មជ្ឈមណ្ឌល ច្នៃសម្ភារៈបច្ចេកវិទ្យាឡើងវិញ នៅទីក្រុង San Francisco សហរដ្ឋអាមេរិក កំពុងស្វែងរកស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបរិច្ចាគកុំព្យូទ័រចំណាស់មួយគ្រឿងម៉ាក Apple ជំនាន់ដំបូងបង្អស់។
លោក Victor Gichun ដែលរស់នៅតំបន់ឆ្នេរ Clean Bay Area បាននិយាយថា ស្ត្រីម្នាក់បានបរិច្ចាគកេះមានដាក់សម្ភារៈបច្ចេកវិទ្យាមួយចំនួន ដែលសម្អាតចេញពីឃ្លាំងរបស់ប្ដីនាង ទៅឲ្យមជ្ឈមណ្ឌលច្នៃសម្ភារៈបច្ចេកវិទ្យាឡើងវិញ បន្ទាប់ពីប្ដីស្លាប់បាត់។
ស្ត្រីម្នាក់នោះ មិនបានទុកព័ត៌មានដើម្បីទំនាក់ទំនងឡើយ ហើយប៉ុន្មានសប្ដាហ៍ក្រោយមក ទើបអ្នកធ្វើការនៅមជ្ឈមណ្ឌលបើកកេះមើល។ នៅក្នុងកេះទាំងនោះ គឺជាផ្នែកផ្សេងៗនៃកុំព្យូទ័រម៉ាក Apple ដ៏ចំណាស់មួយគ្រឿង។
សារព័ត៌មាន San Jose Mercury បានឲ្យដឹងថា កុំព្យូទ័រដែលបរិច្ចាគដោយស្ត្រីមិនស្គាល់អត្តសញ្ញាណនោះ មានតែ ២០០គ្រឿងប៉ុណ្ណោះ ដែលជាជំនាន់ដំបូងរបស់ Apple ផលិតក្នុងឆ្នាំ១៩៧៦។ លោក Gichun បានលក់កុំព្យូទ័រដ៏កម្រនោះតាមរយៈការដេញថ្លៃ បាន ២០ម៉ឺនដុល្លារ។
តាមគោលការណ៍របស់ក្រុមហ៊ុន ម្ចាស់សម្ភារៈដែលលក់បាននៅក្នុងមជ្ឈមណ្ឌល នឹងទទួលបាន ៥០ភាគរយ។ ពេលនេះ ក្រុមហ៊ុនកំពុងតាមរកស្ត្រីជាម្ចាស់កុំព្យូទ័រនោះ ដើម្បីផ្ដល់ទឹកប្រាក់ ១០ម៉ឺនដុល្លារដល់នាង៕
ប្រភព Sabay News