Friday, June 5, 2015

គ.ជ.ប កំពុង​រៀបចំ​អគ្គលេខាធិការដ្ឋាន​ថ្មី

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប។

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​បន្ត​រៀបចំ​អគ្គលេខាធិការដ្ឋាន​ថ្មី ដែល​ទំនង​ជា​អាច​ធ្វើការ​ផ្លាស់ប្តូរ លោក ទេព នីថា ចេញ​ពី​កន្លែង​ប្រតិបត្តិ​​នេះ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​ជាតិ​​កំពូល​​មួយ​នេះ​មាន​ភាព​ឯករាជ្យ​ ពិតប្រាកដ។
លោក ហង្ស ពុទ្ធា សមាជិក​ទី​ប្រាំបួន​របស់​ គ.ជ.ប និង​ជា​អ្នក​នាំពាក្យ​របស់​ស្ថាប័ន​នេះ​ដែល​​មកពី​សង្គម​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា គ.ជ.ប ​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​នៃ​​អគ្គលេខាធិការដ្ឋាន​របស់​ គ.ជ.ប ​​​និង​មន្រ្តី​​ឡើង​វិញ។ ​ប៉ុន្តែ លោក ពុទ្ធា មិន​បាន​ប្រាប់​ពី​កម្មវិធី​ជាក់លាក់​នៃ​ការ​ផ្លាស់ប្តូរ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បច្ចុប្បន្ន​ទេ ដោយ​លោក​​បញ្ជាក់​ថា ការ​ផ្លាស់ប្តូរ ឬ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ នឹង​បញ្ចប់​មិន​ឲ្យ​លើស​ពី​រយៈពេល ៣ ខែ ឡើយ។
លោក ពុទ្ធា បាន​បញ្ជាក់​ថា៖ «យើង​មិន​អាច​ទុក​ឲ្យ​យូរ​​ទៀត​ទេ​។ យើង​ជាប់​​រវល់​ខ្លាំង​ណាស់​ធ្វើ​កិច្ចការ​ជាច្រើន មិន​ឲ្យ​លើស​ពី​បី​ខែ​ទេ ទាំង​រចនាសម្ព័ន្ធ និង​មន្ត្រី គ.ជ.ប»។
ទោះ​ជា​យ៉ាងណា លោក ពុទ្ធា នៅ​តែ​បដិសេធ​ដោយ​មិន​ផ្តល់​ការ​បញ្ជាក់​ពី​បេក្ខភាព​អគ្គលេខាធិការ​ថ្មី​ទេ ហើយ​ថា តើ​នៅពេល​ណា​ដែល​អគ្គលេខាធិការ​ថ្មី​ត្រូវ​ចូល​កាន់​តំណែង​នោះ​ឡើយ ដោយ​លោក​លើក​ឡើង​ថា នេះ​គឺជា​រឿង​រសើប​សម្រាប់​ការ​បោះឆ្នោត ដោយ​ថា អគ្គលេខាធិការ គ.ជ.ប គឺជា​បុគ្គល​សំខាន់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។
លោក ហង្ស ពុទ្ធា ​បាន​លើក​ឡើង​ថា៖ «ពេល​នេះ អគ្គលេខាធិការ [គ.ជ.ប] គឺជា​សេនាធិការ​របស់​ គ.ជ.ប ធ្វើការ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី គ.ជ.ប ខណៈ​ដែល​កាលពី​លើក​មុន អគ្គលេខាធិការ គ.ជ.ប គឺជា អ្នក​ប្រតិបត្តិ គ.ជ.ប ជា​អ្នក​សម្រេចកិច្ច​ការ​បោះឆ្នោត។ ប៉ុន្តែ​អគ្គលេខាធិការ​ថ្មី​មិន​បែប​នោះ​ទេ​»។
នៅពេល​ដែល​ទាក់ទង​កាលពី​ម្សិលមិញ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បច្ចុប្បន្ន ដែល​នៅ​តែ​បន្ត​ការងារ​ពី គ.ជ.ប ចាស់ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លម្អិត ដោយ​លោក​និយាយ​ថា លោក​តែងតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ គ.ជ.ប ។
លោក នីថា លើក​ឡើង​ថា៖ «អគ្គលេខាធិការ​មុន​បាន​ធ្វើ​តាម​ច្បាប់​ គ.ជ.ប ​និង​មេដឹកនាំ។ ​មិន​ដែល​មាន​អគ្គលេខាធិការ​ណា​មួយ មិន​ធ្វើ​តាម​អ្នកដឹកនាំ​ទេ​»។
គ.ជ.ប ចាស់​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចាត់​ទុក​ថា ជា​ស្ថាប័ន​លម្អៀង ទៅ​រក​គណបក្ស​កាន់​អំណាច​។ គណបក្ស​សង្គ្រោះជាតិ ប្រជាពលរដ្ឋ​ជាច្រើន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ចាត់​ទុក គ.ជ.ប ចាស់ ថា ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​​ដែល​ថា អគ្គលេខាធិការ​របស់ គ.ជ.ប គឺជា​អ្នក​ប្រតិបតិ្ត​របស់​ គ.ជ.ប ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា អគ្គលេខាធិការ បន្ទាប់ពី​សម្រេច និង​ធ្វើ​អ្វី​មួយ ត្រូវ​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ គ.ជ.ប ព្រោះ​​គាត់​ធ្វើការ​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​​ថ្នាក់ដឹកនាំ គ.ជ.ប​។
លោក បញ្ញា បន្ត​ថា៖ ​«អគ្គលេខាធិការ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ គ.ជ.ប ប៉ុន្តែ​​កាលពី​លើក​មុន​គ្មាន​ទេ។ អគ្គលេខាធិការ​ចាស់​ធ្វើ​តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​។ [អគ្គលេខាធិការ​ចាស់​] ត្រូវ​បាន​គេ​មើល​ឃើញ​ថា លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​»៕

 ប្រភព Phnom Penh Post

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!