នៅមុនសម័យអង្គរ គឺពីពាក់កណ្ដាលសតវត្សទី៦ រហូតដល់ដើមសតវត្សទី៩ ប្រទេសកម្ពុជា មានការផ្លាស់ប្ដូរសំខាន់ៗមួយចំនួន ដែលគួរអោយកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ឈ្មោះប្រទេសក៏ត្រូវបានប្ដូរពីនគរភ្នំ មកកម្ពុជា ក្នុងសម័យនោះ។ នាដំណាក់កាលនោះដែរ កម្ពុជា បានឆ្លងកាត់ការបង្រួបបង្រួមផង និងការបែកបាក់ផង។
ការបែកបាក់ជាចុងក្រោយ គឺនៅក្នុងរាជរបស់ព្រះមហាក្សត្រិយ៍ជ័យទេវី។ ប្រទេសកម្ពុជា ដែលចិន ហៅថាចេនឡា ត្រូវបែកជាពីរ គឺចេនឡាទឹក និងចេនឡាគោក។
ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រប្រទេសកម្ពុជា តាមការគ្រប់គ្រងរបស់ព្រះរាជាមួយចំនួននៅមុនសម័យអង្គរ។
ក.ព្រះបាទភវវរ្ម័នទី១ (៥៥០-៦០០)
ក្នុងសម័យនគរភ្នំ ព្រះរាជាទាំងឡាយបានវាតអំណាចគ្រប់គ្រងរបស់ខ្លួន លាតសន្ធឹងលើសាមន្តរដ្ឋ ឬរដ្ឋចំណុះជាច្រើន ក្នុងនោះមានទាំងចេនឡាដែនដីរបស់កម្ពុជៈ ដែលហៅតាមភាសាចិន ថាចេនឡា ផង។ ប្រការដែលចិន ហៅថារដ្ឋចេនឡា ប្រហែលជាចិន ចង់មានន័យថា ជានគរក្រមួនសុទ្ធ ឬនគរសម្បូរឃ្មុំ។ ទឹកដីអាណាចក្រនគរភ្នំ លាតសន្ធឹងលើតំបន់ទន្លេមេគង្គ ត្រង់ចន្លោះប៉ាក់សេ នៅខាងជើង ក្រចេះនៅខាងត្បូង ដែនដីភាគធំនៃទន្លេសេមូន ក្នុងប្រទេសថៃ សព្វថ្ងៃ។ ឯចំណុចកណ្ដាលនៃអាណាចក្រនគរភ្នំ គឺវត្តភូ ឬតំបន់ចំប៉ាសាក់ នៃប្រទេសឡាវ សព្វថ្ងៃនេះ។ រដ្ឋចេនឡា គ្រប់គ្រងដោយសន្តតិវង្សមួយដែលបានអះអាងថា មានជាប់ខ្សែរយៈពីការចងសម្ព័ន្ធរវាងឥសីកម្ពុស្វយម្ភូវៈ និងអប្សរាមេរា ខ្សែខាងសូរ្យវង្ស។នៅចុងសម័យនគរភ្នំ ដោយសារព្រះបាទរុទ្ទ្រវរ្ម័ន បានធ្វើគត់គុណវរ្ម័ន ជាប្អូន ដើម្បីដណ្ដើមរាជ្យសោយនោះ ការបះបោរចលាចលក៏កើតមានឡើង ហើយចលនាបះបោរនេះ ក៏កាន់តែរីកធំឡើងៗ ហើយនៅចុងរាជ្យព្រះអង្គ ព្រះបាទរុទ្ទ្រវរ្ម័ន ជាអ្នកដណ្ដើមរាជ្យ ប្រហែលបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ឬក៏ដាក់រាជ្យ។ មិនមានឯកសារណាមួយបញ្ជាក់ច្បាស់ចំណុចនេះទេ ក៏ប៉ុន្តែពេលនោះរាជបល្ល័ង្កនគរភ្នំ ត្រូវនៅទំនេរ។ កម្លាំងបះបោររបស់គុណវរ្ម័ន បានវាយដណ្ដើមយកបានរាជធានីវ្យាធៈបុរៈ។
នៅឯសាមន្តរដ្ឋចេនឡា ឯណោះវិញ ក្រោយពីព្រះបាទវិរៈវរ្ម័ន ជាបិតាសុគតទៅ ព្រះអង្គម្ចាស់មួយអង្គ ព្រះនាម ភវវរ្ម័ន ដែលត្រូវជាចៅរបស់ព្រះបាទរុទ្ទ្រវរ្ម័ន ដែលជាស្ដេចចុងក្រោយនៃអាណាចក្រភ្នំ ក៏ក្រោកឈរប្រឆាំងនឹងចលនាបះបោរឡើង។ ដោយមានជំនួយពីចិត្រាសេនា ជាប្អូនជីដូនមួយយ៉ាងក្លៀវក្លាផង ព្រះបាទភវវរ្ម័ន បានវាយដណ្ដើមយកអាណាចក្រនគរភ្នំ ដែលជាមរតកជីតាខ្លួន គឺព្រះបាទរុទ្ទ្រវរ្ម័ន មកវិញបាន ដោយព្រះអង្គបានវាយរុញច្រានបក្ខពួករបស់គុណវរ្ម័ន អោយដកថយពីរាជធានីវ្យាធៈបុរៈ ទៅតាំងនៅភាគខាងត្បូង គឺអង្គរបុរី ស្រុកព្រៃកប្បាស ក្នុងខេត្តតាកែវ សព្វថ្ងៃ។ ព្រះអង្គគ្រប់គ្រងបានដែនដីពីចន្លោះទន្លេមូនខាងជើង ទន្លេសាបខាងត្បូង ជួរភ្នំអណ្ណាមខាងកើត ទៅទិសខាងលិចដល់ស្ទឹងព្រាជី និងមង្គលបុរី ដែលគេបានរកឃើញសិលាចារិករបស់ព្រះអង្គ។
ក្រោយពីទទួលជ័យជម្នះហើយ ព្រះបាទភវវរ្ម័ន ដែលទ្រង់ជាព្រះរាជានៃសន្តតិវង្ស សូរ្យវង្ស ខាងចេនឡា ទ្រង់បានរៀបអភិសេកជាមួយនឹងក្សត្រីកម្ពុជរាជលក្ម្សី ផ្នែកខាងសោមវង្ស ខាងនគរភ្នំ ដែលស្លោកទី១១ នៃសិលាចារិកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្សខាងចេនឡា និងសោមវង្សខាងអាណាចក្រភ្នំ។ គឺព្រះបាទភវវរ្ម័ន នេះហើយដែលបានប្ដូរឈ្មោះប្រទេសពីនគរភ្នំ មកជាកម្ពុជា ដែលយើងប្រើរហូតដល់សព្វថ្ងៃនេះ។ ព្រះអង្គទ្រង់បានសោយរាជ្យពីឆ្នាំ៥៥០ ដល់ឆ្នាំ៦០០ នៃគ្រិស្ដសករាជ។
ខ.ព្រះបាទមហិន្ទ្រវរ្ម័ន (៦០០-៦១៥)
ក្រោយពីព្រះបាទភវវរ្ម័ន សោយទិវង្គតទៅ ចិត្រាសេនា ជាប្អូនក៏បានឡើងគ្រងរាជ្យបន្តពីព្រះរាម ដែលទ្រង់មានព្រះនាមក្នុងរាជ្យថា មហិន្ទ្រវរ្ម័ន។ ព្រះបាទមហិន្ទ្រវរ្ម័ន ទ្រង់បានបន្តដំណើរពង្រីកអំណាចរបស់អាណាចក្រចេនឡា បន្តទៅទិសខាងលិច និងទៅទិសខាងត្បូងទៀត។ ដើម្បីការពារព្រំដែនផ្នែកខាងកើត ព្រះអង្គបានរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ដោយបានធ្វើសន្ធិសញ្ញាជាមួយនឹងប្រទេសចំប៉ា។ ព្រះអង្គសោយរាជ្យពីឆ្នាំ៦០០ ដល់ឆ្នាំ៦១៥ នៃគ្រិស្ដសករាជ។គ.ព្រះបាទឥស្សណៈវរ្ម័នទី១ (៦១៥-៦៣៨)
ក្រោយពីព្រះបាទមហិន្ទ្រវរ្ម័ន សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ឥស្សណៈវរ្ម័នទី១ ទ្រង់បានឡើងគ្រងរាជ្យបន្តពីព្រះបិតា។ ព្រះបាទឥស្សណៈវរ្ម័ន ជាព្រះរាជាមានមហិទ្ធិឫទ្ធិណាស់ គឺព្រះអង្គនេះហើយ ដែលបានបញ្ចប់ការវាយដណ្ដើមយកអាណាចក្រភ្នំទាំងស្រុង ដោយទ្រង់វាយដណ្តើមបានរាជធានីអង្គរបុរី ក្នុងអំឡុងឆ្នាំ៦៣០ នៃគ្រិស្ដសករាជ។ព្រះអង្គបានពង្រីកការត្រួតត្រាឆ្ពោះទៅទិសខាងត្បូង ដល់ព្រំប្រទល់ដែនដីកម្ពុជាក្រោមសព្វថ្ងៃ ឯទិសខាងលិចដល់ខេត្តចាន់តាប៊ុន ក្នុងប្រទេសថៃ សព្វថ្ងៃ។ ដើម្បីរឹតចំណងមិត្តភាពជាមួយបរទេស ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន នាឆ្នាំ៦១៦-៦២៣ និង៦២៧។ ជាមួយប្រទេសជិតខាង ព្រះអង្គបានរៀបអភិសេកបុត្រីរបស់ព្រះអង្គ ព្រះនាម សារៈវ៉ានី ជាមួយនឹងចៅទួតម្នាក់របស់ព្រះរាជាចំប៉ា ដែលទ្រង់ប្រសូតបានបុត្រាមួយអង្គ ហើយដែលក្រោយមកទ្រង់បានឡើងគ្រងរាជ្យនៅប្រទេសចំប៉ា ក្នុងឆ្នាំ៦៥៣ ដោយមានព្រះនាមថា វិក្រន្តា។
ព្រះបាទឥស្សណៈវរ្ម័ន ទ្រង់បានតាំងរាជធានីនៅចំកណ្ដាលអាណាចក្ររបស់ព្រះអង្គ ដែលមានឈ្មោះថា ឥស្សណៈបុរៈ។ រាជធានីឥស្សណៈបុរៈ មានប្រជាពលរដ្ឋប្រមាណ ២ម៉ឺនគ្រួសាររស់នៅ ហើយដែលត្រូវនឹងរមណីយដ្ឋានសម្បូរព្រៃគុក ដែលមានសំណល់ជាប្រាសាទធ្វើអំពីឥដ្ឋជាច្រើន ស្ថិតនៅខាងជើងខេត្តកំពង់ធំ សព្វថ្ងៃនេះ។
ក្នុងរជ្ជកាលរបស់ព្រះបាទឥស្សណៈវរ្ម័ន អាណាចក្រចេនឡា មានការរីកចម្រើនរុងរឿងណាស់ ប៉ុន្តែក្នុងពេលដែលព្រះអង្គចូលទិវង្គតទៅ ហើយដែលហាក់ដូចជាគ្មានបុត្របន្តរាជ្យផងនោះ ភាពវឹកវរចលាចលក៏បានផ្ទុះឡើងសាជាថ្មី។
ឃ.ព្រះបាទភវវរ្ម័នទី២ (៦៣៩-៦៥៥)
ភាពវឹកវរចលាចលដែលកើតឡើងក្នុងពេលដែលព្រះបាទឥស្សណៈវរ្ម័ន សោយទិវង្គត ត្រូវបានវាយបង្ក្រាបយ៉ាងឆាប់រហ័ស ដោយកម្លាំងដ៏ខ្លាំងក្លារបស់ព្រះបាទភវវរ្ម័នទី២ ដែលមានកងទ័ព និងនាម៉ឺនមន្ត្រីមានភក្តីភាពយ៉ាងម៉ឺងម៉ាត់ចំពោះព្រះអង្គ។ យើងមិនបានដឹងថា តើព្រះបាទភវវរ្ម័នទី២ ទ្រង់ជាប់ព្រះញាតិខាងណាទេ។ សិលាចារិកនៅហាន់ជ័យ បានរំឭកនូវការពង្រឹងអំណាចអធិរាជរបស់ព្រះអង្គ។ ព្រះអង្គទ្រង់បានសាងទីកន្លែងសក្ការបូជា ឬប្រាសាទជាច្រើន។ តាមគេប៉ាន់ស្មាន សិលាចារិកភ្នំបាយ៉ង់ សិលាចារិកភ្នំព្រះវិហារ កំពង់ឆ្នាំង ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។ ព្រះបាទភវវរ្ម័នទី២ ទ្រង់គ្រងរាជ្យពីឆ្នាំ៦៣៩ ដល់ឆ្នាំ៦៥៥ នៃគ្រិស្ដសករាជ។ង.ព្រះបាទជ័យវរ្ម័នទី១ (៦៥៥-៦៨១)
ព្រះបាទជ័យវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័នទី២ ទ្រង់បានឡើងគ្រងរាជ្យបន្តពីបិតាព្រះអង្គ ក្នុងឆ្នាំ៦៥៥ នៃគ្រិស្ដសករាជ។ ព្រះបាទជ័យវរ្ម័នទី១ ទ្រង់យកព្រះទ័យទុកដាក់ណាស់ក្នុងការថែរក្សាទឹកដីដ៏ធំទូលាយ ដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់ទុកអោយ។ ក្នុងវិស័យការពារជាតិ ព្រះអង្គទ្រង់បង្កើតអោយមានកងទ័ពសេះ ហើយបានច្នៃបង្កើតវិធីទាក់ ឬផ្សាំងដំរីផង។ក្នុងរជ្ជកាលរបស់ព្រះអង្គ គេឃើញមានសិលាចារិក ឬការកសាងប្រាសាទជាច្រើននៅវ្យាធៈបុរៈ និងវត្តភូចំប៉ាសាក់ នៃប្រទេសឡាវ សព្វថ្ងៃ។
តាមការប៉ាន់ស្មាន ព្រះបាទជ័យវរ្ម័នទី១ ប្រហែលជាសោយទិវង្គតនៅឆ្នាំ៦៨១ នៃគ្រិស្ដសករាជ។
ច.ព្រះមហាក្សត្រិយ៍ជ័យទេវី (៦៨១-៧១៣)
ដោយព្រះបាទជ័យវរ្ម័នទី១ ពុំមានព្រះរាជបុត្រាដែលអាចសោយរាជ្យស្នងពីព្រះអង្គបាន បុត្រីព្រះអង្គ ព្រះនាម ជ័យទេវី ត្រូវឡើងគ្រងរាជ្យបន្តពីព្រះអង្គ។ ព្រះមហាក្សត្រិយ៍ជ័យទេវី សោយរាជ្យពីឆ្នាំ៦៨១ ពេលដែលព្រះបិតាទ្រង់សោយទិវង្គត រហូតដល់ឆ្នាំ៧១៣។ ក៏ប៉ុន្តែ អំណាចរបស់ព្រះនាងពុំមានមូលដ្ឋានរឹងមាំឡើយ ព្រោះនៅក្នុងសិលាចារិកមួយដែលគេបានរកឃើញនៅអង្គរ ព្រះនាងបានទ្រង់ត្អូញត្អែរពីភាពច្របូកច្របល់ក្នុងចិត្តគំនិត និងទុក្ខវេទនានៃគ្រាកើតកលិយុគ។ប្រហែលមកពីការចុះខ្សោយនៃអំណាចកណ្ដាល ដែលនៅស្ថិតក្នុងកណ្ដាប់ព្រះមហាក្សត្រិយ៍នេះហើយ ដែលធ្វើអោយប្រទេសចេនឡា ត្រូវបែងចែកជាពីរ គឺចេនឡាទឹក និងចេនឡាគោក នៅដើមសតវត្សទី៨ គឺនៅក្នុងឆ្នាំ៧០៦៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.