នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍រីកចម្រើន លើវិស័យកីឡារបស់កម្ពុជា ជាពិសេសកីឡាបាល់ទាត់តែម្តង។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ហើយសង្ឃឹមថា ពួកគេ នឹងទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការប្រកួតកីឡា Sea Game លើកទី២៨ នៅប្រទេសសិង្ហបុរី។
សូមបញ្ជាក់ថា ការប្រកួតកីឡា Sea Game លើកទី២៨ នៅប្រទេសសិង្ហបុរី កីឡាករ កីឡាការិនីកម្ពុជាមិនទាន់ មាននរណាម្នាក់ ដណ្តើមបានមេដាយនៅឡើយនោះទេ។ តែសម្រាប់ក្រុមកីឡាករបាល់ទាត់កម្ពុជាវិញ បាន ចេញដំណើរយ៉ាងល្អ។
ក្នុងជំនួបលើកដំបូងជាមួយក្រុមកីឡាករបាល់ទាត់ហ្វីលីពីនកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅនេះ ក្រុមកីឡាករ បាល់ទាត់ឈុតតូចយុវជនក្រោមអាយុ ២៣ឆ្នាំ (U-23) បានយកឈ្នះហ្វីលីពិន ដោយលទ្ធផល ៣-១។ ជ័យ ជម្នះលើកដំបូងនេះ ធ្វើឲ្យកម្ពុជាមាន ៣ពិន្ទុ ឈរលំដាប់លេខ ២នៅក្នុងពូល A។
នៅថ្ងៃទី០៦ ខែមិថុនា ស្អែកនេះ កម្ពុជា ត្រូវជួបជាមួយឥណ្ឌូនេស៊ី ហើយនៅថ្ងៃទី០៨ មិថុនា ជួបម្ចាស់ផ្ទះសិង្ហបុរី និងថ្ងៃទី១០ មិថុនា ដែលជាប្រកួតជម្រុះក្នុងពូលចុងក្រោយ ត្រូវជួបក្រុមខ្លាំងមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ការប្រកួត SEA Games លើកទី២៨ ដែលចាប់ផ្តើមពីថ្ងៃទី០៥-១៦ ខែមិថុនា ឆ្នាំ២០១៥ នៅ សិង្ហបុរី កម្ពុជាបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ២៥៦រូប។ ការប្រកួតនេះ កម្ពុជា មានកីឡាករ-កីឡាការិនីសរុប ១៧៦រូប មកពី ២២ប្រភេទកីឡា ខណៈការប្រកួត SEA Game មានប្រភេទកីឡាត្រូវប្រកួត ៣៦ប្រភេទ៕
ប្រភព Khmer-Note