ក១៩. ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ឆ្នាំ១១៥០-ឆ្នាំ១១៦០
ក្រោយពីព្រះបាទសូរ្យវរ្ម័នទី២ សោយទិវង្គតទៅ ប្អូនជីដូនមួយរបស់ព្រះអង្គបានឡើងគ្រងរាជ្យបន្តពីព្រះអង្គ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទធរណិន្ទ្រវរ្ម័នទី២។ ព្រះអគ្គមហេសីរបស់ព្រះអង្គ គឺម្ចាស់ក្សត្រិយ៍ចូឌាមណី ជាព្រះរាជបុត្រីរបស់ព្រះបាទហស៌វរ្ម័នទី៣។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះអង្គបានធ្វើសង្គ្រាមជាមួយប្រទេសចំប៉ា ដែលជាសង្គ្រាមបន្តពីរាជ្យមុនមក។ ព្រះអង្គបានទុកព្រះទ័យអោយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមជយវ៌ធន ដែលជាអនាគតព្រះបាទជ័យវរ្ម័នទី៧ ដែលកាលណោះមានព្រះជន្មាយុប្រមាណ២៥ព្រះវស្សានៅឡើយ អោយកាន់អគ្គបញ្ជាការកងទ័ព រួចហើយលើកទៅវាយក្រុងវិជ័យនៃប្រទេសចំប៉ា។
ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ជាព្រះមហាក្សត្រដែលសព្វព្រះរាជហឫទ័យ គោរពបូជាព្រះពុទ្ធសាសនាមហាយាន ដែលកាលណោះមានអ្នកគោរពបូជាកាន់តែកើនច្រើនឡើងៗ។ ព្រះអង្គទ្រង់បានបោះបង់ចោលនូវប្រពៃណីសាសនាព្រាហ្មណ៍ ដែលមានពីយូរយាមកហើយនោះថែមទៀតផង។ ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ១១៥០ ហើយទ្រង់សោយទិវង្គតនៅឆ្នាំ១១៦០ នៃគ.ស ប៉ុន្តែគេមិនបានដឹងព្រះមរណនាម របស់ព្រះអង្គទេ។
ក២០- ព្រះបាទយសោវរ្ម័នទី២ (ឆ្នាំ១១៦០-ឆ្នាំ១១៦៥)
ព្រះរាជាដែលសោយរាជ្យស្នងព្រះបាទធរណិន្ទ្រវរ្ម័នទី២ គឺព្រះបាទយសោវរ្ម័នទី២ ដែលទ្រង់ជាប់ជាព្រះញាតិសាលោហិតនឹងព្រះអង្គ។ ក្នុងរាជ្យរបស់ព្រះបាទយសោវរ្ម័នទី២ មានកើតការវឹកវរចលាចល ដោយសិលាចារិក និងរូបចម្លាក់ប្រាសាទបន្ទាយឆ្មារបានអោយដឹងថា ព្រះបាទយសោវរ្ម័នទី២ ត្រូវសត្រូវឈ្មោះរាហ៊ូវាយលុក។ ទាំងសិលាចារិក ទាំងរូបចម្លាក់និយាយពីព្រឹត្តិការណ៍ដែលកើតមានឡើងដោយរាហ៊ូនេះ នាំអោយមានចម្ងល់ថា តើរាហ៊ូនេះជាអ្វី ជាអ្នកណា តើពេលនោះអាចមានគំនិតក្បត់ណាមួយកើតឡើងក្នុងព្រះរាជវាំងឬទេ ឬក៏មានការបះបោររបស់មហាជន ឬក៏ការបះបោររបស់ពួកចាមចង់សងសឹក ព្រោះខ្លួនបានទទួលបរាជ័យយ៉ាងដំណំនៅក្នុងរាជ្យស្ដេចមុននោះ។
ប៉ុន្តែនៅទីបញ្ចប់នៃព្រឹត្តិការណ៍នេះ គេបានដឹងច្បាស់ថា ព្រះបាទយសោវរ្ម័នទី២ ទ្រង់បានសង្គ្រោះអោយរួចផុតពីគ្រោះថ្នាក់ ដោយអ្នកការពារព្រះអង្គយ៉ាងអង់អាចក្លាហានឈ្មោះស្រិន្ទ្រកុមារា ដែលជាព្រះរាជបុត្រមួយអង្គរបស់អនាគតព្រះបាទជ័យវរ្ម័នទី៧។ ថ្វីត្បិតតែព្រះអង្គបានគេចផុតពីគ្រោះថ្នាក់នៃការបះបោររបស់ រាហ៊ូនៅពេលនោះមែន ប៉ុន្តែនៅចុងបញ្ចប់នៃរាជ្យរបស់ព្រះអង្គ ព្រះបាទយសោវរ្ម័នទី២ ត្រូវបានមន្ត្រីជាន់ខ្ពស់របស់ព្រះអង្គម្នាក់ក្បត់ដណ្ដើមរាជ្យ ហើយធ្វើគត់ព្រះអង្គនៅឆ្នាំ១១៦៥នៃគ.ស។
ក២១- ព្រះបាទត្រីភូវនាទិត្យាវរ្ម័ន (ឆ្នាំ១១៦៥-ឆ្នាំ១១៧៧)
ក្រោយពីពេលធ្វើគត់ព្រះបាទយសោវរ្ម័នទី២បានហើយ មន្ត្រីក្បត់ដណ្ដើមរាជ្យព្រះអង្គនេះ ក៏ប្រកាសឡើងសោយរាជ្យនៅឆ្នាំ១១៦៥ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទត្រីភូវនាទិត្យាវរ្ម័ន។ ក្នុងរាជ្យរបស់ព្រះរាជាជ្រែករាជ្យនេះ សង្គ្រាមរវាងចាមនិងខ្មែរនៅតែបន្តទៅទៀត ហើយព្រឹត្តិការណ៍ដែលសំខាន់បំផុត ដែលកើតមាននៅក្នុងរាជ្យព្រះបាទត្រីភូវនាទិត្យាវរ្ម័ននេះ គឺភាពបរាជ័យដ៏ធំបំផុតរបស់ខ្មែរ ដែលមិនធ្លាប់មានពីមុនមក ដោយចាមបានវាយយកបានក្រុងអង្គរនៅឆ្នាំ១១៧៧។ ស្ដេចចាមដែលបើកការវាយលុកដណ្ដើមយកក្រុងអង្គរនេះ ក៏ជាស្ដេចទើបជ្រែករាជ្យបាននៅនគរចំប៉ាដែរ។ ព្រះអង្គមានព្រះនាមថា ព្រះបាទជ័យឥន្ទ្រវរ្ម័នទី៤។ ស្ដេចចាមនេះ បាននាំទ័ពជើងទឹកដោយមានជនជាតិចិនលិចសំពៅម្នាក់ជាអ្នកនាំផ្លូវ ឡើងតាមទន្លេមេគង្គ រួចឆ្លងកាត់ទន្លេសាប មកលុកលុយក្រុងអង្គរបាន ហើយធ្វើគត់ស្ដេចជ្រែករាជ្យនៅកម្ពុជានេះ គឺព្រះបាទត្រីភូវនាទិត្យាវរ្ម័ន សុគតក្នុងពេលនោះទៅ។
ក្រោយពីនោះ ប្រទេសចំប៉ាក៏បានកាន់កាប់ និងដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជា អស់រយៈជាង ៤ឆ្នាំ ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស។ គឺមានរយៈកាលប្រហែលគ្នានិងខ្មែរបានកាន់កាប់ ប្រទេសចំប៉ាក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ពីឆ្នាំ ១១៤៥ ដល់ឆ្នាំ ១១៤៩ ដូច្នោះដែរ៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.