ការ ខិតខំតស៊ូប្រឹងប្រែងជម្នះរាល់ឧបសគ្គ ចំណង់ចំណូលចិត្ត និង សមត្ថភាពបានធ្វើឲ្យ ភូ ភក្តី សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរលើវិថីនៃការសិក្សា និង ការងារ។ អ្វីគួរឲ្យកត់សម្គាល់ ភក្តី បានសម្រេចសមិទ្ធផលដ៏អស្ចារ្យគឺការបង្កើតកម្រងច្បាប់កម្ពុជា កម្រងបទបញ្ញត្តិ ពាក់ព័ន្ធក្រមវិជ្ជាជីវៈមេធាវីលក្ខណៈជាសៀវភៅអេឡិចត្រូនិកដំបូង គេ សម្រាប់ប្រើប្រាស់នៅក្នុង iPad ដែលបានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់សិស្ស និស្សិត និងពលរដ្ឋខ្មែរប្រើប្រាស់។
យើងសូមលើកបង្ហាញពីជីវប្រវត្តិត្រួសៗរបស់យុវជនឆ្នើមរូបនេះ តើមានដំណើរជីវិតយ៉ាងណា និង ការសម្រេចបានសមិទ្ធផលនានាជាមួយការកំណត់គោលដៅនាពេលអនាគត។
ប្រវត្តិការសិក្សា និង គ្រួសារ
ភក្តី កើតក្នុងត្រកូលគ្រួសារមានជីវភាពក្រីក្រមួយនៅស្រុកឈូកស្ថិតក្នុង ខេត្តកំពតដែលលោក ឪពុក និង អ្នកម្ដាយបានបែកបាក់តាំងពីភក្ដីអាយុ ៥ ឆ្នាំ។ ដោយការរស់នៅលំបាក ភក្ដី ក៏បានម្ដាយធំទទួលមករស់នៅជាមួយនៅភ្នំពេញក្នុងឆ្នាំ ១៩៨៦ ដោយមានការទំនុកបម្រុងផ្សេងៗពីម្ដាយធំផងដែរ។
ភក្ដីមិនមែនជាសិស្សពូកែអ្វីទេ ហើយពេលព្រឹកជួយអ៊ុំស្រីរត់តុបាយ និង លាងចាន តែដោយសារការឆ្លៀតពេលទើបធ្វើឲ្យភក្ដីបានរៀនចប់ចុងចប់ដើម ត្រឹមថ្នាក់ ទុតិយភូមិ។ ភក្ដីស្ថិតក្នុងចំណោមបងប្អូន ៤ នាក់ (ប្រុស ៣ ស្រី ១) ភក្ដី គឺជាកូនទី ៣។ នៅឆ្នាំ ២០០៤ ភក្ដី បានបញ្ចប់ថ្នាក់ទុតិយភូមិ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និង បន្ដការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (Rule) លើមុខជំនាញច្បាប់បង់ថ្លៃ។
រំលងបាន ១ ឆ្នាំ ភក្ដី ទទួលបានអាហារូបករណ៍សិក្សារយៈពេល ៤ ឆ្នាំដោយឥតគិតថ្លៃរបស់ក្រសួងអប់រំ ផ្នែករដ្ឋបាលសាធារណៈវិញ តែទោះជាយ៉ាងណាលោកនៅតែបន្តផ្នែកច្បាប់។ តែក្នុងកំឡុងពាក់កណ្ដាលឆ្នាំ ២០០៤ ភក្ដីបានចាប់ផ្ដើមចងក្រងនូវឯកសារច្បាប់រួមនឹងមិត្តភ័ក្ដិ ខណៈភក្ដីជាប្រធានថ្នាក់ដ៏ម៉ឺងម៉ាត់មួយរូប។
ក្រោយពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញច្បាប់ក្នុងឆ្នាំ ២០០៨ និង ផ្នែករដ្ឋបាលសាធារណៈក្នុងឆ្នាំ ២០០៩ ភក្ដី ក៏បានបន្តថ្នាក់អនុបណ្ឌិត (MBA) ជំនាញច្បាប់ដដែលហើយក៏បានបញ្ចប់ដោយជោគជ័យក្នុងឆ្នាំ ២០១៣។ ការរៀនអនុបណ្ឌិតនេះគឺដោយសារការសន្សំលុយពេលរៀនបរិញ្ញាបណ្ដើរ។
ចំណូលចិត្តលើវិស័យចងក្រងឯកសារ រួមផ្សំនឹងវិស័យព័ត៌មានវិទ្យា
ភក្តី ប្រាប់ថា តាំងពីតូចមក រូបគេហាក់មាននិស្ស័យលើផ្នែកចងក្រងឯកសារចាស់ៗ និង តែងតែចង់ដឹងចង់ស្គាល់លើមុខវិទ្យាមួយនេះរួមផ្សំនឹងចំណេះដឹង ព័ត៌មានវិទ្យាផ្សេងៗ។
“ខ្ញុំតែងតែដើរខ្ចីសៀវភៅផ្សេងៗ ដែលនិយាយទាក់ទិននឹងផ្នែកបច្ចេកវិទ្យា និង ច្បាប់យកមកអាន, មើល និង រៀនអនុវត្តចុះឡើងៗជាប្រចាំស្ទើរតែគ្រប់បណ្ណាល័យក្នុងទីក្រុង ភ្នំពេញ”។ ការអានសៀវភៅទាំងនេះ បានធ្វើឲ្យយុវជនរូបនេះ ដក់ចិត្តយ៉ាងខ្លាំងទៅនឹងវិស័យចងក្រងឯកសារ។
ដោយសារមានការបែកគំនិត គួបផ្សំមានការខិតខំប្រឹងប្រែង ភក្ដី ប្រាប់ថា កាលនៅវិទ្យាល័យរូបគេអាចចេះប្រើប្រាស់កម្មវិធីមួយចំនួនដូចជា Word, Excel ជាដើម ដោយមិនដែលឆ្លងកាត់សាលាបណ្ដុះបណ្ដាល ឬគ្រូបង្ហាត់បង្ហាញណាមួយនោះទេ គឺចេះតែរៀនតាមរយៈសៀវភៅណែនាំទាំងនោះ និង ព្យាយាមស្វែងយល់ និង ដោះស្រាយដោយខ្លួនឯង។ ចំណែកសៀវភៅផ្សេងៗមួយចំនួនភក្ដីចំណាយលុយទិញដោយបានថវិកា ពីការលក់នៃឯកសារផ្សេងៗ សម្រាប់អ្នកប្រលងឌីប្លូម និង បាក់ឌុប ទាំងខ្លួនមិនទាន់ចប់បាក់ឌុប។
ដោយសារចំណេះដឹងទាំង ២ បូកបញ្ចូលគ្នាទើបលោកមានគំនិតចង់ចងក្រងឯកសារ ដើម្បីឲ្យក្លាយជាសៀវភៅអេឡិចត្រូនិកវិញ។
សមិទ្ធផលសម្រេចបាន
ឯកសារដែល ភក្ដី ខិតខំសន្សំទុកតាំងពីឆ្នាំ ២០០៤ មក ឥឡូវបានសម្រេចនូវស្នាដៃខ្លួនដោយការរៀបចំកម្រងច្បាប់កម្ពុជា កម្រងបទបញ្ញត្តិ ពាក់ព័ន្ធការប្រកបវិជ្ជាជីវៈមេធាវី ទាំងនោះមានលក្ខណៈជាសៀវភៅអេឡិចត្រូនិក សម្រាប់ប្រើប្រាស់នៅក្នុង iPad។ លោកបន្ដថា នេះត្រូវបានរៀបចំឲ្យមានលក្ខណៈងាយស្រួលប្រើប្រាស់ជាងនៅលើ សៀវភៅ ឬ មានលក្ខណៈជា File PDF ដែលមិនទាន់បញ្ចូលទៅក្នុង iBook Store ដោយអាច ស្វែងរកពាក្យ , ស្វែងរកមាត្រាហើយអាចហាយឡាយលើឃ្លាដែលប្រិយមិត្តចង់កត់ចំណាំ ទុក។ ជាងនេះទៅទៀតប្រិយមិត្តអាចពង្រីកទំហំអក្សរ (font Size) ធ្វើកំណត់សម្គាល់បាន (Note) និង មានមាតិកាអាចចែករំលែកតាមរយៈ បណ្ដាញសង្គម Facebook និង Twitter, អាចប្ដូរពណ៌ផ្ទៃក្រដាស ទៅជាពណ៌ស (White) ពណ៌ខ្សាច់មិនចាំងភ្នែក (Sepia) និង ប្ដូរខ្មៅនៅពេលយប់ (Night) ការពារខូចភ្នែក។ ជាពិសេសអ្វីដែលប្រិយមិត្តធ្វើកំណត់សម្គាល់គឺវានៅរក្សាទុក ក្នុងគណនី Apple រហូត ហើយគ្មាននរណាម្នាក់អាចលួចទិន្នន័យបានឡើយ។
មួយវិញទៀត គឺលោកបានបង្កើតគេហទំព័របង្រៀនច្បាប់ឈ្មោះថា “កម្រងអត្ថបទច្បាប់នៅកម្ពុជា” ដែលមានអាសយដ្ឋាន www.Pheakdeylaw.com ដោយលោកផ្ទាល់ជាអ្នកបង្រៀនលើអនឡាយ។ អ្វីពិសេសគឺ ភក្តី បានរៀបចំឯកសារច្បាប់បាន ៤៤០ ច្បាប់ , សៀវភៅក្រមច្បាប់កម្ពុជា , បានបោះពុម្ពក្រមច្បាប់ព្រហ្មទណ្ឌ និង កំពុងចរចាជាមួយអ្នកនិពន្ធឯកសារច្បាប់ផ្សេងៗដើម្បីឲ្យមានលើ App Store បន្ថែម។
ទម្រាំបានសៀវភៅអេឡិចត្រូនិកមានផលលំបាក
ភក្ដី មានការព្យាយាមខ្លាំងបំផុត ចំណាយពេលវេលាច្រើនទៅលើការស្វែងរកឯកសារ ដោយការស្វែងរកនេះ គឺភក្ដីឈ្មុសឈ្មុលគ្រប់បណ្ណាល័យ ដូចជាបណ្ណាល័យព្រឹទ្ធសភាសម្បូរទៅដោយឯកសារជាភាសាចិន , បណ្ណាល័យ សម្ដេច ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញភាគច្រើនសម្បូរឯកសារទូទៅ , បណ្ណាល័យជាតិ។ ចំណែកការស្វែងរកឯកសារចាស់ៗ គឺបណ្ណាល័យវណ្ណៈសារស្ថានជាតិ ដែលបណ្ណាល័យនេះគិតសេវាដែល ១ សន្លឹក ៤ រយរៀល ដើម្បីបាន ភក្ដី បានដើរស្វែងរកជំនួយពីមិត្តភ័ក្ដិក៏ដូចជាសប្បុរសជនដើម្បីចម្លង ឯកសារនោះបាន។ បន្ទាប់ពីចម្លងបានហើយត្រូវយកមកបកប្រែពីភាសាបារាំងមកជាខ្មែរ គ្រប់ទំព័រដែលក្នុងនោះមិត្តភ័ក្ដិលោកបានជួយបកផងដែរ។
សម្រាប់ការបង្កើត iBook Store ភក្ដីបានរៀនពី YouTube និង ចំណាយថវិកាទិញសៀវភៅមេរៀនមកសិក្សាបន្ថែមដែលត្រូវចំណាយពេលវេលា មួយយូរគួរសម។
មូលហេតុបណ្ដាលឲ្យ ភក្ដី បង្កើត iBook Store
រយៈពេលនៃការសិក្សាគឺមានផលវិបាកជាខ្លាំងព្រោះត្រូវមានការ ស្រាវជ្រាវច្រើន និង ត្រូវការរយៈពេលយូរដើម្បីស្វែងរកចម្លើយ។ ចំណាយពេលពិនិត្យគ្រប់បណ្ណាល័យដើម្បីទទួលទិន្នន័យ ដែលចង់បានទើបធ្វើឲ្យភក្ដីមានគំនិតបង្កើតសៀវភៅអេឡិចត្រូនិកនេះ ឡើងដើម្បីជាជំនួយដល់សិស្សនិស្សិតកំពុងសិក្សាផ្នែកច្បាប់នេះ។ ជាពិសេសសម្រាប់បងប្អូនដែលមានមុខងារពាក់ព័ន្ធអាចសិក្សាបន្ថែម ឬ រំលឹកមេរៀនខ្លួនផងដែរ។ ការប្រើប្រាស់ដោយគ្រាន់តែវាយពាក្យគន្លឹះ ឧទាហរណ៍ វាយពាក្យរដ្ឋមន្ត្រី ឯកសារដែលពាក់ព័ន្ធនិងបង្ហាញឲ្យភ្លាមៗ។
គោលបំណងទៅថ្ងៃអនាគត
ភក្តី បញ្ជាក់ថា នៅថ្ងៃអនាគតបើលទ្ធភាព និង ពេលវេលាសមស្រប រូបគេមានគោលបំណងចង់ក្លាយជាមេធាវីដ៏ឆ្នើមមួយរូប និង បន្តចងក្រងឯកសារច្បាប់បន្តទៀតដោយមិនចង់ចងក្រងឯកសារផ្សេងៗឡើយ ដើម្បីទុកឲ្យនិស្សិតដែលពាក់ព័ន្ធជំនាញខ្លួនមានឱកាសបង្កើតសៀវភៅ ដូចជា ឯកសារ ពេទ្យ ជាដើម។ ភក្ដី ទោះបីលោកគ្មានទ្រព្យ គ្មានខ្សែតែលោកមិនបោះបង់ឡើយនូវក្តីស្រមៃរបស់លោកជាមេធាវី ដើម្បីជួយសង្គមជាតិ។
ជាមួយគ្នានេះដោយសារភក្ដីស្រលាញ់ការចងក្រងក៏បានបោះបង់ភាពជា គ្រូបង្រៀនច្បាប់ ១ កន្លែង និង កន្លែងធ្វើការ ១ ផ្សេងទៀត។ យ៉ាងណា ភក្ដី ទទួលស្គាល់ថា ការចងក្រងគឺចំណាយថវិកាច្រើន ហើយគ្មានទទួលបានចំណូលអ្វីឡើយ តែភក្ដីចង់ឲ្យច្បាប់កម្ពុជាមានគ្រប់មិនខ្វះចន្លោះឡើយ។
យោបល់ចុងក្រោយ
បច្ចុប្បន្នការសិក្សាទាមទារឲ្យចេះភាសា អន្តរជាតិ និង មិនអាចរៀបរៀងឯកសាបានល្អឡើយជាពិសេសឯកសារល្អៗ គឺសុទ្ធសឹងតែភាសាបរទេសដូចនេះ ភក្ដីមិនចោលឡើយភាសាបារាំង, អង់គ្លេស, ភាសាចិន និង ថៃ នេះជាហេតុធ្វើឲ្យងាយស្រួលក្នុងការបកប្រែឯកសារ។ ចុងក្រោយនេះ ភក្ដី សូមផ្ដាំផ្ញើដល់យុវជនខ្មែរទាំងអស់ត្រូវខិតខំពង្រឹងការសិក្សា របស់ខ្លួន ដោយកុំភ្លេចរៀនបន្ថែមចំណេះដឹងទាក់ទងនឹង IT ខ្លះៗសម្រាប់ជាទុនទៅថ្ងៃមុខ។
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.