ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់បកលើសំណើរបស់គណបក្សប្រឆាំងដែលស្នើឲ្យដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងការទន្ទ្រានលើទឹកដីកម្ពុជាដោយវៀតណាម។
ឆ្លើយតបនឹងលិខិតរួមមួយដែលបានផ្ញើដោយអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន ១២ រូប កាលពីថ្ងៃទី ៣០ ខែមិថុនាដែលទាមទារឲ្យលោកនាយករដ្ឋមន្រ្តីចាត់វិធានការប្រឆាំងនឹងប្រទេសវៀតណាមតាមរយៈតុលាការយុត្តិធម៌អន្តរជាតិលោកនាយករដ្ឋមន្រ្តីបានរិះគន់គណបក្សប្រឆាំងថាមិនយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។
ដោយមិនលើកឡើងពីសំណើទាក់ទងនឹងតុលាការយុត្តិធម៌អន្តរជាតិ លោក ហ៊ុន សែន ក្នុងលិខិតមួយដែលបានផ្ញើទៅលោក ហេង សំរិន ប្រធានរដ្ឋសភាចុះថ្ងៃទី ២៤ ខែកក្កដាដែលទើបត្រូវបានចែកចាយកាលពីម្សិលមិញបានឲ្យដឹងថារដ្ឋាភិបាលបានចាត់ទុកការការពារអធិបតេយ្យរបស់កម្ពុជាគឺជា «កាតព្វកិច្ចសំខាន់» បំផុតរបស់ខ្លួន។
លោក ហ៊ុន សែន សរសេរថា៖ «[កិច្ចខិតខំប្រឹងប្រែងរបស់យើង] មិនត្រូវបានមើលឃើញ ឬធ្វើពុតជាមើលមិនឃើញដោយមជ្ឈដ្ឋានមួយចំនួន»។ «បញ្ហាព្រំដែននេះត្រូវគេយក [ប្រយោជន៍] ដើម្បីចំណេញនយោបាយសម្រាប់ [គណបក្សប្រឆាំង]»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះបានចុះទៅពិនិត្យព្រំដែនជាបន្តបន្ទាប់ហើយបានផ្សព្វផ្សាយពីការរំលោភទន្ទ្រានរបស់វៀតណាមចូលមកក្នុងទឹកដីខ្មែរក្នុងខេត្តតាមព្រំដែនដែលរួមមានករណីវៀតណាមចូលមកជីកស្រះទឹកចំនួន ៨ នៅខេត្តរតនគិរីធ្វើផ្លូវនៅស្វាយរៀង និងសាងសង់ប៉ុស្តិ៍យោធានៅស្រុកកោះធំខេត្តកណ្តាល។
ក្នុងចំណោមការឆ្លើយតបរបស់រដ្ឋាភិបាល លោក ហ៊ុន សែន បានលើកឡើងពីការតវ៉ាតាមផ្លូវទូតទៅទីក្រុងហាណូយអំពីការទន្ទ្រាន និងសំណើរបស់លោកដែលស្នើសុំផែនទីផលិតដោយបារាំងដែលចែងក្នុងរដ្ឋធម្មនុញ្ញពីអង្គការសហប្រជាជាតិដើម្បីផ្ទៀងផ្ទាត់ពីដំណើរការបោះបង្គោលព្រំដែន។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានចុះហត្ថលេខាលើលិខិតរួមនោះបានប្រៀបធៀបការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីនេះថា «ខ្សោយ» ជាមួយនឹងបណ្តឹងរបស់រដ្ឋាភិបាលទៅតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងការចូលលុកលុយរបស់ថៃនៅតំបន់ព្រំដែនដែលមានវិវាទនៅក្នុងខេត្តព្រះវិហារ៕
ប្រភព Post Khmer
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.