ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ
អតីតជំនួយការផ្ទាល់របស់សម្តេចឪ ព្រះនរោត្តម សីហនុ លើកឡើងថា ការថ្លែងរបស់មេទ័ពម្នាក់ដែលថា កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជានោះ គឺស្មើនឹងការរំលាយស្ថាប័នព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោក ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាតំណាងគណៈមេបញ្ជាការឯកភាពសមរភូមិប្រាសាទព្រះវិហារ បានប្រកាសកាលពីថ្ងៃ២៩ ខែកក្កដាម្សិលមិញថា កងទ័ពជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដោយអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកថែរក្សាពួកគេ។
ប៉ុន្តែព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ អតីតជំនួសផ្ទាល់របស់សម្តេចឪ បានហៅការលើកឡើងរបស់ឧត្តមសេនីយ៍ផ្កាយ៤រូបនេះ ដែលថាកងទ័ពជារបស់គណបក្សប្រជាជននោះ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ដែលព្រះអង្គមានបន្ទូលថាស្មើនឹងរំលាយស្ថាប័នទាំងនោះចោល ៖ “ខ្ញុំយល់ឃើញថា គ្រាន់តែពាក្យហ្នឹងមួយមាត់គឺលោក ជា តារា ហ្នឹងរំលាយស្ថាប័នព្រះមហាក្សត្រផង និងរដ្ឋធម្មនុញ្ញផង ព្រោះរដ្ឋធម្មនុញ្ញា បានចែងច្បាស់ហើយថា ព្រះមហាក្សត្រគឺជាអគ្គមេបញ្ជាការកងខេមរភូមិន្ទ។ ដូច្នេះបើដាក់កងខេមរភូមិន្ទក្រោមបញ្ជាការរបស់គណបក្សប្រជាជនកម្ពុជា អ៊ីចឹងមើលមកអត់សមនឹងរដ្ឋធម្មនុញ្ញ ទី២ អត់មានព្រះមហាក្សត្រ” ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ បន្ថែមថា ករណីនេះ លោក ជា តារា និងគណបក្សប្រជាជនត្រូវចេញមុខសុំទោសព្រះមហាក្សត្រ ដើម្បីលុបលាងកំហុសដែលលើកឡើងនេះ ៖ “គួរណាតែលោក ជា តារា ឬមួយគណបក្សប្រជាជនកម្ពុជា ធ្វើការវិនិឆ័យជុំវិញបញ្ហាហ្នឹង ធ្វើម៉េចសុំទោសព្រះករុណាព្រះមហាក្សត្រ” ។
VODមិនអាចទាក់ទងលោក ជា តារា បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានចោទអ្នកសារព័ត៌មានថាដកស្រង់សំដីរបស់លោក ជា តារា មិនគ្រប់ជ្រុងជ្រោយ។ លោកថា លោកជា តារា និយាយទូលំទូលាយជាងនេះ ពោលមិនបាននិយាយប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រនោះទេ ដោយលោកអះអាងថា កងទ័ពមានតួនាទីការពាររដ្ឋាភិបាល និងស្ថាប័នព្រះមហាក្សត្រ។ លោកថា៖ “សំដីរបស់លោក ជា តារា គាត់និយាយទូលាយជាងហ្នឹង តែអ្នកសារព័ត៌មានបានកាត់កន្ទុយ លាបកំបោរ បំភាន់សាធារណជនធ្វើឲ្យមានការច្រឡំ ហើយគោលនយោបាយ និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សប្រជាជន។ អ៊ីចឹងកងទ័ពត្រូវតែការពារគោលនយោបាយ និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល” ។
ប៉ុន្តែលោក ឈឹម ផលវរុណ បានថ្លែងជាមួយវិទ្យុអាស៊ីសេរី កាលពីម្សិលមិញថា ដោយគាំទ្រការលើកឡើងរបស់លោក ជា តារា ព្រោះរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូចនេះទាហានមិនអាចទៅការពារគណបក្សផ្សេងបានទេ។
យ៉ាងនេះក្តី អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាការថ្លែងរបស់លោក ជា តារា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងអាចជាសញ្ញានៃអស្ថិរភាពសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃខាងមុខ។ លោកបញ្ជាក់ថា៖ “ជារឿងអធម្មនុញ្ញ ជារឿងបណ្តាលឲ្យគ្រោះថ្នាក់ ជារឿងបណ្តាលឲ្យអស្ថិរភាពដល់ប្រទេសជាតិ។ ការប្តេជ្ញាចិត្តបែបហ្នឹង គឺជារឿងគ្រោះថ្នាក់ណាស់ រឿងអស្ថិរភាពដោយសារវាធ្វើឲ្យផ្នត់គំនិតកងទ័ពមានចែកជាបក្សជាពួក ហើយនៅពេលណាមានជាបក្សជាពួក ត្រូវមានយន្តការបក្សពួកដទៃ ប៉ះទង្គិចគ្នា ធ្វើសង្គ្រាមស៊ីវិលទៀតហើយ” ។
លោកចាត់ទុកការថ្លែងបែបនេះ មិនមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោកបារម្ពពីស្ថានការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលអាចមានអស្ថិរភាពក្នុងប្រទេស។
កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការប្រមាណ៥០០០នាក់ មកពីបណ្តាអង្គភាពនានានៅទូទាំងប្រទេស លោក ហ៊ុន សែន បានបញ្ជាឲ្យប្រឆាំងដាច់ខាតនឹងបដិវត្តន៍ពណ៌។ ប៉ុន្មានថ្ងៃក្រោយមក លោក ជា តារា ក៏បានថ្លែងថាកងទ័ពមានតួនាទីក្នុងការការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរដ្ឋាភិបាលស្របច្បាប់ ហើយប្រឆាំងដាច់ខាតនឹងបដិវត្តន៍ពណ៌។ លោក ជា តារា បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការបង្ក្រាបអ្នកធ្វើឲ្យមានបដិវត្តន៍ពណ៌ថា៖ "មិនបាច់ចាំបាច់ប្រើបេអឹម មិនបាច់ប្រើរថក្រោះទេ ប្រើតែព្រនង់ក៏រត់អត់រួចដែរ” ។
មាត្រា៧ និងមាត្រា២៣ នៃរដ្ឋធម្មនុញ្ញមានខ្លឹមសារថា ព្រះមហាក្សត្រ ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយព្រះអង្គក៏មិនអាចនរណារំលោភបំពានបាននោះទេ៕
ប្រភព VOD
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.