Saturday, June 6, 2015

លោក ហ៊ុន សែន រិះគន់​បក្ស​នយោបាយ​ដែល​សន្យា​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ដល់​មន្ត្រី​រាជការ


ហ៊ុន សែន ៦២០
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រិះគន់​គណបក្ស​នយោបាយ​ណា​ដែល​មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ ឲ្យ​មន្ត្រី​រាជការ។ ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ អាច​ធ្វើ​បាន​ដោយ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ និង​ទប់ស្កាត់​ការ​ចាយ​លុយ​រដ្ឋ​ខុស​ទំនង។
រឿង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ខ្ពស់​លើស​ពី​អ្វី​ដែល​រដ្ឋាភិបាល​ សព្វថ្ងៃ​ធ្វើ​មិន​ទាន់​បាន​នោះ ជា​សារ​នយោបាយ​ដែល​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​រិះគន់​គូប្រកួត​របស់​ខ្លួន​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៤១ នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា នៅ​ពេល​គណបក្ស​នយោបាយ​ណា​ចង់​ឈ្នះ​ឆ្នោត គេ​តែងតែ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​មន្ត្រី​រាជការ ប៉ុន្តែ​គេ​មិន​គិត​ថា ការ​ដំឡើង​ប្រាក់ខែ​ខ្ពស់​នេះ នឹង​បាត់​បង់​ថវិកា​ជាតិ​ដែល​ត្រូវ​យក​ទៅ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​លើ​បញ្ហា ​ផ្សេងៗ​នោះ​ទេ៖ «ខ្ញុំ​ចង់តែ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ម្នាក់ ៥០០​លាន​រៀល ប៉ុន្តែ​យើង​ទៅ​រក​លុយ​នៅ​ណា?»
លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា ប្រសិនបើ​​មាន​ការ​ដំឡើង​ប្រាក់ខែ​ខ្ពស់​នេះ​ពិត​មែន លុះ​ត្រា​ត្រូវ​តែ​យក​ពន្ធ​លើ​ដី​ស្រែ​របស់​ប្រជាកសិករ។
ទោះ​ថ្លែង​មិន​ចំ​ឈ្មោះ​គណបក្ស​ណា​ក្តី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​គណបក្ស​មួយ​ដែល​មាន​គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ ៧​ចំណុច គណបក្ស​នេះ​បាន​អះអាង​ពី​ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន ប៉ូលិស ទាហាន មន្ត្រី​រាជការ ឲ្យ​បាន ១​លាន​រៀល​ក្នុង​មួយ​ខែ។
​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និយាយ​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ពុំ​ចាំបាច់​កាត់​លុយ​ប្រើប្រាស់​គ្រឿង​ បរិក្ខារ ផ្លូវ សាលារៀន ឬ​ត្រូវ​យកពន្ធ​លើ​ដី​ស្រែ​ទេ គឺ​គ្រាន់តែ​អនុវត្ត​ការ​ប្រមូល​ពន្ធ​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ នោះ​គឺ​អាច​ធ្វើ​ទៅ​បាន​ហើយ។
លោក​បន្ត​ទៀត​ថា  ការ​ចាយ​ខ្ជះខ្ជាយ​ខុស​គោលការណ៍ ធ្វើ​ឲ្យ​បាត់បង់​ចំណូល​នៃ​ថវិកា​ជាតិ​សរុប​ជិត ៣០​ភាគរយ។  លោក សុន ឆ័យ បន្ត​ថា ការ​ថ្លែង​ដូច្នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែល​ជា​លោក​មិន​បាន​ដឹង​ការពិត​ពី​ការ​ប្រមូល​ពន្ធ​នោះ​ទេ៖ «គណបក្ស​ សង្គ្រោះ​ជាតិ មិន​ដែល​ទាមទារ​ឲ្យ​ដំឡើង​ពន្ធ​ទេ ប៉ុន្តែ​យើង​ទាមទារ​ឲ្យ​មាន​ការ​ប្រមូល​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​នាយករដ្ឋមន្ត្រី និយាយ​ដូច​នេះ ប្រហែល​គាត់​មិន​បាន​ដឹង​អ្វី​ជា​ស្ថានភាព​ហិរញ្ញវត្ថុ​ទេ»
​ថ្លែង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​លោក សុន ឆ័យ ឡើយ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី  យល់​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ដំឡើង​ប្រាក់ខែ​ជូន​ មន្ត្រីរាជការ​ដោយ​ពុំ​ចាប់​កាត់​បន្ថយ​លើ​ការ​ចំណាយ​ផ្សេងៗ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា កន្លង​មក ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ដែល​ធ្វើ​ឲ្យ​ បាត់​ចំណូល​ជាតិ៖ «ខ្ញុំ​ជឿ​ថា អាច​ធ្វើ​បាន មិន​ដល់​ថ្នាក់​កាត់​បន្ថយ​មន្ទីរពេទ្យ សាលារៀន​ទេ។ យើង​អាច​ពិនិត្យ​មើល​ចំនួន​មន្ត្រី​រាជការ បើ​ច្រើន​អាច​កាត់​បន្ថយ គឺ​មាន​ន័យ បើ​គាត់​ដល់​អាយុ​ចូល​និវត្ត ឲ្យ​គាត់​ឈប់​ហើយ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ជូន​គាត់​ទៅ»
​ទោះ​ជា​លោក​នាយករដ្ឋមន្ត្រី​រិះគន់​លើ​គោលនយោបាយ​នៃ​ការ​ដំឡើង​ប្រាក់ខែ ​របស់​បក្ស​នយោបាយ​ពេល​ឃោសនា​បោះ​ឆ្នោត​នោះ​ក្តី ក៏​រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ កម្មការិនី គ្រូបង្រៀន មន្ត្រី ទាហាន​ជាដើម​បាន​តិចតួច​ដែរ។  ប៉ុន្តែ​មិន​បាន​ច្រើន​ដូច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​អនុវត្ត​នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ៕

 
 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!