Friday, June 12, 2015

ព្រឹត្តិការណ៍​ដណ្ដើម​រាជ្យ​ពី​សំណាក់​កូន​ប្រសា​របស់​ព្រះបាទ​ជ័យវរ្ម័នទី៨ (ភាគ​១៨)

ព្រឹត្តិការណ៍​ឃោរឃៅ​ដណ្ដើម​រាជ​ពី​សំណាក់​កូន​ប្រសា ត្រូវ​បាន​កត់ត្រា​ទុក​ដោយ​សមាជិក​អ្នក​ការទូត​ចិន ម្នាក់ ដែល​បាន​មក​ប្រទេស​កម្ពុជា នៅ​ចុង​សតវត្ស​ទី​១៣។

ក​២៥. ព្រះបាទ​ស្រី​ន្ទ្រ​វរ្ម័ន រឺ​ឥន្ទ្រ​វរ្ម័នទី​៣ (​ឆ្នាំ​១២៩៥-​ឆ្នាំ​១៣០៧)

ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​១២៩៥ ក៏​ដោយសារ​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាម ស្រិន្ទ្រភូបេ សូរចូឌា បាន​លួច​ព្រះ​ខ័ន​មាស​ដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​ព្រះបាទ​ជ័យវរ្ម័នទី៨ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្ល័ង្គ ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​ព្រះបាទ​ស្រិន្ទ្រវរ្ម័ន ឬ​ឥន្ទ្រវរ្ម័នទី៣ ជា​កូន​ប្រសា​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។

សមាជិក​អ្នក​ការទូត​ចិន ម្នាក់ ​របស់​ព្រះ​ចៅ​អធិរាជ​តេមូ ដែល​បាន​មក​ដល់​កម្ពុជា ក្នុង​ឆ្នាំ​១២៩៦ ឈ្មោះ ជូតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។

លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។

លោក ជូតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់​ព្រះបាទ​ជ័យវរ្ម័នទី៨ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។

ព្រះបាទ​ស្រិន្ទ្រវរ្ម័ន ឬ​ឥន្ទ្រវរ្ម័នទី៣ ជា​ព្រះមហាក្សត្រ​ដែល​ជឿ និង​គោរព​ព្រះពុទ្ធ​សាសនា​ហីនយាន ហើយ​គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង ដែល​បាន​កសាង​សិលា​ចារឹក​ជា​ភាសា​បាលី (ភាសា​សក្ការៈ​ខាង​ព្រះពុទ្ធ​សាសនា) ជំនួស​ភាសា​សំស្ក្រឹត ភាសា​នៃ​សាសនា​ព្រាហ្មណ៍​នៅ​ប្រទេស​កម្ពុជា នេះ។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ប្រទេស​ខ្មែរ​ទទួល​បាន​សុខ​សន្តិភាព​ណាស់។ ថ្វី​ត្បិត​តែ​ព្រះអង្គ​ទ្រង់​គោរព​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ព្រហ្មញ្ញ​សាសនា​ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះអង្គ ហើយ​មាន​ភាព​រុងរឿង​ផង​ដែរ។ នៅ​ឆ្នាំ​១៣០៧ ព្រះបាទ​ស្រិន្ទ្រវរ្ម័ន ឬ​ឥន្ទ្រវរ្ម័នទី៣ បាន​ដាក់​រាជ្យ ហើយ​ផ្ទេរ​រាជ្យ​សម្បត្តិ​ថ្វាយ​ទៅ​រជ្ជទាយាទ​យុវរាជ ក្នុង​ឆ្នាំ​នោះ។ រួច​ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ក្នុង​អាស្រម​ព្រះពុទ្ធ​សាសនា​មួយ​យ៉ាង​ ស្ងាត់ស្ងៀម​នៅ​ក្នុង​ព្រៃ។

ក.២៦ ព្រះបាទ​ស្រិន្ទ្រជ័យវរ្ម័ន ឬ​ឥន្ទ្រជ័យវរ្ម័ន (ឆ្នាំ​១៣០៨-ឆ្នាំ​១៣២៧)

ក្រោយ​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័នទី៣ ដាក់​រាជ្យ ហើយ​យាង​ទៅ​គង់​យ៉ាង​ស្ងាត់ស្ងៀម​ក្នុង​ព្រៃ ព្រះបាទ​ស្រិន្ទ្រជ័យវរ្ម័ន ឬ​ឥន្ទ្រជ័យវរ្ម័ន ដែល​ជា​ព្រះ​ញាតិ ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ដោយ​ព្រះអង្គ​មាន​ជំនឿ​លើ​សាសនា​ព្រះ​ឥសូរ​យ៉ាង​មោះមុត ផ្ទុយ​ពី​រាជ្យ​មុន​ព្រះអង្គ​នោះ ព្រះបាទ​ឥន្ទ្រជ័យវរ្ម័ន បាន​ខំ​ស្ដារ​ចាត់​ចែង​តុបតែង​បន្ថែម​នូវ​ប្រាសាទ​ខាង​ព្រហ្មញ្ញ​សាសនា ដែល​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៨ ឧទ្ទិស​ចំពោះ​ព្រាហ្មណ៍​ជ័យ​មង្គលាថ ហើយ​ព្រះអង្គ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា បាន​ជួយ​គាំទ្រ​ប្រតិកម្ម​របស់​អ្នក​កាន់​ព្រហ្មញ្ញ​សាសនា អោយ​វាយ​បំផ្លាញ​បដិមា​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា ដែល​ជា​ហេតុ​បណ្ដាល​អោយ​មាន​ការ​បះបោរ កើត​ជម្លោះ​ទាស់​តែង​ផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ ពី​រឿង​សាសនា​នេះ​ថែម​ទៀត​ផង។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ជនជាតិ​ថៃ ដោយ​យក​លេស​ថា​ការពារ​ជំនឿ​ព្រះពុទ្ធ​សាសនា បាន​ឆ្លៀត​ឱកាស​លុកលុយ​ប្រទេស​កម្ពុជា រហូត​ដល់​ប្រទេស​ចំប៉ា ថែម​ទៀត​ផង។

ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​នៅ​ឆ្នាំ​១៣២០ គណៈ​បេសកកម្ម​ចិន មួយ​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​ទិញ​ដំរី​ផ្សាំង​ពី​ប្រទេស​ខ្មែរ។ ព្រះបាទ​ឥន្ទ្រជ័យវរ្ម័ន ទ្រង់​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​១៣០៧ ឬ​ឆ្នាំ​១៣០៨ ហើយ​គង់​ក្នុង​រាជ្យ​រហូត​ដល់​ឆ្នាំ​១៣២៧ នៃ​គ្រិស្ដសករាជ។

ក.២៧ ព្រះបាទ​ជ័យវរ្ម័នទី៩ (ឆ្នាំ​១៣២៧-ឆ្នាំ​១៣៣៦)

បន្ទាប់​ពី​រាជ្យ​របស់​ព្រះបាទ​ឥន្ទ្រជ័យវរ្ម័ន ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​ព្រះនាម សីហនុ បាន​ឡើង​គ្រងរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ជ័យវរ្ម័នទី៩ នៅ​ក្នុង​ឆ្នាំ​១៣២៧ នៃ​គ្រិស្ដសករាជ។ គេ​មិន​បាន​ដឹង​ច្បាស់​ពី​រយៈ​កាល​គ្រងរាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៩ នៅ​អង្គរ​ពិត​ប្រាកដ​ទេ តែ​គេ​អាច​ដឹង​បាន​ថា គឺ​ព្រះបាទ​ជ័យវរ្ម័នទី៩ នេះ​ហើយ ដែល​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​១៣៣០ និង​បាន​ចាត់​គណៈប្រតិភូ​មួយ អោយ​ទៅ​ធ្វើ​វន្ទនកិច្ច​ចំពោះ​ប្រទេស​ដៃវៀត នៅ​ច្រក​ភ្នំ​កឿវ៉ៅ នៅ​ឆ្នាំ​១៣៣៥ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​ជ័យវរ្ម័នទី៩ ជា​ព្រះមហាក្សត្រ​ចុង​ក្រោយ​បង្អស់​ដែល​គេ​ស្គាល់​តាម​សិលា​ចារឹក ហើយ​គឺ​ប្រហែល​ជា​ព្រះរាជា​ខ្មែរ​សម័យ​អង្គរ​ចុង​ក្រោយ​បង្អស់ ដែល​ទ្រង់​យក​ព្រះនាម​វរ្ម័ន មក​ប្រើ​នេះ​ផង​ដែរ។ ព្រះមហាក្សត្រ​អង្គ​នេះ ក៏​ទ្រង់​ជា​ព្រះរាជា​មាន​ជំនឿ​មុតមាំ​បំផុត​លើ​សាសនា​ព្រះ​ឥសូរ។ ក្នុង​បំណង​បង្ហាញ​អោយ​ឃើញ​ជា​សាធារណៈ​នូវ​ជំនឿ​នេះ ព្រះអង្គ​បាន​ទ្រង់​ចាត់​ចែង​អោយ​សាង​សិលា​ចារឹក​មួយ ដាក់​តម្កល់​ក្នុង​បូជនីយដ្ឋាន​ព្រះពុទ្ធ​សាសនា​ដ៏​សម្បើម​អស្ចារ្យ​មួយ គឺ​ប្រាសាទ​បាយ័ន ដែល​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ ថែម​ទៀត​ផង។ ទង្វើ​ទាំង​នេះ បាន​ធ្វើ​អោយ​មាន​ប្រតិកម្ម​របស់​មហាជន​កាន់​តែ​ច្រើន និង​កាន់​តែ​កំរោល​ឡើង​នៅ​ទូទាំង​ផ្ទៃ​ប្រទេស៕
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!