កន្លងមកនេះ ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន តែងប្រួតគ្នាស្តីបន្ទោស និងរិះគន់អ្នកនយោបាយគ្រប់ៗគ្នា នៅពេលដែលពួកគេសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះ មានចរិតអតា្មនិយម ពុករលួយ ភូតកុហកប្រជាពលរដ្ឋ ដើម្បីបំពេញសេចក្តីស្រែកឃ្លានផ្នែកនយោបាយរបស់ខ្លួន ។ ក៏ប៉ុន្តែ អ្នករិះគន់ទាំងនោះ ភ្លេចគិតថា ហេតុផលដែលនៅកម្ពុជាសម្បូរអ្នកនយោបាយប្រភេទនេះ ក៏មានកំហុសរបស់ពលរដ្ឋដែលជាម្ចាស់ទឹកដីរួមផ្សំផងដែរ។
កំហុសដែលគួរស្តីបន្ទោសពលរដ្ឋទាំងនោះ មានដូចជា ទី ១ ឥរិយាបថមិនខ្វល់នឹងរឿងនយោបាយរបស់ពលរដ្ឋដែលជាម្ចាស់ឆ្នោត បណ្តែតបណ្តោយឲ្យអ្នកនយោបាយឱកាសនិយមបោកបញ្ឆោតខ្លួនម្តងហើយម្តងទៀត។ ប្រជាពលរដ្ឋដែលម្ចាស់ឆ្នោត មិនបាននាំគ្នាតាមដានសកម្មភាពរបស់អ្នកនយោបាយទាំងនោះឡើយ ដោយពួកគេម្នាក់ៗគិតតែរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ពលរដ្ឋខ្លះនិយាយថា រឿងនយោបាយ ឬរឿងស្រុកទេស ទុកឲ្យអ្នកនយោបាយ ឬអ្នកដឹកនាំ គេធ្វើទៅបានហើយ តែយើងជាពលរដ្ឋមិនចាំបាច់រវល់នោះទេ គឺគិតតែរឿងការងាររកស៊ីចិញ្ចឹមជីវិតរៀងៗខ្លួនទៅបានហើយ។ ផ្នត់គំនិតរបស់ពលរដ្ឋបែបនេះ បានធ្វើឲ្យអ្នកនយោបាយបង្កបញ្ហាសម្រាប់ជាតិមួយចំនួនសំងំពួនជ្រក ក្នុងវិថីនយោបាយ ដោយសប្បាយចិត្ត បំប៉នមហិច្ឆតាអាក្រក់របស់ខ្លួន បំផ្លាញប្រទេសជាតិយ៉ាងរីករាយ។ « ពេលនោះ អ្នកនយោបាយបោកពលរដ្ឋ ពួកគេមិនត្រឹមតែជិះសេះលែងដៃទេ ថែមទាំងរាំក្បាច់ រាំសារាវ៉ាន់ និងរាំស្លូទៀតផង »។
ចំណុចទី ២ ដោយសារផ្នត់គំនិតគាំទ្រទាំងបិទភ្នែករបស់ម្ចាស់ឆ្នោត។ ពលរដ្ឋខ្លះ នៅពេលដែលពួកគេ គាំទ្រគណបក្ស ឬអ្នកនយោបាយណាមួយហើយ គឺរាល់សកម្មភាពរបស់បក្ស ឬអ្នកនយោបាយនោះ ពួកគេតែងគិតថា ត្រឹមត្រូវជានិច្ច បើទោះជាសកម្មភាពនោះខុស ផ្ទុយពីច្បាប់ ពុករលួយ គ្រួសារនិយម និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬប្រជាជនខ្មែរដទៃទៀតក៏ដោយ។ពលរដ្ឋទាំងនោះ នៅតែខំប្រឹងការពារទង្វើអាក្រក់របស់បក្ស និងអ្នកនយោបាយទាំងនោះដែរ ពីព្រោះថា បក្ស ឬអ្នកនយោបាយនោះ ជាមនុស្សដែលខ្លួនស្រឡាញ់ខ្លាំងបំផុត បើទោះបីជាពេលខ្លះដឹងថា ខ្លួនត្រូវអ្នកនយោបាយនោះបោកប្រាស់ក៏ដោយ ។ ដូច្នេះ វាជាសត្យានុម័តហើយថា បើខ្មែរមានពលរដ្ឋធ្វើបែបនេះ ខ្មែរក៏ត្រូវតែមានអ្នកនយោបាយបោកពលរដ្ឋបែបនេះដែរ។ ហើយពលរដ្ឋ ក៏មានកំហុសនៅក្នុងរឿងនេះផងដែរ។
ជាការពិត អ្នកនយោបាយខ្លួនឯង គឺជាតួអង្គសំខាន់ ដែលត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងសមនឹងទទួលពាក្យនិន្ទាពីប្រជាពលរដ្ឋនៅពេលដែលពួកគេប្រព្រឹត្ត ទង្វើស្មោកគ្រោក មិនបម្រើផលប្រយោជន៍របស់ជាតិ ។ ពីព្រោះថា មនុស្សដែលដើរលើវិថីនយោបាយ គួរតែដឹងខ្លួនឯងមុនថា វិថីនយោបាយមិនមែនជាទីលានសម្រាប់រកស៊ី បឺតជញ្ជក់ទ្រព្យសម្បត្តិជាតិ បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ អ្នកដែលស្ម័គ្រចិត្តដើរលើវិថីនយោបាយ គឺជាអ្នកដែលស្ម័គ្រចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋ និងមាតុភូមិរបស់ខ្លួនដោយថ្លៃថ្នូរ។
ដើម្បីឲ្យកម្ពុជាសម្បូរដោយអ្នកនយោបាយដែលមានសន្តានចិត្តពិតប្រាកដ បម្រើប្រជាពលរដ្ឋ និងសង្គម កាត់បន្ថយអ្នកនយោបាយបោកប្រាស់ប្រជាពលរដ្ឋ បំផ្លាញផលប្រយោជន៍ជាតិនោះ ទាមទារឲ្យពលរដ្ឋខ្លួនឯងដែលជាម្ចាស់ប្រទេស ត្រូវចូលរួមតាមដានសកម្មភាពរបស់អ្នកនយោបាយឲ្យបានច្រើនជាងមុន។ ពលរដ្ឋ ត្រូវមានមនសិការជានិច្ចថា បញ្ហារបស់ជាតិ ក៏ជាបញ្ហារបស់ខ្លួនឯងដែរ។ ជាងនេះទៅទៀត ពលរដ្ឋត្រូវហ៊ានបញ្ចេញមតិ និងហ៊ានក្រោកតវ៉ា ប្រឆាំងនឹងអ្នកនយោបាយដែលមិនបម្រើប្រជាពលរដ្ឋពិតប្រាកដ។
យ៉ាងក៏ដោយចុះ ក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្នុងអំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោតអាណត្តិទី ៥ នេះពលរដ្ឋកម្ពុជា ហាក់ផ្លាស់ប្តូរផ្នត់គំនិតចាស់របស់ខ្លួនចោលច្រើនគួរឲ្យកត់សម្គាល់ ដែរ ។ ពលរដ្ឋជាច្រើន បានងាកមកតាមដានព័ត៌មាន និងតាមដានស្ថានការណ៍នយោបាយរបស់ប្រទេស។ ពួកគេចាប់ផ្តើមជជែកពីរឿងអ្នកនយោបាយ និងបញ្ចេញយោបល់រិះគន់អ្នកនយោបាយដែលបោកប្រាស់ប្រពលរដ្ឋមួយចំនួន ហើយពេលខ្លះពួកគេថែមទាំងក្រោកតវ៉ាប្រឆាំងនឹងអ្នកនយោបាយទាំងនោះក៏មាន ទៀតផង ។ នេះជាសញ្ញាណល្អ សម្រាប់ប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ។ ហើយវា ក៏ជាតម្រូវការដែលមិនអាចខ្វះបានសម្រាប់មាតុភូមិដែលធ្លាប់វក់វី ក្នុងភ្លើងសង្គ្រាមមួយនេះ៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.