Friday, June 12, 2015

ការ​គ្រងរាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ (ភាគ​១៦)

ព្រះបាទ​ជ័យវរ្ម័នទី៧ ៦១០
រូប​បដិមា​តំណាង​ព្រះបាទ​ជ័យវរ្ម័នទី៧។

ក្នុង​ចំណោម​ព្រះរាជា​នៃ​សម័យ​អង្គរ​ទាំងអស់ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជា​មួយ​អង្គ​ដែល​គេ​ចាត់​ទុក​ថា មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា។ ព្រះអង្គ​ទ្រង់​បាន​កសាង​ប្រាសាទ​បាយ័ន ដ៏​ល្បីល្បាញ ដែល​ជា​ស្នូល​នៃ​រាជធានី​អង្គរ​ទី​៣។

ខុស​ពី​ព្រះរាជា​នៃ​សម័យ​អង្គរ ដែល​ភាគ​ច្រើន​គោរព​ប្រតិបត្តិ​ព្រហ្មញ្ញ​សាសនា ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​គោរព​ពុទ្ធសាសនា​មហាយាន ពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វ​អវលោគិតិស្វរៈ។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​អំពី​ព្រះបាទ​ជ័យវរ្ម័នទី៧។

ក.២២ ព្រះបាទ​ជ័យវរ្ម័នទី៧ (ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១០ ឬ​ឆ្នាំ​១២១៨)

ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ និង​ព្រះ​មាតា​ព្រះនាម ចូឌាមណី។ ក្នុង​ពេល​ដែល​ព្រះ​បិតា​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត ហើយ​ព្រះបាទ​យសោវរ្ម័នទី២ ដែល​ជា​ព្រះ​ញាតិ​របស់​ព្រះ​បិតា​ព្រះអង្គ ឡើង​សោយរាជ្យ​ស្នង​នោះ ព្រះអង្គ​ទ្រង់​ជាប់​រវល់​ច្បាំង​ជាមួយ​ពួក​ចាម ឯ​ប្រទេស​ចំប៉ា ឯណោះ។ លុះ​ទ្រង់​ជ្រាប​ថា មាន​មន្ត្រី​ក្បត់​បះបោរ​ដណ្ដើម​រាជ្យ​ព្រះបាទ​យសោវរ្ម័នទី២ ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​ពី​ប្រទេស​ចំប៉ា វិញ​យ៉ាង​លឿន ដើម្បី​ជួយ​ការពារ​ព្រះបាទ​យសោវរ្ម័នទី២។ ប៉ុន្តែ​ជា​ការ​ឥត​ប្រយោជន៍ ព្រោះ​ព្រះអង្គ​យាង​មក​មិន​ទាន់ ហើយ​មន្ត្រី​ក្បត់​បាន​ធ្វើ​គត់​ព្រះបាទ​យសោវរ្ម័នទី២ បាន ហើយ​ប្រកាស​ខ្លួន​ឡើង​សោយរាជ្យ​រួច​ទៅ​ហើយ។

ព្រះអង្គ​ក៏​ទ្រង់​គង់​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​មាន​ព្រឹត្តិការណ៍​ចាម វាយ​លុក​យ៉ាង​ធំ​សម្បើម ហើយ​ធ្វើ​គត់​ស្ដេច​ដណ្ដើម​រាជ្យ​បាន ដុត​បំផ្លាញ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​១១៧៧ នោះ ទើប​ព្រះអង្គ​ទ្រង់​សច្ចា​ថា នឹង​សងសឹក​វិញ​អោយ​ទាល់​តែ​បាន។ ព្រះអង្គ​ទ្រង់​បាន​ច្បាំង​តតាំង​នឹង​ចាម យ៉ាង​ស្វិតស្វាញ​ជា​ទី​បំផុត ដើម្បី​រំដោះ​ប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​ការ​ជិះជាន់​របស់​បរទេស​នេះ។ ទី​បំផុត ព្រះអង្គ​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​ក្នុង​ចំបាំង​ជើង​ទឹក ដូច​មាន​រូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ ជា​សក្ខីភាព​ស្រាប់។

ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​ជន្មាយុ ៥៦​ព្រះ​វស្សា ក្នុង​ឆ្នាំ​១១៨១ នៃ​គ្រិស្តសករាជ នៅ​យសោធបុរៈ គឺ​រាជធានី​អង្គរ។

ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ ប្រទេស​កម្ពុជា។ ក្នុង​វិស័យ​សឹក​សង្គ្រាម​ក្នុង​រាជ្យ​ព្រះអង្គ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​នៅ​មល្យង​ខាង​ត្បូង ខេត្ត​បាត់ដំបង។ ព្រះអង្គ​បាន​បញ្ជា​អោយ​យុវ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​វិទ្យានន្ទ ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង វាយ​កម្ចាត់​បាន​ដោយ​ជោគជ័យ។ ឯ​នគរ​ចំប៉ា វិញ ស្ដេច​ចាម ជ័យឥន្ទ្រវរ្ម័នទី៤ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​កម្ពុជា សាជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុត រឹប​យក​នគរ​ចំប៉ា ដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បាន តាំង​ពី​ឆ្នាំ​១២០៣ រហូត​ដល់​ឆ្នាំ​១២២៦ នៃ​គ្រិស្ដសករាជ។ ឆ្នាំ​១២០៧ ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​បញ្ជា​អោយ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​អង្សរាជ អោយ​លើក​ទ័ព​ចម្រុះ​ខ្មែរ ភូមា សៀម ទៅ​វាយ​ប្រទេស​យួន​ដៃ​វៀត។

ដើម​សតវត្សរ៍​ទី​១៣ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​សព្វថ្ងៃ រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចំប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡាស៊ី រហូត​ដល់​ជ្រោយ​កោះក្រា ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាលវិន។

ក្នុង​វិស័យ​សំណង់​វិញ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដែល​បាន​សាង​សមិទ្ធិ​ច្រើន​ជាង​គេ​បង្អស់។ ស្នា​ព្រះហស្ដ​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ គឺ​ការ​រៀបចំ​កសាង​រាជធានី​អង្គរ ដែល​ចាម បាន​វាយ​បំផ្លាញ​ពី​ឆ្នាំ​១១៧៧ នោះ​អោយ​បាន​រៀប​រយ​ល្អ​ឡើង​វិញ ដោយ​មាន​កំពែង​ថ្មបាយក្រៀម និង​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​មាន​ប្រវែង ៣​គីឡូម៉ែត្រ​ក្នុង​មួយ​ជ្រុងៗ មាន​គោបុរៈ គឺ​ទ្វារ​ធំ​ចំនួន​៥ និង​មាន​ប្រាសាទ​បាយ័ន ដែល​មាន​កំពូល​សុទ្ធតែ​មាន​មុខ​៤ ដែល​គេ​ជឿ​ថា ជា​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​ពោធិសត្វ​អវលោគិតិស្វរៈ ជា​ស្នូល​កណ្ដាល ដែល​យើង​និយម​ហៅ​ថា​ក្រុង​អង្គរទី៣។

នៅ​ជុំវិញ​ក្រុង​មាន​ប្រាសាទ​បន្ទាយក្ដី តាព្រហ្ម ព្រះខាន់ នាគព័ន្ធ តាសោម ក្រោលគោ និង​នៅ​តាម​ខេត្ត​មាន​ប្រាសាទ​បន្ទាយឆ្មារ (នៅ​ខេត្ត​បាត់ដំបង) វត្ត​នគរ (នៅ​ខេត្ត​កំពង់ចាម) តាព្រហ្មបាទី (នៅ​ខេត្ត​តាកែវ) និង​ប្រាសាទ​ជាច្រើន​ទៀត​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ ដូចជា ប្រាសាទ​វត្ត​មហាធាតុ (នៅ​ខេត្ត​លុបបុរី) ប្រាសាទ​ភិម័យ (នៅ​ខេត្ត​នគររាជ​សីមា) ប្រាសាទ​តាមាន់តូច (នៅ​ខេត្ត​សុរិន្ទ) ប្រាសាទ​កំផែង​លែង (នៅ​ខេត្ត​ពេជ្របុរី) ប្រាសាទ​កំពែងតូច (នៅ​ខេត្ត​ស៊ីសាកេត) ជាដើម។

ខាង​វិស័យ​សាសនា​វិញ ដូចជា ព្រះ​បិតា និង​ព្រះ​មាតា​ព្រះអង្គ​ដែរ ព្រះបាទ​ជ័យវរ្ម័នទី៧ និង​ព្រះរាជ​អគ្គមហេសី​ជ័យរាជទេវី ដែល​សោយ​ទិវង្គត​ទៅ ព្រម​ទាំង​ព្រះរាជ​អគ្គមហេសី​ឥន្ទ្រទេវី ដែល​ជា​ព្រះរៀម​របស់​ព្រះ​នាង​ជ័យទេវី ដែល​ព្រះអង្គ​បាន​រៀប​អភិសេក​ខាង​ក្រោយ ហើយ​ជា​ព្រះ​ក្សត្រី​ប្រកប​ដោយ​ចំណេះ​វិជ្ជា​យ៉ាង​ជ្រៅជ្រះ សុទ្ធតែ​ជា​ពុទ្ធសាសនិកជន​យ៉ាង​ប្ដូរ​ផ្តាច់។ ព្រះអង្គ​គោរព​ពុទ្ធសាសនា​មហាយាន ពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វ អវលោគិតិស្វរៈ ឬ​លោកេស្វរៈ។

ពិត​មែន​តែ​ព្រះអង្គ​កាន់​ពុទ្ធសាសនា ប៉ុន្តែ​ព្រះអង្គ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​ថែ​រក្សា​ការពារ​ព្រហ្មញ្ញ​សាសនា អោយ​បាន​រីក​ចម្រើន​ផង​ដែរ។ ប្រាសាទ​ភ្នំ​ទាំង​ឡាយ​ដែល​ក្នុង​រាជ្យ​មុនៗ តម្កល់​លិង្គ​ទេវរាជ ហើយ​មក​ដល់​អង្គរវត្ត​នៃ​ព្រះបាទ​សូរ្យវរ្ម័នទី២ តម្កល់​ព្រះ​បដិមា​ព្រះវិស្ណុ ប្រាសាទ​បាយ័ន ដែល​ជា​ស្នូល​នៃ​អង្គរ​ទី​៣ ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័នទី៧ តម្កល់​ព្រះ​បដិមា​ពុទ្ធរាជ​មួយ​អង្គ​យ៉ាង​ធំ​សម្បើម មាន​កម្ពស់​ជិត ៤​ម៉ែត្រ ឯកសារ​ខ្លះ​ថា​ដល់​ទៅ ៩​ម៉ែត្រ។ ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​ធម៌​ទសពិធ និង​មាន​ព្រហ្ម​វិហារ​ធម៌​សន្តោស​ប្រោស​ប្រណី​ដល់​អស់​សព្វ​សត្វ ដូច​សិលា​ចារឹក មន្ទីរពេទ្យ​របស់​ព្រះអង្គ​បាន​ចែង​ថា៖ «ជំងឺ​របស់​ ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា គឺ​សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​នោះ»

ដោយសារ​ព្រះ​គតិបណ្ឌិត​ខាង​លើ​នេះ ព្រះអង្គ​បាន​សាង​មន្ទីរពេទ្យ​ចំនួន​១០២ នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំង​មូល ដែល​មនុស្ស​ក្នុង​វណ្ណៈ​ទាំង​បួន​អាច​ចូល​ព្យាបាល​រោគ​បាន​ដូច​គ្នា ព្រម​ទាំង​សាលា​សំណាក់ ឬ​ធម្មសាលា​ចំនួន​១២១ នៅ​តាម​បណ្តោយ​ផ្លូវ​ធំៗ​នៃ​អាណាចក្រ​ថែម​ទៀត​ផង។

ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៨១។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​ចូល​ទិវង្គត​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​ទេ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះអង្គ​ទំនង​ជា​បាន​សោយរាជ្យ​ដល់​ឆ្នាំ​១២១៨ នៃ​គ្រិស្ដសករាជ ហើយ​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ ទ្រង់​បាន​ទទួល​ព្រះ​មរណនាម​ថា មហា​បរម​សៅគត៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!