ជនភៀសខ្លួនចំនួន ៤ នាក់ គឺជនជាតិ រ៉ូហ៊ីងយ៉ា ម្នាក់មកពីមីយ៉ាន់ម៉ា និងជនជាតិអ៊ីរ៉ង់ ៣ នាក់បានមកដល់នៅម៉ោង ១០ និង ២០ នាទីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើដំណើរបស់ពួកគេ ដែលភ្នំពេញ ប៉ុស្តិ៍ បានផ្សាយដំបូងគេ កាលពីថ្ងៃពុធគឺបានដឹកជញ្ជូនពួកគេពីកោះ Darwin នៅទឹកដីខាងជើងនៃប្រទេសអូស្រ្តាលីដោយឆ្លងកាត់ទីក្រុងគូឡាឡំាពួ តាមជើងហោះហើរម៉ាឡេស៊ី។
នៅអាកាសយានដ្ឋានគូឡាឡំាពួ គេឃើញមន្រ្តីអូស្រ្តាលីអមដំណើរពួកគេទៅស្ថានីយ ដើម្បីជិះយន្តហោះមកភ្នំពេញ។
គេអាចងាយច្រឡំពួកគេថា ជាអ្នកទេសចរគឺបុរសអ៊ីរ៉ង់ពីរនាក់ពាក់អាវ Polo ហើយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពាក់មួក និងអាវរងា។
នៅពេលដែលពួកគេបានមកដល់រាជធានីភ្នំពេញ មានរថយន្តបិទវាំងននដឹកពួកគេភ្លាមចេញពីស្ថានីយ VIP នៃអាកាសយានដ្ឋានដែលអ្នកសារព័ត៌មានរាប់សិបនាក់កំពុងរង់ចាំ។ ពួកគេត្រូវបានដឹកជញ្ជូនទៅកន្លែងស្នាក់នៅបែបវីឡា នៅជាយក្រុងដែលរៀបចំដោយអង្គការទេសន្តរប្រវេសន៍ដែលភាគីអូស្រ្តាលី បានចុះកិច្ចសន្យាសម្រាប់ពួកគេ។
លោក Joe Lowry អ្នកនាំពាក្យអាស៊ីប៉ាស៊ីហ្វិកនៃអង្គការទេសន្តរប្រវេសន៍ បានថ្លែងថា ក្រុមនេះ «បានចូលកន្លែងស្នាក់នៅ» យ៉ាងឆាប់រហ័ស។
លោកឲ្យដឹងក្នុងបទសម្ភាស នៅការិយាល័យ IOM នៅរាជធានីភ្នំពេញ ប៉ុន្មានម៉ោងបន្ទាប់ពីជនភៀសខ្លួនមកដល់ថា៖ «ពួកគេបានធ្វើដំណើរឆ្ងាយ ហើយពួកគេ មិនបានដេកច្រើនទេ កាលពីយប់មិញ [ប៉ុន្តែ] ពួកគេមានស្មារតីល្អ»។
អង្គការទេសន្តរប្រវេសន៍បានរៀបចំអាហារអ៊ីរ៉ង់កាលពីម្សិលមិញ សម្រាប់ជនភៀសខ្លួនដែលលោក Lowry បានឲ្យដឹងថា ពួកគេមានសុទិដ្ឋិនិយមអំពីជីវិតថ្មីរបស់ពួកគេ នៅកម្ពុជា។
លោកបន្ថែមថា៖ «ខ្ញុំបានសួរជនភៀសខ្លួនម្នាក់ ហើយគាត់ថា គាត់គិតថា ភ្នំពេញជាកន្លែងក្រីក្រ។ តែគាត់បានមើលឃើញមានរថយន្តថ្មី អាជីវកម្មជាច្រើន និងសកម្មភាពជាច្រើននៅតាមផ្លូវ»។
ពួកគេបាននិយាយពីឱកាសរកការងារធ្វើរួចហើយ។ លោកបន្តថា៖ «ចាប់ពីថ្ងៃស្អែកពួកគេនឹងចេញទៅទិញម្ហូបអាហារផ្ទាល់ខ្លួន ហើយស្វែងយល់ពីផ្លូវនៅក្នុងសង្កាត់ ទៅផ្សារនៅក្បែរនោះ។ ពួកគេរីករាយដែលដឹងថា ប្រាក់រៀល និងដុល្លារប្រើប្រាស់បានដូចគ្នា។ ពួកគេមិនធ្លាប់ដឹងទេ»។
កិច្ចព្រមព្រៀងស្តីពីការតាំងលំនៅថ្មី ទទួលរងការរិះគន់យ៉ាងខ្លាំង ចាប់តាំងពីកិច្ចព្រមព្រៀងនេះ ត្រូវបានលើកឡើងជាបឋម ក្នុងកិច្ចប្រជុំបិទទ្វាររវាងលោកស្រី Julie Bishop រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីជាងមួយឆ្នាំមុន។
បន្ទាប់ពីកិច្ចប្រជុំមានការលាក់បាំងពីកិច្ចព្រមព្រៀង។ សូម្បីតែមុនថ្ងៃមកដល់របស់ជនភៀសខ្លួនអូស្រ្តាលីក៏មន្ត្រីបាន បដិសេធផ្តល់ការបញ្ជាក់ដែរ។ ដើម្បីបោះចោលជនភៀសខ្លួន ដែលមិនចង់បាន អូស្រ្តាលីបានព្រមព្រៀងជាបឋម ក្នុងការផ្តល់ជំនួយបន្ថែម ៤០ លានដុល្លារអូស្រ្តាលី (៣១ លានដុល្លារអាមេរិក) មកឲ្យកម្ពុជា ហើយក្រោយមក បានប្រកាសថា អូស្រ្តាលីនឹងចំណាយប្រហែល ១៥,៥ លានដុល្លារអូស្រ្តាលីបន្ថែមទៀត ដើម្បីបង់សេវាតាំងលំនៅថ្មី។
បន្ទាប់ពីរយៈពេលជាច្រើនខែដែលជនភៀសខ្លួននៅលើកោះណូរុបដិសេធមិន ព្រមមកតាំងលំនៅនៅប្រទេសក្រៅពីប្រទេសអូស្រ្តាលី ក្រសួងអន្តោប្រវេសន៍របស់អូស្ត្រាលីបានចេញលិខិតមួយដោយផ្តល់ ប្រាក់ចំនួនច្រើន និងអត្ថប្រយោជន៍ដទៃៗទៀតទៅជនភៀសខ្លួនណាដែលយល់ព្រមចាកចេញភ្លាមៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកយកករណីកម្ពុជាប្រព្រឹត្តមិនគប្បី និងបញ្ជូនជនភៀសខ្លួនជនជាតិម៉ុងតាញ៉ាត្រឡប់ទៅប្រទេសវៀតណាមវិញ នៅក្នុងការរិះគន់របស់ខ្លួនទៅលើកិច្ចព្រមព្រៀងរបស់កម្ពុជាជាមួយ អូស្រ្តាលី។
លោកបានបន្តថា៖ «អូស្រ្តាលីគប់លុយរាប់លានដុល្លារមកកម្ពុជាដើម្បីឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនទាំងនេះ បើទោះបីជាកម្ពុជានៅក្នុងកំណត់ត្រាថ្មីៗរបស់អង្គការសិទ្ធិមនុស្ស បានបណ្តេញជនសុំសិទ្ធិជ្រកកោនពីវៀតណាម និងការគំរាមកំហែងរបស់កម្ពុជាថា នឹងបណ្តេញបន្ថែមទៀតប្រសិនបើប្រទេសដទៃណាមិនយល់ព្រមទទួលយកពួកគេ ឲ្យទៅតាំងលំនៅនៅក្នុងប្រទេសនោះ។ ប៉ុន្តែ បើទោះបីជាមានការរិះគន់យ៉ាងដូច្នេះក៏ដោយ ទាំងកម្ពុជា និងអូស្រ្តាលីសង្ឃឹមថា ការមកដល់នៃជនភៀសខ្លួនកាលម្សិលមិញនឹងជំរុញឲ្យមានជនភៀសខ្លួន បន្ថែមទៀតបន្តយល់ព្រមមកកាន់កម្ពុជា។
រដ្ឋមន្ដ្រីអន្តោប្រវេសន៍អូស្រ្តាលី លោក Peter Dutton បានប្រាប់សារព័ត៌មាន Sky News កាលពីម្សិលមិញថា លោកសង្ឃឹមថា នឹងមានជនភៀសខ្លួនបន្ថែមទៀតបន្តយល់ព្រមមកកម្ពុជា។ លោកបន្តថា៖ «ខ្ញុំគិតថា យើងអាចបង្ហាញថា វាអាចដំណើរការល្អសម្រាប់ជនភៀសខ្លួនទាំងបួននាក់នេះ ហើយអ្នកដទៃៗទៀតអាចនឹងយកគំរូតាម»។
លោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ ថ្លែងថា កម្ពុជារីករាយស្វាគមន៍ជនភៀសខ្លួនបន្ថែមទៀត។ «ប្រសិនបើពួកគេចង់មកដោយស្ម័គ្រចិត្តយើងនឹងទទួលយក»៕
ប្រភព Phnom Penh Post