ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវព្រះរាជាសម័យអង្គរ បីព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៣ ព្រះបាទឥន្ទ្រវរ្ម័នទី១ និងព្រះបាទយសោវរ្ម័នទី១។
ក២. ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤-៨៧៧)
ក្រោយពីព្រះបាទជ័យវរ្ម័នទី២ ព្រះរាជាដំបូងនៃសម័យមហានគរ ទ្រង់សោយទិវង្គតទៅនៅឆ្នាំ៨៥០ ឬឆ្នាំ៨៥៤ នោះ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមជយវ៌ធន ឬព្រះបាទជ័យវរ្ម័នទី៣ បានទ្រង់ឡើងគ្រងរាជ្យស្នងពីព្រះបិតា។ ព្រះបាទជ័យវរ្ម័នទី៣ ដែលទ្រង់មាននិស្ស័យពីកំណើតសព្វព្រះទ័យតែនឹងសាងអំពើល្អ ទ្រង់សោយរាជ្យដោយសុខសន្តិភាពក្នុងរយៈពេលយ៉ាងយូរ ខំថែរក្សា និងធ្វើអោយកាន់តែប្រសើរឡើងនូវភាពថ្កុំថ្កើងរុងរឿង ដែលជាមរតកដែលបិតាព្រះអង្គបានបន្សល់ទុកអោយមក។
ព្រះអង្គទ្រង់មានចំណង់ និងចំណូលព្រះទ័យខាងការប្រមាញ់ដំរីណាស់។ ព្រះអង្គទ្រង់បានសាងប្រាសាទខ្លះនៅតំបន់អង្គរ។
ព្រះបាទជ័យវរ្ម័នទី៣ ទ្រង់គង់នៅរាជធានីហរិហរាល័យ (រលួស) រហូតដល់ គ្រិស្ដសករាជ៨៧៧ ហើយទ្រង់ចូលទិវង្គតទៅដោយគ្មានបន្សល់បុត្រ ដើម្បីស្នងរាជ្យបន្តឡើយ។ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គទ្រង់បានទទួលព្រះមរណនាមថា វិស្ណុលោក។
ក៣. ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩)
ដោយព្រះបាទជ័យវរ្ម័នទី៣ ទ្រង់សោយទិវង្គត ហើយគ្មានបុត្រនឹងស្នងរាជ្យផងនោះ ប្អូនជីដូនមួយរបស់ព្រះអង្គ ព្រះនាមឥន្ទ្រវរ្ម័នទី១ ក៏បានទទួលរាជ្យសម្បត្តិបន្តពីព្រះអង្គ នៅឆ្នាំ៨៧៧ នៃគ្រិស្ដសករាជ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រអង់អាចក្លៀវក្លា មានស្នាព្រះហស្តយ៉ាងច្រើនក្នុងកិច្ចការការពារ និងកសាងប្រទេសជាតិ។ ក្រោយពីពេលដែលព្រះអង្គទ្រង់បានឡើងគ្រងរាជ្យក្នុងឆ្នាំ៨៧៧ ព្រះអង្គទ្រង់បានចាត់ចែងអោយជីកបារាយណ៍ គឺអាងទឹកមួយយ៉ាងធំស្ថិតនៅខាងជើងរាជធានី មានបណ្តោយប្រវែង ៣គីឡូម៉ែត្រ និងទទឹង ៨០០ម៉ែត្រ មានឈ្មោះថា ឥន្ទ្រតដាក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំចំពោះវិស័យកសិកម្ម។ នៅឆ្នាំ៨៧៩ ព្រះអង្គទ្រង់បានកសាងប្រាសាទព្រះគោ ជាប្រាសាទដែលមានប្រាង្គឥដ្ឋចំនួនប្រាំមួយ តម្រៀបគ្នាជាពីរជួរមុខក្រោយ ស្ថិតនៅលើខឿនតែមួយ ដើម្បីឧទ្ទិសចំពោះបុព្វការីជនរបស់ព្រះអង្គ គឺមាតាបិតា ជីដូនជីតាខាងព្រះមាតា និងព្រះបាទជ័យវរ្ម័នទី២ ព្រមទាំងព្រះអគ្គមហេសីរបស់ព្រះអង្គផង។
នៅឆ្នាំ៨៨១ ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់បានកសាងប្រាសាទបាគង នៅចំកណ្ដាលរាជធានីហរិហរាល័យ ដែលជាប្រាសាទភ្នំសាងអំពីថ្មភក់ដំបូង មានខឿនបីជាន់សម្រាប់តម្កល់លិង្គទេវរាជដែលមានឈ្មោះថា ឥន្ទ្រេស្វរៈ ហើយទ្រង់បានកសាងប្រាសាទមួយនៅលើភ្នំបាយ៉ង់ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។ ក្រៅពីសំណង់ទាំងឡាយនេះ ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់មានស្នាព្រះហស្តសំខាន់ទៀត គឺការរៀបចំលំដាប់ថ្នាក់ក្នុងព្រះរាជវង្ស និងព្រះរាជបរិពារជាន់ខ្ពស់ ដែលស្ថិតក្នុងប្រព័ន្ធអ្នកដឹកនាំជាតិ ដែលគេឃើញព្រះរាជាខាងក្រោយៗ ព្រះអង្គទ្រង់បានអនុវត្តបន្តគ្នាអស់ពេលច្រើនសតវត្សរ៍។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ទឹកដីប្រទេសខ្មែរមានវិសាលភាពធំទូលាយ ហើយទំនងជាមានសុខសន្តិភាពបរិបូណ៌ណាស់។ ចំពោះនយោបាយក្រៅប្រទេសវិញ ព្រះអង្គបានរឹតចំណងការទូតជាមួយប្រទេសចិន ប្រទេសចំប៉ា និងកោះជ្វា។
ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់សោយទិវង្គតនៅឆ្នាំ៨៨៩ នៃគ្រិស្ដសករាជ ដោយបានទទួលព្រះមរណនាមថា ព្រះឥស្វរៈលោក។
ក៤. ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) និងការកសាងក្រុងអង្គរលើកទី១
ក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី១ចូលទិវង្គតទៅនៅឆ្នាំ៨៨៩ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទយសោវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រដែលទ្រង់ជាប់ខ្សែលោហិតនឹងព្រះរាជាមុនៗទាំងអស់ ដែលបានសោយរាជ្យបន្តគ្នាជាច្រើនសតវត្សរ៍នៅប្រទេសកម្ពុជា នេះ។ ព្រះអង្គទ្រង់ជាព្រះរាជាមួយព្រះអង្គដែលបានទទួលការសិក្សាជ្រៅជ្រះ បំផុតពីគ្រូបាធ្យាយរបស់ព្រះអង្គ គឺព្រះគ្រូព្រាហ្មណ៍វមៈសិវៈ ដែលជាសាវៈរបស់គ្រូសិវៈសោម ហើយព្រះអង្គក៏ជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែ មានស្នាព្រះហស្តអស្ចារ្យក្នុងកិច្ចការពារ និងកសាងប្រទេសជាតិ។
ក្រោយពីទ្រង់បានឡើងគ្រងរាជ្យសម្បត្តិភ្លាម ព្រះបាទយសោវរ្ម័នទី១ ទ្រង់បានកសាងអាស្រមដែលមានឈ្មោះថា យសោធរាស្រមចំនួន១០០ និងសិលាចារឹកជាច្រើននៅក្នុងផ្ទៃប្រទេស ហើយទ្រង់បានកសាងប្រាសាទលលៃ នៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក ដែលជាស្នាព្រះហស្តរបស់ព្រះបិតាព្រះអង្គផង។
ប្រាសាទលលៃ នេះ ជាប្រាសាទសាងអំពីឥដ្ឋ មានប្រាង្គ៤តម្រៀបជាពីរជួរមុខក្រោយ សម្រាប់ឧទ្ទិសចំពោះព្រះមាតាព្រះបិតា និងជីដូនជីតាខាងព្រះមាតាព្រះអង្គ។
ប្រហែលជាមកពីរាជធានីហរិហរាល័យ មានសំណង់ផ្សេងៗ និងប្រាសាទច្រើនណាស់ទៅហើយ ហើយដែលស្ថិតនៅក្បែរមាត់បឹងទន្លេសាបពេកផង ដែលនាំអោយមានការពិបាកក្នុងការកសាងសំណង់ផ្សេងៗទៀត ទើបព្រះបាទយសោវរ្ម័នទី២ សម្រេចប្ដូររាជធានីពីហរិហរាល័យ រលួស មកសាងរាជធានីថ្មីនៅភាគខាងលិច។
គឺព្រះបាទយសោវរ្ម័នទី១នេះហើយ ដែលបានទ្រង់សាងទីក្រុងអង្គរទី១ មានឈ្មោះថា “យសោធបុរៈ” ដែលមានភ្នំបាខែង នៅចំកណ្ដាល ហើយសាងប្រាសាទបាខែងនៅលើភ្នំនេះសម្រាប់តម្កល់ទេវលិង្គ ស្រីយសោធរេស្វរៈ នៅឆ្នាំ៨៩៣។
ចំណែកនៅលើភ្នំក្រោម និងភ្នំបូក ដែលស្ថិតអមសងខាងភ្នំកណ្ដាលនេះ ព្រះអង្គទ្រង់បានសាងប្រាសាទមានប្រាង្គបីៗសម្រាប់ឧទ្ទិសចំពោះ ត្រីមូរតិ គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ ផង។ ដើម្បីធានាទឹកប្រើប្រាស់ និងមុខរបរកសិកម្មជាចម្បង ព្រះអង្គទ្រង់បានជីកបារាយណ៍ខាងកើត ទៅខាងទិសឦសាននៃរាជធានីថ្មីនេះ ដែលមានបណ្តោយប្រវែង ៧គីឡូម៉ែត្រ និងទទឹង ១.៨០០ម៉ែត្រ ហៅថា យសោធរៈតដាក។
ក្នុងរាជ្យព្រះអង្គ សាសនាទាំងអស់មានការរីកចម្រើន និងសុខសាន្តនឹងគ្នាណាស់។ នៅលើច្រាំងខាងត្បូងនៃបារាយណ៍នេះ ព្រះអង្គទ្រង់អោយកសាងអាស្រមជាច្រើនសម្រាប់គណៈសាសនាផ្សេងៗ មានព្រាហ្មណាស្រម សម្រាប់អ្នកកាន់សាសនាគណៈព្រះឥសូរ វៃស្នវាស្រម ជាច្រើន សម្រាប់អ្នកកាន់សាសនាព្រះវិស្ណុ និងសៅគតាស្រម សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ។
ព្រះបាទយសោវរ្ម័នទី១ ទ្រង់ជាស្ដេចសឹកដ៏អង់អាចក្លាហាន ដែលសិលាចារឹកបាននិយាយបញ្ជាក់អំពីការលើកទ័ពទៅច្បាំងជាមួយនគរ ចំប៉ា និងជោគជ័យចំបាំងជើងទឹកមួយ ទៅលើពួកចោរសមុទ្រដែលប្រើសំពៅមានក្តោងពណ៌ស ដែលអាចជាសំពៅរបស់ពួកចាម ឬជាសំពៅរបស់ពួកឥណ្ឌូនេស៊ី ថែមទៀតផង។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា មានទំហំធំទូលាយណាស់ គឺខាងជើងទល់នឹងខេត្តយូណាន់ ប្រទេសចិន ខាងលិចទល់នឹងប្រទេសភូមា ខាងកើតទល់នឹងប្រទេសចំប៉ា ខាងត្បូងទល់នឹងសមុទ្រ។
ព្រះបាទយសោវរ្ម័នទី១ ទ្រង់គ្រងរាជ្យពីឆ្នាំ៨៨៩ ហើយទ្រង់សោយទិវង្គតក្នុងឆ្នាំ៩០០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមសិវលោក៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.