ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ដែលនាំអោយប្រទេសកម្ពុជា ធ្លាក់ក្នុងកណ្ដាប់ដៃសៀមនេះ៖
ខ.២ ព្រះបាទនិព្វាន្តបាទ (ឆ្នាំ១៣៤០-ឆ្នាំ១៣៤៦)
ឯកសារដែលរៀបរាប់ពីស្ដេចដែលសោយរាជ្យបន្តពីព្រះបាទត្រសក់ផ្អែម ក៏មានភាពច្របូកច្របល់ណាស់ដែរ ហើយយើងឃើញថាមានខុសគ្នាដល់ទៅចំនួនប្រាំរាជ្យស្ដេចផែនដី។ ឯកសារខ្លះបញ្ជាក់ថា ស្ដេចសោយរាជ្យស្នងព្រះបាទត្រសក់ផ្អែម គឺព្រះបាទពញាសួស (ប្អូនត្រសក់ផ្អែម) រួចបន្តទៅព្រះបាទសិរីវិចក្រ (កូនត្រសក់ផ្អែម) រួចបន្តទៅផែនដីព្រះលំពង់ (កូនសិរីវិចក្រ) រួចតទៅដែនដីព្រះរាជឱង្ការ (កូនព្រះលំពង់) រួចបន្តមកដែនដីព្រះស៊ិរិយោពណ៌ ជាកូនព្រះឱង្ការ។ រួចទើបមកដល់រាជ្យព្រះបាទនិព្វាន្តចក្រ ដែលឯកសារនោះបានបញ្ជាក់ថា ជាកូនសុរិយោពណ៌។ ប៉ុន្តែឯកសារស្ទើរតែទាំងអស់បានបញ្ជាក់ថា ស្ដេចដែលសោយរាជ្យបន្តពីព្រះបាទត្រសក់ផ្អែម គឺព្រះរាជបុត្ររបស់ព្រះអង្គដែលគេបានស្គាល់ព្រះមរណនាមថា ព្រះបាទនិព្វាន្តបាទ ឬនិព្វាន្តចក្រ ដែលបានឡើងសោយរាជ្យនៅឆ្នាំ១៣៤០ នៃគ្រិស្ដសករាជ។ព្រះអង្គទ្រង់គ្រប់គ្រងប្រទេសបន្តពីព្រះបិតាព្រះអង្គដោយ សុខសាន្ត ដោយបានចងសម្ព័ន្ធមេត្រីភាពយ៉ាងល្អជាមួយប្រទេសជិតខាង គឺប្រទេសឡាវ សៀម យួនតុងកឹង និងនគរចំប៉ា។ ប៉ុន្តែគួរកត់សម្គាល់ថា តាំងពីប្ដូររាជវង្សពីវង្សវរ្ម័ន មកវង្សត្រសក់ផ្អែម គឺចាប់តាំងពីរាជវង្សព្រះបាទត្រសក់ផ្អែម និងរាជ្យព្រះនិព្វាន្តបាទ ជាព្រះរាជបុត្រព្រះអង្គនេះមក ប្រទេសខ្មែរ ហាក់បាត់បង់ភាពជាម្ចាស់ទាំងស្រុងលើទឹកដីភាគខាងលិចរបស់ខ្លួន ដែលមានជនជាតិសៀម ចូលមកលុកលុយ និងរស់នៅនោះ។ ព្រះបាទនិព្វាន្តបាទ ទ្រង់សោយរាជ្យបានរយៈកាលជាងប្រាំឆ្នាំ ក៏ទ្រង់ប្រឈួន ហើយទ្រង់សោយទិវង្គតទៅនៅក្នុងឆ្នាំ១៣៤៦ នៃគ្រិស្ដសករាជ។
ខ.៣ ព្រះបាទសុទ្ឋានរាជា (ឆ្នាំ១៣៤៦)
ក្រោយពីព្រះបាទនិព្វាន្តបាទ ឬនិព្វាន្តចក្រ ទ្រង់បានសោយទិវង្គតទៅ ព្រះរាជវង្សានុវង្សសេនាបតីមន្ត្រីទាំងពួង បានជ្រើសរើសព្រះរាជបុត្រាពៅរបស់ព្រះបាទត្រសក់ផ្អែម ព្រះអនុជរបស់ព្រះនិព្វាន្តបាទ ព្រះនាមព្រះសុទ្ឋានរាជា អោយឡើងគ្រងរាជ្យស្នងព្រះអង្គ ដោយយកនគរធំជារាជធានីដដែល។ ប៉ុន្តែបានតែរយៈកាល៣ខែប៉ុណ្ណោះ គឺមិនទាន់ទាំងបានរៀបចំពិធីរាជាភិសេក និងធ្វើបុណ្យព្រះជេដ្ឋា ផង ព្រះអង្គក៏ទ្រង់អាពាធ ហើយសុគតទៅទៀតនៅក្នុងឆ្នាំ១៣៤៦ នៃគ្រិស្ដសករាជដដែលនោះ។ខ.៤ ព្រះបាទស្រីលំពង្សរាជា (ឆ្នាំ១៣៤៦- ឆ្នាំ១៣៥១ ឬឆ្នាំ១៣៥២)
ក្រោយពីព្រះបាទសុទ្ឋានរាជា ទ្រង់សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមលំពង្សរាជា ទ្រង់ឡើងគ្រងរាជ្យស្នងព្រះបិតានៅឆ្នាំ១៣៤៦ នៃគ្រិស្ដសករាជ នៅរាជធានីអង្គរធំ។ ប៉ុន្តែឯកសារខ្លះថា ព្រះលំពង្សរាជា នេះជាព្រះរាជបុត្ររបស់ព្រះនិព្វាន្តបាទ ជាបងរបស់ព្រះសុទ្ឋានរាជា ទៅវិញ។ក្នុងរាជ្យរបស់ព្រះអង្គ នគរកម្ពុជា មានចំបាំងរាំងជល់យ៉ាងធំជាមួយនឹងសៀម ដែលមានស្ដេចរាមាធិបតី ជាប្រមុខដែលបានប្ដូររាជធានីពីសុខោទ័យ អតីតទឹកដីខ្មែរ រុលចូលមកមុខតាំងរាជធានីថ្មីនៅព្ឋយុធ្យា រួចលើកទ័ពមកឡោមព័ទ្ធអង្គរ។ ប៉ុន្តែក្នុងគ្រាដំបូងនៃសង្គ្រាមនេះ ទ័ពសៀម ត្រូវទទួលបរាជ័យយ៉ាងដំណំ ដោយសារទ័ពខ្មែរក្រោមបញ្ជាការព្រះមហាឧបរាជ ព្រះនាមសុរិយោទ័យ ព្រះអនុជរបស់ព្រះលំពង្សរាជា វាយកម្ទេចបែកខ្ចាត់ខ្ចាយដកថយទៅវិញ។
ចំណែកព្រះលំពង្សរាជា ឃើញដូច្នោះ ក៏មានគំនិតធ្វេសប្រហែសមាក់ងាយសត្រូវ នឹកគិតថាសត្រូវមិនអាចធ្វើអ្វីមហានគរបានទៀត ក៏ទ្រង់បញ្ជារំសាយកងទ័ពអោយត្រឡប់ទៅកាន់លំនៅឋានរៀងខ្លួនវិញ។ មិនយូរប៉ុន្មាន សៀម ក៏លើកទ័ពធំមកម្តងទៀត ដោយមិនអោយខ្មែរដឹងជាមុន។ ឯខាងរាជធានីអង្គរវិញ លុះដឹងថាសៀម លើកទ័ពមកជាថ្មីម្តងទៀតហើយ ខ្មែរនឹងកេណ្ឌក៏មិនទាន់ ព្រះបាទលំពង្សរាជា ក៏អោយដេញរាស្ត្រទាំងអស់ចូលក្នុងកំផែងមហានគរ ហើយកេណ្ឌពលអោយការពារ។ ក្នុងសង្គ្រាមលើកនេះ ទ័ពសៀម បានឡោមព័ទ្ធក្រុងអង្គរអស់រយៈពេលមួយឆ្នាំប្រាំខែ។ ទ័ពជំនួយខ្មែរដែលមកពីទិសផ្សេងៗ មកជួយក្រុងអង្គរដែរ ប៉ុន្តែដោយមកពុំស្មើគ្នា ក៏ត្រូវទទួលបរាជ័យ។ ឯខាងសៀម វិញ ចេះតែបញ្ជូនទ័ពបន្ថែមកម្លាំងជានិច្ច។ ទីបំផុត ព្រះបាទលំពង្សរាជា ដោយព្រួយព្រះទ័យខ្លាំង ក៏ប្រឈួន ហើយសោយទិវង្គតទៅ។ ព្រះមហាឧបរាជសុរិយោទ័យ ជាប្អូន ក៏ដឹកនាំទ័ពប្រយុទ្ធបន្តទៅទៀត។ ប៉ុន្តែនៅទីអវសាន ទ័ពសៀម វាយទម្លាយទ្វារទិសខាងកើតបាន ព្រះមហាឧបរាជក៏សុគតក្នុងសង្គ្រាមនោះទៅទៀត ហើយរាជធានីអង្គរ ក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម នៅឆ្នាំ១៣៥២ ឯកសារខ្លះថាឆ្នាំ១៣៥៣ នោះទៅ។
ក្រោយទទួលបានជ័យជម្នះហើយ ស្ដេចសៀមរាមាធិបតី បានរៀបអភិសេកបុត្រាព្រះនាមចៅបាសាត អោយឡើងសោយរាជ្យនៅក្រុងអង្គរ ហើយតែងតាំងចៅហ្វាយខេត្តជាតិសៀម អោយត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិច ដូចជា បស្ចិមបុរី នគររាជសីមា (លលៃ) ដែលគេទន្ទ្រានយកបានក្នុងពេលវាយលុកក្រុងអង្គរនោះ ហើយខេត្តមួយចំនួនត្រូវសៀម យកផ្តាច់តាំងពីពេលនោះមក ហើយស្ដេចសៀមអង្គនេះបានត្រឡប់ទៅក្រុងព្ឋយុធ្យា វិញ ដោយបានកៀររាស្ត្រខ្មែរប្រមាណមួយសែនគ្រួសារជាឈ្លើយនាំយកទៅ ក្នុងនោះចាត់ខ្មែរមួយម៉ឺននាក់ អោយដឹកជញ្ជូនទ្រព្យសម្បត្តិមានតម្លៃ ដូចជា មាសពេជ្រ កែវកង កន្ទេលមាស កន្ទេលប្រាក់ គម្ពីរដីកាឯកសារសំខាន់ៗសព្វសារពើ នាំយកទៅស្រុកសៀម ថែមទៀតផង៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.