គណបក្សសង្គ្រោះជាតិ កំពុងសិក្សាលើទិដ្ឋភាពពីរដើម្បីជួយសកម្មជនរបស់ខ្លួន ១១នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ជាង ១០ថ្ងៃមកហើយ។ នីតិវិធីទាំងពីរនោះ គឺព្យាយាមស្វែងរកកិច្ចចរចាតាមផ្លូវនយោបាយ និងប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រមអោយសើរើឡើងវិញចំពោះការកាត់ក្តីមួយដែលបក្សប្រឆាំងចាត់ទុកថា មានភាពមិនប្រក្រតី។ ចំណែកមន្ត្រីសិទ្ធិមនុស្សមានជំនឿថា ការចរចាតាមរបត់នយោបាយអាចមានផលវិជ្ជមានលឿនជាងតាមប្រព័ន្ធច្បាប់។
មេធាវីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ គ្រោងប្ដឹងមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅពេលឆាប់ៗខាងមុខនេះ។
មេធាវី លោក ជូង ជូងី ពន្យល់ថា ការប្ដឹងមោឃភាពនីតិវិធីនេះ គឺក្រុមមេធាវីចុងចោទមិនទទួលយកលទ្ធផលនៃការកាត់សេចក្ដីនៅសាលាដំបូងកាលពីថ្ងៃទី២១ ខែកក្កដា នោះទេ ហើយសុំឲ្យតុលាការបើកសវនាការដេញដោលលើរឿងក្តីនេះឡើងវិញ។
ការស្នើនេះ ដោយលោកចាត់ទុកការកាត់សេចក្ដីកន្លងមកនោះធ្វើឡើងដោយតក់ក្រហល់ខុសនីតិវិធីនៃប្រព័ន្ធយុត្តិធម៌៖ «គឺបានន័យថា ត្រូវដេញដោលនូវអ្វីតុលាការក្រុងអត់បានធ្វើ ហើយរឿងនោះជារឿងឧក្រិដ្ឋ ខ្ញុំជាមេធាវីអាចចូលរួមបាន អ៊ីចឹងគាត់ធ្វើខុសនីតិវិធីជាច្រើន។ យើងទាមទារឲ្យធ្វើសវនាការនេះឡើងវិញ»។
ចំណុចខ្វះខាតតាមផ្លូវច្បាប់ដែលអង្គសវនាការមិនបានបំពេញនោះ គឺការកាត់សេចក្ដីដោយមិនមានមេធាវីចូលរួម ដើមបណ្ដឹងរដ្ឋប្បវេណី ៣៦រូប ចៅក្រមសួរដេញដោលបានតែ ៦រូប ដែលបានផ្ដល់ចម្លើយ ហើយចម្លើយពេលនោះ គឺខុសពីពេលដែលពួកគាត់បានផ្ដល់ឲ្យទៅចៅក្រមស៊ើបសួរកាលពីពេលមុនសវនាការចុងក្រោយនេះ ហើយម្យ៉ាងទៀត ការពិនិត្យភស្តុតាងធ្វើមិនបានត្រឹមត្រូវទេ គឺធ្វើដោយតក់ក្រហល់ ឬមានរយៈពេលខ្លីពេក។
ចំណែកអ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី៣១ កក្កដា ថា ក្រុមតំណាងរាស្ត្រភាគតិចរបស់បក្សប្រឆាំងកំពុងស្វែងរកកិច្ចចរចាតាមផ្លូវនយោបាយមួយជាមួយក្រុមអ្នកតំណាងភាគច្រើនក្នុងរដ្ឋសភា ដោយបានកំណត់ថ្ងៃជួបគ្នា ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ។
មធ្យោបាយមួយទៀត គឺអាចសុំឲ្យក្រុមមេធាវីពិនិត្យលើទិដ្ឋភាពច្បាប់ដើម្បីប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រម ចំពោះចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើខុសនីតិវិធីពេលកាត់ក្តីសកម្មជនទាំង ១១នាក់នោះ៖ «នីតិវិធីកាត់ក្តីដោយតក់ក្រហល់គ្មានមេធាវីចូលរួម ហើយពិនិត្យមិនបានច្បាស់លាស់ចំពោះឯកសារ សាក្សី របស់ជនរងគ្រោះ គឺ ១១នាក់នោះបានដាក់ទៅ»។
ចំណែកមន្ត្រីសិទ្ធិមនុស្សវិញយល់ឃើញថា ក្នុងបរិបថពាក់ព័ន្ធនឹងស្ថានការនយោបាយ គឺជាអាទិភាពមួយក្នុងការកំណត់វាសនាអ្នកទាំង ១១។ ការពឹងផ្អែកលើការចរចានយោបាយអាចប្រសើរជាងការតតាំងគ្នាតាមផ្លូវតុលាការ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត នៅតែបង្ហាញជំហរថា ការចាប់ខ្លួនអ្នកទាំង ១១នាក់ របស់គណបក្សប្រឆាំង គឺជាកូនអុកនយោបាយ ដោយសារមួយរយៈពេលចុងក្រោយនេះបក្សប្រឆាំងបានដុតរោលខ្លាំងរឿងបញ្ហាព្រំដែន និងមិនគាំទ្រឲ្យមានច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឲ្យស្ថានការណ៍នយោបាយឡើងកម្ដៅខ្លាំង៖ «អ៊ីចឹងច្រកដែលចេញរួចគ្មានអីក្រៅការចរចានយោបាយទេ គឺដូចពេលមុនៗអ៊ីចឹងដែរ ព្រោះអ្នកទាំងអស់នោះ មុនចូលឆ្នាំខ្មែរមានការចរចានយោបាយទើបអ្នកទាំងនោះបាននៅក្រៅឃុំនោះ»។
ទាក់ទងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរកាលពីថ្ងៃទី២៧ ខែកក្កដា ថា សកម្មជនបក្សប្រឆាំងទាំង ១១នាក់នោះ ត្រូវទុកឲ្យតុលាការជាអ្នកសម្រេច ហើយនិងគ្មានការចរចាណាមួយតាមផ្លូវនយោបាយនោះទេ៖ «ហើយចង់ឲ្យអ្នកណាមកចរចា? បាន! ខ្ញុំជួបអ្នកណាក៏បានដែរ កុំឲ្យតែពួកភេរវកម្មទៅបានហើយ ប៉ុន្តែបើនិយាយយករឿងតុលាការដែលក្រៅអំណាចរបស់ខ្ញុំ គឺអត់និយាយចូលទេ បានត្រឹមតែផឹកទឹកតែជាមួយ សួរសុខទុក្ខ ព្រោះបើតាមគេដឹងអ្នកនៅខាងក្នុងថា កុំយកបញ្ហាគេជាប់គុកហ្នឹងជាថ្នូរនយោបាយ។ អូខេ! ល្អណាស់! ធ្វើតាមអ្នកនៅក្នុងគុកនោះទៅ»។
ទោះយ៉ាងណា អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យតុលាការគ្រប់ជាន់ថ្នាក់ទម្លាក់ចោលនូវការចោទប្រកាន់នានា និងដោះលែងអ្នកទាំង ១១នាក់នោះ ឲ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ និងកុំឲ្យយកអ្នកទាំងនោះធ្វើធ្នាក់នយោបាយបន្តទៀត៕
ប្រភព
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.