Saturday, June 6, 2015

ឥរិយាបថ​៥​យ៉ាង​ រាំង​ខ្ទប់​ភាព​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់​អ្នក

321923

ទីផ្សារ​ការងារ​បែប​សេរី ទាមទារ​បុគ្គលិក​​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រតិបត្តិការ​ការងារ ដើម្បី​ភាព​ជោគជ័យ​របស់​អង្គភាព​អាជីវកម្ម​ និង​ភាព​ជោគជ័យ​របស់​បុគ្គល​​ផ្ទាល់​ផង​ក្នុង​អាជីព​ការងារ​របស់​ខ្លួន​។ ទោះ​យ៉ាង​នេះ​ក្ដី ត្រឹម​តែ​សមត្ថភាព​មួយ​មុខ​មិន​អាច​គ្រប់គ្រាន់​ល្មម​ក្នុង​ដំណើរ​ដ៏​វែង​នៃ ​ការងារ​នោះ​ទេ តែ​បុគ្គល​អ្នក​ប្រកួត​ប្រជែង​ការ​ងារ​ទាំង​​អស់​ក៏​គួរ​ងាក​មក​មើល​ចំណុច​ អវិជ្ជមាន​មួយ​ចំនួន​ក្នុង​ឥរិយាបថ​​ការងារ​ប្រចាំ​ថ្ងៃ​​របស់​ខ្លួន​ផង​ដែរ ​​។ ខាង​ក្រោម​នេះ ជា​ឥរិយាបថ​ទាំង​៥​ ដែល​ជា​ឧបសគ្គ​​ចម្បង​ ដែល​តែង​យាយី​​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​ការងារ​របស់​អ្នក​​៖ ​​​​​​​​

១) ចូលចិត្ត​ប្រើ​ការ​​ប្ដេជ្ញា​ចិត្ត​​ជ្រុល​ពេក តែ​មិន​ប្រើ​សេចក្ដី​ក្លាហាន​
អ្នក ​ជំនាញ​ក្នុង​វិស័យ​ជំនួញ​ពិភពលោក​ជា​ច្រើន​រូប​​អះអាង​​​ស្រដៀង​គ្នា​ថា នេះ​ជា​សញ្ញាណ​មិន​ល្អ​​មួយ​ដែល​គ្រប់​បុគ្គល​​ប្រកួត​ប្រជែង​ការងារ​ទាំង​ អស់​កំពុង​តែ​ធ្វើ​។ សូម្បី​តែ​លោក​ Bill Gates ក៏​អះអាងដែរថា​​ បុគ្គលិក​​ដែល​គាត់​ចូល​ចិត្ត​ប្រើ​គឺ​បុគ្គលិក​ដែល​ខ្ជិល​ (គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​​ពេក​ទេ​) តែ​ពួក​​គេ​មាន​គំនិត​បង្កើត​ភាព​ងាយ​ស្រួល​ដល់​ការងារ​ និង​ពួក​គេ​ភាគ​ច្រើន​ហ៊ាន​សាក​ល្បង​គំនិត​ថ្មី​ ដែល​នេះ​ភាព​ល្អ​សម្រាប់​ជំនួញ​។​ មួយ​វិញ​ទៀត​​អ្នក​ត្រូវ​ចាំ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​មនុស្ស​ត្រូវ​តែ​​មាន​កម្រិត ​មិន​អាច​ជ្រុល​ទេ ព្រោះ​​បុគ្គលិក ឬ អ្នក​ណា​ក៏​ដោយ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជ្រុល​ពេក មិន​សូវ​ជា​ខ្វាយខ្វល់​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឡើយ គិត​តែ​ពី​ធ្វើ​ការ និយាយ​ក៏​មិន​សូវ​និយាយ គ្មាន​ទំនាក់ទំនង​ល្អ​។ ទន្ទឹម​នឹង​នេះ​នៅ​ក្នុង​កន្លែង​ការងារ​បើ​​ខ្លួន​មាន​ត្រឹមតែ​ការ​ប្ដេជ្ញា ​ចិត្ត​ហួសហេតុ​ ហើយ​អនុវត្ត​តែ​ឯកឯង​នោះ សកម្មភាព​នេះ​មិន​អាច​ធ្វើ​ឲ្យ​អង្គភាព​ខ្លួន​​មួយ​រីកចម្រើន​បាន​ឡើយ។

២) ​មិន​បើក​ចិត្ត​ទទួល​យក​គំនិត​​​
ក្នុង ​ខណៈ​ដែល​ទីផ្សារ​ការងារ​កំពុង​ប្រកួត​ប្រជែង​បែប​នេះ​ បុគ្គល​ដែល​​​ប្រកាន់​គំនិត​អញ​និយម​ ​មិន​ផ្លាស់ប្ដូរ​​ ស្វែង​រក​គំនិត​ថ្មី​ៗ​ទេ​នោះ​ ​មិន​​អាច​ជោគជ័យ​ក្នុង​អាជីព​ការងារ​ទេ។ ​ការងារ​ដែល​ជោគជ័យ លុះត្រាតែ​​បុគ្គល​អ្នក​ប្រតិបត្តិការ​ការងារ​ ​នោះ​បើក​ចិត្ត​ឲ្យ​ទូលាយ ​ផ្លាស់ប្ដូរ​ ស្វែង​រក​គំនិត​ថ្មីៗ​កាន់តែ​ច្រើន ជា​ពិសេស​រៀន​សូត្រ​ពី​អ្នកដទៃ​តែ​ម្ដង​។ រាល់​គំនិត​អ្នក​ដទៃ​ ជុំវិញ​ខ្លួន​អ្នក​​ ទោះ​អាក្រក់​ក្ដី ឬ​ល្អ​ សុទ្ធ​តែ​ ជា​ផ្លូវ​សម្រាប់​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​ ព្រោះ​វា​នឹង​ប្រាប់​អ្នក​ថា ផ្លូវ​ណា​គួរ​ទៅ​ ផ្លូវ​ណា​មិន​គួរ​ទៅ​ ដូច្នេះ​អ្នក​គ្រាន់​តែ​ធ្វើ​ខ្លួន​ជា​មនុស្ស​ចិត្ត​ទូលាយ​បន្តិច​ ប្ដូរ​ពី​គំនិត​បែប​អញ​និយម​ មក​គំនិត​ចែក​រំលែក​ នោះ​ការងារ​របស់​នឹង​ល្អ​ប្រសើរ​មិន​ខាន។

៣) មាន​គំនិត​ព្រួយបារម្ភ​ពី​ការងារ​ថ្មី​ខ្លាំង​ពេក​​
ការងារ ​ទាម​ទា​ ការ​ខិតខំ​ប្រឹងប្រែង​ និង​គំនិត​ច្នៃ​ប្រឌិត តែ​មិន​ទាម​ទា​ ការ​ភ័យ​ព្រួយ​ ឬ​បារម្ភ​ច្រើន​ពេក​ទេ​។ បុគ្គល​ដែល​ចូល​ចិត្ត​ព្រួយបារម្ភ​​​លើ​ការងារ​ថ្មី​​មិន​ទាន់​មក​ដល់​ជាជាង ​ការងារ​ជាក់​ស្ដែង​របស់​ខ្លួន គឺ​នឹង​ធ្វើឲ្យ​ការងារ​​កាន់​តែ​អួអាប់​ លទ្ធភាព​ការងារ​ចាស់​កាន់​តែ​ធ្លាក់​ចុះ គំនិត​ថ្មី​គិត​លែង​ចេញ។ នេះ ជា​សញ្ញាណ​បរាជ័យ​ធ្ងន់​ក្នុង​អាជីព​ការងារ​។ មនុស្ស​ដែល​ចូលចិត្ត​​គិត​តែ​ពី​ការងារ​ថ្មី​ មិន​សូវ​ចាប់អារម្មណ៍ ឬ បំពេញ​ការងារ​បច្ចុប្បន្ន​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​ចប់ចុងចប់ដើម​​នោះ​ដែរ ដូច្នេះ​អ្នក​នឹង​ខ្វះ​ចន្លោះ​គ្រប់​បែប​យ៉ាង​។

៤) ប្រកាន់​គំនិត​មេ​និយម ឬ​អែបអប​
មិន ​ថា​ ដំណែង​អ្នក​ជា​អ្វី​ទេ តែ​ប្រសិន​បើ​ភ្លាត់ស្នៀត អ្នក​ក៏​នឹង​ប្រឈម​ភាព​បរាជ័យ​ដូច​គ្នា​​។ ក្នុង​សម័យ​កាល​ប្រើ​សមត្ថភាព​នេះ បុគ្គល​ដែល​ចូល​ចិត្ត​ ធ្វើ​អ្វី​ដើម្បី​តែ​​ផ្គាប់ផ្គុន​ចៅហ្វាយ​នាយ ឬ​អែបអប​ថ្នាក់​លើ​ ហើយ​ភ្លេច​គិត​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ដែល​មាន​ឋានៈ​ទាប​ជាង​ខ្លួន​​ និង​ដែល​កំពុង​នៅ​ក្បែរ​ខ្លួន​​នោះ​ ជា​បុគ្គល​ដែល​កំពុង​​ប្រឈម​នឹង​ចំណុច​គ្រោះថ្នាក់​មួយ។ ​ទង្វើ​​និយម​ចៅហ្វាយ​នាយ​ជ្រុល​ នឹង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​សប្បាយ​ចិត្ត​ លែង​រាប់​រក​ លែង​ស្ដាប់​បង្គាប់​ និង​ឲ្យ​តម្លៃទាប ​ ហើយ​ចៅហ្វាយ​នាយ​ក៏​មិន​សប្បាយ​ចិត្ត​ដូច​គ្នា​ ​បើ​សិន​ជា​ដឹង​ថា យើង​មិន​ប្រើ​សមត្ថភាព​ធ្វើ​ការ​ឲ្យ​អង្គភាព​រីកចម្រើន​ តែ​បែរ​មក​យក​ចិត្ត​តែ​លើ​បុគ្គល​នោះ​។ ជា​ការ​ពិត ម្ចាស់​​ក្រុមហ៊ុន​មិន​ត្រូវ​ការ​ ​បុគ្គលិក​​ដែល​ធ្វើ​ការ​ឲ្យ​តែ​បុគ្គល​ខ្លួន​ទេ តែ​គេ​ត្រូវ​បុគ្គលិក​គ្រប់​ថ្នាក់​ដែល​ធ្វើ​ការ​ដើម្បី​ភាព​រីក​ចម្រើន​ របស់​ក្រុមហ៊ុន​គេ​។

៥) ទម្លាប់​​​អូស​បន្លាយ​ពេល​​
ប្រសិន ​ជា​ពេល​វេលា​ត្រូវ​បាន​អូស​បន្លាយ​​កាន់​តែ​យូរ​ឡើង​ ភាព​រីក​ចម្រើន​របស់​អង្គភាព​អាជីវកម្ម​មួយ​កាន់​តែ​ខើច​ ដូច្នេះ​បុគ្គល​ដែល​ចេះ​​វាយ​តម្លៃ​លើ​ពេល​វេលា​ល្អ​ និង​មិន​ប្រកាន់​គំនិត​អូស​បន្លាយ​ពេល​នោះ​ អាច​រក​លាភ​បាន​ច្រើន​ និង​បាន​មុនគេ​ ហើយ​ក៏​នឹង​សាង​ស្នាដៃ​បាន​ល្អ​សម្រាប់​អាជីព​ការងារ​របស់​ខ្លួន​ផង​ដែរ​។​​
 
 ប្រភព Kqube

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!