ក្រសួងបានបញ្ជាក់ថាបន្ទាប់ពីការស៊ើបអង្កេតដោយអាជ្ញាធរ ឥណ្ឌូនេស៊ីព្រមទាំងបុគ្គលិកស្ថានទូតកម្ពុជា អ្នកនេសាទមួយក្រុមមានគ្នា ៣១ នាក់ទៀត ត្រូវបានសង្គ្រោះពីកោះ Ambon កាលពីពីរសប្តាហ៍មុនដោយបន្ថែមចំនួនរកឃើញដល់ ១៩៩ នាក់ កាលពីថ្ងៃសុក្រ។
បុរសទាំងនោះត្រូវបានគេរាយការណ៍ថា ត្រូវបានជួញដូរទៅធ្វើការនៅលើទូកនេសាទថៃ អស់ជាច្រើនឆ្នាំ មុនពេលអាជ្ញាធរឥណ្ឌូនេស៊ីជួយសង្គ្រោះពួកគេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា មន្ត្រីកម្ពុជាបានទៅកោះនោះកាលពីថ្ងៃទី ៣០ ខែ ឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ដើម្បីឆែកស្ថានភាពរបស់បុរសទាំងនោះ ដោយលោកបានបន្ថែមថា ម្ចាស់ទូកនេសាទបានយល់ព្រមបង់ប្រាក់ខែដល់ពួកគេ ហើយយល់ព្រមបង់ថ្លៃយន្តហោះពីកោះ Ambon មកភ្នំពេញ។
លោកបានបន្ថែមថា៖ «ពួកគេបានព្រមព្រៀងជាគោលការណ៍ ហើយឥឡូវនេះ ពួកគេកំពុងពិនិត្យនីតិវិធីដើម្បីធានាថា ប្រជាជនទាំងនេះវិលត្រឡប់មកវិញ ក្នុងខែនេះ»។
លោក Paul Dillon អ្នកគ្រប់គ្រងគម្រោងនៃអង្គការទេសន្តរប្រវេសន៍ បានថ្លែងថា បុគ្គលិកអង្គការកំពុងតែធ្វើការលើករណីនេះ។
លោកបានបញ្ជាក់ថា៖ «បុគ្គលិកអង្គការជាច្រើននាក់បានចូលរួមក្នុងបេសកកម្មដ៏តូចមួយពី ក្រសួងជលផល និងសមុទ្រ (ថ្ងៃព្រហស្បតិ៍) តាមសំណើរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីស្វែងរកការពិតនៅលើកោះ Ambon ក្នុងខេត្ត Maluku ដើម្បីកំណត់ពីមូលហេតុជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងប្រជានេសាទ ដែលគេជឿជាក់ថា កំពុងរស់នៅក្នុងតំបន់នោះ»៕
ប្រភព Phnom Penh Post