Friday, June 5, 2015

ការ​រំលោភបំពាន​កុមារ​ធ្វើឲ្យ​ខាត​បង់​ថវិកា​ជាង $២០០ ​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ

Content image - Phnom Penh Post


ភ្នំពេញៈ ការ​ធ្វើ​បាប​កុមារ បាន​បណ្តាល​ឲ្យ​​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​​ខាតបង់​ប្រាក់​ចំនួន ២០៩ ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ គឺ​ស្មើ​នឹង​ ២ ​ភាគរយ​នៃ​ GDP របស់​តំបន់​នេះ​។ នេះ​បើ​តាម​​ការ​សិក្សា​មួយ​ដែល​ទើប​ចេញ​នា​ពេល​ថ្មីៗ​នេះ​ដោយ​អង្គការ UNICEF ។
របាយការណ៍​នេះ បាន​ទាញ​យក​ការ​សិក្សា​​ជាង​ ៣៦០ ករណី​នៃ​ការ​ធ្វើ​បាប​ទៅលើ​កុមារ​ក្នុង​តំបន់​ចាប់​តាំងពី​ឆ្នាំ​ ២០០០ ដែល​ក្នុង​នោះ​រួមមាន​ការ​រំលោភ​បំពាន​ផ្លូវចិត្ត ការ​រំលោភ​បំពាន​ផ្លូវកាយ ការ​​រំលោភ​បំពាន​ផ្លូវភេទ ការ​មិន​អើពើ និង​ការ​មើល​ឃើញ​ផ្ទាល់​ភ្នែក​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ស្លាប់​ពី​ការ​​ប្រព្រឹត្ត​​ព្រៃផ្សៃ បាន​ធ្វើឲ្យ​មាន​ការ​ខាតបង់​យ៉ាង​ច្រើន។
របាយការណ៍​​ឲ្យ​ដឹង​ថា៖ «​​ការ​ប្រព្រឹត្ត​​ព្រៃផ្សៃ​លើ​កុមារ​អាច​មាន​ផលវិបាក​​ផ្នែក​សេដ្ឋកិច្ច​ អស់​មួយ​ជីវិត​​ដែល​កើត​ចេញ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​​ពី​​​បញ្ហា​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត បង្កើន​ហានិភ័យ​សម្រាប់​ឥរិយាបថ​ហិង្សា ភាព​ពិការ​ដោយសារ​តែ​របួស សុខភាព​ចុះ​ខ្សោយ កម្រិត​ការ​អប់រំ​ទាប និង​​សមត្ថភាព​ធ្លាក់​ចុះ​ជាពិសេស​ចំពោះ​ការ​បង្កើត​ប្រាក់​ចំណូល​»។
ដោយ​ប្រើ​ទិន្នន័យ​ពី​របាយការណ៍​នេះ អ្នក​ស្រាវជ្រាវ​បាន​គណនា​ប្រភេទ​នៃ​ការ​រំលោភ​បំពាន​ និង​ដាក់​ប្រភេទ​ទាំងនោះ​ទៅក្នុង​ទិន្នន័យ​ដែល​បាន​មកពី​គម្រោង​​បន្ទុក​​ ជំងឺ​សកល​ឆ្នាំ ២០០៤ ​​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ធ្វើការ​ប្រៀបធៀប​រវាង​អនុ​តំបន់​ ចំនួន​បួន។
របាយការណ៍​​ក៏​បាន​ប្រៀបធៀប​ទិន្នន័យ​ពី​ធានាគារ​ពិភពលោក​ផង​ដែរ ដើម្បី​​ទាញ​ការ​ប្រៀបធៀប​រវាង​កម្រិត​ប្រាក់​ចំណូល​​ផ្សេង​គ្នា​។ ​​របាយការណ៍​បាន​រកឃើញ​ថា ចន្លោះ​ពី​ ១៤ ​ទៅ​ ៣៧ ​​ភាគរយ​នៃ​កុមារ​ពី​អនុតំបន់​ផ្សេងៗ​គ្នា​​បាន​ជួប​បទពិសោធ​យ៉ាង​ហោច​ណាស់​ មួយ​ប្រភេទ​ក្នុង​ចំណោម​ប្រភេទ​នៃ​​ការ​រំលោភបំពាន​ពី​មុន​ពួកគេ​ឈាន​ដល់​ អាយុ​ ១៨ ​ឆ្នាំ ខណៈ​ទម្រង់​ផ្សេងៗ​នៃ​ការ​រំលោភ​បំពាន​​ខុស​គ្នា​ទៅ​តាម​កម្រិត​ប្រាក់​ ចំណូល​។
របាយការណ៍​នេះ​ក៏​បាន​​រកឃើញ​គំរូ​នៃ​ការ​រំលោភបំពាន​ផ្សេងៗ គ្នា​រវាង​យ៉េនឌ័រ ខណៈ​ក្មេងស្រី​ទំនង​ជា​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ច្រើន​ជាង រីឯ​ក្មេងប្រុស​ទទួល​រង​ការ​រំលោភបំពាន​រាង​កាយ​ និង​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ជាង​។
បើ​ទោះបី​ជា​ការ​រំលោភ​បំពាន​​មាន​ទំនោរ​កើនឡើង​ខណៈ​កម្រិត​ប្រាក់​ចំណូល ​​ធ្លាក់ចុះ ការ​រំលោភ​បំពាន​​​ផ្លូវភេទ​ក្នុង​ចំណោម​​ក្មេងស្រី​គឺ​កើត​មាន​ច្រើន​ នៅក្នុង​បណ្តា​ប្រទេស​ចំណូល​ក្រោម​កម្រិត​មធ្យម​ជាង​បណ្តា​ប្រទេស​ចំណូល​​ កម្រិត​មធ្យម ខណៈ​ភាព​មិន​អើពើ​កើត​មាន​ច្រើន​នៅក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​លើ​ កម្រិត​មធ្យម ជាង​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ក្រោម​មធ្យម​។
កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ជា​ប្រទេស​ចំណូល​ទាប បើ​ទោះបី​ជា​ត្រូវ​បាន​ព្យាករ​ដោយ​ទីភ្នាក់ងារ​អន្តរជាតិ​ផ្សេងៗ​ថា នឹង​ឈាន​ដល់​ចំណូល​​កម្រិត​​ទាប​ជាង​មធ្យម​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​​ ក្តី​។
ដោយ​ប្រៀបធៀប​នឹង​លទ្ធផល​រកឃើញ​របស់​របាយការណ៍​នេះ ការ​សិក្សា​មួយ​​​អំពី​ការ​ប្រព្រឹត្ត​ព្រៃផ្សៃ​ក្នុង​ប្រទេស​កម្ពុជា ចេញ​ដោយ​​​អង្គការ UNICEF កាលពី​​ខែ​វិច្ឆិកា​បាន​រកឃើញ​ថា ៥០ ​ភាគរយ​នៃ​កុមារ​កម្ពុជា​​ទទួល​រង​ការ​រំលោភបំពាន​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់ ​នៃ​ការ​រំលោភ​បំពាន​។
Rana Flowers ​តំណាង​ប្រចាំ​កម្ពុជា​របស់​អង្គការ UNICEF ​បាន​ថ្លែង​​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​៖ «​ការ​ស្រាវជ្រាវ​នេះ​ធ្វើឲ្យ​យើង​អាច​បង្ហាញ​​​ទំហំ​នៃ​​បញ្ហា​​ក្នុង​ ប្រទេស​កម្ពុជា​​ហើយ​ជួយ​​យើង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​»​។
របាយការណ៍​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​​ថា ការ​លើក​កម្ពស់​ការ​យល់ដឹង គឺជា​ហេតុផល​សំខាន់​សម្រាប់​ការ​សិក្សា​នេះ​ ហើយ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​យក​លទ្ធផល​នេះ​ថា ជា​ការ​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ​ខ្លាំង​ជាង​មុន​ក្នុង​ការ​ដោះស្រាយ​ បញ្ហា​នេះ​។
ការ​អំពាវនាវ​នោះ​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​មិត្តសម្លាញ់ ដែល​ជា​អង្គការ​ដៃ​គូ​របស់​អង្គការ UNICEF ប្រចាំ​កម្ពុជា ដែល​ធ្វើ​ការងារ​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រំលោភ​បំពាន​លើ​ កុមារ​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​កម្មវិធី​កុមារ​សុវត្ថិភាព​របស់​ខ្លួន​។
ខេម រ៉េតវ៉ាន់ អ្នក​សម្របសម្រួល​សម្រាប់​កម្មវិធី​កុមារ​សុវត្ថិភាព​ថ្លែង​ថា​៖ «​​រាល់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​ និង​ហិង្សា​លើ​កុមារ​ទាំងអស់ គឺ​មិន​អាច​ទទួល​យក​បាន ដូច្នេះ​យើង​ត្រូវតែ​អនុវត្ត​​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ទៅ​បាន​»៕

 ប្រភព Phnom Penh Post

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!