Saturday, June 6, 2015

ខ្មែរ​ក្រោម​និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ដាក់​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទិវា​ជាតិ


ខ្មែរ​ក្រោម សៀមរាប ៦១០
ក្រុម​និស្សិត​នាំ​គ្នា​លាត​សន្ធឹង​ទង់​ខ្មែរ​កម្ពុជា​ក្រោម នា​បរិវេណ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៤។
RFA/Hang Savyouth
ក្នុង​ពេល​ដែល​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ត្រៀម​លក្ខណៈ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប ៦៦​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ពលរដ្ឋ​ខ្មែរ​ក្រោម និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ថ្ងៃ​ទី​៤ មិថុនា ដែល​ជា​ថ្ងៃ​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​នោះ ធ្វើ​ជា​ទិវា​ជាតិ​មួយ​ដើម្បី​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា​ចូលរួម​ចងចាំ។
ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ក្នុង​ពិធី​ខួប​រំឭក​បាត់បង់​ ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ខណៈ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​ទៀត​មិន​ដែល​ដឹង​ទាល់​តែ​សោះ ថា​មាន​ការ​ប្រារព្ធ​ពិធី​នេះ​នៅ​កម្ពុជា។
ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​មក​ពី​ខេត្ត​ព្រះត្រពាំង ឈ្មោះ ថាច់ ខ្វែ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មិថុនា ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ក្នុង​ឆ្នាំ​នេះ។ លោក ថាច់ ខ្វែ ដែល​បាន​ឡើង​មក​ប្រទេស​កម្ពុជា ប្រហែល ២០​ឆ្នាំ​មក​ហើយ​នោះ ឲ្យ​ដឹង​ថា ជាទូទៅ​លោក​ពុំ​សូវ​បាន​ខកខាន​ឡើយ។ លោក​ថា រាល់​ឆ្នាំ​ឲ្យ​តែ​ជិត​ចូល​ដល់​ខែ​មិថុនា លោក​តែង​ស្តាប់​ព័ត៌មាន ដើម្បី​ឲ្យ​ដឹង​ពី​ទីកន្លែង​គេ​ប្រារព្ធ​ពិធី។
បុរស​ខ្មែរ​ក្រោម​វ័យ ៤២​ឆ្នាំ និង​មាន​មុខ​របរ​ជា​អ្នក​លក់​បបរ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​ខ្មែរ​ក្រោម​ម្នាក់ ការ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ខ្លួន​ឯង គឺ​ជា​រឿង​សំខាន់។ លោក​ថា ការ​ចូលរួម​របស់​លោក គឺ​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​បាន​ដឹង​ពី​បញ្ហា​ផ្សេងៗ ដែល​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ ព្រោះ​លោក​យល់​ថា ខ្មែរ​ក្រោម​មិន​មែន​ត្រឹម​តែ​បាត់បង់​ទឹក​ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បាត់បង់​សិទ្ធិ​សេរីភាព និង​ការ​ប្រឈម​មុខ​នឹង​ទុក្ខ​សោក​នានា។
លោក ថាច់ ខ្វែ ក៏​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខ្មែរ ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នេះ​នៅ​ទី​សាធារណៈ​ធំៗ ដូច​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​មាន​ជំនឿ​ថា បើ​កម្មវិធី​នេះ​ប្រារព្ធ​នៅ​ទីកន្លែង​សាធារណៈ​ធំៗ នោះ​ពលរដ្ឋ​នឹង​ចូលរួម​បាន​ច្រើន ពេល​នោះ​មនុស្ស​ម្នា​នឹង​ចាប់​អារម្មណ៍​ពី​បញ្ហា​ខ្មែរ​ក្រោម​កាន់​តែ​ច្រើន ​ឡើង៖ «មាន​អារម្មណ៍​តូច​ចិត្ត​ដែរ គ្រាន់​តែ​បុណ្យ​រំឭក​ទឹក​ដី​ប៉ុណ្ណឹង គាត់​មិន​ឲ្យ​ធ្វើ យើង​សោកស្ដាយ​ចង់​ឲ្យ​នៅ​តាម​ទី​សាធារណៈ​ទៅ បង​ប្អូន​ខ្មែរ​កណ្ដាល​គាត់​ដឹង​ឮ ហើយ​គាត់​បាន​ចូលរួម​ដែរ គាត់​បាន​ចូលរួម​ជា​បច្ច័យ​ខ្លះៗ​បើ​គាត់​អ្នក​ធូរធារ ហើយ​បើ​ទៅ​កន្លែង​ស្ងាត់ គាត់​អត់​សូវ​ដឹង​ពី​រឿង​ហ្នឹង»
យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ទាំងអស់ មិន​មែន​សុទ្ធតែ​ដឹង​ពី​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា ​ក្រោម នេះ​ឡើយ។
ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់​មក​ពី​ខេត្ត​ឃ្លាំង សព្វថ្ងៃ​មាន​មុខ​របរ​ជា​អ្នក​លក់​សាច់គោ​អាំង ស្លាប​មាន់ ជង្គង់​មាន់ និង​ពង​មាន់​អាំង គឺ​លោកស្រី ថៃ សុភា។ លោកស្រី​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​លោកស្រី​បាន​ឡើង​មក​ប្រទេស​កម្ពុជា ជាង ២០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​លោកស្រី​មិន​ដែល​ដឹង​ទាល់​តែ​សោះ​ថា មាន​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​នៅ​រៀង​រាល់​ថ្ងៃ​ទី​៤ មិថុនា។ ស្ត្រី​មាន​វ័យ ៥២​ឆ្នាំ​រូប​នេះ​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ប្រកប​របរ​លក់​ដូរ​ប្រចាំ​ថ្ងៃ លោកស្រី​ពុំ​សូវ​បាន​ដើរ​ទៅ​ណា​នោះ​ទេ។ ដូច្នេះ លោកស្រី​ពុំ​សូវ​ដឹង​រឿងរ៉ាវ​ច្រើន​នោះ​ឡើយ។
យ៉ាង​ណា​ក៏ដោយ ស្ត្រី​មាន​មាឌ​តូច​ល្មម​សម្បុរ​ស​រូប​នេះ​បញ្ជាក់​ថា បើ​និយាយ​ពី​ថ្ងៃ ៧​មករា វិញ គឺ​លោកស្រី​ដឹង ព្រោះ​ថា​វា​ជា​ថ្ងៃ​ដែល​កូន​របស់​លោកស្រី​ឈប់​សម្រាក​ពី​ការ​សិក្សា ហើយ​ក៏​ឮ​គេ​និយាយ​ថា វា​គឺ​ជា​ថ្ងៃ​ដែល​វៀតណាម ចូល​រំដោះ​កម្ពុជា ជាដើម។ ដោយសារ​កត្តា​នេះ​ហើយ លោកស្រី​ថា ប្រសិន​បើ​គេ​យក​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​លោកស្រី​មិន​ធ្លាប់​ដឹង​ពី​មុន​មក​នោះ ធ្វើ​ជា​ថ្ងៃ​ចងចាំ​សម្រាប់​ប្រទេស​ទាំង​មូល នោះ​ប្រហែល​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក​ដូច​លោកស្រី បាន​ដឹង​ពី​ថ្ងៃ​មួយ​នេះ។ មួយ​វិញ​ទៀត លោកស្រី​ថា វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ធ្លាប់​ច្រឡំ​ថា​ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម នោះ ក៏​បាន​ស្គាល់​ពី​ខ្មែរ​ក្រោម​រឹត​តែ​ច្បាស់​ផង​ដែរ៖ «និយាយ​ទៅ​គេ​ ស្គាល់​ខ្មែរ​ក្រោម​តែ​មួយ​ចំណែក​ណា​មួយ​ប៉ុណ្ណោះ មាន​ខ្មែរ​ខ្លះ​នៅ​វាយ​តម្លៃ​ខ្មែរ​ក្រោម មើល​ងាយ​ថា​ខ្មែរ​ក្រោម​ជា​យួន ខឹង​នៅ​ពេល​ដែល​គេ​មើល​ងាយ តែ​បាន​ត្រឹម​តែ​ខឹង ទោះ​បី​ប្រាប់​គេ គេ​នៅ​តែ​ថា​ខ្មែរ​ក្រោម​ហើយ​យួន គឺ​ដូច​គ្នា»
ទាក់ទង​នឹង​ការ​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​មិន​ត្រូវ​ភ្លេច​ប្រវត្តិសាស្ត្រ​របស់​ជាតិ​នោះ​ឡើយ ហើយ​ត្រូវ​ធ្វើ​ការ​រំឭក​វា​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ដឹង​ពី​ថ្ងៃ​បាត់បង់​ទឹក​ដី រដ្ឋាភិបាល​កម្ពុជា គួរ​យក​ថ្ងៃ​ទី​៤ មិថុនា ធ្វើ​ជា​ទិវា​ជាតិ​មួយ​ឲ្យ​ខ្មែរ​ចងចាំ ហើយ​មិន​ត្រូវ​គិត​ថា ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ការ​បាត់បង់​សម្រាប់​តែ​ខ្មែរ​ក្រោម​នោះ​ឡើយ៖ «យើង​រំឭក​ហើយ​យើង​ ធ្វើ​បុណ្យ​រួម​គ្នា តាម​ពិត​វា​មិន​ត្រូវ​តែ​ពី​រឿង​ខ្មែរ​ក្រោម​នោះ​ទេ វា​គឺ​ជា​រឿង​ជាតិ​ដែល​ត្រូវ​កំណត់​ដោយ​កម្មវិធី​របស់​ជាតិ ហើយ​យើង​ចូលរួម​ទាំងអស់​គ្នា យើង​អត់​បាន​ចង់​ឲ្យ​មាន​ការ​រំឭក​នៃ​ការ​ឈឺ​ចាប់​នេះ ដើម្បី​ឲ្យ​មាន​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​មេរៀន​មួយ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​យើង​រំឭក​ ខ្លួន​យើង អំពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​វាសនា​ជាតិ ធានា​ឲ្យ​បាន​ឯកភាព​ជាតិ ហើយ​ពលរដ្ឋ​យើង​ក៏​ដូច​គ្នា​ដែរ ត្រូវ​ចូលរួម​ការពារ​ជាតិ​យើង»
ចំពោះ​ការ​មិន​អនុញ្ញាត​របស់​អាជ្ញាធរ​ខ្មែរ មិន​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ ត្រូវ​បាន លោក សុន ឆ័យ កត់​សម្គាល់​ថា វា​គឺ​ជា​ជំហរ​របស់​អាជ្ញាធរ​ខ្មែរ​ដែល​ប្រកាន់​ខ្ជាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក ដើម្បី​កុំ​ឲ្យ​ចំណង​មិត្តភាព​ពិសេស​រវាង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រេះស្រាំ។
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​លើក​ឡើង​ថា អាជ្ញាធរ​ខ្មែរ​ហាក់​បង្ហាញ​ថា ខ្លួន​នៅ​មាន​សម្ពាធ​ពី​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ​ជុំវិញ​រឿងរ៉ាវ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នេះ។
កន្លង​មក គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ពលរដ្ឋ និង​យុវជន​ខ្មែរ​មួយ​ចំនួន​ដែល​ចាប់​អារម្មណ៍​ពី​ខ្មែរ​ក្រោម តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច និង​មន្ត្រី​រដ្ឋាភិបាល ពុំ​ដែល​ចូលរួម​ជា​ផ្លូវ​ការ​ក្នុង​ពិធី​ខួប​រំឭក​បាត់បង់​ទឹក​ដី​កម្ពុជា​ ក្រោម​ឡើយ បើ​ទោះ​ជា​មាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ក៏ដោយ​ចុះ។
ជុំវិញ​ការ​លើក​ឡើង​របស់ លោក សុន ឆ័យ ដែល​ចង់​បាន​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា មាន​សិទ្ធិ​លើក​រឿង​នេះ​ឡើង​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ការ​សម្រេច ហើយ​បង្កើត​ជា​គោលការណ៍​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម។ លោក​ថា វា​ស៊ី​សង​លើ​បក្ស​ប្រឆាំង​ថា​ហ៊ាន​លើក​យក​រឿង​នេះ​នៅ​ក្នុង​សភា ឬ​យ៉ាង​ណា? ចំណែក​រដ្ឋាភិបាល​វិញ គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ​ប៉ុណ្ណោះ។
នៅ​ពេល​សួរ​ថា តើ​មន្ត្រី​រដ្ឋាភិបាល​នឹង​ចូលរួម​ប្រារព្ធ​ថ្ងៃ​បាត់បង់​ទឹក​ដី​ជាមួយ​ ខ្មែរ​ក្រោម​ឬ​ទេ​ក្នុង​ឆ្នាំ​នេះ? លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា ពិធី​នេះ​មិន​ទាន់​ក្លាយ​ជា​ពិធី​របស់​ជាតិ​នៅ​ឡើយ​ទេ ដូច្នេះ​លោក​ថា វា​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ថា​ចូលរួម ឬ​ក៏​អត់​នោះ។
លោក ផៃ ស៊ីផាន ក៏​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា រង​សម្ពាធ ឬ​ខ្លបខ្លាច​រដ្ឋាភិបាល​វៀតណាម៖ «គាត់ ​មាន​សិទ្ធិ​ងឿង​ឆ្ងល់ ប៉ុន្តែ​វា​ជា​ការ​វាយ​ប្រហារ ជា​ការ​ប្រមាថ​មក​លើ​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ពិចារណា​ហេតុផល​នោះ​ទេ បើ​លោក​ចង់​ដឹង​តាម​រដ្ឋធម្មនុញ្ញ លោក​អាច​ប្ដឹង​ជា​ជាង​ការ​និយាយ​នៅ​តាម​ទី​សាធារណៈ ដែល​អត់​មាន​ខ្លឹមសារ ឬ​ប្រយោជន៍​អ្វី និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ឯង»
លោក សុន ឆ័យ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​អនុវត្ត​វប្បធម៌​សន្ទនា លោក​នឹង​លើក​ឡើង​រឿង​កំណត់​យក​ថ្ងៃ​ទី​៤ មិថុនា ជាមួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​លោក​យក​ទៅ​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែក​អ្នក​វិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា ការ​ដាក់​បញ្ចូល ឬ​មិន​ដាក់​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ថ្ងៃ​ឈប់​សម្រាក វា​មិន​សំខាន់​នោះ​ទេ។ លោក​ថា អ្វី​ដែល​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​បើក​ចំហ​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ គ្នា មិន​ថា​ខ្មែរ​ក្រោម ខ្មែរ​កណ្ដាល ឬ​ខ្មែរ​ណា​ឡើយ បាន​ប្រារព្ធ​ពិធី​រំឭក​នេះ​ឲ្យ​បាន​ទូលំទូលាយ​គ្រប់​ទីកន្លែង។ ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម ប្រារព្ធ​ទិវា​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា វា​ជា​ការ​បង្ហាញ​នូវ​ភាព​ចង្អៀត​ចង្អល់​របស់​រដ្ឋាភិបាល៖ «យើង ​សង្កេត​ឃើញ​ថា វា​ហាក់​បី​ដូចជា​ការ​ទាមទារ ឬ​ក៏​ការ​រំឭក​ខួប​នៃ​ការ​បាត់បង់​ទឹក​ដី​នេះ ជា​របស់​អ្នក​ណា​ម្នាក់ ដោយ​កន្លែង​នេះ​យើង​ត្រូវ​ផ្ដោត​ថា ទឹក​ដី​ទាំងឡាយ គឺ​ជា​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មិន​មែន​ជា​របស់​អ្នក​ណា​ម្នាក់​ទេ កាល​ណា​បិទ​បាំង​រឿង​បញ្ហា​ទឹក​ដី គឺ​អនាគត​បញ្ហា​ព្រំដែន បញ្ហា​ទឹក​ដី​វា​នៅ​ជា​បញ្ហា​ប្រឈម»
នៅ​ឆ្នាំ​នេះ ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នឹង​ធ្វើ​ឡើង​នៅ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។
ទាក់ទង​នឹង​បញ្ហា​ខ្មែរ​ក្រោម​នេះ​ដែរ តំណាង​យុវជន​ខ្មែរ​ក្រោម​មក​ពី​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា នៅ​ថ្ងៃ​ទី​៣ មិថុនា បាន​ដាក់​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ លើក​យក​បញ្ហា​ខ្មែរ​ក្រោម​មក​ពិភាក្សា និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ​ទាំង​នៅ​ក្នុង​ ប្រទេស​កម្ពុជា និង​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ជាពិសេស គឺ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!