កីឡាករវាយកូនបាល់ជម្រើសជាតិអាយុក្រោម ១៨ឆ្នាំកម្ពុជា ឈាង វណ្ណាស័ក្ក បានបង្ហាញជំនឿចិត្តថាការចេញទៅប្រកួតកីឡាវាយកូនបាល់អាយុ ក្រោម១៨ឆ្នាំលើកនេះ ពិតជាមានសង្ឃឹមខ្ពស់ ក្នុងព្រឹត្តិការណ៍ AGS 3 International Junior Champs 2015 នៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។
កីឡាករ ឈាង សុវណ្ណាស័ក្ក
កីឡាករ ឈាង វណ្ណាស័ក្ក ជម្រើសជាតិវាយកូនបាល់អាយុក្រោម ១៨ឆ្នាំ កម្ពុជា បានឲ្យដឹងថា ការចេញទៅប្រកួតនៅប្រទេស ឥណ្ឌូណេស៊ី លើកនេះពិតជាមានសង្ឃឹមខ្ពស់ក្នុងការប្រជែងយកជ័យជំនះ។ បទពិសោធន៍របស់គេមានគ្រប់ ហើយកម្រិតបច្ចេកទេស និងកម្លាំងពិតមិនចាញ់កីឡាករដែលមកពី ១៥ ប្រទេសផ្សេងទៀតឡើយ។
យុវជនវ័យ ១៧ឆ្នាំរូបនេះបានបន្តថា កីឡាករដែលមកប្រកួតប្រជែងមាន ១២៨ នាក់ដោយជម្រុះម្ដង ៦៤ នាក់ និងបន្តចម្រាញ់យកតែ ២ នាក់ប៉ុណ្ណោះ។ សម្រាប់ការធ្វើដំណើរ និងថ្លៃចាយវាយកីឡាកររូបនេះមានការឧបត្ថម្ភពី បុរីហាយ-ធិច លុច្សសារី ។
ឈាង វណ្ណាស័ក្ក បាននិយាយថា « ខ្ញុំមានសង្ឃឹមខ្ពស់ក្នុងការទទួលបានជ័យលាភីល្អមួយ អាចជាលេខ ១ ឬលេខ២ ព្រោះកីឡាករដែលមកពី ១៥ ប្រទេសនោះមាន កម្រិតបច្ចេកទេស និងកម្លាំង ក្រោម និងខ្លះត្រឹមប្រហាក់ប្រហែលខ្ញុំប៉ុណ្ណោះ»។
កីឡាករដែលបានជាប់ជម្រើសជាតិកាលឆ្នាំ ២០១៣ រូបនេះបានលើកឡើងទៀតថា ពិតជាមានមោនភាពណាស់ដែលបានចេញទៅប្រកួតដំណាងជាតិ។ ទោះជាយ៉ាងណានឹងប្រឹងប្រែងក្នុងការប្រកួតនោះឲ្យអស់ពី សមត្ថភាព ហើយនឹងធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានដឹងពីយុវជនជំនាន់ក្រោយរបស់កម្ពុជាថា មាន ទេពកោសល្យដល់កម្រិតណានោះ។
ឈាង វណ្ណាស័ក្ក ធ្លាប់បានចេញទៅប្រកួតកីឡាវាយកូនបាល់នៅប្រទេស ថៃ និងប្រទេសឥណ្ឌូណេស៊ី ហើយក៏ធ្លាប់ទទួលបានមេដាយសំរឹទ្ធម្ដងវិញ្ញាសាវាយគូ ២ ទល់ ២។ កីឡាកររូបនេះ នឹងចេញដំណើរនៅថ្ងៃស្អែក ដើម្បីត្រៀមខ្លួនប្រកួតនាថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០១៥ខាងមុខនេះ ៕
ប្រភព Sabay News