ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវព្រះរាជាសម័យអង្គរពីរអង្គទៀត គឺព្រះបាទឥន្ទ្រវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៨។
ក.២៣ ព្រះបាទឥន្ទ្រវរ្ម័នទី២ (ឆ្នាំ១២១០-ឆ្នាំ១២៤៣ ឬឆ្នាំ១២១៨ ឆ្នាំ១២៤៣)
ព្រះបាទឥន្ទ្រវរ្ម័នទី២ បានឡើងគ្រងរាជ្យបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ ក៏ប៉ុន្តែគេមិនបានដឹងច្បាស់ទេ ថាតើបុត្រអង្គណាមួយបានឡើងសោយរាជ្យស្នងពីព្រះអង្គទេ ដោយសារត្បិតព្រះអង្គមានព្រះរាជបុត្រច្រើន។ គេគ្រាន់តែសង្ស័យថា ព្រះរាជាអង្គនេះប្រហែលជាព្រះរាជបុត្ររបស់ព្រះនាងឥន្ទ្រទេវី។
ព្រះបាទឥន្ទ្រវរ្ម័នទី២ ទ្រង់បានខិតខំគ្រប់គ្រងថែរក្សាព្រះរាជាណាចក្រដ៏ធំ ដែលរួមគ្នាដោយទឹកដី និងជាតិសាសន៍ផ្សេងៗ ដែលជាមរតកបន្តពីព្រះបិតាព្រះអង្គមក។ ឆ្នាំ១២១៦ និងឆ្នាំ១២១៨ ទ័ពចម្រុះខ្មែរចាម បានលើកទៅវាយយួនដៃវៀតម្តងទៀតនៅងេអាន ប៉ុន្តែត្រូវដកថយមកវិញទៀត។
ដល់ឆ្នាំ១២២០ គឺប្រហែលជាមកពីព្រះអង្គជាពុទ្ធសាសនិកដ៏ជ្រះថ្លា ស្រឡាញ់សុខសន្តិភាព មិនចង់ធ្វើអោយខូចប្រយោជន៍អ្នកដទៃ ឬមិនចង់អោយអ្នកដទៃមានវិប្បរិតដោយសារព្រះអង្គ ព្រះអង្គក៏ទ្រង់ដោះលែងដោយចេតនា ជំរុញអោយប្រទេសចំប៉ា អោយមានសេរីភាព និងឯករាជ្យភាពឡើងវិញ ហើយបានទ្រង់លើកព្រះអង្គម្ចាស់អង្សរាជ ស្ដេចចាម អោយឡើងសោយរាជ្យនៅរាជធានីវិជ័យ នៃប្រទេសចំប៉ា។ ប៉ុន្តែមានមតិខ្លះពោលថា ការដែលខ្មែរដកថយពីចំប៉ា នេះ គឺបុព្វហេតុមកពីពេលនោះមានការបះបោររើបម្រាស់របស់ជនជាតិថៃ នៅត្រង់វាលទំនាបទន្លេមេណាម។ វិវាទបានកើតឡើងរវាងចៅហ្វាយខេត្តខ្មែរ និងមេទ័ពដឹកនាំថៃ ពីរនាក់នៅសុខោទ័យ ដែលជាទីបំផុត ចៅហ្វាយខេត្តខ្មែរត្រូវភៀសខ្លួនចេញពីសុខោទ័យនោះ។
គេមិនដឹងពិតប្រាកដថា តើព្រះបាទឥន្ទ្រវរ្ម័នទី២ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំណាទេ។ ឯកសារខ្លះថាឆ្នាំ១២១០ ឯកសារខ្លះទៀតថាប្រហែលឆ្នាំ១២១៨ តែគេដឹងច្បាស់ថា ព្រះអង្គទ្រង់គង់ក្នុងរាជ្យសម្បត្តិរហូតដល់ឆ្នាំ១២៤៣ នៃគ្រិស្ដសករាជ។
ក. ២៤ ព្រះបាទជ័យវរ្ម័នទី៨ (ឆ្នាំ១២៤៣-ឆ្នាំ១២៩៥) និងប្រតិកម្មសិវនិយមប្រឆាំងនឹងពុទ្ធសាសនា
ព្រះរាជាដែលសោយរាជ្យបន្តពីព្រះបាទឥន្ទ្រវរ្ម័នទី២ គឺព្រះបាទជ័យវរ្ម័នទី៨ ដែលគេមិនបានដឹងពីចំណងទាក់ទងជាញាតិសាលោហិតនឹងព្រះរាជាមុនៗឡើយ។ ព្រះបាទជ័យវរ្ម័នទី៨ ជាព្រះរាជាដែលមានជំនឿយ៉ាងមុតមាំលើសាសនាព្រះឥសូរ។ ចាប់តាំងពីដើមរាជ្យរបស់ព្រះអង្គ ព្រះអង្គបានចាប់ផ្តើមរៀបចំឡើងវិញនូវច្បាប់ទម្លាប់ខាង ព្រហ្មញ្ញសាសនា គណៈព្រះឥសូរនេះ។
ក្នុងរាជ្យព្រះអង្គមានប្រតិកម្មយ៉ាងខ្លាំងក្លារបស់អ្នកកាន់ ព្រហ្មញ្ញសាសនា ទៅលើព្រះពុទ្ធសាសនា ដោយពេលនោះមានការវាយ ឬកោសលុបបំផ្លាញព្រះពុទ្ធបដិមា ដែលគេបានសាងយ៉ាងច្រើននៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ និងព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលសោយរាជ្យមុនព្រះអង្គនោះ។
ព្រះអគ្គមហេសីរបស់ជ័យវរ្ម័នទី៨ មានព្រះនាមថា ព្រះនាងចក្រវាទីរាជាទេវី ជាកូនស្រីរបស់អតីតរាជបុរោហិត ឬសីកេសា ហើយព្រះនាងមានបងប្អូនជីដូនមួយម្នាក់ទៀត ដែលជាអ្នកប្រាជ្ញខាងព្រហ្មញ្ញសាសនា ឈ្មោះ ជ័យមង្គលាថ ដែលស្វាមីព្រះនាងទ្រង់គោរពកោតក្រែងរហូតដល់បានសាងប្រាសាទមួយ ក្នុងរាជ្យព្រះអង្គ ដើម្បីតម្កល់បដិមាតំណាងរបស់ព្រាហ្មណ៍រូបនេះទៀតផង។
នៅក្នុងប្រទេស ប្រជារាស្ត្រជាទូទៅ និងមន្ត្រីធំៗនៃព្រះបរមរាជវាំងមួយចំនួន ដែលនៅគោរពព្រះពុទ្ធសាសនិកដែលនាំចូលមកពីកោះសិរីលង្កា ដោយព្រះអង្គម្ចាស់តាមលិន ដែលជាព្រះរាជបុត្រមួយអង្គរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ១១៩០ នៃគ្រិស្ដសករាជ មានការមិនសប្បាយចិត្ត និងប្រតិកម្មអ្នកកាន់ព្រហ្មញ្ញសាសនា ដែលបានវាយបំផ្លាញ ឬកោសលុបធ្វើអោយខូចខាតបដិមា និងសមិទ្ធិផ្សេងៗខាងព្រះពុទ្ធសាសនានេះ បានបង្កជាភាពវឹកវរចលាចលប្រឆាំងនឹងការប្រមូលពន្ធដារ ឬកំណែន ដើម្បីបំពេញការកសាងបូជនីយដ្ឋានផ្សេងៗ សម្រាប់សាសនាព្រាហ្មណ៍នោះផង។
ចំណែកនយោបាយក្រៅប្រទេសវិញ ព្រះបាទជ័យវរ្ម័នទី៨ ត្រូវប្រឈមមុខនឹងការបះបោររបស់ជនជាតិថៃ ដែលហូរមកពីយូណាន់ ខេត្តភាគខាងត្បូងប្រទេសចិន កាន់តែច្រើនឡើងៗ ក្នុងពេលដែលពួកម៉ុងហ្គោល លុកលុយប្រទេសចិន។ ពួកថៃ ដែលបានចម្លងយករបៀបចាត់ចែងទ័ពតាមពួកម៉ុងហ្គោល និងបានចម្លង ឬត្រាប់យកអក្សររបស់ខ្មែរទៅប្រើប្រាស់ បានបះបោរវាយរឹបយកតំបន់វាលទំនាបទន្លេមេណាមរបស់ខ្មែរ។ ទីបំផុត ពួកថៃ ក្រោមការដឹកនាំរបស់រាមាកំហែង ក៏បានប្រកាសឯករាជ្យ ហើយរឹបយកទីក្រុងចាស់របស់ខ្មែរ គឺសុខោទ័យ ធ្វើជារាជធានីរបស់ខ្លួន។
ម្យ៉ាងទៀត ព្រះបាទជ័យវរ្ម័នទី៨ ត្រូវប្រឈមមុខតទល់នឹងពួកម៉ុងហ្គោល ដែលបានវាយលុកឈ្លានពានលើអាស៊ីអាគ្នេយ៍ទាំងមូល ក្រោយពីបានវាយយកប្រទេសចិន បាន ហើយបង្កើតរាជវង្សឡើងសោយរាជ្យលើប្រទេសនេះ ពីឆ្នាំ១២៧៩ ដល់ឆ្នាំ១៣៦៨។ ដល់ឆ្នាំ១២៨៣ ក្រោយពីវាយយកបានភាគខាងជើង និងភាគកណ្ដាលនៃប្រទេសចំប៉ា ហើយឧត្តមសេនីយ៍សូហ្គាទូ មេបញ្ជាការនៃកងទ័ពម៉ុងហ្គោល បានបញ្ជូនមេទ័ពពីរនាក់ អោយចូលមកប្រទេសកម្ពុជា តែត្រូវបានខ្មែរចាប់បានជាឈ្លើយទាំងពីរនាក់។
ទោះបីទ័ពខ្មែរចាប់បានមេទ័ពទាំងពីរនាក់របស់ម៉ុងហ្គោល ក៏ដោយ ក៏ព្រះបាទជ័យវរ្ម័នទី៨ ទ្រង់ឈ្វេងយល់ថា គួរតែលើកសួយសារអាករទៅថ្វាយព្រះចៅគូប៉ីឡៃខាន់ នៅឆ្នាំ១២៨៥ នៃគ្រិស្ដសករាជនោះ។
នៅចុងរាជ្យរបស់ព្រះអង្គឆ្នាំ១២៩៥ វិបត្តិក្នុងរាជវង្សមួយបានកើតឡើង ហើយវិបត្តិនេះបានជំរុញអោយព្រះបាទជ័យវរ្ម័នទី៨ ទ្រង់ដាក់រាជ្យ ហើយប្រគល់រាជសម្បត្តិអោយទៅបុត្រសុណិសា គឺកូនប្រសារបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រវរ្ម័ន សោយរាជ្យជំនួសវិញ។ ដល់ពេលសោយទិវង្គតទៅ ព្រះបាទជ័វរ្ម័នទី៨ ទ្រង់បានទទួលព្រះមរណនាមថា បរមេស្វរបទ៕
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.