Samsung ថ្មីៗនេះបានរៀបចំកម្មវិធីមួយមានឈ្មោះថា “យកទូរសព្ទចាស់ប្តូរទូរសព្ទថ្មីពី Samsung” ដើម្បី ប្រិយមិត្តអាចយកទូរសព្ទស៊េរីចាស់មួយចំនួនរបស់ខ្លួនដូរយក ទូរសព្ទស៊េរីថ្មីចុងក្រោយរបស់ Samsung គឺ Galaxy S6 និង S6 Edge។
កម្មវិធី “យកទូរសព្ទចាស់ប្តូរទូរសព្ទថ្មីពី Samsung” ដែលក្រុមហ៊ុន Samsung រៀបចំមានការចាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន ប៉ុន្តែប្រិយមិត្តមួយចំនួនក៏មានមន្ទិលសង្ស័យសម្រាប់ការចូលរួមលេង កម្មវិធីនេះ។
ដូច្នេះដើម្បីស្រាយឲ្យអស់មន្ទិលសង្ស័យ Sabay បានសាកសួរប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung ជុំវិញកម្មវិធីយកទូរសព្ទចាស់ដូរយកទូរសព្ទថ្មីនេះ ដើម្បីប្រិយមិត្តស្វែងយល់បន្ថែមមុនពេលសម្រេចចិត្តចូលរួមលេង កម្មវិធីនេះ។
លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung បានឲ្យដឹងថា កម្មវិធី “យកទូរសព្ទចាស់ប្តូរទូរសព្ទថ្មីពី Samsung” ជាកម្មវិធីមួយដែលក្រុមហ៊ុនរៀបចំឡើងដើម្បីឲ្យអតិថិជនទាំងអស់អាច យកទូរសព្ទស៊េរីចាស់ដូរយកទូរសព្ទស៊េរីថ្មី Galaxy S6 និង Galaxy S6 Edge ដែលជាកំពូលទូរសព្ទម៉ូដែលចុងក្រោយរបស់ Samsung។
លោកថា លក្ខខណ្ឌចូលរួមលេងគឺបានតែប្រភេទទូរសព្ទមួយចំនួនដែលក្រុមហ៊ុនបាន កំណត់តែប៉ុណ្ណោះមានដូចជា Samsung Galaxy S5, Galaxy Note 3, Note 4, iPhone 5s, iPhone 6, iPhone 6 Plus។
លោកថា ការយកទូរសព្ទចាស់មកប្តូរយកទូរសព្ទថ្មី Galaxy S6 និង Galaxy S6 Edge លក្ខខណ្ឌគឺអតិថិជនត្រូវបង់តម្លៃបន្ថែមលើតម្លៃទូរសព្ទដែលចង់ ប្តូរ។
“ឧទាហរណ៍អតិថិជនដែលប្រើប្រាស់ iPhone 5S ដែលតម្លៃទិញចូល ៤០០ ដុល្លារ ពួកគេត្រូវបង់តម្លៃបន្ថែមជាង ២០០ ដុល្លារទៀតដើម្បីប្តូរយក S6 ឬ S6 Edge ជាតម្លៃកំពុងលក់នៅលើទីផ្សារ”។
លោកបន្តថា កម្មវិធីប្តូរទូរសព្ទចាស់យកទូរសព្ទថ្មីនេះ អតិថិជមិនចាំបាច់ត្រូវបង់ផ្តាច់ទាំងស្រុងទេ ដោយអាចបង់រំលស់ជាមួយអត្រាការប្រាក់សូន្យភាគរយ។ ជាមួយគ្នានេះ ពួកគេក៏អាចយកទូរសព្ទដែលទិញក្រៅផ្លូវការមិនមានប័ណ្ណធានា ចូលរួមលេងបានដែរ។
ប្រភព Sabay News