តើរឿងរ៉ាវព្រះបាទត្រសក់ផ្អែម ជារឿងពិត ឬរឿងប្រឌិត?
ខ.១. ព្រះបាទត្រសក់ផ្អែម (ឆ្នាំ១៣៣៦-ឆ្នាំ១៣៤០)
វិបត្តិសាសនាដែលអូសបន្លាយយូរអង្វែងនៅភាគខាងចុងនៃសម័យអង្គរ ហើយដែលមានប្រតិកម្មជះកំសួលជាអំពើអាក្រក់ទៅលើគ្នាទៅវិញទៅមក ជួនកាលព្រះពុទ្ធសាសនាប៉ះពារទៅលើព្រហ្មញ្ញសាសនា ហើយភាគច្រើនខាងព្រហ្មញ្ញសាសនា បានបំផ្លាញព្រះពុទ្ធសាសនា ដែលមានអ្នកគោរពបូជាកាន់តែច្រើនលើសលប់ណាស់ទៅហើយនៅក្នុងប្រទេស នោះ បានជំរុញប្រទេសកម្ពុជា អោយធ្លាក់ចូលក្នុងវិបត្តិផ្ទៃក្នុងមួយយ៉ាងធំ ដោយប្រវត្តិសាស្ត្រជាតិត្រូវកាត់ផ្តាច់មួយរយៈកាល ហើយភ្ជាប់មកវិញដោយព្រឹត្តិការណ៍ប្ដូររាជវង្ស ពីវង្សវរ្ម័ន មកវង្សត្រសក់ផ្អែម ដែលអ្នកស្រាវជ្រាវ និងប្រវត្តិវិទូភាគច្រើនយល់ថា នេះជាបដិវត្តន៍ខាងនយោបាយ និងខាងសាសនារបស់នាយត្រសក់ផ្អែម។
ចាប់ពីដំណាក់កាលនេះមក សិលាចារឹកដែលជាប្រភពឯកសារដ៏សំខាន់ ក្នុងការកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរលែងមានទៀតហើយ យើងពឹងផ្អែកតែទៅលើឯកសារព្រះរាជពង្សាវតារ ដែលត្រូវបានចងក្រងឡើងនៅសតវត្សរ៍ទី១៨ និងទី១៩ ទៅតាមការនិយាយបន្តគ្នា ឬទន្ទេញចាំមាត់ និងលើអត្ថបទបុរាណខ្លះ ដែលពីដើមគេតម្កល់ទុកក្នុងក្រុងឧដុង្គ ដែលពោរពេញទៅដោយភាពច្របូកច្របល់ទាំងលំដាប់ព្រះមហាក្សត្រ ទាំងកាលបរិច្ឆេទ។
មកដល់ពេលនេះ យើងសង្កេតឃើញថា អ្នកប្រវត្តិវិទូភាគច្រើនបានយល់ស្របគ្នា ដាក់ព្រះបាទត្រសក់ផ្អែម អោយសោយរាជ្យបន្តផ្ទាល់ពីព្រះបាទជ័យវរ្ម័នទី៩ ឬព្រះសីហនុរាជ។
រឿងរ៉ាវព្រះបាទត្រសក់ផ្អែមនេះ មានលក្ខណៈបែបរឿងព្រេងនិទានតំណាលតៗគ្នា ជាជាងរឿងរ៉ាវដែលឆ្លុះបញ្ចាំងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកើត មានពិត។ ម្យ៉ាងទៀត រឿងអ្នកចម្ការដាំត្រសក់ ហើយត្រូវបានគេលើកអោយសោយរាជ្យបន្ទាប់ពីបានសម្លាប់ព្រះមហាក្សត្រ គ្រងរាជ្យ ដែលបានទៅលួចបេះត្រសក់នេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជា ទេ។ រឿងស្រដៀងគ្នានេះ ក៏មានគេកត់ត្រាទុកថាកើតមាននៅប្រទេសភូមា ឬដែលបច្ចុប្បន្នហៅថាប្រទេសមីយ៉ាន់ម៉ា នោះដែរ។
គ្រាន់តែនៅប្រទេសភូមា គេអះអាងថា រឿងនេះកើតឡើងនៅចុងសតវត្សរ៍ទី១០ ឯនៅកម្ពុជា គេអះអាងថាកើតឡើងនៅសតវត្សរ៍ទី១៤។ កសិករដាំត្រសក់នៅភូមា នោះមានឈ្មោះថា ញ៉ោងអ៊ូ សយាហាន់ (Nyaung-u Sawrahan)។ ឯព្រះបាទធៀនកូ (Theinkho) ដែលជាព្រះរាជាដែលកំពុងសោយរាជ្យនោះ ដោយចង់សាកល្បងមើលថា តើកសិករ ញ៉ោងអ៊ូ សយាហាន់ ប្រាកដជាចាំថែរក្សាចម្ការអោយបានគត់ហ្មត់សម្រាប់ទុកថ្វាយ ព្រះអង្គ ឬយ៉ាងណានោះ ព្រះអង្គក៏លបចូលទៅក្នុងចម្ការនោះក្នុងពេលយប់ងងឹត។ ញ៉ោងអ៊ូ សយាហាន់ គិតស្មានថាជាចោរលួចត្រសក់ ក៏សម្លាប់ព្រះរាជាក្លែងខ្លួននោះទៅ។ បន្ទាប់មក ក្រុមនាម៉ឺនសព្វមុខមន្ត្រីនៃព្រះបរមរាជវាំងនៃប្រទេសភូមា ក៏ព្រមព្រៀងគ្នាលើកកសិករដាំត្រសក់នោះ អោយសោយរាជ្យជំនួសទៅ។
នៅឯកម្ពុជា កសិករដាំត្រសក់ដែលក្រោយមកត្រូវគេលើកតម្កើងអោយទៅជា ព្រះមហាក្សត្រព្រះបាទត្រសក់ផ្អែម នោះ ត្រូវគេតំណាលថា មាននាមដើមថា ពញាជ័យ ត្រូវជាបងរបស់ ពញាសួស។
ត្រសក់របស់គាត់ល្បីសព្វសាយថាមានរសជាតិផ្អែមពិសេស។ ក្រោយពីបានបេះត្រសក់យកទៅថ្វាយព្រះរាជា ហើយត្រូវបានព្រះអង្គសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងមក ព្រះរាជាក៏បានប្រទានលំពែងស័ក្តិសិទ្ធិមួយដល់នាយត្រសក់ផ្អែម ដើម្បីទុកការពារចម្ការ ហើយបានដាក់បញ្ជាថា កុំអោយនាយត្រសក់ផ្អែម បេះត្រសក់នេះលក់ដូរ ឬអោយទៅអ្នកណាអោយសោះ។
យប់មួយ ដើម្បីសាកល្បងមើលថា តើនាយត្រសក់ផ្អែម មានភក្តីភាពចំពោះព្រះបន្ទូលរបស់ព្រះអង្គ ឬក៏អត់នោះ ព្រះមហាក្សត្រក៏បានលបចូលទៅក្នុងចម្ការត្រសក់របស់នាយត្រសក់ផ្អែម។ នាយត្រសក់ផ្អែម ឃើញមនុស្សចូលចម្ការ គិតថាជាចោរ ក៏ចោលលំពែង ហើយត្រូវព្រះមហាក្សត្រសុគតទៅ។
ដោយព្រះមហាក្សត្រអង្គនេះពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង ហើយដោយយល់ថា ពញាជ័យ នេះ ជាអ្នកមានបុណ្យផង អស់សេនាបតីមន្ត្រីទាំងពួង ក៏អញ្ជើញគាត់អោយឡើងសោយរាជ្យដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមរាជាធិរាជជ័យ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ និងប្រវត្តិវិទូមួយចំនួន បានចាត់ទុកថា ដំណើររឿងតាត្រសក់ផ្អែម ដែលជាឃាតកសម្លាប់ព្រះមហាក្សត្រ ហើយត្រូវគេលើកអោយឡើងសោយរាជ្យនេះ មានចរិតជាលក្ខណៈរឿងប្រឌិតជាងការពិតប្រវត្តិសាស្ត្រ។ ផ្លែត្រសក់នោះ ទោះជាមានរសជាតិពិសេសបែបណា ក៏ព្រះមហាក្សត្រក៏មិនសោយតែមួយអង្គឯងអស់ត្រសក់មួយចម្ការ រហូតដល់ទៅលបយាងចូលទៅឃ្លាំមើលសកម្មភាពរបស់នាយត្រសក់ផ្អែមទាំង យប់អាធ្រាត្រនោះដែរ។
ម្យ៉ាងទៀត ជាព្រះមហាក្សត្រ ព្រះអង្គមានសេនាអាមាត្យមេនំមេនាងឆ្វេងស្តាំ ដែលព្រះអង្គអាចចាត់អោយលបចូលចម្ការបាន ដោយមិនចាំបាច់បំពេញព្រះរាជកិច្ចឃ្លាំមើលសកម្មភាពតាត្រសក់ផ្អែមដោយ ព្រះអង្គផ្ទាល់នោះទេ។
អតីតអ្នកគ្រប់គ្រងប្រទេសកម្ពុជា ម្នាក់នាសម័យអាណានិគមនិយម មានជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍សម្លាប់ព្រះមហាក្សត្រនោះ អាចជារឿងអាថ៌កំបាំងដ៏ធំមួយ។
លោក អាដឺមាត ឡឺក្លែរ (Adhémard Léclére) អតីតរ៉េស៊ីដង់បារាំង ប្រចាំប្រទេសកម្ពុជា ផ្តល់ការវិភាគថា អ្នកធ្វើឃាតព្រះមហាក្សត្រអាចមិនមែនជាតាត្រសក់ផ្អែមទេ តែអាចជាស្នាដៃរបស់ពួកនាម៉ឺនក្នុងវាំង គេគ្រាន់តែធ្វើឃាតព្រះអង្គនៅក្នុងចម្ការត្រសក់។ លោក ឡឺក្លែរ បន្តថា ការធ្វើឃាតព្រះមហាក្សត្រនេះ អាចជាការធ្វើបដិវត្តន៍មួយខាងសាសនា ប្រឆាំងនឹងអ្នកកាន់ព្រហ្មញ្ញសាសនាពីសំណាក់អ្នកកាន់ព្រះពុទ្ធ សាសនា។ លោកលើកហេតុផលថា នាដំណាក់កាលនោះ មន្ត្រីធំៗនៃព្រះបរមរាជវាំង បានទទួលយកព្រះពុទ្ធសាសនាទៅហើយ លើកលែងតែព្រះរាជវង្សានុវង្សទេ ដែលនៅកាន់ព្រហ្មញ្ញសាសនា។ លោក ឡឺក្លែរ សន្និដ្ឋានថា ប្រាកដជាមានការសមគំនិតគ្នារវាងមន្ត្រីក្នុងវាំង ក្នុងការសម្លាប់ព្រះមហាក្សត្រដែលកាន់ព្រហ្មញ្ញសាសនា ដើម្បីតែងតាំងព្រះរាជាថ្មីដែលកាន់ព្រះពុទ្ធសាសនាវិញ។
នេះ គឺជាទស្សនៈរបស់អ្នកស្រាវជ្រាវមួយចំនួន ក៏ប៉ុន្តែបើផ្អែកលើពង្សាវតារនៃប្រទេសកម្ពុជា វិញ បន្ទាប់ពីឡើងសោយរាជ្យហើយ ព្រះបាទត្រសក់ផ្អែម ទ្រង់បានរៀបអភិសេកជាមួយព្រះរាជបុត្រីនៃព្រះបាទជ័យវរ្ម័នទី៩ ជាមហេសី ហើយថ្វាយព្រះនាមថា សម្ដេចព្រះភគវតីសិរីចន្ទ្រាមហាក្សត្រី ដោយមានព្រះរាជបុត្រាពីរព្រះអង្គ គឺព្រះបាទបរមនិព្វាន្តបាទ និងព្រះបាទសុទ្ឋានរាជា៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.