ភ្នំពេញៈ បើទោះបីជាប្រភេទកីឡាវាយកូនឃ្លីលើតុ និងគុនដាវ ដែលបានប្រកួតមុនគេ រកមិនទាន់ឃើញការឈ្នះ និងត្រូវធ្លាក់ចេញពីការប្រកួតជាបន្តបន្ទាប់ ប៉ុន្តែនៅថ្ងៃសៅរ៍ស្អែកនេះ កម្ពុជា អាចនឹងរកបានមេដាយមួយចំនួន ខណៈប្រភេទកីឡាដ៏មានសក្តានុលរបស់ខ្លួន បានចាប់ផ្តើមប្រកួតនោះជាពិសេសកីឡាប៉េតង់តែម្តង។
សម្រាប់ការបរកួតនៅថ្ងៃសៅរ៍ស្អែកនេះ ប៉េតង់កម្ពុជា នឹងធ្វើការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ តាំងពីវគ្គជម្រុះរហូតដល់បានមេដាយតែម្តង ហើយកីឡាការិនីជើងចាស់ កែ ឡេង និងកីឡាករពោរពេញដោយបទពិសោធ សុខ ច័ន្ទមាន នឹងត្រូវប្រកួតលើវិញ្ញាសានេះ។
រីឯប្រភេទកីឡាប្រដាល់សកល ជិះសេះ ស៊ីប៉ាក់តាក្រ ហែលទឹក វាយកូនបាល់ យូដូ វ៉ូស៊ូ និងកីឡាប្រណាំងទូក និងកានូ ក៏នឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ដែរ។
ម្ចាស់មេដាយមាសប៉េតង់ពិភពលោក កែ ឡេង នឹងត្រូវប្រជែងជាមួយគូប្រកួតចំនួន ៨ នាក់ទៀត ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ខណៈការប្រកួតស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣ អ្នកស្រី កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសាមួយនេះ ក្រោយឈ្នះកីឡាការិនីថៃ Potjanaseni Pawinee នៅវគ្គផ្តាច់ព្រ័ត្រនោះ។ ចំណែកកីឡាករ ដែលធ្លាប់បានឈ្នះមេដាយមាស ក្នុងការប្រកួតស៊ីហ្គេមឲ្យកម្ពុជាបានមុនគេ សុខ ច័ន្ទមាន នឹងត្រូវធ្វើការប្រកួតវាយជាមួយគូប្រកួតចំនួន ៩ នាក់ផ្សេងទៀត ដើម្បី ស្វែងរកឱកាសឈ្នះមេដាយឲ្យកម្ពុជាដូចគ្នា។
ដោយឡែកប្រភេទប្រដាល់សកល កីឡាករ សាន តុលា នឹងត្រូវប្រកួតជម្រុះក្នុងទម្ងន់ ៤៩ គ.ក្រ ណាត សៀកនិន ប្រកួតទម្ងន់ ៥២ គ.ក្រ សួន សាម៉ៃ ប្រកួតទម្ងន់ ៥៦ គីឡូក្រាម ហើយ សុខ ទូច ប្រកួតទម្ងន់ ៧៥ គ.ក្រ ឯកីឡាការិនី វី ស្រីខួច ប្រកួតទម្ងន់ ៥៧ គ.ក្រ តែកីឡាករកូនកាត់ខ្មែរគុយបា ដែលជាបេក្ខភាពអាចសង្ឃឹមឈ្នះបានមេដាយនោះ នឹងត្រូវប្រកួតជម្រុះនៅថ្ងៃអាទិត្យ។
ចំណែកក្រុមប្រណាំងទូកកម្ពុជា នឹងត្រូវប្រកួតជាក្រុមចំណុះ ១២ នាក់ ចម្ងាយ ២០០ ម៉ែត្រ ដើម្បីសម្រេចយកមេដាយភ្លាមៗតែម្តង ហើយកីឡាករ រ៉ន ភិរូ ត្រូវប្រកួតទូកកានូចម្ងាយ ១០០០ ម៉ែត្រ ដើម្បីសម្រេចយកមេដាយភ្លាមៗដូចគ្នា។ រីឯកីឡាជិះសេះកម្ពុជា ក៏ត្រូវប្រកួតដណ្តើមយកមេដាយលើ វិញ្ញាសា ជាក្រុម ជាមួយក្រុមតំណាងឲ្យប្រទេសចំនួន ៦ ទៀតផងដែរ។
ចំពោះអត្តពលិកទាំង ៤ នាក់របស់យូដូ នឹងត្រូវប្រកួតទាំងអស់តាមប្រភេទទម្ងន់រៀងៗខ្លួន ដើម្បីស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃសៅរ៍នោះតែម្តង ដោយក្នុងនោះកីឡាករ ស៊ន់ បញ្ញាវឌ្ឍន៍ ត្រូវប្រកួតទម្ងន់ ៦៦ គីឡូក្រាម គឹម សារុំ ប្រកួតក្នុងទម្ងន់ ៧៣ គីឡូក្រាម ប្រាក់ ពិភព ប្រកួតទម្ងន់ ៨១ គីឡូក្រាម ហើយកីឡាការិនី ហេង លីលី ប្រកួតក្នុងទម្ងន់ ៥២ គីឡូក្រាម។
យ៉ាងណាមិញ ក្រុមកីឡាសីប៉ាក់តាក្រកម្ពុជា នឹងត្រូវប្រកួតបែបសម្តែងជាក្រុម លើវិញ្ញាសា Chinlone-Linking និងវិញ្ញាសា Chinlone-Non-repetition Secondary ដើម្បីសម្រេចលទ្ធផលយកមេដាយភ្លាមៗតែម្តង ហើយកីឡាករវាយកូនបាល់ ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង និងកីឡាករ គឹម ឌែនតុន សុផាណា ត្រូវរួមគ្នាប្រកួតជាក្រុម ក្នុងវគ្គជម្រុះ។
សម្រាប់កីឡាករហែលទឹកកម្ពុជា នឹងត្រូវប្រកួតដណ្តើមយកមេដាយចំនួន ២ វិញ្ញាសា គឺវិញ្ញាសាហែលសេរីចម្ងាយ ២០០ ម៉ែត្រ របស់កីឡាករ ពូ សូវិចា និងវិញ្ញាសាហែលកង្កែបចម្ងាយ ១០០ ម៉ែត្ររបស់កីឡាករ ចេង ពិរោទ៍ ហើយកីឡាករវ៉ូស៊ូរបស់កម្ពុជា ២ នាក់ ក៏ត្រូវប្រកួតយកមេដាយដែរគឺកីឡាករ វ៉េង វិរៈ ត្រូវប្រកួតក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម និងកីឡាករ លុយ រិនដា ប្រកួតទម្ងន់ ៦០ គីឡូក្រាម៕
ប្រភព Phnom Penh Post