កាល ពីថ្ងៃសៅកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសចិនបានបង្ហាញនូវបច្ចេកវិទ្យា ជំនាន់ចុងក្រោយមួយគឺការស្កេនមុខដើម្បីប្រើប្រាស់ទូ ATM ជំនួសឲ្យការវាយបញ្ចូលលេខកូដ។
ប្រព័ន្ធថ្មីនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Tsinghua រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាTzekwan។ នៅពេលដែលអ្នកប្រើប្រាស់ស៊កកាតចូលទៅក្នុងទូ ATM នោះ កាមេរ៉ានឹងចាប់ផ្ដើមធ្វើការស្កេនមុខ ប្រសិនបើមុខនោះដូចគ្នាទៅនឹងរូបថតដែលប្រើដើម្បីបើកគណនី ធនាគារនោះ អ្នកប្រើប្រាស់នឹងអាចធ្វើប្រតិបត្តិការដក ឬដាក់ប្រាក់បាន។ លើសពីនេះទៅទៀត ទូ ATM នេះថែមទាំងអាចធ្វើការប្ដូររូបិយប័ណ្ណប្រាក់យ័ន ទៅជារូបិយប័ណ្ណរបស់ប្រទេស២៥៦ផ្សេងបានទៀតផង។
ស្ថាបនិករបស់ប្រព័ន្ធនេះ លោក Gu Zikan បានមានប្រសាសន៍ថា វានឹងក្លាយជាបច្ចេកវិទ្យាស្កេនមុខដំបូងបង្អស់ក្នុងពិភពលោក ហើយក៏នឹងមានប្រើប្រាស់លើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះផង ដែរ។
ប្រភព Sabay News