្អកន្លងមក»។
សម្រាប់ការប្រកួតមិត្តភាពកន្លងមក U-23 កម្ពុជាបានប្រកួតឈ្នះ U-23 សិង្ហបុរី ៣-១ និងស្មើ U-22 សិង្ហបុរី ២-២។ បន្ទាប់មក U-23 កម្ពុជាប្រកួតស្មើនឹង U-23 ម៉ាឡេស៊ី ៣-៣ មុនពេលចាញ់ U-23 ម៉ាឡេស៊ីប្រផុតប្រផើយ ៣-២ ហើយថ្មីៗកន្លងទៅនេះU-23 កម្ពុជាចាញ់U-22 កូរ៉េខាងត្បូង១-០ មុនពេលលត់ក្រុមអាជីពវៀតណាម Dong Tam Long An ៣-១។ ចំពោះការប្រកួតនៅព្រឹត្តិការណ៍ 2016 AFC U-23 Championship វិញ ក្រុម U-23 កម្ពុជាឈ្នះU-23 ហ្វីលីពីនដោយលទ្ធផល ៣-១ តែចាញ់ក្រុមខ្លាំងU-23 ថៃ ២-១ និងU-23 កូរ៉េខាងជើង ៤-១។
៣- ប្រាក់រង្វាន់លើកទឹកចិត្ត
លោក សៅ សុខា បានសន្យាផ្តល់ប្រាក់រង្វាន់លើកទឹកដល់ក្រុមបាល់ទាត់ជម្រើស ជាតិដែលទៅស៊ីហ្គេម និងជាការសន្យាពិតប្រាកដ។ លោកថា ៖«មិនមែនជាការសន្យាខ្យល់ទេ រាល់ការប្រកួតឈ្នះក្នុងពូលគឺបាន១ម៉ឺនដុល្លារ មានន័យថា ឈ្នះ១ប្រកួត ទទួលបាន១ម៉ឺនដុល្លារ ឈ្នះទាំង៤ប្រកួតក្នុងពូល នឹងទទួលបាន៤ម៉ឺនដុល្លារ។ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មិនថាចាញ់ឬឈ្នះទេ នឹងទទួលបាន៣ម៉ឺនដុល្លារ ហើយបើឡើងដល់វគ្គផ្តាច់ព្រ័ត្រ នឹងបាន១០ម៉ឺនដុល្លារ មិនគិតពីលទ្ធផលចាញ់ឬឈ្នះទេ។ សរុបទឹកប្រាក់ទាំងអស់ចំនួន១៧ម៉ឺនដុល្លារអាមេរិក ប្អូនៗត្រូវប្រឹងចាយលុយរបស់សហព័ន្ធឲ្យអស់។ មិនមែនជាការយកលុយទៅទិញប្អូនៗទេ ប៉ុន្តែជាការលើកទឹកចិត្តដើម្បីឲ្យប្អូនៗប្រឹងលេងដើម្បីប្រទេស ជាតិ»។
៤- រៀបចំរថយន្តជាពិសេស
នៅក្នុងពិធីសំណេះសំណាលនោះដែរ ប្រមុខសហព័ន្ធរូបនេះបានបន្ថែមថា សហព័ន្ធបានត្រៀមរថយន្តពិសេសមួយសម្រាប់ដឹកក្រុមកីឡាករជម្រើសជាតិ កម្ពុជា។ លោកថា ៖«យើងកំពុងត្រៀមរថយន្តពិសេសមួយសម្រាប់ដឹកប្អូនៗ ហើយសង្ឃឹមថា ប្អូនៗនឹងបានជិះរថយន្តពិសេសនោះពេលត្រឡប់មក ហើយជល់កែវទាំងអស់គ្នា»។
ក្រុមU-23 កម្ពុជានឹងត្រូវប្រកួតបើកឆាកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមនាថ្ងៃស្អែកនេះវេលាម៉ោង៧:៣០នាទីយប់ (ម៉ោងនៅកម្ពុជា)ដោយប៉ះក្រុមហ្វីលីពីនដែលទើបចាញ់ម្ចាស់ផ្ទះ សិង្ហបុរី ១-០ កាលពីយប់៕
វីដេអូសំណេះសំណាល់របស់លោក សៅ សុខា នឹងកីឡាករ
អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព Sabay