ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា នៅអំឡុងសតវត្សទី៦ ពេលដែលប្រទេសកម្ពុជា បានទទួលឥទ្ធិពលជាលើកទីពីរពីឥណ្ឌា មានការរីកចម្រើនរុងរឿងណាស់ រហូតដល់មានការបញ្ជូនព្រះសង្ឃខ្មែរអោយទៅជួយវិស័យនេះនៅប្រទេស ចិន ទៀតផង។ ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូនព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ពីដើមសតវត្សទី៤ ដល់ទី៦។
ព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងអំឡុងខាងដើមសតវត្សទី៤ មិនសូវមានឯកសារអ្វីកត់ត្រាទុកទេ ទោះជាសិលាចារិក ឬឯកសារចិន ក៏ដោយ។ រហូតដល់ឆ្នាំ៣៥៧ អាណាចក្រភ្នំត្រូវគ្រប់គ្រងដោយព្រះរាជាមួយព្រះអង្គ ព្រះនាម ឆានតាន ដែលចិន អោយឈ្មោះថា ធៀនឈូឆានតាន ប្រែថាឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះជាឋានន្តរនាមរបស់ពួកឥណ្ឌូ-សីថ ជាពិសេស គឺរបស់រាជវង្សកុសាណៈ ដែលប្រហែលជាត្រូវភៀសខ្លួនចេញពីប្រទេសឥណ្ឌា ផ្នែកខាងត្បូង ដែលខ្លួនបានធ្លាប់កាន់កាប់មួយរយៈពេល ដែលព្រះរាជាឥណ្ឌា មួយព្រះអង្គ ព្រះនាម ព្រះបាទសមុទ្រគុប្តៈ ទ្រង់វាយលុករំដោះយកតំបន់នោះនៅឆ្នាំ៣៣៥-៣៧៥។
ក្នុងរាជ្យរបស់ព្រះអង្គ ព្រះបាទ ឆានតាន បានមានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយព្រះអង្គបានលើកសួយជាដំរីផ្សាំង ទៅថ្វាយអធិរាជចិន ថែមទៀតផង។ ឯកសារចិន ក៏បានកត់ត្រាទុកផងដែរថា ក្នុងចំណោមស្ដេចដែលសោយរាជ្យតៗមកពីព្រះបាទ ឆានតាន មានស្ដេចមួយព្រះអង្គព្រះនាម កៅណ្ឌិន្យ ជាព្រាហ្មណ៍ជាតិឥណ្ឌា ដែលពេលមួយនោះមានសំឡេងអាថ៌កំបាំងមួយបានបញ្ជាអោយព្រាហ្មណ៍នេះទៅ សោយរាជ្យនៅអាណាចក្រភ្នំ។
កៅណ្ឌិន្យ មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅដល់ស្រុកប៉ានប៉ាន នៅខាងត្បូងដែលអ្នកស្រុកនគរភ្នំបាននាំគ្នាទៅជួប ហើយស្រុះស្រួលលើកព្រះអង្គអោយឡើងសោយរាជ្យ។ ឯកសារខ្លះបានបញ្ជាក់ថា ក្សត្រអង្គនេះមានព្រះនាមក្នុងរាជ្យថា ស្រុទ្ទៈវរ្ម័ន ដែលគេបានថ្វាយព្រះរហ័សនាមថា អ្នកការពារលទ្ធិវេទ។
ក្នុងរជ្ជកាលរបស់ព្រះអង្គ សាសនាព្រាហ្មណ៍គណៈឥសូរ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែខាងព្រះពុទ្ធសាសនាមហាយានវិញ ក៏នៅមានសាសនិកអ្នកជឿ និងគោរពច្រើនដែរ។ របៀបរបបរៀបចំផ្នែកនយោបាយ និងខាងសង្គមនៅអាណាចក្រភ្នំ ត្រូវចម្លងយកតាមរូបភាពប្រទេសឥណ្ឌា។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌា ដោយផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះ ដើម្បីអោយគេជួយរៀបចំកិច្ចការផ្សេងៗខាងសាសនា ការអប់រំ និងខាងសង្គមថែមទៀតផង។
ក្រោយពីព្រះអង្គចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ ដែលមានព្រះនាមក្នុងរាជ្យថា ស្រេស្ថាវរ្ម័ន។ ព្រះរាជាអង្គនេះបានបញ្ជាអោយយកសារការទូត និងដង្វាយទៅថ្វាយព្រះចៅអធិរាជចិន នៃរាជវង្សវ៉ិនជាច្រើនលើក គឺនៅគ្រិស្ដសករាជ៤៣៤-៤៣៥ និង៤៣៨។ ម៉្យាងទៀត ដើម្បីរក្សាចំណងមិត្តភាពល្អជាមួយប្រទេសចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុងឆ្នាំ៤៣១-៤៣២ បានប្រកែកមិនព្រមជួយប្រទេសចំប៉ា ក្នុងការវាយដណ្ដើមយកខេត្តតុងគឹង របស់ចិន ទេ។
ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរភ្នំ គឺព្រះបាទ ជ័យវរ្ម័ន ដែលមានត្រកូល កៅណ្ឌិន្យ គឺព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ៤៨០-៥១៤។ ព្រះអង្គជាមហាក្សត្រនគរភ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជក្រុងភ្នំ។ ក្នុងរាជព្រះបាទ កៅណ្ឌិន្យជ័យវរ្ម័ន នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រភ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជចិន រាជវង្សសុង។
ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះព្រះបាទ កៅណ្ឌិន្យជ័យវរ្ម័ន នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រ នគរភ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជ័យវរ្ម័ន សុគតទៅ គឺត្រូវរាជទាយាទព្រះនាម គុណវរ្ម័ន ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។ ប៉ុន្តែ នៅឆ្នាំ៥១៤ នោះដដែល រុទ្រវរ្ម័ន ជាព្រះជេដ្ឋារបស់ គុណវរ្ម័ន ដែលជាបុត្ររបស់ស្នំម្នាក់ បានធ្វើគត់ គុណវ្ម័ន ជាប្អូន ដើម្បីដណ្ដើមយករាជ្យសម្បត្តិសោយ។
ព្រះបាទ រុទ្រវរ្ម័ន នេះ គឺជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រនគរភ្នំ។ ព្រះអង្គបានបញ្ជូនរាជទូតជាច្រើនដងនៅចន្លោះគ្រិស្ដសករាជ៥១៧ និង៥៣៥ ទៅកាន់ប្រទេសចិន។ រាជទូតអាណាចក្រភ្នំម្នាក់ដែលបាននាំសួយជាសត្វរមាសមួយទៅថ្វាយ ស្ដេចក្រុងចិន នៅឆ្នាំ៥៣៩ បានទូលព្រះអង្គថា នៅប្រទេសខ្លួនមានព្រះកេស គឺសក់ព្រះមួយសរសៃប្រវែងបីម៉ែត្រ។ លុះទ្រង់ជ្រាបដំណឹងនេះហើយ ព្រះចៅអធិរាជលាងវូទី បានបញ្ជាព្រះសង្ឃ ឆេយុនប៉ាវ អោយនិមន្តមកអាណាចក្រភ្នំ ដើម្បីនាំយកព្រះកេសនោះទៅប្រទេសចិន។
បើតាមពង្សាវតាររាជវង្សលាង ព្រះពុទ្ធសាសនាក្នុងសម័យនោះរុងរឿងណាស់ ព្រោះឯកសារនោះបាននិយាយថា មានគណៈបេសកកម្មទូតចិន មួយត្រូវបញ្ជូនមកអាណាចក្រភ្នំ នៅចន្លោះគ្រិស្ដសករាជ៥៣៥ និង៥៤៥ ដើម្បីសុំអោយអធិរាជអាណាចក្រភ្នំ បញ្ជូនទៅប្រទេសចិន នូវអ្នកប្រាជ្ញ និងគម្ពីរខាងព្រះពុទ្ធសាសនា។
គួរកត់សម្គាល់ថា ការដែលព្រះបាទ វុទ្រវរ្ម័ន ឡើងសោយរាជ្យដោយខុសទំនងបែបនេះ បានបណ្ដាលអោយអាណាចក្រនគរភ្នំត្រូវវឹកវរចលាចល រហូតដល់ត្រូវរលំរលាយជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦ នោះឯង៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.