Friday, June 12, 2015

ការ​គ្រងរាជ្យ​របស់​ព្រះបាទ​សូរ្យវរ្ម័នទី២ (ភាគ​១៤)

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័នទី២៖

ក.១៨ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)

ព្រះបាទ​សូរ្យវរ្ម័នទី២ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​ យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ ពោរពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាម។

មុន​ពេល​ដែល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នោះ ប្រទេស​កម្ពុជា មាន​ព្រះរាជា​ពីរ​អង្គ​គ្រងរាជ្យ​ក្នុង​ពេល​តែ​មួយ។ មួយ​អង្គ​ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​ព្រះនាម​ថា ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហស៌វរ្ម័នទី៣។ មួយ​ព្រះអង្គ​ទៀត​ព្រះនាម ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដែល​ទ្រង់​សោយរាជ្យ​បន្ត​ពី​ព្រះរៀម​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ នៅ​រាជធានី​មហិធរៈបុរៈ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១១០៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ឆ្នាំ​១១១២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមនិស្កលបទ។

អ្នក​ដែល​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដើម្បី​ដណ្ដើម​រាជ្យ​នោះ គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២ ដែល​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​នោះ​ឯង។ ដំបូង ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ឪពុក​មា​របស់​ខ្លួន។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ព្រះរាជា​សោយរាជ្យ​នៅ​រាជធានី​អង្គរ ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៀត។ ការ​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​ដែល​ចែក​ដី​គ្នា​គ្រងរាជ្យ​នៅ​កម្ពុជា ក្នុង​ពេល​តែ​មួយ​នេះ បាន​ធ្វើ​អោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ អាច​បង្រួប​បង្រួម​នគរ​ខ្មែរ​អោយ​ទៅ​ជា​មួយ​ឡើង​វិញ។

ក្រោយ​ពី​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​បាន​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​អង្គរ។ ពិធី​រាជាភិសេក​ក្នុង​ការ​ឡើង​គ្រងរាជ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះរាជ​គ្រូ​ព្រាហ្មណ៍​បុរោហិត​ទិវាករ​បណ្ឌិត​ ដដែល។

លុះ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិន ឡើង​វិញ ហើយ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីរ​ទៅ​ប្រទេស​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ដោយ​បាន​ច្បាំង​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​នឹង​ប្រទេស​ចំប៉ា ដែល​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ ព្រះអង្គ គឺ​ពេល​ដែល​ប្រទេស​បែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ។

សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា នេះ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ ហរិទេវៈ អោយ​សោយរាជ្យ​នៅ​ទី​នោះ​ផង។
ច្បាំង​នឹង​យួន​ដៃ​វៀត ដែល​ចេះ​តែ​ឃុបឃិត​គាំទ្រ​ពួក​ក្បត់ ហើយ​អនុញ្ញាត​អោយ​ពួក​នេះ​ជ្រក​កោន​ផង។ ច្បាំង​នឹង​ក្សត្រ​បុរី​ថៃ ដែល​ក្រោក​បះបោរ​នៅ​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មេណាម ផង ហើយ​ច្បាំង​ជាមួយ​ពួក​មន នៅ​ហរិបុញ្ជ័យ ថែម​ទៀត​ផង។ ដោយសារ​ព្រះអង្គ​ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ​ហើយ ទើប​ព្រះ​ចៅ​ក្រុង​ចិន ថ្វាយ​ព្រះ​ឋានន្តរ​នាម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះអង្គ​ថា គិនពីវពិនចេង ដែល​ប្រហែល​ជា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា កម្រតេង នោះ​ឯង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ប្រទេស​ចិន ខាង​ត្បូង​ទល់​នឹង​សមុទ្រ​ចិន គឺ​ពី​កូថារ៉ា (បច្ចុប្បន្ន​ញ៉ាត្រាង ក្នុង​ប្រទេស​វៀតណាម) រហូត​ដល់​ឈូង​សមុទ្រ​បានឌុង (នៅ​ម៉ាឡេស៊ី)។ ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ហើយ​ព្រំប្រទល់​ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា។ ម្យ៉ាង​ទៀត ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វាង​វៃ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​ឥណ្ឌា ផង និង​នៅ​កោះ​ជ្វា ផង។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ។ ឯ​សំណង់​ថ្មី​មាន​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែ និង​ប្រាសាទ​អង្គរវត្ត ដែល​ជា​ស្នាដៃ​ដ៏​ល្អ​ប្រណីត​នៃ​សិល្បៈ​ខ្មែរ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សំណង់​សាសនា​មួយ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក។  ប្រាសាទ​អង្គរវត្ត ក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។

នៅ​ភាគ​ខាង​ចុង​រាជ្យ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១១៤៩ ពួក​ចាម បាន​បះបោរ រួច​បាន​ធ្វើ​គត់ ហរិទេវៈ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះអង្គ​សោយរាជ្យ​នៅ​ក្រុង​វិជ័យ ហើយ​រំដោះ​ប្រទេស​ចំប៉ា បាន​ពី​កម្ពុជា។
ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!