ការទាមទាររបស់លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងចំពេលបញ្ហាព្រំដែនកម្ពុជា និងវៀតណាមត្រូវបានអ្នកវិភាគចាត់ទុកថា កំពុងតានតឹង ខណៈអាជ្ញាធរវៀតណាមនៅតែបន្តសកម្មភាពរំលោភលើទឹកដីខ្មែរនៅតាមតំបន់ព្រំដែនមួយចំនួន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅប្រទេសបានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៣០ ខែកក្កដានេះថា ដើម្បីជំរុញឱ្យប្រទេសជិតខាងគោរពបូរណភាពទឹកដី នៃប្រទេសកម្ពុជា មធ្យោបាយដែលមានប្រសិទ្ធភាពជាងគេនៅពេលនេះ គឺការទាមទារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា។
លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ក៏ជាហត្ថលេខី នៃកិច្ចព្រមព្រៀងនេះដែរ ហើយហត្ថលេខីទាំងអស់បានសន្យាថានឹងគោរព ហើយនិងជួយការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជាថែមទៀត ក្រោយពីការចុះហត្ថលេខា ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១មក។ លោកថាបើប្រទេសណាមួយ រំលោភបូរណភាពទឹកដីនៃប្រទេសកម្ពុជា ប្រទេសនោះនឹងត្រូវសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងទម្ងន់។
លោក សម រង្ស៊ី ព្រមានថា “ប្រទេសវៀតណាម នឹងត្រូវរងការថ្កោលទោសបែបនេះ ក្នុងខណៈដែលខ្លួនកំពុងត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងវិវាទរបស់ខ្លួនជាមួយនិងប្រទេសចិន ទាក់ទងទៅនឹងសមុទ្រចិនខាងត្បូង”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សកាន់អំណាចមានតួនាទីការពារទឹកដីនេះ ហើយគណបក្សប្រឆាំងមិនចាំបាច់ជំរុញទៀតនោះទេ។ លោកថា៖ “អ៊ីចឹងមិនបាច់គាត់យក គេហៅថាយកបុងនោះទេ បើនិយាយសាមញ្ញាគឺថា មិនបាច់យកបុង ដាស់តឿនអីទេ គឺថារាជរដ្ឋាភិបាលលោកបំពេញតួនាទីភារកិច្ចបានល្អក្នុងការថែរក្សាឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីរួចហើយ កន្លែងណាមានបញ្ហាអី គឺដោះស្រាយតាមភារកិច្ចទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល”។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក យល់ថា កិច្ចព្រមព្រៀងក្រុងប៉ារីសនៅមានឥទ្ធិពលលើភាគីហត្ថលេខី ទាល់តែភាគីពាក់ព័ន្ធឯកភាពកោះប្រជុំគ្នាឡើងវិញ។ លោកថា៖ “បើយើងអាចរកយន្តការសន្និសីទក្រុងប៉ារីសឡើងវិញ ខ្ញុំមិនដឹងថាតើសហប្រធាន ឬសមាជិកនៃសន្និសីទក្រុងប៉ារីសនោះ គាត់ព្រមមកកោះប្រជុំវិញតែពីរឿងព្រំដែនហ្នឹងទេ អាហ្នឹងយើងក៏មិនទាន់ដឹងថា ទៅរួចឬមិនរួចដែរទេ អាហ្នឹងជារឿងមួយដែលស្មុគស្មាញ។ ហើយបើយើងនិយាយទ្វេភាគី យើងឃើញថា វៀតណាមគាត់អាងមាឌ គាត់និយាយជាមួយយើង មិនឱ្យស្មើជាមួយគាត់ទេ។ ដូចជាយើងចេញលិខិតការទូតប៉ុន្មានទៅក៏គាត់មិនព្រមឱ្យយើងស្មើជាមួយគាត់ដែរ”។
រដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតជាង១០ដងមកហើយ ទាមទារឱ្យទូតវៀតណាមបញ្ឈប់ការសាងសង់ប៉ុស្ដិ៍យោធា នៅខេត្តកណ្តាល ការជីកស្រះនៅខេត្តរតនគិរី ការធ្វើផ្លូវចូលនៅខេត្តស្វាយរៀង ជាដើម ប៉ុន្ដែរដ្ឋាភិបាលវៀតណាមមិនបានឆ្លើយតបឡើយ។
តំណាងរាស្ត្រគណបក្សប្រឆាំងបានស្នើឱ្យ លោក ហ៊ុន សែន ប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធ៕
ប្រភព VOD
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.