លោកអ្នកនាងជ្រាបទេថា នៅសង្គមអាណាចក្រភ្នំ ជាសង្គមមេនិយម គឺគេទុកស្រីជាធំនៅក្នុងគ្រួសារផង និងនៅក្នុងសង្គមផង។ ក្នុងការជ្រើសរើសគូស្រករវិញ មិនមែនប្រុសដណ្ដឹងស្រីដូចសម័យបច្ចុប្បន្ននេះទេ នៅសម័យអាណាចក្រភ្នំ គឺស្រីដណ្ដឹងប្រុស។
ឯកសារចិន បានបញ្ជាក់អោយយើងដឹងថា ភូមិខ្មែរព័ទ្ធជុំវិញដោយកំពែងធ្វើអំពីដី មានគូទឹក ឬស្រះធំៗព័ទ្ធជុំវិញ ដែលមានចិញ្ចឹមក្រពើជាច្រើនផង។ នៅក្នុងបរិវេណភូមិ មានស្រះទឹកសម្រាប់ប្រើរួមគ្នា។ ផ្ទះសង់អំពីឈើបន្តើតខ្ពស់ផុតពីដី ហើយប្រក់ស្លឹក។
មនុស្សនៅអាណាចក្រភ្នំ ច្រើនមានសម្បុរខ្មៅ សក់រួញអង្គាដី ច្រើនលែងខ្លួនទទេ។ អ្នកស្រុកធម្មតាស្លៀកសារុង ឬសំពត់អំបោះ ដើរជើងទទេ។ ឯអ្នកមាន និងមន្ត្រី ស្លៀកសំពត់សំឡុយ ឬចងក្បិនសំពត់ចរបាប់ មានពាក់ស្បែកជើងផង។ ទាំងអស់គ្នានិយមចោះត្រចៀក ដើម្បីពាក់ក្រវិលរយ៉ា ទំហ៊ូ ត្រសាល់ត្រចៀក។ គេចូលចិត្តល្បែងប្រជល់មាន់ ប្រជល់ជ្រូក ហើយមានការប៉ិនប្រសប់ក្នុងជំនាញសិប្បកម្មត្បាញរវៃសូត្រអំបោះ និងជាងចម្លាក់ប្រាក់ ស្ពាន់ ជំនាញជាងទង ធ្វើគ្រឿងអលង្ការមាសថែមទៀតផង។
មនុស្សនៅអាណាចក្រនគរភ្នំត្រង់ណាស់ មិនមានចិត្តលោភលន់ ហើយមិនចេះលួចទេ។ បើមានទំនាស់ ឬក្តីក្ដាំគ្នាកើតឡើង គេចូលចិត្តប្រើវិធីអស្ចារ្យ ដើម្បីរកសេចក្តីពិត។ កាលណាមានបាត់របស់អ្វីមួយ គេយកបាយពំនូត ទៅដាក់នៅចំពោះព្រះភ័ក្ត្រទេវតា រួចគេបួងសួងសុំអោយព្រះអង្គជួយបង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយកបាយពំនូតនោះ អោយអ្នកជាប់សង្ស័យបរិភោគ។ គេជឿថា អ្នកដែលបានប្រព្រឹត្តបទល្មើស នឹងមានឈាមហូរចេញពីមាត់ជាក់ស្ដែង។ ឯអ្នកសុចរិតវិញ អាចទំពារបាយពំនូតនោះបានដោយស្រួល។
ម៉្យាងទៀត បើមានជនជាប់ចោទពីបទផ្សេងៗ គេអោយជននោះអត់បាយបីថ្ងៃ រួចតម្រូវអោយជននោះ លូកយកវត្ថុផ្សេងៗ មានពងមាន់ ឬចិញ្ចៀនមាសចេញពីឆ្នាំង ឬខ្ទះទឹកកំពុងពុះ ឬក៏ត្រូវកាន់ពូថៅ ឬច្រវាក់ដែលដុតឡើងក្រហម ហើយអោយដើរបានពីរជំហាន។ បើមានកំហុសមែន ដៃជននោះនឹងរលាករលួយ។ ផ្ទុយទៅវិញ បើមិនបានប្រព្រឹត្តខុស គឺគ្មានហ្មងសៅអ្វីទាំងអស់។ នៅអាណាចក្រភ្នំគេមិននិយមធ្វើគុកដាក់មនុស្សទេ បើកាលណាមានកំហុសស្រាល គេពិន័យជនមានទោស តែបើមានកំហុសធ្ងន់ថ្នាក់ឧក្រិដ្ឋវិញ គេយកអ្នកនោះទៅអោយក្រពើស៊ី ឬសត្វសាហាវស៊ីតែម្តង។ ក្នុងរយៈពេលបីថ្ងៃ បើសត្វនោះមិនស៊ីទេ គេចាត់ទុកថាអ្នកនោះគ្មានកំហុស ហើយលែងអោយរួចខ្លួនវិញ។
ដោយសារបានទទួលឥទ្ធិពលឥណ្ឌា ដល់ទៅពីរដង គឺដើមសតវត្សទី១ និងដើមសតវត្សទី៥ របបនយោបាយរបស់អាណាចក្រភ្នំ គឺរាជានិយមតាមបែបឥណ្ឌា។ មហារាជមានងារជាស្ដេចចក្រវាឡ ឬកុរុងវ្នំ សោយរាជ្យលើអាណាចក្រដែលមានសាមន្តរដ្ឋ ឬរដ្ឋចំណុះជាច្រើន ក្នុងនោះមានទាំងសាមន្តរដ្ឋចេនឡា ទៀតផង។ ព្រះរាជាគង់ក្នុងព្រះរាជវាំងដែលមានដំណាក់ច្រើនជាន់ មានរបងជុំវិញ។ ក្នុងពេលប្រទានសវនាការ ព្រះអង្គទ្រង់គង់ផ្ទាល់លើព្រះទែន ផ្តេកជង្គង់ឆ្វេង បញ្ឈរជង្គង់ស្តាំ ដូចកាយវិការរូបចម្លាក់ស្ដេចគម្លង់សព្វថ្ងៃ។ មានពានមាស និងផើងមាស ដុតឈើក្រអូបដាក់លើកម្រាលពីខាងមុខ ហើយមានរូបព្រះរាជសង្ហារតម្កល់នៅចន្លោះកណ្ដាលពានមាសនោះផង។
ព្រះរាជាទ្រង់យាងទៅណាមកណាដោយដំរី ដែលមានក្បួនដង្ហែអ៊ឹកធឹកពីនាម៉ឺនសព្វមុខមន្ត្រី និងស្រីស្នំបរិពារផង។ ពន្ធដារសម័យនោះ ត្រូវបង់ជាមាស ប្រាក់ គុជ ឬក៏គ្រឿងក្រអូបផ្សេងៗ។ សង្គមអាណាចក្រភ្នំ ជាសង្គមមេនិយម គឺគេទុកស្រីជាធំនៅក្នុងគ្រួសារផង និងនៅក្នុងសង្គមផង។ ក្នុងការកសាងគ្រួសារ គឺស្រីដណ្ដឹងប្រុស។
កំពង់ផែសំខាន់របស់អាណាចក្រភ្នំ គឺអូកែវ ស្ថិតនៅខាងត្បូងភ្នំបាថេ ក្នុងដែនដីកម្ពុជាក្រោមសព្វថ្ងៃ លើតំបន់ស្ថានីយបុរេប្រវត្តិសាស្ត្រសម័យយុគថ្មរំលីង ដែលអ្នកដើរសមុទ្រជាតិឥណ្ឌា បានស្គាល់តាំងពីយូរលង់ណាស់មកហើយ។ កំពង់ផែនេះមិនមែនគ្រាន់តែទទួលសំពៅធំៗពីប្រទេសចិន ម៉ាឡាយូ និងឥណ្ឌា ប៉ុណ្ណោះទេ ព្រមទាំងបានទទួលនាវាសមុទ្រធំៗ ដែលដឹកទំនិញមកពីចក្រភពរ៉ូម៉ាំង ស្ថិតត្រង់ព្រំប្រទល់សមុទ្រក្រហមថែមទៀតផង។ នៅកំពង់ផែអូកែវ គេបានរកឃើញត្រាមានអក្សរសំស្ក្រឹតមេដាយមាស មានកាលបរិច្ឆេទឆ្នាំ១៥២ មានរូបសំណាកព្រះចៅ អង់តូនីន និងចម្លាក់ថ្មផ្សេងៗ មកពីតំបន់មេឌីទែរ៉ាណេ ថែមទៀតផង។
ខាងវិស័យសេដ្ឋកិច្ចវិញ ក្នុងសម័យនគរភ្នំមានឈ្មោះថាថ្កុំថ្កើងរុងរឿងណាស់។ កសិកម្មមានការរីកលូតលាស់ចម្រើនខ្លាំង ដោយសារតែមានជោគជ័យក្នុងនយោបាយទឹក រហូតដល់ឯកសារចិន កត់ត្រាថា គេព្រួសមួយឆ្នាំ គេច្រូតបានបីរដូវ។ ខាងពាណិជ្ជកម្ម ក្រៅពីកំពង់ផែអូកែវ ដែលជាកំពង់ផែអន្តរជាតិទទួលនាវាផ្ទុកទំនិញធំៗពីគ្រប់ទិសទី អាណាចក្រភ្នំមានបច្ចេកទេសក្នុងការធ្វើសំពៅធំៗ ដើរតាមសមុទ្រ ដែលតាមឯកសារចិន បញ្ជាក់ថា សំពៅមានប្រវែង ៣០ម៉ែត្រ ដែលមានក្បាល និងកន្សៃមានរាងជាក្បាល និងកន្ទុយត្រី។
ខាងវិស័យអប់រំ មានការរីកចម្រើនខ្លាំង ព្រោះឯកសារចិន បានបញ្ជាក់ថា អាណាចក្រភ្នំមានសៀវភៅ និងមានកន្លែងរក្សាទុកប័ណ្ណសារ។ ភាសាខ្មែរជាភាសាប្រើទូទៅ ឯភាសាសំស្ក្រឹត ជាភាសាផ្លូវការ។ ខាងវិស័យសាសនាវិញ អ្នកនគរភ្នំបានកាន់សាសនាធំៗពីរមកពីឥណ្ឌា គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហើយជាទូទៅ ព្រះពុទ្ធសាសនាមហាយាន ដែលលាយចម្រុះគ្នានឹងជំនឿអារក្ខអ្នកតាមេបា ដែលជាជំនឿដើមរបស់អ្នកនគរភ្នំ ត្រូវបានប្រជារាស្ត្រនគរភ្នំគោរពបូជាជាទូទៅ។
ចំណែកខាងការទុកដាក់សពក្នុងសម័យនគរភ្នំវិញ មានដូចតទៅនេះ ពិធីបូជាសពព្រះមហាក្សត្រត្រូវធ្វើឡើង ៧ថ្ងៃ ក្រោយពីពេលចូលទិវង្គត។ ព្រះសពត្រូវរុំយ៉ាងស្អាត ហើយដង្ហែទៅមាត់ទន្លេ ដោយមានសំឡេងតូរ្យតន្ត្រី ស្គរប្រគំ និងរបាំសក្ការៈកំដរផង។ ព្រះសពរបស់ព្រះរាជាត្រូវបូជានៅលើគំនរឧសមួយ។ ព្រះធាតុត្រូវគេរើសដាក់ក្នុងកោដ្ឋមាស ដែលទីបំផុតគេយកទៅទម្លាក់ក្នុងទឹកទន្លេ ឬសមុទ្រ។
សពពួកមន្ត្រីធំៗ ត្រូវបូជាក្នុងរយៈពេលបីថ្ងៃក្រោយពេលអនិច្ចកម្ម ហើយអដ្ឋិធាតុត្រូវដាក់ក្នុងកោដ្ឋប្រាក់ រួចយកទៅទម្លាក់ក្នុងទឹកទន្លេ។
ចំណែកជនធម្មតាវិញ ពិធីទុកដាក់សពនេះមាន ៤បែប គឺបូជាដោយភ្លើង ឬកប់ក្នុងដី ឬបោះចោលក្នុងទឹក ឬដាក់ហាលខ្យល់កណ្ដាលវាល ទុកអោយសត្វស៊ីជាចំណី។ ឯការកាន់ទុក្ខ គឺគេកោរសក់ និងកោរពុកមាត់។
ខាងវិស័យស្ថាបត្យកម្ម និងចម្លាក់វិញ ក្រៅពីប្រាសាទដែលសង់ដោយលុងភ្នំ គ្មានប្រាសាទណានៅគង់វង្សល្អទេ តែគេសន្និដ្ឋានថា ប្រាសាទទាំងឡាយក្នុងសម័យនោះ កសាងឡើងដោយឥដ្ឋ ដោយគេអាចរកឃើញខឿនសំណង់ផ្សេងៗអំពីឥដ្ឋ នៅកំពង់ផែអូកែវ និងនៅអង្គរបុរី។
ខាងសិល្បៈបដិមា គេបានរកឃើញព្រះពុទ្ធរូប និងទេវរូបជាច្រើន នៅតំបន់ភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចជាព្រះពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុ ព្រះពលរាម ព្រះកល្កិន ព្រះក្រិស្ណ គោវធន។ ស្នាដៃទាំងអស់នេះ នៅមានលក្ខណៈជាឥណ្ឌា នៅឡើយ ពោល គឺរូបទាំងនោះមានរាងធាត់ៗ កាច់ចង្កេះ និងមានធ្នូ ឬក្រចកសេះ ឬចន្ទល់ទ្រថែមទៀតផង៕
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.