ក្រុមហ៊ុន មួយរបស់អាមេរិកបានផលិតអាវទ្រនាប់អេឡិចត្រូនិក Flight Tech Sports ដើម្បីឱ្យមិត្តនារីៗ អាចថែរក្សាសុខភាពរបស់ខ្លួនឯង ជាពិសេសការឡើងទម្ងន់ជាដើម។
អាវទ្រនាប់អេឡិចត្រូនិកនេះ មានសណ្ឋាននិងគុណភាពដូចគ្នាទៅនឹងអាវទ្រនាប់ធម្មតាដែរ តែវាត្រូវបានបំពាក់ដោយប្រព័ន្ធ Sensor ក្នុងសាច់ក្រណាត់ ដើម្បីតាមដានពីកម្រិតកាឡូរីដែលបានដុតកម្ទេច និងចង្វាក់បេះដូងនៅពេលហាត់ប្រាណម្តងៗ។ ទិន្នន័យទាំងអស់ដែលប្រព័ន្ធ Sensor ក្នុងអាវទ្រនាប់នេះទទួលបាន ត្រូវបញ្ជូនទៅក្នុងឧបករណ៍ប្រើ iOS ដោយការភ្ជាប់ប្រព័ន្ធ Bluetooth។
កំណែប្រែចុងក្រោយនៃអាវទ្រនាប់ Flight Tech Sports នឹងត្រូវដាក់បង្ហាញផ្លូវការនៅខែនេះ ហើយមានតម្លៃ ១៤០ដុល្លារ ដែលតម្លៃរបស់វាថោកជាងខ្សែដៃអេឡិចត្រូនិកតាមដានសុខភាពផ្សេង ទៀតដូចជា Fibit ជាដើម។
ក្រុមហ៊ុន Sensilk ដែលល្បីខាងផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់ថែរក្សាសុខភាពនេះ បានឱ្យដឹងថាបច្ចុប្បន្នខ្លួនបានបង្កើតត្រឹមតែអាវទ្រនាប់ Flight Tech Sports សម្រាប់ស្រ្តីប៉ុណ្ណោះ តែពេលខាងមុខនឹងបង្កើតអាវអេឡិចត្រូនិកធម្មតាសម្រាប់បុរសថែមទៀត៕
ប្រភព Sabay News