Friday, June 5, 2015

លោក ហ៊ុន សែន ថា​សំណើ​បក្ស​ប្រឆាំង​លើ​បញ្ហា​អារ៉ែង​ជា​ករណី​ដដែលៗ

Content image - Phnom Penh Post


ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ហៅ​សំណើ​​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឲ្យ​អភិវឌ្ឍ​ តំបន់​អារ៉ែង​ជា​តំបន់​អេកូ​ទេសចរណ៍​ថា ជា​រឿង​ដដែលៗ​។
ការ​ឆ្លើយតប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​អ្នក​តំណាង​​គណបក្ស​ សង្គ្រោះ​ជាតិ​ ៦ ​រូប បាន​​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​តាមរយៈ​ប្រធាន​រដ្ឋសភា កាលពី​ថ្ងៃ​ទី​ ១៩ ខែ​ឧសភា ​ស្នើ​ឲ្យ​អភិវឌ្ឍ​តំបន់​អារ៉ែង​ ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​។
លិខិត​បន្ត​ថា ការ​ប្រែ​ក្លាយ​តំបន់​អារ៉ែង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​រក​ថវិកា​ជាតិ និង​ការ​​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ​ផង​ដែរ​។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ២ មិថុនា​ថា សំណើ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ គឺជា​ករណី​ដដែលៗ ដែល​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ឆ្លើយ​បំភ្លឺ​ជូន​រដ្ឋសភា ២ ​លើក​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​ ១១ ខែ​មិថុនា ​ឆ្នាំ​ ២០១២ និង​ថ្ងៃ​ទី​ ១៥ ខែ​មករា ឆ្នាំ​ ២០១៥​។
តាម​លិខិត​របស់​រាជរដ្ឋាភិបាល ផ្ញើ​ជូន​រដ្ឋសភា ​កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​មករា​ ឆ្នាំ​ ២០១៥ រាជរដ្ឋាភិបាល​​ចាត់​​ទុក​តំបន់​អារ៉ែង ជា​ទ្រព្យសម្បត្តិ​ដ៏​វិសេសវិសាល ដែល​ត្រូវ​ធ្វើការ​អភិវឌ្ឍ និង​​អភិរក្ស​ប្រកប​ដោយ​ការ​យក​​ចិត្ត​ទុក​ដាក់​ខ្ពស់​។ ​
លិខិត​ដដែល​បញ្ជាក់​ថា​៖ «​បើ​ទោះបី​ជា​មាន ឬ​គ្មាន​គម្រោង​វារីអគ្គិសនី​នេះ​​ក៏​ដោយ ការ​ប្រែ​ក្លាយ​​តំបន់​អារ៉ែង​ជា​តំបន់​អេកូ​ទេសចរណ៍ គឺជា​របៀបវារៈ​ដែល​​រាជរដ្ឋាភិបាល​កំពុង​គិតគូរ និង​​ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន»។
លោក អ៊ុំ សំអាន ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប ក្នុង​ចំណោម​ ៦ ​រូប ដែល​បាន​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​ឆ្លើយតប​លើក​មុនៗ​របស់​រដ្ឋាភិបាល នៅ​​មិន​ទាន់​ច្បាស់លាស់​នៅ​​ឡើយ​ទេ។​​
លោក​បញ្ជាក់​ថា៖​ «ការ​ឆ្លើយតប​របស់​គាត់​ [នាយករដ្ឋមន្ត្រី] ​ថា​កំពុង​សិក្សា​ដើម្បី​អភិវឌ្ឍ​នៅ​តំបន់​ហ្នឹង អ៊ីចឹង​ពាក្យ​ថា​កំពុង​សិក្សា​វា​យូរ​ហើយ វា​ច្រើន​ពេក​ហើយ យើង​ចង់​បាន​ចម្លើយ​ច្បាស់​ថា​ធ្វើ​តំបន់​អេកូ​ទេសចរណ៍ ឬ​មិន​ធ្វើ បើ​ធ្វើ​គួរតែ​ចេញ​អនុក្រឹត្យ​មួយ​សម្រេច​ទៅ»​។
តាម​របាយការណ៍​​អង្គការ​មាតា​ធម្មជាតិ បច្ចុប្បន្ន​នេះ នៅ​តំបន់​អារ៉ែង​មាន​ទីតាំង​ទេសចរណ៍​ជាង ២៥ ​​កន្លែង​។ តំបន់​​អារ៉ែង ជា​តំបន់​ដែល​នៅ​សេសសល់​ធនធាន​ធម្មជាតិ និង​សត្វ​កម្រ​ជាង​ ៣០ ​ប្រភេទ ហើយ​ក៏​ជា​តំបន់​ព្រៃឈើ​ចុងក្រោយ​របស់​កម្ពុជា​ផង​ដែរ​៕

 ប្រភព Phnom Penh Post

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!