ក្រុមបាល់ទាត់ U-23 កម្ពុជានឹងបើកទំព័រស៊ីហ្គេមលើកទី២៨ ដោយប៉ះក្រុម U-23 ហ្វីលីពីន ក្នុងពូល A នាម៉ោង៧:៣០នាទីយប់នេះ នៅកីឡដ្ឋាន Jalan Besar របស់សិង្ហបុរី។ នេះជាការប្រកួតទី១សម្រាប់កម្ពុជា តែសម្រាប់ហ្វីលីពីនវិញគឺជាលើកទី២ហើយ ខណៈកាលពីប្រកួតដំបូង ក្រុមនេះចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ១-០។ តើកម្ពុជា អាចយក៣ពិន្ទុក្នុងប្រកួតដំបូងនេះបានដែរឬទេ?
គ្រូបង្វឹកបង្ហាញទំនុកចិត្តដូចគ្នា
គ្រូបង្វឹកក្រុម U-23 កម្ពុជា លោក Lee Tae Hoon
U-23 កម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានត្រៀមលក្ខណៈយ៉ាងល្អនៅមុនការប្រកួតនេះ ពោលគឺបានប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាច្រើនប្រកួត។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងដែលបានអង្គុយមើលទម្រង់លេង ក្រុមហ្វីលីពីនពេលប៉ះសិង្ហបុរីនោះ បាននិយាយប្រាប់ Oracle of Cambodia ថា៖ “បច្ចុប្បន្នយើងមានក្រុមដ៏រឹងមាំ ខ្ញុំមានទំនុកចិត្តខ្ពស់នៅស៊ីហ្គេមឆ្នាំនេះ ហើយយើងនឹងធ្វើឲ្យគោលដៅរបស់យើងឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ក្លាយជាការពិត”។
ចំណែកលោក Marlon Maro គ្រូបង្វឹកក្រុម U-23 ហ្វីលីពីន ក៏ធ្លាប់បានបង្ហាញទំនុកចិត្តខ្លាំងណាស់ដែរ ទោះបីជាត្រូវបាត់បង់កីឡាករសំខាន់មួយចំនួនដែលជាប់ក្នុងក្រុម ឈុតធំសម្រាប់ត្រៀមជម្រុះ World Cup ដូចកម្ពុជាដែរក្ដី។ គ្រូបង្វឹកដែលទើបចូលដឹកនាំឈុត U-23 ហ្វីលីពីន កាលពីខែមុនរូបនេះ បានប្រាប់ ESPN FC ថា៖ “យើងបានបាត់បង់កីឡាករសម្បូរបទពិសោធន៍មួយចំនួនដែលជាប់ភារកិច្ច ក្នុងក្រុមជម្រើសជាតិឈុតធំត្រៀមជម្រុះ World Cup។ ទោះបីជាក្រុមយើងក្មេងខ្ចី តែយើងបានបោះជំរំហ្វឹកហាត់នៅអូស្រ្ដាលី។ ខ្ញុំមានទំនុកចិត្តលើក្រុមរបស់ខ្ញុំ”។
កីឡាករពេញជើងដូចគ្នា
ក្រុមកីឡាករ U-23 កម្ពុជាហ្វឹកហាត់កាលពីម្សិលមិញ
កម្ពុជាមិនមានបញ្ហាកីឡាកររបួសនោះទេ ប៉ុន្តែកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា មិនទាន់ fit ១០០% នោះឡើយ។ យ៉ាងណាក្ដី លោក Lee បានបញ្ជាក់ថាខ្សែប្រយុទ្ធក្លិបបឹងកេតអង្គររូបនេះ អាចចូលលេងបានក្នុងការប្រកួតនេះ។ កីឡាករសំខាន់ម្នាក់ដែលមិនមានឈ្មោះចូលរួមជាមួយក្រុមកម្ពុជានៅ សិង្ហបុរី គឺខ្សែការពារ រស់ សំអឿន ដោយសារមានបញ្ហារបួសដៃ។
ចំណែកហ្វីលីពីន វិញ ក៏គ្មានកីឡាកររបួស ឬជាប់បម្រាមអ្វីនោះដែរ។ អ្វីដែលក្រុមនេះប្រឈម គឺការបាត់បង់កីឡាករសំខាន់វ័យក្មេងមួយចំនួនដែលជាប់ក្នុងក្រុម ឈុតធំ ដូចជា Amani Aguinaldo, Kenshiro Daniels, Manuel Ott និងកីឡាករកូនកាត់ជប៉ុន Daisuke Sato ជាដើម។
បើនិយាយពីប្រវត្តិជួបគ្នាវិញ គឺក្រុម U-23 កម្ពុជា ទើបតែបំបាក់ U-23 ហ្វីលីពីន ៣-១ នាការប្រកួតពានរង្វាន់ AFC U-23 Championship កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ នៅកីឡដ្ឋាន Rajamangala ប្រទេសថៃ។ ចំណែកប្រវត្តិជួបគ្នានៅស៊ីហ្គេមវិញ គឺ U-23 ហ្វីលីពីន ធ្លាប់ឈ្នះ U-23 កម្ពុជា ៤-២ នៅស៊ីហ្គេម ២០០៥ ដែលពេលនោះហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតរវាងក្រុមទាំងពីរកាលពីមីនាកន្លងទៅ
លទ្ធផលប្រកួតពានរង្វាន់ផ្លូវការ ៥ប្រកួតចុងក្រោយនៃក្រុមទាំង២៖
កម្ពុជា
|
ហ្វីលីពីន
|
||
៣១/០៣/១៥ (AFC U-23)
|
កម្ពុជា ៣-១ ហ្វីលីពីន
|
០១/០៦/១៥ (ស៊ីហ្គេម ២០១៥)
|
សិង្ហបុរី ១-០ ហ្វីលីពីន
|
២៩/០៣/១៥ (AFC U-23)
|
កម្ពុជា ១-៤ កូរ៉េខាងជើង
|
៣១/០៣/១៥ (AFC U-23)
|
កម្ពុជា ៣-១ ហ្វីលីពីន
|
២៧/០៣/១៥ (AFC U-23)
|
ថៃ ២-១ កម្ពុជា
|
២៩/០៣/១៥ (AFC U-23)
|
ហ្វីលីពីន ១-៥ ថៃ
|
១៦/១២/១៣ (ស៊ីហ្គេម ២០១៣)
|
ថៃ ០-០ កម្ពុជា
|
២៧/០៣/១៥ (AFC U-23)
|
កូរ៉េខាងជើង ៤-០ ហ្វីលីពីន
|
១២/១២/១៣ (ស៊ីហ្គេម ២០១៣)
|
កម្ពុជា ២-៣ ទីម័រខាងកើត
|
១៥/១១/១១ (ស៊ីហ្គេម ២០១១)
|
ហ្វីលីពីន ១-២ ប្រ៊ុយណេ
|
ទោះមិនបានទៅគាំទ្រដល់សិង្ហបុរី ក៏ប្រិយមិត្តអាចចូលរួមលើកទឹកចិត្តក្រុមកម្ពុជាពីចម្ងាយបានផង ដែរ ដោយទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍រស្មីហង្សមាស ក៏ដូចជាតាម YouTube ដោយចុចត្រង់នេះ។
តោះ! សាកទាយទាំងអស់គ្នា ថាតើលទ្ធផលនៃគូនេះយ៉ាងណាដែរ?
អត្ថបទ៖ សុខ សុវត្ថិ
ប្រភព Sabay