លោក Brendan Rodgers នឹងនៅតែជាអ្នកចាត់ការក្រុម Liverpool ដដែល បន្ទាប់ពីជួបពិភាក្សាជាមួយម្ចាស់ក្លិបរួច ប៉ុន្តែបានប្រាប់ថា នឹងធ្វើឲ្យហង្សក្រហមរីកចម្រើនជាងមុន នៅរដូវកាលក្រោយ។
អ្នកចាត់ការវ័យ៤២ឆ្នាំ បានជួបជាមួយសហម្ចាស់ក្លិបលោក Tom Werner និងប្រធានក្រុមហ៊ុន Fenway Sports Group លោក Mike Gordon កាលពីយប់មិញ ដើម្បីពិភាក្សាគ្នាពិនិត្យឡើងវិញ នូវស្ថានភាពរបស់ក្លិប។
លោក Werner និង Gordon សង្ឃឹមថា Liverpool យ៉ាងហោចណាស់ក៏ទទួលបានចំណាត់ថ្នាក់ Top 4 ដែរ នៅរដូវកាល២០១៤/១៥ បន្ទាប់ពីចំណាយលុយអស់ ១២០លានផោន ក្នុងការទិញកីឡាករថ្មីចូល ប៉ុន្តែបែរជាទទួលត្រឹមការខកចិត្ត ដោយសារក្រុមបញ្ចប់រដូវកាល ត្រឹមចំណាត់ថ្នាក់លេខ៦ និងចាញ់ Stoke City ថ្ងៃចុងក្រោយ ៦-១ ថែមទៀត។
យ៉ាងណាក្ដី អ្នកជំនួញអាមេរិក Werner ក៏យល់ដែរថា ការធ្លាក់ទម្រង់លេងរបស់ក្រុម គឺមកពីលក់ខ្សែប្រយុទ្ធសំខាន់ Luis Suarez ហើយ Daniel Sturridge របួសស្ទើរតែពេញ១រដូវកាលថែមទៀត។ ដូច្នេះលោកផ្ដល់ឱកាសដល់លោក Rodgers នៅដឹកនាំក្រុមបន្តទៀតនៅរដូវកាលថ្មី ប៉ុន្តែក្រុមត្រូវតែរីកចម្រើនជាងមុន។
ម្ចាស់ក្លិបហង្សក្រហម ដែលជាម្ចាស់ក្រុមហ៊ុន FSG នឹងគាំទ្រលោក Rodgers ម្ដងទៀត ក្នុងការដោះដូរកីឡាករថ្មីចូលរដូវក្ដៅនេះ និងចង់ឃើញអ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើង អាចដឹកនាំក្រុមឲ្យទទួលបានកៅអី UEFA Champions League វិញ៕
ចុះប្រិយមិត្តយល់ថា លោក Rodgers នឹងដឹកនាំ Liverpool ល្អ ឬអត់រដូវកាលថ្មី?
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព Sabay